Luke 12

12
1 ពេល​បណ្ដាជន​រាប់​ពាន់​នាក់​បាន​ប្រជុំគ្នា​ស្ទើរតែ​ជាន់​គ្នា​ ព្រះអង្គ​ចាប់​ផ្ដើម​មាន​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ជាមុន​ថា៖​ «ចូរ​ប្រុង​ប្រយ័ត្ន​នឹង​មេ​នំប៉័ង​របស់​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ ដែល​ជា​សេចក្ដី​ពុត​ត្បុត​របស់​ពួកគេ​
2 គ្មាន​ការ​លាក់​កំបាំង​ណា​ដែល​មិន​បាន​បើក​សំដែង​ឲ្យ​ឃើញ​នោះ​ឡើយ​ ហើយ​ក៏​គ្មាន​អាថ៌​កំបាំង​អ្វី​ដែល​មិន​បាន​ឲ្យ​គេ​ដឹង​ដែរ។​
3 ដូច្នេះ​អ្វីៗ​ដែល​អ្នក​រាល់គ្នា​បាន​និយាយ​ក្នុង​ទី​ងងឹត​នឹង​ត្រូវ​គេ​ឮនៅ​ទី​ភ្លឺ​ ហើយ​អ្វីៗ​ដែល​អ្នក​រាល់គ្នា​បាន​ខ្សឹប​នៅ​ក្នុង​បន្ទប់​ស្ងាត់​នឹង​ត្រូវ​ប្រកាស​នៅ​លើ​ដំបូល​ផ្ទះ។​
4 សម្លាញ់​របស់​ខ្ញុំ​អើយ!​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ចូរ​កុំ​ខ្លាច​អ្នក​ដែល​សម្លាប់​បាន​តែ​រូបកាយ​ ហើយ​ក្រោយពី​នោះ​មក​ មិន​អាច​ធ្វើ​អ្វី​កើត​ទៀត​
5 ប៉ុន្ដែ​ខ្ញុំ​នឹង​បង្ហាញ​ដល់​អ្នក​រាល់គ្នា​ថា​ អ្នកណា​ដែល​អ្នក​រាល់គ្នា​គួរ​ខ្លាច​ គឺ​ត្រូវ​ខ្លាច​ព្រះ​មួយ​អង្គ​ដែល​មាន​សិទ្ធិ​អំណាច​សម្លាប់​ និង​ក្រោយ​មក​បោះ​ចូល​ទៅ​ក្នុង​ស្ថាននរក​ មែន​ហើយ​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ចូរ​ខ្លាច​ព្រះ​មួយ​អង្គ​នេះ​ចុះ!​
6 តើ​ចាប​ប្រាំ​មិន​មែន​ថ្លៃ​ពីរ​សេន​ទេ​ឬ?​ ប៉ុន្ដែ​គ្មាន​ចាប​ណា​មួយ​ដែល​ព្រះជាម្ចាស់​មើល​រំលង​ឡើយ​
7 ហើយ​សូម្បីតែ​សក់​ក្បាល​របស់​អ្នក​រាល់គ្នា​ ក៏​ព្រះអង្គ​ដឹង​ចំនួន​ទាំង​អស់​ដែរ​ ដូច្នេះ​ចូរ​កុំ​ខ្លាច​អី​ ដ្បិត​អ្នក​រាល់គ្នា​មាន​តម្លៃ​លើស​ចាប​ទៅ​ទៀត។​
8 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អ្នកណា​ក៏​ដោយ​ដែល​ទទួល​ស្គាល់​ខ្ញុំ​នៅ​ចំពោះ​មុខ​មនុស្ស​ កូន​មនុស្ស​នឹង​ទទួល​ស្គាល់​អ្នក​នោះ​វិញ​នៅ​ចំពោះ​មុខ​ពួក​ទេវតា​របស់​ព្រះជាម្ចាស់​ដែរ​
9 ហើយ​អ្នកណា​ដែល​បដិសេធ​ខ្ញុំ​នៅ​មុខ​មនុស្ស​ អ្នក​នោះ​នឹង​ត្រូវ​បដិសេធ​វិញ​នៅ​ចំពោះ​មុខ​ពួក​ទេវតា​របស់​ព្រះជាម្ចាស់។​
