១ កូរិនថូស 1:18-31

១ កូរិនថូស 1:18-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​ដំណឹង​អំពី​ឈើ​ឆ្កាង ជា​សេចក្តី​ល្ងី‌ល្ងើ​ដល់​អស់​អ្នក​ដែល​កំពុង​តែ​វិនាស តែ​ជា​ព្រះ‌ចេស្តា​របស់​ព្រះ​ដល់​យើង​ដែល​កំពុង​តែ​បាន​សង្គ្រោះ។ ព្រោះ​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «យើង​នឹង​បំផ្លាញ​ប្រាជ្ញា​របស់​ពួក​អ្នក​ប្រាជ្ញ ហើយ​លើក​ចំណេះ​របស់​ពួក​អ្នក​ចេះ​ចោល​ចេញ»។ តើ​អ្នក​ប្រាជ្ញ​នៅ​ឯ​ណា? តើ​អាចារ្យ​នៅ​ឯ​ណា? តើ​អ្នក​ដេញ​ដោល​នៃ​សម័យ​នេះ​នៅ​ឯ​ណា? តើ​ព្រះ​មិន​បាន​ធ្វើ​ឲ្យ​ប្រាជ្ញា​របស់​លោកីយ៍​នេះ ទៅ​ជា​ល្ងី‌ល្ងើ​ទេ​ឬ? ដ្បិត​ដោយ​មនុស្ស​លោក​មិន​បាន​ស្គាល់​ព្រះ​តាម​ប្រាជ្ញា​របស់​ខ្លួន ទើប​តាម​ប្រាជ្ញា​របស់​ព្រះ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​សង្គ្រោះ​អស់​អ្នក​ដែល​ជឿ ដោយ​សារ​សេចក្តី​ល្ងី‌ល្ងើ​ដែល​យើង​ប្រកាស​នោះ​វិញ។ ព្រោះ​សាស​ន៍​យូដា​ចង់​ឃើញ​ទី​សម្គាល់ ហើយ​សាសន៍​ក្រិក​ស្វែង​រក​ប្រាជ្ញា តែ​យើង​ប្រកាស​អំពី​ព្រះ‌គ្រីស្ទ​ដែល​ត្រូវ​ឆ្កាង ជា​ហេតុ​នាំ​ឲ្យ​ជំពប់​ចិត្ត​ដល់​សាសន៍​យូដា និង​ជា​សេចក្តី​ល្ងី‌ល្ងើ​ដល់​សាសន៍​ក្រិក ប៉ុន្តែ ចំពោះ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ត្រាស់​ហៅ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក ព្រះ‌គ្រីស្ទ​ជា​ព្រះ‌ចេស្តា​របស់​ព្រះ និង​ជា​ប្រាជ្ញា​របស់​ព្រះ។ ដ្បិត​សេចក្តី​ល្ងី‌ល្ងើ​របស់​ព្រះ នោះ​មាន​ប្រាជ្ញា​លើស​ជាង​ប្រាជ្ញា​របស់​មនុស្ស ហើយ​ភាព​ទន់​ខ្សោយ​របស់​ព្រះ ក៏​មាន​កម្លាំង​លើស​ជាង​កម្លាំង​របស់​មនុស្ស​ដែរ។ បង‌ប្អូន​អើយ សូម​ពិចារ‌ណា​មើល​ចុះ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​ព្រះ​បាន​ត្រាស់​ហៅ មិន​សូវ​មាន​អ្នក​ប្រាជ្ញ​ច្រើន​ខាង​សាច់​ឈាម មិន​សូវ​មាន​អ្នក​មាន​អំណាច​ច្រើន និង​អ្នក​មាន​ត្រកូល​ខ្ពស់​ច្រើន​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​បាន​ជ្រើស​រើស​អ្វី​ដែល​ល្ងី‌ល្ងើ​ក្នុង​លោក​នេះ ដើម្បី​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​មាន​សេចក្តី​ខ្មាស ព្រះ​បាន​ជ្រើស​រើស​អ្វី​ដែល​ខ្សោយ​ក្នុង​លោក​នេះ ដើម្បី​ធ្វើ​ឲ្យ​ពួក​ខ្លាំង​ពូកែ​មាន​សេចក្តី​ខ្មាស ព្រះ​បាន​ជ្រើស​រើស​អ្វី​ដែល​ទាប​ថោក និង​អ្វី​ដែល​គេ​មើល​ងាយ​នៅ​លោកីយ៍​នេះ អ្វីៗ​ដែល​គ្មាន ដើម្បី​ធ្វើ​ឲ្យ​អ្វីៗ​ដែល​មាន​ទៅ​ជា​អសារ​ឥត​ការ ដើម្បី​កុំ​ឲ្យ​មនុស្ស​ណា​អួត​ខ្លួន​នៅ​ចំពោះ​ព្រះ​បាន​ឡើយ។ ព្រះ‌អង្គ​ជា​ប្រភព​នៃ​ជីវិត​របស់​យើង ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដែល​ទ្រង់​បាន​ត្រឡប់​ជា​ប្រាជ្ញា​មក​ពី​ព្រះ ជា​សេចក្តី​សុចរិត សេចក្តី​បរិសុទ្ធ និង​សេចក្តី​ប្រោស​លោះ​ដល់​យើង ដើម្បី​ឲ្យ​ត្រូវ​ដូច​សេចក្តី​ដែល​ចែង​ទុក​មក​ថា៖ «អ្នក​ណា​ដែល​អួត ត្រូវ​អួត​ពី​ព្រះ‌អម្ចាស់» ។

