១ របាក្សត្រ 10
10
រាជ្យរបស់ព្រះបាទដាវីឌ
ស្ដេចសូលសោយទិវង្គត
(១ សាំយូអែល ៣១.១-១៣)
1កងទ័ពភីលីស្ទីនបានវាយប្រហារកងទ័ពអ៊ីស្រាអែល ធ្វើឲ្យពលទាហានអ៊ីស្រាអែលបាក់ទ័ពនៅមុខពួកភីលីស្ទីន។ ទាហានអ៊ីស្រាអែលជាច្រើនបានស្លាប់នៅលើភ្នំគីលបោ។ 2ពួកភីលីស្ទីនបានដេញតាមព្រះបាទសូល និងបុត្រៗរបស់ស្ដេចយ៉ាងប្រកិត។ ពួកគេសម្លាប់សម្ដេចយ៉ូណាថាន សម្ដេចអប៊ីណាដាប់ និងសម្ដេចម៉ាល់គីស៊ូអា ជាបុត្ររបស់ព្រះបាទសូល។ 3បន្ទាប់មក គេសម្រុកទៅលើព្រះបាទសូល។ ទ័ពបាញ់ព្រួញបានដេញតាមទាន់ព្រះបាទសូល ធ្វើឲ្យទ្រង់តក់ស្លុតយ៉ាងខ្លាំង។ 4ស្ដេចមានរាជឱង្ការទៅសេនា ដែលកាន់គ្រឿងសស្ត្រាវុធរបស់ស្ដេចថា៖ «ចូរហូតដាវរបស់ឯងចាក់យើងមក ព្រោះយើងមិនចង់ឲ្យសាសន៍ដទៃសម្លាប់យើង ហើយប្រមាថមើលងាយយើងទេ»។ សេនានោះមិនហ៊ានសម្លាប់ស្ដេចឡើយ ព្រោះគាត់ភ័យខ្លាចយ៉ាងខ្លាំង។ ដូច្នេះ ព្រះបាទសូលក៏ហូតដាវ ហើយផ្ដួលខ្លួនលើមុខដាវនោះទៅ។ 5កាលសេនាដែលកាន់គ្រឿងសស្ត្រាវុធរបស់ស្ដេចឃើញស្ដេចសោយទិវង្គតដូច្នេះ គាត់ក៏ហូតដាវ រួចផ្ដួលខ្លួនលើមុខដាវដែរ។ 6ដូច្នេះ ព្រះបាទសូល និងបុត្រាទាំងបីអង្គ ព្រមទាំងញាតិវង្សទាំងអស់ បាត់បង់ជីវិតក្នុងពេលជាមួយគ្នា។ 7កាលជនជាតិអ៊ីស្រាអែលទាំងអស់ ដែលស្ថិតនៅក្នុងជ្រលងភ្នំ ឃើញថាអ៊ីស្រាអែលបាក់ទ័ព ហើយព្រះបាទសូល ព្រមទាំងបុត្រា សុគតអស់នោះ ពួកគេក៏បោះបង់ទីក្រុងចោល រត់ភៀសខ្លួនអស់ទៅ។ កងទ័ពភីលីស្ទីនចូលមកកាន់កាប់ក្រុងទាំងនោះ។
8ស្អែកឡើង ពួកភីលីស្ទីននាំគ្នាមកប្រមូលរបស់របរដែលនៅជាប់នឹងសាកសព ហើយឃើញសពរបស់ព្រះបាទសូល និងបុត្រាទាំងបីអង្គ នៅលើភ្នំគីលបោ។ 9ពួកគេក៏ដោះអ្វីៗទាំងអស់ចេញពីសពរបស់ស្ដេច ព្រមទាំងកាត់ក និងយកគ្រឿងសស្ត្រាវុធទៅជាមួយ រួចផ្ញើដំណឹងនេះទៅគ្រប់ទីកន្លែង ក្នុងស្រុកភីលីស្ទីនទាំងមូល ឲ្យប្រកាសនៅតាមវិហារនៃព្រះរបស់គេ និងប្រកាសប្រាប់ប្រជាជន។ 10បន្ទាប់មក ពួកគេយកគ្រឿងសស្ត្រាវុធរបស់ព្រះបាទសូលទៅតម្កល់ទុកក្នុងវិហារនៃព្រះរបស់គេ ហើយយកព្រះសិរសារបស់ស្ដេចទៅព្យួរនៅក្នុងវិហារព្រះដាកុន។ 11កាលអ្នកក្រុងយ៉ាបេស ក្នុងស្រុកកាឡាដ ដឹងអំពីហេតុការណ៍ទាំងប៉ុន្មាន ដែលពួកភីលីស្ទីនបានប្រព្រឹត្តចំពោះសពរបស់ព្រះបាទសូល 12ទាហានដ៏ចំណានទាំងប៉ុន្មាននៅក្រុងនោះ នាំគ្នាចេញដំណើរទៅយកសពរបស់ព្រះបាទសូល និងបុត្រា នាំមកក្រុងយ៉ាបេសវិញ។ ពួកគេរើសធាតុយកទៅបញ្ចុះក្រោមដើមជ្រៃមួយនៅក្រុងយ៉ាបេស ហើយនាំគ្នាតមអាហារចំនួនប្រាំពីរថ្ងៃ។
13 ព្រះបាទសូលសោយទិវង្គត ព្រោះតែស្ដេចបានប្រព្រឹត្តខុស ដោយក្បត់នឹងព្រះអម្ចាស់ គឺស្ដេចពុំកាន់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ឡើយ ផ្ទុយទៅវិញ ស្ដេចបានទៅរកគ្រូអន្ទងខ្មោចទស្សន៍ទាយឲ្យ។ 14ស្ដេចពុំបានទូលសួរព្រះអម្ចាស់ទេ ហេតុនេះ ព្រះអង្គធ្វើឲ្យស្ដេចសោយទិវង្គត ហើយផ្ទេររាជសម្បត្តិទៅឲ្យព្រះបាទដាវីឌ ជាបុត្ររបស់លោកអ៊ីសាយវិញ។
ទើបបានជ្រើសរើសហើយ៖
១ របាក្សត្រ 10: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.