Revelation 9
9
1 ទេវតាទីប្រាំក៏ផ្លុំត្រែឡើង នោះខ្ញុំឃើញផ្កាយមួយធ្លាក់ចុះពីលើមេឃមកផែនដី ហើយផ្កាយនោះបានទទួលកូនសោរណ្ដៅនៃទីជម្រៅ។
2 ផ្កាយនោះក៏បើករណ្ដៅនៃទីជម្រៅ ហើយមានផ្សែងហុយចេញពីរណ្ដៅនោះមកដូចជាផ្សែងចេញពីឡភ្លើងមួយយ៉ាងធំ នោះដួងអាទិត្យ និងអាកាសក៏ងងឹតសូន្យសុងដោយសារផ្សែងចេញពីរណ្ដៅនោះ។
3 មានកណ្ដូបជាច្រើនចេញពីផ្សែងនោះហើរមកលើផែនដី ហើយពួកវាបានទទួលអំណាចដូចអំណាចរបស់ខ្យាដំរីនៅលើផែនដីដែរ។
4 កណ្ដូបទាំងនោះបានទទួលបង្គាប់មិនឲ្យធ្វើទុក្ខស្មៅនៅលើផែនដី ឬរុក្ខជាតិពណ៌បៃតង ឬដើមឈើណាមួយឡើយ ប៉ុន្ដែឲ្យធ្វើទុក្ខតែមនុស្សដែលគ្មានត្រារបស់ព្រះជាម្ចាស់នៅលើថ្ងាសប៉ុណ្ណោះ។
5 កណ្ដូបទាំងនោះមិនបានទទួលអំណាចឲ្យសម្លាប់ពួកគេទេ គឺគ្រាន់តែធ្វើឲ្យពួកគេឈឺចុកចាប់ក្នុងរវាងប្រាំខែប៉ុណ្ណោះ ហើយការឈឺចុកចាប់ដែលពួកវាបង្កឡើងនោះ ដូចជាការឈឺចុកចាប់ដែលខ្យាដំរីបង្កឡើងនៅពេលដែលវាទិចមនុស្សដែរ។
6 នៅគ្រានោះ មនុស្សនឹងស្វែងរកសេចក្ដីស្លាប់ ប៉ុន្ដែរកមិនបានឡើយ ពួកគេនឹងចង់ស្លាប់ណាស់ ប៉ុន្ដែសេចក្ដីស្លាប់នឹងរត់គេចពីពួកគេ។
7 កណ្ដូបទាំងនោះមានរូបរាងដូចជាសេះដែលបានត្រៀមជាស្រេចសម្រាប់ច្បាំង ហើយនៅពីលើក្បាលពួកវា មានដូចជាមកុដមាស ហើយមុខពួកវាដូចជាមុខមនុស្ស
8 ពួកវាមានសក់ដូចជាសក់របស់ស្រ្ដី ឯធ្មេញពួកវាដូចជាធ្មេញរបស់សត្វតោ
9 ពួកវាមានអាវក្រោះ ដូចជាអាវក្រោះធ្វើពីដែក ហើយស្នូរស្លាបរបស់ពួកវា ដូចជាស្នូររបស់រទេះសេះចំបាំងជាច្រើនដែលសម្រុកចូលទៅក្នុងចំបាំង។
10 ពួកវាមានកន្ទុយ និងទ្រនិចដូចជាខ្យាដំរី ហើយកន្ទុយរបស់ពួកវាមានអំណាចធ្វើទុក្ខមនុស្សអស់រយៈពេលប្រាំខែ។
11 ពួកវាមានទេវតានៃទីជម្រៅជាស្ដេចលើពួកវាដែលមានឈ្មោះជាភាសាហេព្រើរថា អាបាដូន និងមានឈ្មោះជាភាសាក្រេកថា អាប៉ូលីយ៉ូន។
12 សេចក្ដីវេទនាទីមួយបានកន្លងផុតទៅ មើល៍នៅមានសេចក្ដីវេទនាពីរទៀតដែលនឹងមកតាមក្រោយហេតុការណ៍ទាំងនេះ។
13 បន្ទាប់មក ទេវតាទីប្រាំមួយផ្លុំត្រែឡើង នោះខ្ញុំឮសំឡេងមួយចេញពីស្នែងទាំងបួនរបស់កន្លែងថ្វាយតង្វាយធ្វើពីមាសដែលនៅពីមុខព្រះជាម្ចាស់
14 និយាយទៅកាន់ទេវតាទីប្រាំមួយដែលមានត្រែនោះថា៖ «ចូរស្រាយទេវតាទាំងបួនដែលបានចងទុកនៅឯទន្លេអើប្រាតដ៏ធំនោះទៅ»។
15 នោះទេវតាទាំងបួនដែលបានត្រៀមទុកសម្រាប់វេលានោះ ថ្ងៃនោះ ខែនោះ និងឆ្នាំនោះក៏ត្រូវបានស្រាយដើម្បីឲ្យសម្លាប់មនុស្សមួយភាគបី
16 រីឯទ័ពសេះមានចំនួនពីររយលាននាក់។ ខ្ញុំបានឮចំនួនទ័ពទាំងនោះ
17 ហើយនៅក្នុងនិមិត្ដនោះ ខ្ញុំបានឃើញសេះ និងអ្នកជិះលើពួកវាយ៉ាងដូច្នេះ គឺពួកគេពាក់អាវក្រោះពណ៌ភ្លើង ពណ៌ខៀវងងឹត និងពណ៌ស្ពាន់ធ័រ ហើយក្បាលសេះទាំងនោះដូចជាក្បាលសត្វតោ ហើយក៏មានភ្លើងផ្សែង និងស្ពាន់ធ័រចេញពីមាត់របស់ពួកវាមកដែរ។
18 មនុស្សមួយភាគបីបានស្លាប់ដោយសារគ្រោះកាចទាំងបីនេះ គឺដោយភ្លើង ផ្សែង និងស្ពាន់ធ័រដែលចេញពីមាត់របស់ពួកវាមក
19 ដ្បិតអំណាចរបស់សេះទាំងនោះ គឺនៅក្នុងមាត់ និងកន្ទុយរបស់ពួកវា ព្រោះកន្ទុយរបស់ពួកវាដូចជាសត្វពស់ ហើយមានក្បាល។ ពួកវាធ្វើទុក្ខមនុស្សដោយសារក្បាលនោះ
20 រីឯមនុស្សឯទៀតៗដែលមិនបានស្លាប់ដោយសារគ្រោះកាចទាំងនេះ មិនបានប្រែចិត្ដចេញពីកិច្ចការដែលដៃរបស់ពួកគេបានធ្វើឡើយ ក៏មិនបានឈប់ថ្វាយបង្គំអារក្ស និងរូបព្រះដែលធ្វើពីមាស ពីប្រាក់ ពីលង្ហិន ពីថ្ម និងពីឈើដែលមើលមិនឃើញ ស្ដាប់មិនឮ ដើរមិនរួចនោះឡើយ
21 ហើយពួកគេក៏មិនបានប្រែចិត្ដពីការសម្លាប់មនុស្ស ពីមន្ដអាគម ពីអំពើអសីលធម៌ខាងផ្លូវភេទ និងពីអំពើលួចប្លន់របស់ពួកគេនោះដែរ។
ទើបបានជ្រើសរើសហើយ៖
Revelation 9: KCB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.