ចែក​រំលែក
អាន ១ កូរិនថូស 1

១ កូរិនថូស 1:18-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ដែល​ត្រូវ​វិនាស​អន្តរាយ ចាត់​ទុក​ដំណឹង​អំពី​ព្រះ‌គ្រិស្ត*​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង ថា​លេលា រីឯ​យើង​ដែល​កំពុង​តែ​ទទួល​ការ​សង្គ្រោះ​វិញ យើង​ជឿ​ថា ដំណឹង​នេះ​ជា​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ ដ្បិត​មាន​ចែង​ទុក​មក​ថា: «យើង​នឹង​រំលាយ​ប្រាជ្ញា​របស់​ពួក​អ្នក​ប្រាជ្ញ ហើយ​ធ្វើ​ឲ្យ​តម្រិះ​របស់​ពួក​អ្នក​ចេះ​ដឹង​រលាយ​សាប‌សូន្យ​ទៅ​ដែរ» ។ ដូច្នេះ អ្នក​ប្រាជ្ញ គ្រូ​បាធ្យាយ និង​អ្នក​ដេញ​ដោល​នា​សម័យ​នេះ​ធ្វើ​អ្វី​កើត បើ​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ប្រាជ្ញា​របស់​លោកីយ៍​នេះ ទៅ​ជា​លេលា​វិញ​នោះ!។ ដោយ​ប្រាជ្ញា​របស់​ខ្លួន មនុស្ស​លោក​ពុំ​បាន​ស្គាល់​ព្រះ‌ជាម្ចាស់ តាម​អ្វីៗ​ដែល​ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះអង្គ​សម្តែង​ឲ្យ​គេ​ស្គាល់​នោះ​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​សង្គ្រោះ​អ្នក​ជឿ ដោយ​ពាក្យ​ប្រកាស​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​លេលា​នោះ។ សាសន៍​យូដា​សុំ​មើល​ទី​សម្គាល់​ដ៏​អស្ចារ្យ សាសន៍​ក្រិក​ចង់​ឃើញ​ភស្ដុតាង​តាម​ប្រាជ្ញា រីឯ​យើង​វិញ យើង​ប្រកាស​អំពី​ព្រះ‌គ្រិស្ត*​ដែល​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង។ សាសន៍​យូដា​យល់​ឃើញ​ថា ពាក្យ​ប្រកាស​នេះ​រារាំង​គេ​មិន​ឲ្យ​ជឿ ហើយ​សាសន៍​ដទៃ​យល់​ឃើញ​ថា​ជា​រឿង​លេលា។ ប៉ុន្តែ ចំពោះ​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក គេ​ចាត់​ទុក​ព្រះ‌គ្រិស្ត​ថា​ជា​ឫទ្ធា‌នុភាព និង​ជា​ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះ‌ជាម្ចាស់​វិញ។ អ្វីៗ​ដែល​មនុស្ស​លោក​យល់​ថា​ជា​គំនិត​លេលា​របស់​ព្រះ‌ជាម្ចាស់​នោះ ប្រសើរ​លើស​ប្រាជ្ញា​របស់​មនុស្ស​ទៅ​ទៀត ហើយ​អ្វីៗ​ដែល​មនុស្ស​លោក​យល់​ថា​ជា​ការ​ទន់​ខ្សោយ​របស់​ព្រះ‌ជាម្ចាស់ ក៏​ប្រសើរ​លើស​កម្លាំង​របស់​មនុស្ស​ដែរ។ បងប្អូន​អើយ សូម​គិត​មើល​ចុះ តើ​បងប្អូន​ជា​មនុស្ស​បែប​ណា​បាន​ជា​ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ គឺ​ក្នុង​ចំណោម​បងប្អូន ពុំ​សូវ​មាន​អ្នក​ប្រាជ្ញ​ខាង​លោកីយ៍​នេះ​ទេ ហើយ​ក៏​ពុំ​សូវ​មាន​អ្នក​ធំ និង​អ្នក​ត្រកូល​ខ្ពស់​ដែរ។ ផ្ទុយ​ទៅ​វិញ ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស​អ្វីៗ​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​លេលា​មក​ផ្ចាញ់​ពួក​អ្នក​ប្រាជ្ញ ព្រះអង្គ​បាន​ជ្រើស​រើស​អ្វីៗ​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​ទន់​ខ្សោយ មក​ផ្ចាញ់​ពួក​អ្នក​ខ្លាំង​ពូកែ។ ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស​អ្វីៗ​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​ទាប​ថោក គួរ​ឲ្យ​មាក់​ងាយ ហើយ​គ្មាន​តម្លៃ មក​ផ្ចាញ់​អ្វីៗ​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​ថ្លៃ‌ថ្នូរ​វិញ។ ដូច្នេះ គ្មាន​មនុស្ស​ណា​អាច​អួត‌អាង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​ឡើយ គឺ​ព្រះអង្គ​ហើយ ដែល​បាន​ប្រោស​ឲ្យ​បងប្អូន​មាន​តម្លៃ ដោយ​ចូល​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ ដែល​បាន​ទៅ​ជា​ប្រាជ្ញា​មក​ពី​ព្រះ‌ជាម្ចាស់ សម្រាប់​យើង។ ព្រះអង្គ​ប្រទាន​ឲ្យ​យើង​បាន​សុចរិត* បាន​វិសុទ្ធ* និង​លោះ​យើង​ឲ្យ​មាន​សេរី‌ភាព។ ដូច្នេះ អ្នក​ណា​ចង់​អួត‌អាង ត្រូវ​អួត‌អាង​អំពី​កិច្ចការ​ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ ដូច​មាន​ចែង​ទុក​មក​ស្រាប់។

