បងប្អូនអើយ ខ្ញុំចង់ឲ្យបងប្អូនជ្រាបថា បុព្វបុរស*របស់យើងសុទ្ធតែបានដើរក្រោមពពក* និងបានដើរឆ្លងសមុទ្រទាំងអស់គ្នា។ ពួកលោកបានទទួលពិធីជ្រមុជក្នុងពពក និងក្នុងសមុទ្រ រួមជាមួយលោកម៉ូសេ។ បុព្វបុរសទាំងនោះបានបរិភោគអាហារដែលមកពីព្រះវិញ្ញាណ និងបានពិសាទឹកដែលមកពីព្រះវិញ្ញាណដូចគ្នាទាំងអស់ ដ្បិតពួកលោកបានពិសាទឹកហូរចេញពីថ្មដាដែលមកពីព្រះវិញ្ញាណ ជាថ្មដាដែលរួមដំណើរជាមួយពួកលោក ថ្មនេះគឺព្រះគ្រិស្ត។ ប៉ុន្តែ មានបុព្វបុរសមួយចំនួនធំស្លាប់នៅវាលរហោស្ថាន ព្រោះពួកលោកមិនបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ទេ។ ហេតុការណ៍ទាំងនោះជាមេរៀនសម្រាប់យើង ដើម្បីកុំឲ្យយើងមានចិត្តប៉ងប្រាថ្នាអាក្រក់ដូចបុព្វបុរសឡើយ។ សូមកុំថ្វាយបង្គំព្រះក្លែងក្លាយដូចបុព្វបុរសខ្លះឲ្យសោះ ដ្បិតមានចែងទុកមកថា «ប្រជាជនអង្គុយបរិភោគបាយទឹក បន្ទាប់មក គេនាំគ្នាក្រោកឡើងរាំសប្បាយ» ។ យើងមិនត្រូវបណ្ដោយខ្លួនឲ្យប្រាសចាកសីលធម៌ដូចបុព្វបុរសខ្លះ ដែលជាហេតុនាំឲ្យគេស្លាប់អស់ពីរម៉ឺនបីពាន់នាក់ ក្នុងរយៈពេលតែមួយថ្ងៃ។ យើងមិនត្រូវល្បងលមើលឫទ្ធិបារមីរបស់ព្រះអម្ចាស់ ដូចបុព្វបុរសខ្លះបានល្បង ហើយត្រូវស្លាប់ ដោយពស់ចឹកនោះឲ្យសោះ។ សូមកុំរអ៊ូរទាំដូចបុព្វបុរសខ្លះដែលបានរអ៊ូរទាំ ហើយត្រូវមច្ចុរាជប្រហារជីវិតនោះឡើយ។ ហេតុការណ៍ទាំងនេះកើតមានដល់ពួកលោកទុកជាមេរៀន ហើយមានចែងទុកក្នុងគម្ពីរ ដើម្បីទូន្មានពួកយើងដែលរស់នៅជំនាន់ចុងក្រោយបង្អស់នេះ។ ដូច្នេះ បើអ្នកណានឹកស្មានថាខ្លួនមានជំហរមាំមួន អ្នកនោះត្រូវប្រយ័ត្ន ក្រែងលោជំពប់ដួលទៅវិញ។ គ្មានការល្បួងណាមួយកើតមានដល់បងប្អូន ក្រៅពីការល្បួងដែលមនុស្សលោកតែងជួបប្រទះនោះឡើយ។ ព្រះជាម្ចាស់មានព្រះហឫទ័យស្មោះត្រង់ ព្រះអង្គមិនបណ្ដោយឲ្យមារ*ល្បួងបងប្អូនហួសពីកម្លាំងបងប្អូនទេ ប៉ុន្តែ នៅពេលបងប្អូនជួបការល្បួង ព្រះអង្គនឹងប្រទានមធ្យោបាយឲ្យបងប្អូនចេញរួច និងឲ្យបងប្អូនអាចទ្រាំទ្របាន។ ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយ មិនត្រូវថ្វាយបង្គំព្រះក្លែងក្លាយឡើយ។ ខ្ញុំនិយាយជាមួយបងប្អូន ដូចជានិយាយទៅកាន់អ្នកមានប្រាជ្ញាដែរ សូមបងប្អូនពិចារណាសេចក្ដីដែលខ្ញុំនិយាយនេះដោយខ្លួនឯងផ្ទាល់ទៅ។ ពេលយើងលើកពែងនៃព្រះពរឡើង ដើម្បីអរព្រះគុណព្រះជាម្ចាស់ មានន័យថា យើងចូលរួមជាមួយព្រះលោហិតរបស់ព្រះគ្រិស្ត រីឯពេលដែលយើងកាច់នំប៉័ងក៏មានន័យថា យើងចូលរួមជាមួយព្រះកាយរបស់ព្រះគ្រិស្តដែរ។ មាននំប៉័ងតែមួយប៉ុណ្ណោះ ទោះបីយើងមានគ្នាច្រើនក្ដី ក៏យើងរួមគ្នាមកជារូបកាយតែមួយដែរ ព្រោះយើងទាំងអស់គ្នាបានទទួលចំណែកពីនំប៉័ងតែមួយ។ សូមរិះគិតអំពីជនជាតិអ៊ីស្រាអែល មើល៍ អស់អ្នកបរិភោគសាច់សត្វដែលគេថ្វាយជាយញ្ញបូជា ក៏បានចូលរួម*ជាមួយនឹងព្រះជាម្ចាស់ ដោយសារសាច់ដែលគេបានថ្វាយនោះដែរ។ ខ្ញុំនិយាយនេះមានន័យដូចម្ដេច? តើសាច់ដែលគេសែនទៅព្រះក្លែងក្លាយមានសារសំខាន់អ្វី ហើយព្រះក្លែងក្លាយមានសារសំខាន់អ្វីដែរ? ទេ! គ្មានសារសំខាន់អ្វីទាំងអស់! ផ្ទុយទៅវិញ អ្វីៗដែលគេសែននោះ គេសែនអារក្ស គឺមិនមែនថ្វាយព្រះជាម្ចាស់ទេ។ ហេតុនេះហើយបានជាខ្ញុំមិនចង់ឲ្យបងប្អូនចូលរួមរស់ជាមួយពួកអារក្សទាល់តែសោះ។ បងប្អូនមិនអាចលើកពែងរបស់ព្រះអម្ចាស់ពិសាផង ហើយលើកពែងរបស់ពួកអារក្សពិសាផងទេ។ បងប្អូនក៏មិនអាចរួមតុជាមួយព្រះអម្ចាស់ផង ហើយរួមតុជាមួយពួកអារក្សផងដែរ។ ឬមួយក៏យើងចង់ឲ្យព្រះអម្ចាស់មានព្រះហឫទ័យច្រណែន? តើយើងខ្លាំងពូកែជាងព្រះអង្គឬ?
អាន ១ កូរិនថូស 10
ស្ដាប់នូវ ១ កូរិនថូស 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ កូរិនថូស 10:1-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