មារ*សាតាំងបានក្រោកឡើងប្រឆាំងនឹងជនជាតិអ៊ីស្រាអែល ដោយជំរុញព្រះបាទដាវីឌឲ្យជំរឿនប្រជាជនអ៊ីស្រាអែល។ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកយ៉ូអាប់ និងមន្ត្រីឯទៀតៗរបស់ប្រជាជនថា៖ «ចូរទៅរាប់ចំនួនប្រជាជនអ៊ីស្រាអែល ចាប់តាំងពីក្រុងបៀរសេបា រហូតដល់ក្រុងដាន់ រួចធ្វើរបាយការណ៍ឲ្យយើង ដ្បិតយើងចង់ដឹងចំនួនប្រជាជន»។ លោកយ៉ូអាប់ទូលថា៖ «បពិត្រព្រះករុណា ជាអម្ចាស់! សូមព្រះអម្ចាស់ប្រោសប្រទានឲ្យប្រជារាស្ត្ររបស់ព្រះអង្គ កើនចំនួនឡើងមួយរយដងច្រើនជាងនេះ! ពួកគេសុទ្ធតែជាអ្នកបម្រើរបស់ព្រះករុណាទាំងអស់គ្នាហើយ ហេតុអ្វីបានជាព្រះករុណាចង់ជ្រាបអំពីចំនួនរបស់ពួកគេទៀត? ធ្វើដូច្នេះ ក្រែងលោបណ្ដាលឲ្យជនជាតិអ៊ីស្រាអែលមានទោស»។ ប៉ុន្តែ ដោយស្ដេចចេញបញ្ជាយ៉ាងម៉ឺងម៉ាត់ពេក លោកយ៉ូអាប់ត្រូវតែអនុវត្តតាម។ លោកយ៉ូអាប់ចាកចេញទៅ ហើយធ្វើដំណើរគ្រប់ទិសទីក្នុងស្រុកអ៊ីស្រាអែល រួចវិលត្រឡប់មកក្រុងយេរូសាឡឹមវិញ។ លោកយ៉ូអាប់ចូលទៅទូលព្រះបាទដាវីឌអំពីចំនួនប្រជាជន គឺក្នុងស្រុកអ៊ីស្រាអែលទាំងមូល មានទាហានប្រដាប់អាវុធ ១ ១០០ ០០០នាក់ ហើយនៅស្រុកយូដាមាន ៤៧០ ០០០នាក់។ លោកពុំបានជំរឿនប្រជាជនក្នុងកុលសម្ព័ន្ធលេវី និងបេនយ៉ាមីនទេ ដ្បិតលោកមិនពេញចិត្ត នឹងបញ្ជារបស់ស្ដេចទាល់តែសោះ។ ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងហេតុការណ៍នេះទេ ព្រះអង្គក៏ប្រហារជនជាតិអ៊ីស្រាអែល។ ព្រះបាទដាវីឌទូលព្រះជាម្ចាស់ថា៖ «ទូលបង្គំប្រព្រឹត្តអំពើបាបដ៏ធ្ងន់! ឥឡូវនេះ សូមព្រះអង្គអត់ទោសឲ្យទូលបង្គំផង ដ្បិតទូលបង្គំប្រព្រឹត្តដូចមនុស្សវង្វេងស្មារតីទាំងស្រុង!»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកកាដ ជាគ្រូទាយរបស់ព្រះបាទដាវីឌថា៖ «ចូរទៅប្រាប់ដាវីឌដូចតទៅ “ព្រះអម្ចាស់មានព្រះបន្ទូលថា: យើងមានទណ្ឌកម្មបីយ៉ាងសម្រាប់អ្នក ចូរជ្រើសរើសយកមួយចុះ! យើងនឹងដាក់ទោសអ្នកតាមនោះ”»។ លោកកាដចូលគាល់ព្រះបាទដាវីឌ ទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: សូមជ្រើសរើសចុះ តើព្រះករុណាចង់ឲ្យស្រុកកើតទុរ្ភិក្សអស់រយៈពេលបីឆ្នាំ ឬត្រូវបាក់ទ័ពរត់នៅចំពោះមុខដាវរបស់ខ្មាំងសត្រូវ អស់រយៈពេលបីខែ ឬចង់ឲ្យជំងឺអាសន្នរោគកើតឡើងក្នុងស្រុក គឺទេវតារបស់ព្រះអម្ចាស់បំផ្លាញប្រជាជនក្នុងស្រុកអ៊ីស្រាអែលទាំងមូល អស់រយៈពេលបីថ្ងៃ។ ឥឡូវនេះ សូមព្រះករុណាពិចារណាចុះ ទូលបង្គំនឹងនាំចម្លើយទៅថ្វាយព្រះជាម្ចាស់ដែលបានចាត់ទូលបង្គំមក»។ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកកាដថា៖ «យើងតប់ប្រមល់ខ្លាំងណាស់! សូមឲ្យយើងធ្លាក់ក្នុងកណ្ដាប់ដៃរបស់ព្រះអម្ចាស់ ជាជាងធ្លាក់ក្នុងកណ្ដាប់ដៃរបស់មនុស្ស ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យមេត្តាករុណាដ៏ធំធេង»។ ព្រះអម្ចាស់ធ្វើឲ្យជំងឺអាសន្នរោគកើតនៅស្រុកអ៊ីស្រាអែល ហើយមានប្រជាជនស្លាប់អស់៧០ ០០០នាក់។ ព្រះជាម្ចាស់ចាត់ទេវតាឲ្យទៅបំផ្លាញក្រុងយេរូសាឡឹមទៀត ប៉ុន្តែ កាលព្រះអម្ចាស់ទតឃើញទេវតាបំផ្លាញក្រុងនោះ ព្រះអង្គក៏ប្រែព្រះហឫទ័យមិនព្រមដាក់ទោសក្រុងនោះទេ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ទេវតាដែលមកបំផ្លាញថា៖ «ប៉ុណ្ណឹងបានហើយ! ឈប់ប្រហារទៅ!»។ ពេលនោះ ទេវតារបស់ព្រះអម្ចាស់ស្ថិតនៅជិតលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស។ ព្រះបាទដាវីឌងើបព្រះភ័ក្ត្រឡើង ទតឃើញទេវតារបស់ព្រះអម្ចាស់ឈរនៅចន្លោះមេឃ និងផែនដី ដោយកាន់ដាវដែលហូតចេញពីស្រោមជាស្រេច ហើយបែរមុខតម្រង់ទៅក្រុងយេរូសាឡឹម។ ព្រះបាទដាវីឌ និងអស់លោកព្រឹទ្ធាចារ្យ ដែលស្លៀកបាវកាន់ទុក្ខ ក៏ក្រាបចុះឱនមុខដល់ដី។ ព្រះបាទដាវីឌទូលព្រះជាម្ចាស់ថា៖ «ទូលបង្គំទេតើដែលបញ្ជាឲ្យជំរឿនប្រជាជន ទូលបង្គំបានប្រព្រឹត្តអំពើបាប និងអំពើអាក្រក់។ ប្រជាជនទាំងនេះពុំបានប្រព្រឹត្តអ្វីខុសទេ។ ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ សូមដាក់ទោសតែទូលបង្គំ និងក្រុមគ្រួសាររបស់ទូលបង្គំប៉ុណ្ណោះបានហើយ! សូមកុំឲ្យគ្រោះកាចនេះកើតមានដល់ប្រជារាស្ដ្ររបស់ព្រះអង្គឡើយ!»។
អាន ១ របាក្សត្រ 21
ស្ដាប់នូវ ១ របាក្សត្រ 21
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ របាក្សត្រ 21:1-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