ចែក​រំលែក
អាន ១ កូរិនថូស 1

១ កូរិនថូស 1:18-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​ដំណឹង​ពី​ឈើ​ឆ្កាង នោះ​ជា​សេចក្ដី​ចំកួត ដល់​អស់​អ្នក​ដែល​កំពុង​តែ​វិនាស តែ​ជា​ព្រះ‌ចេស្តា​នៃ​ព្រះ ដល់​យើង​រាល់​គ្នា​ដែល​កំពុង​តែ​បាន​សង្គ្រោះ​វិញ ព្រោះ​មាន​សេចក្ដី​ចែង​ទុក​មក​ថា «អញ​នឹង​បំផ្លាញ​ប្រាជ្ញា​របស់​ពួក​អ្នក​ប្រាជ្ញ ហើយ​នឹង​លើក​ចំណេះ​របស់​ពួក​អ្នក​ដែល​ចេះ ចោល​ចេញ» តើ​អ្នក​ប្រាជ្ញ​នៅ​ឯ​ណា តើ​អាចារ្យ​នៅ​ឯ​ណា តើ​អ្នក​ដេញ‌ដោល​នៃ​សម័យ​នេះ​នៅ​ឯ​ណា ព្រះ‌ទ្រង់​បាន​ធ្វើ​ឲ្យ​ប្រាជ្ញា​របស់​លោកីយ​នេះ ទៅ​ជា​សេចក្ដី​ល្ងង់‌ល្ងើ​វិញ​ទេ​តើ ដ្បិត​ដោយ​ព្រោះ​ព្រះ‌ទ្រង់​បាន​សំរេច​តាម​ប្រាជ្ញា​នៃ​ទ្រង់​ថា មនុស្ស​លោក​នឹង​រក​ស្គាល់​ព្រះ ដោយ​អាង​ប្រាជ្ញា​ខ្លួន​មិន​បាន​ទេ បាន​ជា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ជួយ​សង្គ្រោះ​អស់​អ្នក​ដែល​ជឿ ដោយ‌សារ​សេចក្ដី​ល្ងី‌ល្ងើ​វិញ គឺ​ជា​ការ​ប្រកាស​ដំណឹង​ល្អ ពី​ព្រោះ​សាសន៍​យូដា គេ​ចង់​ឃើញ​ភស្តុ‌តាង ហើយ​សាសន៍​ក្រេក គេ​ស្វែង​រក​ប្រាជ្ញា តែ​យើង​ខ្ញុំ​ប្រកាស​ប្រាប់​ពី​ព្រះ‌គ្រីស្ទ ដែល​ទ្រង់​ត្រូវ​ឆ្កាង​វិញ ជា​ហេតុ​នាំ​ឲ្យ​រវាត​ចិត្ត​ដល់​សាសន៍​យូដា នឹង​ជា​សេចក្ដី​ល្ងង់‌ល្ងើ​ដល់​សាសន៍​ក្រេក តែ​ព្រះ‌គ្រីស្ទ ទ្រង់​ជា​ព្រះ‌ចេស្តា ហើយ​ជា​ប្រាជ្ញា​របស់​ព្រះ​វិញ ដល់​អស់​អ្នក​ដែល​ទ្រង់​ហៅ ទាំង​សាសន៍​យូដា ហើយ​នឹង​សាសន៍​ក្រេក​ផង