១ កូរិនថូស 15:3-14

១ កូរិនថូស 15:3-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មុន​ដំបូង​បង្អស់ ខ្ញុំ​ជម្រាប​ជូន​បងប្អូន​នូវ​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល គឺ​ថា​ព្រះ‌គ្រិស្ត​បាន​សោយ​ទិវង្គត ដើម្បី​រំដោះ​បាប​យើង ស្រប​តាម​គម្ពីរ។ គេ​បាន​បញ្ចុះ​ព្រះ‌សព​ព្រះអង្គ​នៅ​ក្នុង​ផ្នូរ ហើយ​ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ នៅ​ថ្ងៃ​ទី​បី ស្រប​តាម​គម្ពីរ។ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​កេផាស​ឃើញ រួច​ឲ្យ​ក្រុម​សាវ័ក*​ទាំង​ដប់‌ពីរ​រូប​ឃើញ​ដែរ។ បន្ទាប់​មក ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​បងប្អូន​ជាង​ប្រាំ​រយ​នាក់​ឃើញ ក្នុង​ពេល​ជា​មួយ​គ្នា។ ក្នុង​ចំណោម​បងប្អូន​ទាំង​នោះ​មាន​ភាគ​ច្រើន​នៅ​រស់​នៅ​ឡើយ តែ​មាន​អ្នក​ខ្លះ​បាន​ទទួល​មរណ‌ភាព ផុត​ទៅ​ហើយ។ បន្ទាប់​មក​ទៀត ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​យ៉ាកុប​ឃើញ រួច​ឲ្យ​សាវ័ក​ទាំង​អស់​ឃើញ។ ក្រោយ​បង្អស់ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ខ្ញុំ ដែល​ប្រៀប​បី​ដូច​ជា​កូន​កើត​មិន​គ្រប់​ខែ​នេះ​ឃើញ​ដែរ ដ្បិត​ក្នុង​ចំណោម​សាវ័ក​ទាំង​អស់ ខ្ញុំ​ជា​អ្នក​តូច​ជាង​គេ ហើយ​មិន​សម​នឹង​មាន​ឈ្មោះ​ជា​សាវ័ក​ទៀត​ផង ព្រោះ​ខ្ញុំ​បាន​បៀត‌បៀន​ក្រុម‌ជំនុំ​របស់​ព្រះ‌ជាម្ចាស់។ ប៉ុន្តែ ហេតុ​ដែល​ខ្ញុំ​បាន​ដូច​សព្វ​ថ្ងៃ​នេះ ក៏​មក​តែ​ពី​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ។ ព្រះ‌គុណ​របស់​ព្រះអង្គ​មក​លើ​ខ្ញុំ មិន​មែន​ឥត​ប្រយោជន៍​ទេ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​ធ្វើ​ការ​ច្រើន​ជាង​សាវ័ក​ទាំង​នោះ​ទៅ​ទៀត ក៏​ប៉ុន្តែ មិន​មែន​ខ្ញុំ​ទេ​ដែល​ធ្វើ​ការ គឺ​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ដែល​ស្ថិត​នៅ​ជា​មួយ​ខ្ញុំ​ទេ​តើ ដែល​បាន​សម្រេច​គ្រប់​កិច្ចការ។ ហេតុ​នេះ ទោះ​បី​ខ្ញុំ​ក្ដី ទោះ​បី​សាវ័ក​ទាំង​នោះ​ក្ដី យើង​ប្រកាស​ដំណឹង‌ល្អ*​នេះ ជា​ដំណឹង‌ល្អ​ដែល​បងប្អូន​បាន​ជឿ។ ប្រសិន​បើ​យើង​ប្រកាស​ថា ព្រះ‌គ្រិស្ត*​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហេតុ​អ្វី​បាន​ជា​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​បងប្អូន​បែរ​ជា​ពោល​ថា មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ដូច្នេះ? ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ​នោះ ព្រះ‌គ្រិស្ត​ក៏​មិន​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ដែរ ហើយ​បើ​ព្រះ‌គ្រិស្ត​មិន​បាន​រស់​ឡើង​វិញ​ទេ សេចក្ដី​ដែល​យើង​ប្រកាស​មុខ​ជា​គ្មាន​ន័យ​អ្វី​សោះ​ឡើយ ហើយ​ជំនឿ​របស់​បងប្អូន​ក៏​គ្មាន​ន័យ​អ្វី​ដែរ។

