១ កូរិនថូស 15:3-14

១ កូរិនថូស 15:3-14 គខប

មុន​ដំបូង​បង្អស់ ខ្ញុំ​ជម្រាប​ជូន​បងប្អូន​នូវ​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល គឺ​ថា​ព្រះ‌គ្រិស្ត​បាន​សោយ​ទិវង្គត ដើម្បី​រំដោះ​បាប​យើង ស្រប​តាម​គម្ពីរ។ គេ​បាន​បញ្ចុះ​ព្រះ‌សព​ព្រះអង្គ​នៅ​ក្នុង​ផ្នូរ ហើយ​ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ នៅ​ថ្ងៃ​ទី​បី ស្រប​តាម​គម្ពីរ។ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​កេផាស​ឃើញ រួច​ឲ្យ​ក្រុម​សាវ័ក*​ទាំង​ដប់‌ពីរ​រូប​ឃើញ​ដែរ។ បន្ទាប់​មក ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​បងប្អូន​ជាង​ប្រាំ​រយ​នាក់​ឃើញ ក្នុង​ពេល​ជា​មួយ​គ្នា។ ក្នុង​ចំណោម​បងប្អូន​ទាំង​នោះ​មាន​ភាគ​ច្រើន​នៅ​រស់​នៅ​ឡើយ តែ​មាន​អ្នក​ខ្លះ​បាន​ទទួល​មរណ‌ភាព ផុត​ទៅ​ហើយ។ បន្ទាប់​មក​ទៀត ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​យ៉ាកុប​ឃើញ រួច​ឲ្យ​សាវ័ក​ទាំង​អស់​ឃើញ។ ក្រោយ​បង្អស់ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ខ្ញុំ ដែល​ប្រៀប​បី​ដូច​ជា​កូន​កើត​មិន​គ្រប់​ខែ​នេះ​ឃើញ​ដែរ ដ្បិត​ក្នុង​ចំណោម​សាវ័ក​ទាំង​អស់ ខ្ញុំ​ជា​អ្នក​តូច​ជាង​គេ ហើយ​មិន​សម​នឹង​មាន​ឈ្មោះ​ជា​សាវ័ក​ទៀត​ផង ព្រោះ​ខ្ញុំ​បាន​បៀត‌បៀន​ក្រុម‌ជំនុំ​របស់​ព្រះ‌ជាម្ចាស់។ ប៉ុន្តែ ហេតុ​ដែល​ខ្ញុំ​បាន​ដូច​សព្វ​ថ្ងៃ​នេះ ក៏​មក​តែ​ពី​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ។ ព្រះ‌គុណ​របស់​ព្រះអង្គ​មក​លើ​ខ្ញុំ មិន​មែន​ឥត​ប្រយោជន៍​ទេ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​ធ្វើ​ការ​ច្រើន​ជាង​សាវ័ក​ទាំង​នោះ​ទៅ​ទៀត ក៏​ប៉ុន្តែ មិន​មែន​ខ្ញុំ​ទេ​ដែល​ធ្វើ​ការ គឺ​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ដែល​ស្ថិត​នៅ​ជា​មួយ​ខ្ញុំ​ទេ​តើ ដែល​បាន​សម្រេច​គ្រប់​កិច្ចការ។ ហេតុ​នេះ ទោះ​បី​ខ្ញុំ​ក្ដី ទោះ​បី​សាវ័ក​ទាំង​នោះ​ក្ដី យើង​ប្រកាស​ដំណឹង‌ល្អ*​នេះ ជា​ដំណឹង‌ល្អ​ដែល​បងប្អូន​បាន​ជឿ។ ប្រសិន​បើ​យើង​ប្រកាស​ថា ព្រះ‌គ្រិស្ត*​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហេតុ​អ្វី​បាន​ជា​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​បងប្អូន​បែរ​ជា​ពោល​ថា មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ដូច្នេះ? ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ​នោះ ព្រះ‌គ្រិស្ត​ក៏​មិន​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ដែរ ហើយ​បើ​ព្រះ‌គ្រិស្ត​មិន​បាន​រស់​ឡើង​វិញ​ទេ សេចក្ដី​ដែល​យើង​ប្រកាស​មុខ​ជា​គ្មាន​ន័យ​អ្វី​សោះ​ឡើយ ហើយ​ជំនឿ​របស់​បងប្អូន​ក៏​គ្មាន​ន័យ​អ្វី​ដែរ។