10 អ្នកណា​ដែល​ពោល​ពាក្យ​ទាស់​នឹង​កូន​មនុស្ស​ នោះ​អាច​លើក​លែង​ទោស​ឲ្យ​បាន​ តែ​អ្នកណា​ប្រមាថ​ព្រះវិញ្ញាណ​បរិសុទ្ធ​ នោះ​មិន​អាច​លើក​លែង​ទោស​ឲ្យ​បាន​ទេ។​
11 ពេល​ពួកគេ​នាំ​អ្នក​រាល់​គ្នា​ទៅ​ក្នុង​សាលា​ប្រជុំ​ នៅ​ចំពោះ​មុខ​ពួក​អ្នក​គ្រប់គ្រង​ និង​ពួក​អាជ្ញាធ​រ ចូរ​កុំ​ព្រួយ​បារម្ភ​ថា​ត្រូវ​ឆ្លើយ​យ៉ាង​ដូច​ម្ដេច​ ឬ​និយាយ​អ្វី​ឡើយ​
12 ពីព្រោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បង្រៀន​អ្នក​រាល់គ្នា​នៅ​ពេល​នោះ​អំពី​អ្វី​ដែល​ត្រូវ​និយាយ។​»​
13 មាន​មនុស្ស​ម្នាក់​ពី​ក្នុង​ចំណោម​បណ្ដាជន​បាន​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ សូម​លោក​ប្រាប់​បង​ប្រុស​របស់​ខ្ញុំ​ឲ្យ​ចែក​មរតក​ដល់​ខ្ញុំ​ផង»​
14 ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​អើយ!​ តើ​អ្នកណា​តែង​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ចៅ​ក្រម​ ឬ​ជា​អាជ្ញា​កណ្ដាល​របស់​ពួក​អ្នក?»​
15 រួច​ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​យក​ចិត្ដ​ទុក​ដាក់​ ហើយ​ប្រុង​ប្រយ័ត្ន​ចំពោះ​សេចក្ដី​លោភលន់​ទាំង​អស់​ ព្រោះ​ជីវិត​របស់​មនុស្ស​មិន​ស្ថិត​លើ​ការ​មាន​ទ្រព្យ​សម្បត្ដិ​ដ៏​ហូរហៀរ​របស់​ខ្លួន​ទេ»។​
16 ព្រះអង្គ​ក៏​មាន​បន្ទូល​ជា​រឿង​ប្រៀប​ប្រដូច​មួយ​ទៅ​ពួកគេ​ថា៖​ «បុរស​អ្នក​មាន​ម្នាក់​ មាន​ចម្ការ​មួយ​ដែល​ឲ្យ​ផល​យ៉ាង​ច្រើន​
17 ហើយ​គាត់​បាន​គិត​ក្នុង​ចិត្ដ​ថា​ តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ដូច​ម្ដេច​ ព្រោះ​ខ្ញុំ​គ្មាន​កន្លែង​ទុក​ផល​របស់​ខ្ញុំ?​
18 រួច​គាត់​និយាយ​ថា​ ខ្ញុំ​នឹង​ធ្វើ​បែប​នេះ​ គឺ​ខ្ញុំ​នឹង​រុះ​ជង្រុក​ខ្ញុំ​ចោល​ ហើយ​សង់​មួយ​ទៀត​ធំ​ជាង​នេះ​ ខ្ញុំ​នឹង​ទុក​ផល​ស្រូវ​ និង​របស់​ទ្រព្យ​ទាំង​អស់​របស់​ខ្ញុំ​នៅ​ទីនោះ​
19 រួច​ខ្ញុំ​នឹង​ប្រាប់​ជីវិត​របស់​ខ្ញុំ​ថា​ ឱ​ជីវិត​អើយ!​ ឯង​មាន​របស់​ទ្រព្យ​ជាច្រើន​ទុក​សម្រាប់​រយៈពេល​ច្រើន​ឆ្នាំ​ ចូរ​សម្រាក​ ស៊ី​ផឹក​ ហើយ​សប្បាយ​រីករាយ​ចុះ។​
20 ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​មាន​បន្ទូល​ទៅ​គាត់​ថា​ មនុស្ស​ល្ងង់!​ នៅ​យប់​នេះ​យើង​ដក​យក​ជីវិត​របស់​អ្នក​ចេញ​ពី​អ្នក​ហើយ​ ដូច្នេះ​តើ​អ្វីៗ​ដែល​អ្នក​បាន​បម្រុង​ទុក​នឹង​ត្រលប់​ជា​របស់​អ្នកណា?​
21 អ្នកណា​សន្សំ​របស់​ទ្រព្យ​ទុក​សម្រាប់​តែ​ខ្លួន​ឯង​ ប៉ុន្ដែ​មិន​មាន​ខាង​ឯ​ព្រះជាម្ចាស់​ ក៏​ដូច្នោះ​ដែរ»។​
22 បន្ទាប់​មក​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖​ «ដូច្នេះ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ កុំ​ឲ្យ​ខ្វល់ខ្វាយ​នឹង​ជីវិត​ថា​ត្រូវ​បរិភោគ​អ្វី ឬ​រូបកាយ​ត្រូវ​ស្លៀក​ពាក់​អ្វី​ឡើយ​
23 ដ្បិត​ជីវិត​វិសេស​ជាង​អាហារ​ ឯ​រូប​កាយ​ក៏​វិសេស​ជាង​សម្លៀក​បំពាក់​ដែរ។​
24 ចូរ​ពិចារណា​ពី​សត្វ​ក្អែក​ ពួកវា​មិន​បាន​សាប​ព្រោះ​ ឬ​ច្រូត​កាត់​ ហើយ​ក៏​គ្មាន​ឃ្លាំង​ ឬ​ជង្រុក​ដែរ​ ប៉ុន្ដែ​ព្រះជាម្ចាស់​ចិញ្ចឹម​ពួកវា​ ឯ​អ្នក​រាល់គ្នា​វិញ​ មាន​តម្លៃ​ខ្លាំង​ណាស់​លើស​ពួកវា​ទៅ​ទៀត​
25 ហើយ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ តើ​អ្នក​ដែល​ខ្វល់ខ្វាយ​អាច​បន្ថែម​កំពស់​របស់​ខ្លួន​បាន​មួយ​ហត្ថ​ដែរ​ឬ​ទេ?​
26 ដូច្នេះ​បើ​រឿង​តូច​តាច​បំផុត​ អ្នក​រាល់គ្នា​គ្មាន​សមត្ថភាព​ផង​ ចុះ​ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​ខ្វល់ខ្វាយ​ពី​រឿង​ផ្សេង​ទៀត?​
27 ចូរ​ពិចារណា​ពី​ផ្កាព្រៃ​ តើ​ពួកវា​ដុះ​ឡើង​យ៉ាង​ដូច​ម្ដេច​ ពួកវា​មិន​ធ្វើការ​ ឬ​ត្បាញ​រវៃ​អ្វី​ឡើយ​ ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ សូម្បីតែ​ស្ដេច​សាឡូម៉ូន​ដែល​មាន​សិរី​រុងរឿង​គ្រប់​យ៉ាង​ ក៏​ស្លៀក​ពាក់​មិន​បាន​ស្អាត​ដូចជា​ផ្កា​មួយ​ទង​ក្នុង​ចំណោម​ផ្កា​ទាំង​នេះ​ផង​
28 បើ​ព្រះជាម្ចាស់​តុប​តែង​ស្មៅ​នៅ​តាម​វាល​ដែល​ដុះ​នៅ​ថ្ងៃ​នេះ​ ហើយ​ថ្ងៃ​ស្អែក​ត្រូវ​បោះ​ទៅ​ក្នុង​ឡ​ភ្លើង​យ៉ាង​នោះ​ទៅ​ហើយ​ ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ!​ តើ​ព្រះអង្គ​មិន​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​វិសេស​ខ្លាំង​ជាង​នោះ​ទេ​ឬ?​