១ កូរិនថូស 15:3-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​មុន​ដំបូង ខ្ញុំ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា តាម​សេចក្តី​ដែល​ខ្ញុំ​បាន​ទទួល​មក គឺ​ថា​ព្រះ‌គ្រីស្ទ​បាន​សុគត ដោយ​ព្រោះ​បាប​របស់​យើង ស្រប​តាម​បទ​គម្ពីរ ហើយ​ថា ព្រះ‌អង្គ​ត្រូវ​គេ​ប​ញ្ចុះ​ក្នុង​ផ្នូរ រួច​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី ស្រប​តាម​បទ​គម្ពីរ ហើយ​ថា ព្រះ‌អង្គ​បាន​លេច​ឲ្យ​លោក​កេ​ផាស​ឃើញ រួច​ឲ្យ​សាវក​ទាំង​ដប់​ពីរ​ឃើញ​ដែរ។ បន្ទាប់​មក ព្រះ‌អង្គ​បាន​លេច​ឲ្យ​បង‌ប្អូន​ជាង​ប្រាំ​រយ​នាក់​ឃើញ​ក្នុង​ពេល​តែ​មួយ ក្នុង​ចំណោម​បង‌ប្អូន​អ្នក​ទាំង​នោះ ភាគ​ច្រើន​នៅ​រស់​នៅ​ឡើយ តែ​មាន​ខ្លះ​បាន​ស្លាប់​ផុត​ទៅ​ហើយ។ បន្ទាប់​មក​ទៀត ព្រះ‌អង្គ​បាន​លេច​ឲ្យ​លោក​យ៉ាកុប​ឃើញ រួច​ឲ្យ​ពួក​សាវក​ទាំង‌អស់​គ្នា​ឃើញ។ ចុង​ក្រោយ​បង្អស់ ព្រះ‌អង្គ​ក៏​លេច​ឲ្យ​ខ្ញុំ​ឃើញ សូម្បី​តែ​ខ្ញុំ​នេះ​ដូច​ជា​កូន​ដែល​កើត​មិន​គ្រប់​ខែ។ ដ្បិត​ក្នុង​ចំណោម​ពួក​សាវក ខ្ញុំ​ជា​អ្នក​តូ​ច​ជាង​គេ មិន​សម​នឹង​ហៅ​ជា​សាវក​ផង ព្រោះ​ខ្ញុំ​បាន​បៀត​បៀន​ក្រុម​ជំនុំ​របស់​ព្រះ។ ប៉ុន្តែ ដែល​ខ្ញុំ​ជា​យ៉ាង​ណា​សព្វ​ថ្ងៃ​នេះ គឺ​ដោយ​សារព្រះ‌គុណ​របស់​ព្រះ ហើយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ​ចំពោះ​ខ្ញុំ មិន​មែន​ឥត​ប្រយោជន៍​ឡើយ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​ធ្វើ​ការ​លើស​ជាង​អ្នក​ទាំង​នោះ​ទៅ​ទៀត ប៉ុន្តែ មិន​មែន​ខ្ញុំ​ទេ គឺ​ព្រះ‌គុណ​របស់​ព្រះ ដែល​ស្ថិត​នៅ​ជាមួយ​ខ្ញុំ​វិញ។ ដូច្នេះ ទោះ​ជា​ខ្ញុំ ឬ​អ្នក​ទាំង​នោះ​ក្តី យើង​ប្រកាស ហើយ​អ្នក​រាល់​គ្នា​ក៏​បាន​ជឿ។ ប្រសិន‌បើ​យើង​ប្រកាស​ថា ព្រះ‌គ្រីស្ទ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ម្តេ​ច​បាន​ជា​អ្នក​រាល់​គ្នា​ខ្លះ​និយាយ​ថា មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ដូច្នេះ? ប្រសិន‌បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ នោះ​ព្រះ‌គ្រីស្ទ​ក៏​មិន​បាន​រស់​ឡើង​វិញ​ដែរ ហើយ​បើ​ព្រះ‌គ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ​ទេ នោះ​ដំណឹង​ដែល​យើង​ប្រកាស ឥ​ត​ប្រយោជន៍​សោះ ហើយ​ជំនឿ​របស់​អ្នក​រាល់​គ្នា ក៏​ឥត​ប្រយោជន៍​ដែរ។

