១ កូរិនថូស 12:14-26

១ កូរិនថូស 12:14-26 គខប

រូប​កាយ​មិន​មែន​មាន​សរីរាង្គ​តែ​មួយ​ទេ គឺ​មាន​ច្រើន។ បើ​ជើង​និយាយ​ថា «ខ្ញុំ​មិន​មែន​ដៃ ដូច្នេះ ខ្ញុំ​មិន​មែន​ជា​ចំណែក​របស់​រូប​កាយ​ទេ» ក៏​ជើង​នោះ​នៅ​តែ​ជា​ចំណែក​របស់​រូប​កាយ​ដដែល។ បើ​ត្រចៀក​និយាយ​ថា «ខ្ញុំ​មិន​មែន​ភ្នែក ដូច្នេះ ខ្ញុំ​មិន​មែន​ជា​ចំណែក​របស់​រូប​កាយ​ទេ» ក៏​ត្រចៀក​នោះ​នៅ​តែ​ជា​ចំណែក​របស់​រូប​កាយ​ដដែល។ ប្រសិន​បើ​រូប​កាយ​ទាំង​មូល​សុទ្ធ​តែ​ជា​ភ្នែក ធ្វើ​ម្ដេច​នឹង​ស្ដាប់​ឮ​បាន? ហើយ​បើ​រូប​កាយ​ទាំង​មូល​សុទ្ធ​តែ​ជា​ត្រចៀក ធ្វើ​ម្ដេច​នឹង​ដឹង​ក្លិន​បាន? តាម​ពិត ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​សរីរាង្គ​នីមួយៗ​មាន​មុខងារ ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។ ប្រសិន​បើ​ទាំង​អស់​ជា​សរីរាង្គ​តែ​មួយ តើ​រូប​កាយ​នៅ​ឯ​ណា? តាម​ពិត សរីរាង្គ​មាន​ច្រើន តែ​រូប​កាយ​មាន​តែ​មួយ​ប៉ុណ្ណោះ។ ភ្នែក​ពុំ​អាច​និយាយ​ទៅ​ដៃ​ថា «អញ​មិន​ត្រូវ​ការ​ឯង» បាន​ទេ រីឯ​ក្បាល​ក៏​ពុំ​អាច​និយាយ​ទៅ​កាន់​ជើង​ថា «អញ​មិន​ត្រូវ​ការ​ឯង​ទាំង​ពីរ» បាន​ដែរ។ ផ្ទុយ​ទៅ​វិញ សរីរាង្គ​ណា​ដែល​គេ​ចាត់​ទុក​ថា​ខ្សោយ​ជាង​គេ យើង​ត្រូវ​ការ​សរីរាង្គ​នោះ​ជា​ចាំបាច់ ហើយ​សរីរាង្គ​ណា​ដែល​យើង​ចាត់​ទុក​ថា​មិន​សូវ​ថ្លៃ‌ថ្នូរ យើង​គោរព​សរីរាង្គ​នោះ​ខ្លាំង​ជាង​គេ​ទាំង​អស់។ សរីរាង្គ​ណា​ដែល​មិន​សូវ​សមរម្យ យើង​គោរព​យ៉ាង​ពិសេស​ទៅ​វិញ។ រីឯ​សរីរាង្គ​ណា​ដែល​សមរម្យ​ហើយ សរីរាង្គ​នោះ​មិន​ត្រូវ​ការ​ឲ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ទេ។ ព្រះ‌ជាម្ចាស់​បាន​រៀបចំ​រូប​កាយ​របស់​យើង ដោយ​ប្រទាន​សេចក្ដី​ថ្លៃ‌ថ្នូរ ដល់​សរីរាង្គ​ណា​ដែល​ខ្វះ‌ខាត ដើម្បី​កុំ​ឲ្យ​មាន​ការ​បាក់​បែក​គ្នា​នៅ​ក្នុង​រូប​កាយ គឺ​ឲ្យ​សរីរាង្គ​យក​ចិត្ត​ទុក​ដាក់​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ប្រសិន​បើ​មាន​សរីរាង្គ​ណា​មួយ​ឈឺ​ចុក​ចាប់ សរីរាង្គ​ទាំង​អស់​ក៏​ឈឺ​ចុក​ចាប់​ជា​មួយ​ដែរ ប្រសិន​បើ​មាន​សរីរាង្គ​ណា​មួយ​បាន​ថ្លៃ‌ថ្នូរ សរីរាង្គ​ទាំង​អស់​ក៏​អរ​សប្បាយ​ជា​មួយ​ដែរ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ កូរិនថូស 12:14-26