Luke 15
15
1 ពេលនោះ ពួកអ្នកទារពន្ធដារ និងពួកមនុស្សបាបទាំងអស់បានចូលមកជិតដើម្បីស្ដាប់ព្រះអង្គ
2 ប៉ុន្ដែទាំងពួកអ្នកខាងគណៈផារិស៊ី និងពួកគ្រូវិន័យបានរអ៊ូរទាំថា៖ «អ្នកនេះស្វាគមន៍ពួកមនុស្សបាប ហើយបរិភោគជាមួយពួកគេទៀតផង»
3 ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេជារឿងប្រៀបប្រដូចនេះថា៖
4 «សន្មតថា មានមនុស្សម្នាក់ក្នុងចំណោមអ្នករាល់គ្នាមានចៀមមួយរយ ហើយចៀមមួយបានវង្វេងចេញពីហ្វូង តើគាត់មិនទុកចៀមកៅសិបប្រាំបួននៅវាលស្មៅ រួចទៅតាមរកចៀមមួយដែលបានវង្វេងនោះទាល់តែឃើញទេឬ?
5 ពេលរកឃើញហើយ គាត់ក៏លីវាលើស្មាទាំងអរសប្បាយ។
6 កាលបានមកដល់ផ្ទះ គាត់ក៏ហៅមិត្តភក្តិ និងអ្នកជិតខាងមកជុំគ្នាដោយប្រាប់ពួកគេថា សូមអរសប្បាយជាមួយខ្ញុំផង ដ្បិតខ្ញុំបានរកឃើញចៀមរបស់ខ្ញុំដែលវង្វេងនោះវិញហើយ។
7 ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅស្ថានសួគ៌នឹងមានសេចក្ដីអរសប្បាយយ៉ាងនោះដែរចំពោះមនុស្សបាបម្នាក់បានប្រែចិត្ដ ជាជាងមនុស្សសុចរិតកៅសិបប្រាំបួននាក់ដែលមិនត្រូវការការប្រែចិត្ដ។
8 ឬសន្មតថា ស្ដ្រីម្នាក់មានកាក់ប្រាក់ដប់កាក់ ប៉ុន្ដែបើនាងធ្វើឲ្យបាត់កាក់មួយ តើនាងមិនអុជចង្កៀង បោសផ្ទះ ហើយរកយ៉ាងល្អិតល្អន់រហូតទាល់តែឃើញវិញទេឬ?
9 ពេលរកឃើញហើយ នាងក៏ហៅមិត្តភក្តិ និងអ្នកជិតខាងមកជុំគ្នាប្រាប់ពួកគេថា សូមអរសប្បាយជាមួយខ្ញុំផង ដ្បិតខ្ញុំរកឃើញកាក់ប្រាក់ដែលខ្ញុំបានបាត់នោះវិញហើយ។
10 ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅចំពោះមុខពួកទេវតារបស់ព្រះជាម្ចាស់ ក៏មានសេចក្ដីអរសប្បាយយ៉ាងដូច្នេះដែរ ចំពោះមនុស្សបាបម្នាក់ដែលបានប្រែចិត្ដ»។
11 ព្រះអង្គមានបន្ទូលទៀតថា៖ «មានបុរសម្នាក់មានកូនប្រុសពីរនាក់
12 កូនប្អូនបាននិយាយទៅឪពុកថា លោកឪពុកអើយ! សូមប្រគល់ទ្រព្យសម្បត្តិជាចំណែករបស់ខ្ញុំឲ្យមកខ្ញុំ រួចឪពុកក៏ចែកទ្រព្យសម្បត្តិឲ្យពួកគេ។
13 ប៉ុន្មានថ្ងៃក្រោយមក កូនប្រុសប្អូនបានប្រមូលទ្រព្យសម្បត្ដិទាំងអស់របស់ខ្លួន រួចធ្វើដំណើរទៅស្រុកឆ្ងាយ។ នៅទីនោះ គាត់បានចាយបង្ហិនទ្រព្យសម្បត្ដិរបស់ខ្លួនដោយរស់នៅយ៉ាងលេលា។
14 ពេលគាត់ចាយទ្រព្យសម្បត្ដិរបស់គាត់អស់ហើយ ក៏កើតមានគ្រោះអត់ឃ្លានយ៉ាងធ្ងន់ធ្ងរនៅទូទាំងស្រុកនោះ ហើយគាត់ក៏ចាប់ផ្ដើមខ្វះខាត
15 ដូច្នេះគាត់ក៏ទៅស៊ីឈ្នួលអ្នកស្រុកម្នាក់នៅស្រុកនោះ ហើយអ្នកនោះបានចាត់គាត់ឲ្យទៅឃ្វាលជ្រូកនៅឯកសិដ្ឋានរបស់ខ្លួន។
16 គាត់ចង់ចំអែតពោះដោយចំណីជ្រូកដែលជ្រូកកំពុងស៊ីខ្លាំងណាស់ ប៉ុន្ដែគ្មានអ្នកណាឲ្យអ្វីដល់គាត់ឡើយ។
17 ពេលគាត់ភ្ញាក់ខ្លួន ក៏និយាយថា អ្នកស៊ីឈ្នួលទាំងឡាយរបស់ឪពុកខ្ញុំមានអាហារបរិបូរ ប៉ុន្ដែខ្ញុំវិញនៅទីនេះឃ្លានជិតស្លាប់ហើយ
18 ខ្ញុំនឹងក្រោកឡើងទៅឯឪពុកខ្ញុំវិញ ហើយប្រាប់គាត់ថា លោកឪពុកអើយ! កូនបានធ្វើបាបទាស់នឹងស្ថានសួគ៌ ហើយនឹងលោកឪពុក
19 កូនមិនស័ក្តិសមនឹងហៅថាជាកូនរបស់លោកឪពុកទៀតទេ សូមឲ្យកូនធ្វើជាអ្នកស៊ីឈ្នួលម្នាក់របស់លោកឪពុកផង!
20 រួចគាត់ក៏ក្រោកឡើងត្រលប់ទៅឯឪពុកវិញ កាលគាត់នៅឆ្ងាយនៅឡើយ នោះឪពុករបស់គាត់បានឃើញគាត់ និងមានចិត្ដអាណិតអាសូរជាពន់ពេក ក៏រត់ទៅឱបថើបគាត់។
21 កូនប្រុសនោះប្រាប់ទៅឪពុកថា លោកឪពុកអើយ! កូនបានធ្វើបាបទាស់នឹងស្ថានសួគ៌ ហើយនឹងលោកឪពុក កូនមិនស័ក្តិសមនឹងហៅថាកូនរបស់លោកឪពុកទៀតទេ។
22 ប៉ុន្ដែឪពុកបានប្រាប់ទៅពួកបាវបម្រើរបស់គាត់ថា ចូរយកអាវដ៏ល្អបំផុតមកបំពាក់ឲ្យកូនរបស់ខ្ញុំជាប្រញាប់ ទាំងបំពាក់ចិញ្ជៀនលើដៃ និងពាក់ស្បែកជើងឲ្យផង
23 ហើយចូរយកកូនគោដែលបានបំប៉នទុកមកកាប់ រួចចូរយើងបរិភោគដោយអរសប្បាយចុះ
24 ព្រោះកូនប្រុសរបស់ខ្ញុំនេះបានស្លាប់ហើយ ប៉ុន្ដែរស់ឡើងវិញ វាបានវង្វេងបាត់ទៅ ប៉ុន្ដែរកឃើញវិញ។ រួចពួកគេក៏ចាប់ផ្ដើមអរសប្បាយ។
25 រីឯកូនប្រុសច្បងរបស់គាត់វិញនៅឯចម្ការ ពេលគាត់មកជិតដល់ផ្ទះ គាត់បានឮសូរតន្ដ្រី និងការរាំរែក
26 គាត់ក៏ហៅបាវបម្រើម្នាក់មកសួរថា តើមានហេតុការណ៍អ្វី?
27 បាវបម្រើនោះប្រាប់គាត់ថា ប្អូនប្រុសរបស់លោកមកវិញហើយ ឪពុករបស់លោកបានកាប់កូនគោដែលបានបំប៉នទុក ព្រោះគាត់បានទទួលកូនមកវិញដោយសុខសាន្ដ។
28 កូនប្រុសច្បងក៏ខឹង ហើយមិនចង់ចូលក្នុងទេ ដូច្នេះឪពុករបស់គាត់បានចេញមកអង្វរគាត់
29 ប៉ុន្ដែគាត់បានឆ្លើយទៅឪពុកថា មើល៍ កូនបានបម្រើលោកឪពុកជាច្រើនឆ្នាំ ហើយមិនដែលមិនស្ដាប់បង្គាប់លោកឪពុកទេ ប៉ុន្ដែលោកឪពុកមិនដែលឲ្យកូនពពែមួយដល់ខ្ញុំ ដើម្បីឲ្យខ្ញុំអរសប្បាយជាមួយមិត្តភក្តិរបស់ខ្ញុំទេ
30 ប៉ុន្ដែនៅពេលកូនរបស់លោកឪពុកម្នាក់នេះ ដែលជាអ្នកបំផ្លាញទ្រព្យសម្បត្តិរបស់លោកឪពុកជាមួយស្ដ្រីពេស្យាមកដល់ លោកឪពុកក៏កាប់កូនគោដែលបំប៉នទុកសម្រាប់វា។
31 ឪពុកក៏ប្រាប់កូននោះវិញថា កូនអើយ! កូនឯងនៅជាមួយឪពុកជានិច្ច ហើយអ្វីៗដែលជារបស់ឪពុកគឺជារបស់កូនហើយ
32 ដូច្នេះត្រូវតែអរសប្បាយ និងមានអំណរឡើង ព្រោះប្អូនប្រុសរបស់កូននេះបានស្លាប់ហើយ តែរស់ឡើងវិញ និងបានវង្វេងបាត់ទៅ ប៉ុន្ដែរកឃើញវិញ»។
ទើបបានជ្រើសរើសហើយ៖
Luke 15: KCB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.