១ របាក្សត្រ 16:7-36

១ របាក្សត្រ 16:7-36 គខប

គឺ​ថ្ងៃ​នោះ​ហើយ​ដែល​ព្រះ‌បាទ​ដាវីឌ​បាន​ចាត់​លោក​អេសាភ ព្រម​ទាំង​បងប្អូន​របស់​គាត់ ឲ្យ​ប្រារព្ធ​ពិធី​លើក​តម្កើង​ព្រះ‌អម្ចាស់​ជា​លើក​ដំបូង​បង្អស់។ «ចូរ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់ ចូរ​ប្រកាស​ព្រះ‌នាម​ព្រះអង្គ! ចូរ​ថ្លែង​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ ប្រាប់​ប្រជា‌ជាតិ​នានា! ចូរ​ច្រៀង​តម្កើង​ព្រះអង្គ ចូរ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ! ចូរ​រៀប​រាប់​អំពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​ធ្វើ! ចូរ​ខ្ពស់​មុខ​ឡើង ព្រោះ​អ្នក​រាល់​គ្នា ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ​ដ៏វិសុទ្ធ! អស់​អ្នក​ស្វែង​រក​ព្រះ‌អម្ចាស់​អើយ ចូរ​សប្បាយ​ចិត្ត​ចុះ! ចូរ​ស្វែង​រក​ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ចេស្ដា ចូរ​ស្វែង​រក​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ឥត​ឈប់​ឈរ​ឡើយ! ចូរ​នឹក​ដល់​ការ​អស្ចារ្យ​ផ្សេងៗ ដែល​ព្រះអង្គ​បាន​ធ្វើ ចូរ​នឹក​ដល់​ឫទ្ធិ‌បាដិ‌ហារិយ៍ និង​ការ​ជំនុំ​ជម្រះ ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បាន​សម្រេច។ អ្នក​រាល់​គ្នា​ជា​ពូជ‌ពង្ស​របស់​លោក​អ៊ីស្រា‌អែល ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​លោក​យ៉ាកុប ដែល​ព្រះអង្គ​បាន​ជ្រើស​រើស! មាន​តែ​ព្រះ‌អម្ចាស់​ទេ ដែល​ជា​ព្រះ​របស់​យើង ព្រះអង្គ​គ្រប់‌គ្រង​លើ​ផែនដី​ទាំង​មូល។ ចូរ​នឹក​ដល់​សម្ពន្ធ‌មេត្រី​របស់​ព្រះអង្គ​ជានិច្ច គឺ​ជា​ព្រះ‌បន្ទូល​ដែល​នៅ​ស្ថិត‌ស្ថេរ រហូត​ដល់​មួយ​ពាន់​តំណ គឺ​សម្ពន្ធ‌មេត្រី​ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ លោក​អប្រាហាំ ព្រម​ទាំង​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា ជា​មួយ​លោក​អ៊ីសាក។ ព្រះអង្គ​បាន​បញ្ជាក់​សម្ពន្ធ‌មេត្រី​នេះ ជា​មួយ​លោក​យ៉ាកុប ទុក​ជា​សម្ពន្ធ‌មេត្រី អស់‌កល្ប​ជានិច្ច​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល។ គឺ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា: «យើង​នឹង​ប្រគល់​ស្រុក​កាណាន​ឲ្យ​អ្នក ទុក​ជា​ចំណែក​មត៌ក»។ នៅ​គ្រា​នោះ អ្នក​រាល់​គ្នា​ជា​ក្រុម​មួយ​ដ៏​តូច ដែល​ចូល​មក​រស់​នៅ​លើ​ទឹក​ដី​ស្រុក​កាណាន។ អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ ពី​នគរ​មួយ​ទៅ​នគរ​មួយ​ទៀត។ ប៉ុន្តែ ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់ សង្កត់‌សង្កិន​អ្នក​រាល់​គ្នា​ទេ ដើម្បី​ការ‌ពារ​អ្នក​រាល់​គ្នា ព្រះអង្គ​បាន​បន្ទោស​ស្ដេច​នានា​ថា: «កុំ​ប៉ះ‌ពាល់​អស់​អ្នក​ដែល​យើង​បាន​ចាក់​ប្រេង អភិសេក​នេះ​ឡើយ កុំ​ធ្វើ​បាប​ព្យាការី​របស់​យើង​ឲ្យ​សោះ!»។ មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អើយ ចូរ​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់! ចូរ​ប្រកាស​ជា​រៀង​រាល់​ថ្ងៃ អំពី​ការ​សង្គ្រោះ​របស់​ព្រះអង្គ។ ចូរ​ប្រកាស​អំពី​សិរី‌រុងរឿង​របស់​ព្រះអង្គ នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ហើយ​ប្រកាស​អំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់ ព្រះអង្គ នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់! ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម ដែល​យើង​ត្រូវ​តែ​សរសើរ​តម្កើង​អស់​ពី​ចិត្ត ព្រះអង្គ​គួរ​ជា​ទី​ស្ញែង​ខ្លាច​ជាង​ព្រះ​ផង​ទាំង​ពួង។ ព្រះ​ទាំង​ប៉ុន្មាន​របស់​សាសន៍​នានា សុទ្ធ​តែ​ឥត​បាន​ការ​អ្វី​ទាំង​អស់ រីឯ​ព្រះ‌អម្ចាស់ ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ។ មាន​ពន្លឺ​រស្មី​ចិញ្ចែង‌ចិញ្ចាច​ចាំង​ចេញ​ពី ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ ព្រះ‌ដំណាក់​របស់​ព្រះអង្គ​ពោរ‌ពេញ​ទៅ​ដោយ ឫទ្ធិ‌បារមី និង​អំណរ​សប្បាយ។ ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌អម្ចាស់ ហើយ​ថ្លែង​អំពី​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ ចូរ​លើក​តម្កើង​សិរី‌រុងរឿង​នៃ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់! ចូរ​នាំ​គ្នា​យក​តង្វាយ​ចូល​មក​ចំពោះ​ព្រះ‌ភ័ក្ត្រ របស់​ព្រះអង្គ! ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ នៅ​ពេល​ព្រះអង្គ​សម្តែង​ភាព​វិសុទ្ធ​របស់​ព្រះអង្គ! មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អើយ ចូរ​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ចុះ! ពិភព​លោក​រឹង‌មាំ ឥត​រង្គើ​សោះ​ឡើយ ចូរ​ឲ្យ​ផ្ទៃ​មេឃ​មាន​អំណរ​សប្បាយ និង​ឲ្យ​ផែនដី​បាន​រីក‌រាយ​ដ៏​លើស‌លុប! ចូរ​ប្រកាស​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ថា ព្រះ‌អម្ចាស់​គ្រង​រាជ្យ! ចូរ​ឲ្យ​សមុទ្រ និង​អ្វីៗ​នៅ​ក្នុង​សមុទ្រ បន្លឺ​សំឡេង​យ៉ាង​អឺង‌កង! ចូរ​ឲ្យ​ស្រែ​ចម្ការ និង​អ្វីៗ​នៅ​ទី​នោះ ត្រេក​អរ​សប្បាយ! ចូរ​ឲ្យ​ព្រៃ​ព្រឹក្សា​ទាំង​ប៉ុន្មាន​ស្រែក​ហ៊ោ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់! ដ្បិត​ព្រះអង្គ​យាង​មក​គ្រប់‌គ្រង​ផែនដី។ ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​សប្បុរស ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ចូរ​ទូល​ព្រះអង្គ​ថា: ព្រះ‌សង្គ្រោះ​របស់​យើង​ខ្ញុំ​អើយ សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង សូម​ប្រមូល​ផ្ដុំ​យើង​ខ្ញុំ ហើយ​យក​យើង​ខ្ញុំ ចេញ​ពី​ចំណោម​ប្រជា‌ជាតិ​នានា ដើម្បី​ឲ្យ​យើង​ខ្ញុំ​លើក​តម្កើង ព្រះ‌នាម​ដ៏វិសុទ្ធ​របស់​ព្រះអង្គ និង​បាន​ខ្ពស់​មុខ ដោយ​សរសើរ​តម្កើង​ព្រះអង្គ! សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល តាំង​ពី​ដើម​រៀង​មក ហើយ​អស់‌កល្ប​ត​រៀង​ទៅ!»។ ពេល​នោះ ប្រជា‌ជន​ទាំង​មូល​ឆ្លើយ​ថា «អាម៉ែន សូម​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់!»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ របាក្សត្រ 16:7-36

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