១ កូរិនថូស 3:7-11
១ កូរិនថូស 3:7-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ អ្នកដាំ និងអ្នកដែលស្រោចទឹក មិនមែនជាអ្វីទេ គឺមានតែព្រះដែលធ្វើឲ្យដុះប៉ុណ្ណោះទើបសំខាន់។ អ្នកដែលដាំ និងអ្នកដែលស្រោចទឹក មានគោលដៅតែមួយដូចគ្នា ហើយម្នាក់ៗនឹងទទួលរង្វាន់តាមការដែលខ្លួនបានធ្វើ។ ដ្បិតយើងជាអ្នករួមការងារជាមួយព្រះ ឯអ្នករាល់គ្នាជាស្រែរបស់ព្រះ ហើយជាអាគារដែលព្រះបានសង់។ ខ្ញុំបានចាក់គ្រឹះ ដូចជាមេជាងផ្ទះដ៏ជំនាញ តាមព្រះគុណដែលព្រះបានប្រទានមកខ្ញុំ ហើយមានម្នាក់ទៀតសង់ពីលើ។ ប៉ុន្តែ ម្នាក់ៗត្រូវប្រយ័ត្នពីរបៀបដែលខ្លួនសង់ពីលើគ្រឹះនោះ។ ដ្បិតគ្មានអ្នកណាអាចចាក់គ្រឹះណាផ្សេងទៀត ក្រៅពីគ្រឹះដែលបានចាក់រួចមកហើយនោះឡើយ ហើយគ្រឹះនោះគឺព្រះយេស៊ូវគ្រីស្ទ។
១ កូរិនថូស 3:7-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ អ្នកដាំ និងអ្នកស្រោចទឹកមិនសំខាន់អ្វីឡើយ គឺព្រះជាម្ចាស់ដែលធ្វើឲ្យដុះឯណោះទើបសំខាន់។ អ្នកដាំ និងអ្នកស្រោចទឹកមិនខុសគ្នាទេ ម្នាក់ៗនឹងទទួលរង្វាន់តាមទម្ងន់កិច្ចការដែលខ្លួនបានធ្វើ ដ្បិតយើងខ្ញុំជាអ្នកធ្វើការរួមជាមួយព្រះជាម្ចាស់ បងប្អូនជាស្រែរបស់ព្រះជាម្ចាស់ ហើយក៏ជាដំណាក់ដែលព្រះអង្គបានសង់ដែរ។ ខ្ញុំបានចាក់គ្រឹះ ដូចជាមេជាងមួយរូបដ៏ជំនាញ តាមព្រះគុណដែលព្រះជាម្ចាស់ប្រោសប្រទានឲ្យខ្ញុំ ហើយមានម្នាក់ទៀតមកសង់ពីលើ។ ប៉ុន្តែ ម្នាក់ៗត្រូវប្រយ័ត្នអំពីរបៀបដែលខ្លួនសង់ពីលើ ដ្បិតគ្មាននរណាអាចចាក់គ្រឹះមួយផ្សេងទៀត ក្រៅពីគ្រឹះដែលបានចាក់រួចមកហើយនោះទេ ពោលគឺព្រះយេស៊ូគ្រិស្ត*។
១ កូរិនថូស 3:7-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហេតុនោះបានជាអ្នកដែលសាបព្រោះ នឹងអ្នកដែលស្រោច នោះមិនមែនជាអ្វីទេ ស្រេចហើយនឹងព្រះដែលធ្វើឲ្យដុះវិញទេតើ ឯអ្នកដែលសាបព្រោះ នឹងអ្នកដែលស្រោច នោះដូចគ្នាទេ ហើយក្នុងអ្នកនិមួយៗ នោះនឹងបានរង្វាន់តាមការដែលខ្លួនធ្វើ ដ្បិតយើងរាល់គ្នាជាអ្នកធ្វើការជាមួយនឹងព្រះ ឯអ្នករាល់គ្នាជាស្រែដែលព្រះទ្រង់ភ្ជួរ ហើយជាផ្ទះដែលព្រះទ្រង់ធ្វើ។ ខ្ញុំបានដាំជើងជញ្ជាំង ដូចជាមេជាងផ្ទះដ៏ចំណាន តាមព្រះគុណដែលព្រះបានប្រទានមកខ្ញុំ មានម្នាក់ទៀតជាអ្នកសង់ពីលើ ប៉ុន្តែត្រូវឲ្យមនុស្សប្រយ័តរៀងខ្លួន អំពីបែបណាដែលសង់ពីលើជើងនោះ ដ្បិតគ្មានអ្នកណាអាចនឹងដាំជើងជញ្ជាំងណាផ្សេងទៀត ក្រៅពីជើងដែលបានដាំរួចហើយនោះបានទេ គឺជាព្រះយេស៊ូវគ្រីស្ទ