១ កូរិនថូស 1:18-31

១ កូរិនថូស 1:18-31 គខប

អ្នក​ដែល​ត្រូវ​វិនាស​អន្តរាយ ចាត់​ទុក​ដំណឹង​អំពី​ព្រះ‌គ្រិស្ត*​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង ថា​លេលា រីឯ​យើង​ដែល​កំពុង​តែ​ទទួល​ការ​សង្គ្រោះ​វិញ យើង​ជឿ​ថា ដំណឹង​នេះ​ជា​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ ដ្បិត​មាន​ចែង​ទុក​មក​ថា: «យើង​នឹង​រំលាយ​ប្រាជ្ញា​របស់​ពួក​អ្នក​ប្រាជ្ញ ហើយ​ធ្វើ​ឲ្យ​តម្រិះ​របស់​ពួក​អ្នក​ចេះ​ដឹង​រលាយ​សាប‌សូន្យ​ទៅ​ដែរ» ។ ដូច្នេះ អ្នក​ប្រាជ្ញ គ្រូ​បាធ្យាយ និង​អ្នក​ដេញ​ដោល​នា​សម័យ​នេះ​ធ្វើ​អ្វី​កើត បើ​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ប្រាជ្ញា​របស់​លោកីយ៍​នេះ ទៅ​ជា​លេលា​វិញ​នោះ!។ ដោយ​ប្រាជ្ញា​របស់​ខ្លួន មនុស្ស​លោក​ពុំ​បាន​ស្គាល់​ព្រះ‌ជាម្ចាស់ តាម​អ្វីៗ​ដែល​ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះអង្គ​សម្តែង​ឲ្យ​គេ​ស្គាល់​នោះ​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​សង្គ្រោះ​អ្នក​ជឿ ដោយ​ពាក្យ​ប្រកាស​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​លេលា​នោះ។ សាសន៍​យូដា​សុំ​មើល​ទី​សម្គាល់​ដ៏​អស្ចារ្យ សាសន៍​ក្រិក​ចង់​ឃើញ​ភស្ដុតាង​តាម​ប្រាជ្ញា រីឯ​យើង​វិញ យើង​ប្រកាស​អំពី​ព្រះ‌គ្រិស្ត*​ដែល​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង។ សាសន៍​យូដា​យល់​ឃើញ​ថា ពាក្យ​ប្រកាស​នេះ​រារាំង​គេ​មិន​ឲ្យ​ជឿ ហើយ​សាសន៍​ដទៃ​យល់​ឃើញ​ថា​ជា​រឿង​លេលា។ ប៉ុន្តែ ចំពោះ​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក គេ​ចាត់​ទុក​ព្រះ‌គ្រិស្ត​ថា​ជា​ឫទ្ធា‌នុភាព និង​ជា​ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះ‌ជាម្ចាស់​វិញ។ អ្វីៗ​ដែល​មនុស្ស​លោក​យល់​ថា​ជា​គំនិត​លេលា​របស់​ព្រះ‌ជាម្ចាស់​នោះ ប្រសើរ​លើស​ប្រាជ្ញា​របស់​មនុស្ស​ទៅ​ទៀត ហើយ​អ្វីៗ​ដែល​មនុស្ស​លោក​យល់​ថា​ជា​ការ​ទន់​ខ្សោយ​របស់​ព្រះ‌ជាម្ចាស់ ក៏​ប្រសើរ​លើស​កម្លាំង​របស់​មនុស្ស​ដែរ។ បងប្អូន​អើយ សូម​គិត​មើល​ចុះ តើ​បងប្អូន​ជា​មនុស្ស​បែប​ណា​បាន​ជា​ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ គឺ​ក្នុង​ចំណោម​បងប្អូន ពុំ​សូវ​មាន​អ្នក​ប្រាជ្ញ​ខាង​លោកីយ៍​នេះ​ទេ ហើយ​ក៏​ពុំ​សូវ​មាន​អ្នក​ធំ និង​អ្នក​ត្រកូល​ខ្ពស់​ដែរ។ ផ្ទុយ​ទៅ​វិញ ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស​អ្វីៗ​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​លេលា​មក​ផ្ចាញ់​ពួក​អ្នក​ប្រាជ្ញ ព្រះអង្គ​បាន​ជ្រើស​រើស​អ្វីៗ​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​ទន់​ខ្សោយ មក​ផ្ចាញ់​ពួក​អ្នក​ខ្លាំង​ពូកែ។ ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស​អ្វីៗ​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​ទាប​ថោក គួរ​ឲ្យ​មាក់​ងាយ ហើយ​គ្មាន​តម្លៃ មក​ផ្ចាញ់​អ្វីៗ​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​ថ្លៃ‌ថ្នូរ​វិញ។ ដូច្នេះ គ្មាន​មនុស្ស​ណា​អាច​អួត‌អាង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​ឡើយ គឺ​ព្រះអង្គ​ហើយ ដែល​បាន​ប្រោស​ឲ្យ​បងប្អូន​មាន​តម្លៃ ដោយ​ចូល​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ ដែល​បាន​ទៅ​ជា​ប្រាជ្ញា​មក​ពី​ព្រះ‌ជាម្ចាស់ សម្រាប់​យើង។ ព្រះអង្គ​ប្រទាន​ឲ្យ​យើង​បាន​សុចរិត* បាន​វិសុទ្ធ* និង​លោះ​យើង​ឲ្យ​មាន​សេរី‌ភាព។ ដូច្នេះ អ្នក​ណា​ចង់​អួត‌អាង ត្រូវ​អួត‌អាង​អំពី​កិច្ចការ​ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ ដូច​មាន​ចែង​ទុក​មក​ស្រាប់។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ កូរិនថូស 1:18-31

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