ដ្បិត​សេចក្ដី​ល្ងង់‌ល្ងើ​របស់​ព្រះ នោះ​មាន​ប្រាជ្ញា​លើស​ជាង​មនុស្ស ហើយ​សេចក្ដី​កំសោយ​របស់​ព្រះ ក៏​មាន​កំឡាំង​លើស​ជាង​មនុស្ស​ដែរ។ ឱ​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ឃើញ​ថា ក្នុង​ពួក​អ្នក​ដែល​ទ្រង់​បាន​ហៅ មិន‌សូវ​មាន​អ្នក​ប្រាជ្ញ​ច្រើន​ខាង​ឯ​សាច់​ឈាម ឬ​ច្រើន​នាក់​មាន​អំណាច នឹង​ច្រើន​នាក់​ដែល​មាន​ត្រកូល​ខ្ពស់​នោះ​ទេ ព្រះ‌ទ្រង់​បាន​រើស​ពួក​ល្ងង់‌ល្ងើ​នៅ​លោកីយ​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​មាន​សេចក្ដី​ខ្មាស​វិញ ទ្រង់​បាន​រើស​ពួក​កំសោយ​នៅ​លោកីយ​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​ពួក​ខ្លាំង​ពូកែ​មាន​សេចក្ដី​ខ្មាស ហើយ​ទ្រង់​បាន​រើស​អ្នក​ទាប​ថោក​នៅ​លោកីយ​នេះ នឹង​ពួក​អ្នក​ដែល​គេ​មើល‌ងាយ ព្រម​ទាំង​របស់​ដែល​គ្មាន​ផង ដើម្បី​នឹង​លើក​ចោល​របស់​ដែល​មាន​ចេញ ប្រយោជន៍​កុំ​ឲ្យ​មនុស្ស​ណា​បាន​អួត​ខ្លួន នៅ​ចំពោះ​ព្រះ​ឡើយ តែ​ដោយ‌សារ​ព្រះ នោះ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​ទ្រង់​បាន​តាំង​ឡើង ទុក​ជា​ប្រាជ្ញា​ដែល​មក​ពី​ព្រះ ហើយ​ជា​សេចក្ដី​សុចរិត សេចក្ដី​បរិសុទ្ធ នឹង​សេចក្ដី​ប្រោស​លោះ​ដល់​យើង​ផង ដើម្បី​ឲ្យ​បាន​ត្រូវ​នឹង​សេចក្ដី​ដែល​ចែង​ទុក​មក​ថា «អ្នក​ណា​ដែល​អួត ត្រូវ​អួត​តែ​ពី​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ»។

ចែក​រំលែក
អាន ១ កូរិនថូស 1

១ កូរិនថូស 1:18-31

១ កូរិនថូស 1:18-31 គខប