29 ដូច្នេះ​ចូរ​អ្នក​រាល់គ្នា​កុំ​ស្វែងរក​តែ​អ្វី​ដែល​បរិភោគ​បាន​ និង​ផឹក​បាន​ ហើយ​ចូរ​កុំ​ខ្វល់ខ្វាយ​ឲ្យ​សោះ​
30 ដ្បិត​សាសន៍​ដទៃ​នៅ​លោកិយ​នេះ​ស្វែងរក​របស់​ទាំង​នេះ​ ប៉ុន្ដែ​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ជ្រាប​ហើយ​ថា​ អ្នក​រាល់គ្នា​ត្រូវការ​របស់​ទាំង​នេះ​
31 ប៉ុន្ដែ​ចូរ​ស្វែងរក​នគរ​របស់​ព្រះអង្គ​ចុះ​ នោះ​ព្រះជាម្ចាស់​នឹង​បំពេញ​សេចក្ដី​ត្រូវការ​ទាំងឡាយ​របស់​អ្នក​រាល់គ្នា។​
32 ចូរ​កុំ​ខ្លាច​អី​ ក្រុម​ដ៏​តូច​អើយ!​ ដ្បិត​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ពេញ​ចិត្ដ​ប្រគល់​នគរ​នោះ​ឲ្យ​អ្នក​រាល់គ្នា​ហើយ។​
33 ចូរ​លក់​ទ្រព្យ​សម្បត្ដិ​របស់​អ្នក​រាល់គ្នា​ ហើយ​ចែក​ទាន​ចុះ​ ចូរ​ធ្វើ​ថង់​ប្រាក់​ដែល​មិន​ចេះ​ចាស់​សម្រាប់​ខ្លួន​ ជា​ទ្រព្យ​សម្បត្ដិ​មិន​ចេះ​អស់​នៅ​ស្ថានសួគ៌​ ជា​កន្លែង​ដែល​គ្មាន​ចោរ​ចូល​មក​ជិត​ ឬ​កណ្ដៀរ​ស៊ី​បំផ្លាញ​ទេ​
34 ដ្បិត​ទ្រព្យ​សម្បត្ដិ​របស់​អ្នក​រាល់គ្នា​នៅ​កន្លែង​ណា​ ចិត្ដ​របស់​អ្នក​រាល់គ្នា​ក៏​នៅ​កន្លែង​នោះ​ដែរ។​
35 ចូរ​នៅ​ប្រុង​ប្រៀប​ខ្លួន​ ហើយ​ឲ្យ​ចង្កៀង​របស់​អ្នក​រាល់គ្នា​ឆេះ​ជានិច្ច​
36 គឺ​អ្នក​រាល់គ្នា​គួរ​បែប​ដូចជា​ពួក​មនុស្ស​កំពុង​រង់ចាំ​ចៅហ្វាយ​របស់​ខ្លួន​ត្រលប់​មក​ពី​ពិធី​មង្គលការ​វិញ​ ដើម្បី​នៅ​ពេល​ណា​គាត់​មក​ដល់​ ហើយ​គោះ​ទ្វារ​ នោះ​ពួកគេ​អាច​បើក​ជូន​គាត់​បាន​ភ្លាម។​
37 បាវបម្រើ​ទាំង​នោះ​មាន​ពរ​ហើយ​ នៅ​ពេល​ដែល​ចៅហ្វាយ​ត្រលប់​មក​វិញ​ ហើយ​ឃើញ​ពួកគេ​កំពុង​រង់ចាំ។​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជាប្រាកដ​ថា​ គាត់​នឹង​រៀប​ចំ​ខ្លួន​ដោយ​ឲ្យ​ពួកគេ​អង្គុយ​នៅ​តុ​ ហើយ​គាត់​ក៏​មក​ក្បែរ​បម្រើ​ពួកគេ​វិញ​
38 បើ​គាត់​មក​ដល់​នៅ​ពេល​កណ្ដាល​អធ្រាត្រ​ ឬ​ទៀប​ភ្លឺ​ ហើយ​គាត់​ឃើញ​ដូច្នេះ​ គឺ​អ្នក​ទាំង​នោះ​មាន​ពរ​ហើយ។​
39 ប៉ុន្ដែ​ចូរ​អ្នក​រាល់គ្នា​ដឹង​ការ​នេះ​ថា​ ប្រសិន​បើ​ម្ចាស់​ផ្ទះ​បាន​ដឹង​ថា​ចោរ​មក​នៅ​ម៉ោង​ណា​ នោះ​គាត់​មុខជា​មិន​បណ្ដោយ​ឲ្យ​វា​គាស់​ផ្ទះ​របស់​គាត់​បាន​ឡើយ។​