១ កូរិនថូស 15:3-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​មុន​ដំបូង ខ្ញុំ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា តាម​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល​ដែរ គឺ​ថា​ព្រះ‌គ្រីស្ទ​បាន​សុគត ដោយ​ព្រោះ​បាប​របស់​យើង​រាល់​គ្នា តាម​បទ​គម្ពីរ ហើយ​ថា ទ្រង់​ត្រូវ​គេ​បញ្ចុះ​ក្នុង​ផ្នូរ រួច​ដល់​ថ្ងៃ​ទី​៣ នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ក៏​តាម​បទ​គម្ពីរ ហើយ​ថា ទ្រង់​បាន​លេច​មក​ឲ្យ​កេផាស​ឃើញ រួច​ដល់​ពួក​១២​នាក់​ដែរ ក្រោយ​ទៀត ទ្រង់​លេច​មក​ឲ្យ​ពួក​បង​ប្អូន​ជាង​៥០០​នាក់​ឃើញ​តែ​ម្តង ជា​ពួក​ដែល​មាន​គ្នា​ច្រើន​រស់​នៅ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ តែ​មាន​ខ្លះ​បាន​ដេក​លក់​ទៅ​ហើយ ក្រោយ​ទៀត ទ្រង់​លេច​មក​ឲ្យ​យ៉ាកុប​ឃើញ ក៏​ឲ្យ​ពួក​សាវក​ទាំង​អស់​គ្នា​ឃើញ​ដែរ រួច​ទ្រង់​បាន​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ ជា​ខាង​ក្រោយ​គេ​បង្អស់ ដូច​ជា​លេច​មក​ដល់​កូន​កើត​មុន​កំណត់​ដែរ ដ្បិត​ក្នុង​បណ្តា​ពួក​សាវក នោះ​ខ្ញុំ​ជា​អ្នក​តូច​ជាង​គេ មិន​គួរ​នឹង​ហៅ​ខ្ញុំ​ជា​សាវក​ផង​ទេ ពី​ព្រោះ​ខ្ញុំ​បាន​បៀត‌បៀន​ដល់​ពួក​ជំនុំ​នៃ​ព្រះ ប៉ុន្តែ ដែល​ខ្ញុំ​បាន​ជា​យ៉ាង​ណា នោះ​គឺ​បាន​ដោយ​ព្រះ‌គុណ​នៃ​ព្រះ​ទេ ហើយ​ព្រះ‌គុណ​ដែល​ទ្រង់​បាន​ផ្តល់​មក​ខ្ញុំ នោះ​មិន​មែន​ជា​អសារ​ឥត​ការ​ឡើយ ដ្បិត​ខ្ញុំ​បាន​ខំ​ធ្វើ​ការ​លើស​ជាង​អ្នក​ទាំង​នោះ​សន្ធឹក​ណាស់ ប៉ុន្តែ មិន​មែន​ជា​ខ្ញុំ គឺ​ជា​ព្រះ‌គុណ​នៃ​ព្រះ ដែល​សណ្ឋិត​នៅ​នឹង​ខ្ញុំ​វិញ ដូច្នេះ ទោះ​បើ​ជា​ខ្ញុំ ឬ​អ្នក​ទាំង​នោះ​ក្តី គង់​តែ​យើង​ផ្សាយ​ដំណឹង​បែប​យ៉ាង​នោះ ក៏​យ៉ាង​នោះ​ឯង ដែល​អ្នក​រាល់​គ្នា​បាន​ជឿ​ដែរ។ បើ​សិន​ជា​បាន​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ‌គ្រីស្ទ​ថា ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ពួក​អ្នក​រាល់​គ្នា​ខ្លះ និយាយ​បាន ថា​ពួក​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ បើ​សិន​ជា​ពួក​ស្លាប់​មិន​រស់​ឡើង​វិញ​មែន នោះ​ព្រះ‌គ្រីស្ទ​ក៏​មិន​បាន​រស់​ឡើង​វិញ​ដែរ ហើយ​បើ​ព្រះ‌គ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ នោះ​ដំណឹង​ដែល​យើង​ខ្ញុំ​ផ្សាយ​នេះ ជា​ការ​ឥត​ប្រយោជន៍​ទទេ ហើយ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា ក៏​ឥត​អំពើ​ដែរ