១ កូរិនថូស 3:7-11

១ កូរិនថូស 3:7-11 គខប

ដូច្នេះ អ្នក​ដាំ និង​អ្នក​ស្រោច​ទឹក​មិន​សំខាន់​អ្វី​ឡើយ គឺ​ព្រះ‌ជាម្ចាស់​ដែល​ធ្វើ​ឲ្យ​ដុះ​ឯ‌ណោះ​ទើប​សំខាន់។ អ្នក​ដាំ និង​អ្នក​ស្រោច​ទឹក​មិន​ខុស​គ្នា​ទេ ម្នាក់ៗ​នឹង​ទទួល​រង្វាន់​តាម​ទម្ងន់​កិច្ចការ​ដែល​ខ្លួន​បាន​ធ្វើ ដ្បិត​យើង​ខ្ញុំ​ជា​អ្នក​ធ្វើ​ការ​រួម​ជា​មួយ​ព្រះ‌ជាម្ចាស់ បងប្អូន​ជា​ស្រែ​របស់​ព្រះ‌ជាម្ចាស់ ហើយ​ក៏​ជា​ដំណាក់​ដែល​ព្រះអង្គ​បាន​សង់​ដែរ។ ខ្ញុំ​បាន​ចាក់​គ្រឹះ ដូច​ជា​មេ​ជាង​មួយ​រូប​ដ៏​ជំនាញ តាម​ព្រះ‌គុណ​ដែល​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ ហើយ​មាន​ម្នាក់​ទៀត​មក​សង់​ពី​លើ។ ប៉ុន្តែ ម្នាក់ៗ​ត្រូវ​ប្រយ័ត្ន​អំពី​របៀប​ដែល​ខ្លួន​សង់​ពី​លើ ដ្បិត​គ្មាន​នរណា​អាច​ចាក់​គ្រឹះ​មួយ​ផ្សេង​ទៀត ក្រៅ​ពី​គ្រឹះ​ដែល​បាន​ចាក់​រួច​មក​ហើយ​នោះ​ទេ ពោល​គឺ​ព្រះ‌យេស៊ូ​គ្រិស្ត*។