40 ដូច្នេះ​ចូរ​អ្នក​រាល់គ្នា​ប្រុង​ប្រៀប​យ៉ាង​ដូច្នេះដែរ​ ព្រោះ​អ្នក​រាល់គ្នា​ស្មាន​មិន​ត្រូវ​ទេ​ថា កូន​មនុស្ស​មក​នៅ​ពេល​ណា»។​
41 លោក​ពេត្រុស​ទូល​សួរ​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ព្រះអង្គ​មាន​បន្ទូល​ជា​រឿង​ប្រៀប​ប្រដូច​នេះ​សម្រាប់​យើង​ ឬ​ក៏​សម្រាប់​មនុស្ស​ទាំង​អស់​ដែរ?»​
42 ព្រះអម្ចាស់​មាន​បន្ទូល​តប​ថា៖​ «ដូច្នេះ​តើ​អ្នកណា​ជា​មេការ​ដ៏​ស្មោះត្រង់​ ហើយ​ឆ្លាត​ដែល​ចៅហ្វាយ​តែងតាំង​ឲ្យ​មើល​ខុស​ត្រូវ​លើ​ពួក​បាវបម្រើ​របស់​គាត់​ដើម្បី​ចែក​អាហារ​ឲ្យ​តាម​ពេល​វេលា?​
43 មាន​ពរ​ហើយ​ បាវបម្រើ​ណា​ដែល​ចៅហ្វាយ​មក​ដល់​ ហើយ​ឃើញ​កំពុង​ធ្វើ​ដូច្នេះ។​
44 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ គាត់​នឹង​តែង​តាំង​អ្នក​នោះ​ឲ្យ​មើល​ខុស​ត្រូវ​ទ្រព្យ​សម្បត្ដិ​របស់​គាត់​ទាំង​អស់​
45 ប៉ុន្ដែ​ប្រសិន​បើ​បាវបម្រើ​នោះ​គិត​នៅ​ក្នុង​ចិត្ដ​ថា​ ចៅហ្វាយ​របស់​អញ​ក្រ​មក​ដល់​ណាស់​ នោះ​គាត់​ក៏​ចាប់ផ្ដើម​វាយ​បាវបម្រើ​ប្រុស​ស្រី​ឯ​ទៀតៗ​ ព្រមទាំង​ស៊ី​ផឹក​ទាល់​តែ​ស្រវឹង​
46 ចៅហ្វាយ​របស់​គាត់​នឹង​មក​វិញ​នៅ​ថ្ងៃ​មួយ​ដែល​គាត់​ស្មាន​មិន​ដល់​ និង​នៅ​ម៉ោង​ដែល​គាត់​មិន​ដឹង​ទាល់​តែ​សោះ​ ចៅហ្វាយ​នឹង​កាត់​គាត់​ជា​កង់ៗ​ រួច​ដាក់​គាត់​រួម​ជាមួយ​នឹង​ពួក​អ្នក​មិន​ជឿ។​
47 ដូច្នេះ​បាវបម្រើ​ណា​ដែល​ដឹង​បំណង​របស់​ចៅហ្វាយ​ ប៉ុន្ដែ​មិន​ប្រុង​ប្រៀប​ខ្លួន​ជាស្រេច​ ឬ​មិន​ធ្វើ​តាម​បំណង​ចៅហ្វាយ​ នោះ​នឹង​ត្រូវ​វាយ​ច្រើន​រំពាត់។​
48 អ្នកណា​ដែល​មិន​ដឹង​ ហើយ​បាន​ធ្វើ​អ្វី​មួយ​សម​នឹង​ត្រូវ​រំពាត់​ នោះ​នឹង​ត្រូវ​វាយ​តិច​តួច​ទេ​ ដ្បិត​អ្នកណា​ដែល​គេ​ឲ្យ​ច្រើន​ នោះ​គេ​នឹង​ទារ​ច្រើន​ពី​អ្នក​នោះ​វិញ​ ឯ​អ្នកណា​ដែល​គេ​មាន​ទំនុក​ចិត្ដ​ច្រើន​ នោះ​គេ​នឹង​សុំ​ពី​អ្នក​នោះ​រឹតតែ​ច្រើន​ដែរ។​
49 ខ្ញុំ​មក​ដើម្បី​នាំ​ភ្លើង​មក​ផែនដី​នេះ​ ហើយ​ខ្ញុំ​ចង់​បាន​ណាស់​ បើ​ភ្លើង​នោះ​បាន​ដុត​ឆេះ​រួច​ហើយ​
50 រីឯ​ខ្ញុំ​វិញ​ មាន​ពិធី​ជ្រមុជ​មួយ​ដែល​ខ្ញុំ​ត្រូវ​ទទួល​ ហើយ​ខ្ញុំ​ត្រូវ​ទទួល​ការ​ឈឺចាប់​បំផុត​ លុះត្រា​តែ​ពិធី​នោះ​បាន​សម្រេច​
51 តើ​អ្នក​រាល់គ្នា​គិត​ថា​ ខ្ញុំ​មក​ដើម្បី​នាំ​យក​សេចក្ដី​សុខសាន្ដ​ដល់​ផែនដី​ឬ?​ ទេ​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ គឺ​ជា​ការ​បាក់បែក​វិញ​
52 ដ្បិត​ចាប់ពី​ពេល​នេះ​តទៅ​ គ្រួសារ​មួយ​ដែល​មាន​គ្នា​ប្រាំ​នាក់​នឹង​បាក់​បែក​គ្នា​ គឺ​បី​នាក់​ទាស់នឹង​ពីរ​នាក់​ ឬ​ពីរ​នាក់​ទាស់​នឹង​បី​នាក់​
53 ឪពុក​នឹង​ត្រូវ​បែកបាក់​ទាស់​ជា​មួយ​កូន​ប្រុស​ កូន​ប្រុស​ទាស់​ជាមួយ​ឪពុក​ ហើយ​ម្ដាយ​ទាស់​ជាមួយ​កូន​ស្រី​ កូន​ស្រី​ទាស់​ជាមួយ​ម្ដាយ​ ឯ​ម្ដាយ​ក្មេក​ទាស់​ជាមួយ​កូន​ប្រសារ​ស្រី​ កូន​ប្រសារ​ស្រី​ទាស់​ជាមួយ​ម្ដាយ​ក្មេក»​
54 រួច​ព្រះអង្គ​ក៏​បាន​មាន​បន្ទូល​ទៅ​បណ្ដាជន​ដែរ​ថា៖​ «ពេល​ណា​អ្នក​រាល់គ្នា​ឃើញ​ពពក​ពូន​ឡើង​នៅ​ទិស​ខាង​លិច​ អ្នក​រាល់គ្នា​ក៏​និយាយ​ភ្លាម​ថា​ ជិត​ភ្លៀង​ហើយ​ នោះ​ក៏​កើត​ឡើង​ដូច្នោះ​មែន​
55 ហើយ​ពេល​ណា​មាន​ខ្យល់​ទិស​ខាង​ត្បូង​បក់​មក​ អ្នក​រាល់គ្នា​និយាយ​ថា​ អាកាស​ធាតុ​នឹង​ប្រែជា​ក្ដៅ​ នោះ​ក៏​កើត​មាន​មែន។​
56 មនុស្ស​មាន​ពុត​អើយ!​ អ្នក​រាល់គ្នា​ចេះ​សំគាល់​សណ្ឋាន​របស់​ផ្ទៃ​មេឃ​ និង​ផែន​ដី​ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់គ្នា​មិន​ចេះ​សំគាល់​សម័យ​នេះ​ដូច្នេះ?​
57 តើ​ហេតុអ្វី​ក៏​អ្នក​រាល់គ្នា​មិន​វិនិច្ឆ័យ​ខ្លួន​ឯង​ផង​ពី​អ្វី​ដែល​ត្រឹមត្រូវ?​
58 ដ្បិត​នៅ​ពេល​អ្នក​នៅ​តាម‍​ផ្លូវ​ជាមួយ​គូ​វិវាទ​របស់​អ្នក​ទៅ​ជួប​អាជ្ញាធរ​ ចូរ​ខំ​ប្រឹង​ដោះ​ស្រាយ​ជាមួយ​គាត់​នៅ​តាម​ផ្លូវ​ចុះ ក្រែងលោ​គេ​អូស​អ្នក​ទៅ​ឲ្យ​ចៅក្រម​ ចៅក្រម​ប្រគល់​អ្នក​ទៅ​ឲ្យ​នគរ​បាល​ ហើយ​នគរ​បាល​ក៏​បោះ​អ្នក​ទៅ​ក្នុង​គុក។​
59 ខ្ញុំ​ប្រាប់​អ្នក​ថា​ អ្នក​ចេញ​ពី​ទី​នោះ​មិន​បាន​ឡើយ​ លុះ​ត្រា​តែ​សង​គេ​ដោយ​ឥត​ខ្វះ​មួយ​ឡិបតា»។​

ទើបបានជ្រើសរើសហើយ៖

Luke 12: KCB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល