John 17
17
1 កាលព្រះយេស៊ូមានបន្ទូលអំពីសេចក្ដីទាំងនេះរួចហើយ ក៏ងើយព្រះនេត្រទៅលើមេឃ ទាំងមានបន្ទូលថា៖ «ឱ ព្រះវរបិតាអើយ! ពេលកំណត់បានមកដល់ហើយ សូមលើកតម្កើងព្រះរាជបុត្រារបស់ព្រះអង្គឡើង ដើម្បីឲ្យព្រះរាជបុត្រាបានតម្កើងព្រះអង្គដែរ
2 ដ្បិតព្រះអង្គបានប្រទានសិទ្ធិអំណាចដល់ព្រះរាជបុត្រាលើមនុស្សទាំងអស់ ដើម្បីឲ្យព្រះរាជបុត្រាប្រទានជីវិតអស់កល្បជានិច្ចដល់អស់អ្នកដែលព្រះវរបិតាបានប្រទានដល់ព្រះរាជបុត្រា
3 ហើយជីវិតអស់កល្បជានិច្ចនោះ គឺឲ្យពួកគេស្គាល់ព្រះអង្គដែលជាព្រះដ៏ពិតតែមួយ និងព្រះយេស៊ូគ្រិស្ដដែលព្រះអង្គបានចាត់ឲ្យមក
4 ខ្ញុំបានតម្កើងព្រះអង្គនៅផែនដីនេះ ហើយខ្ញុំក៏បានបង្ហើយកិច្ចការដែលព្រះអង្គបានប្រគល់ឲ្យខ្ញុំធ្វើដែរ
5 ដូច្នេះឱព្រះវរបិតាអើយ! សូមតម្កើងខ្ញុំជាមួយព្រះអង្គ ដោយសិរីរុងរឿងដែលខ្ញុំធ្លាប់មានជាមួយព្រះអង្គ តាំងពីមុនកំណើតពិភពលោក។
6 ខ្ញុំបានបង្ហាញឲ្យពួកអ្នកដែលព្រះអង្គបានជ្រើសរើសពីលោកិយប្រទានឲ្យខ្ញុំនោះបានស្គាល់ព្រះនាមរបស់ព្រះអង្គហើយ។ ពួកអ្នកទាំងនោះជារបស់ព្រះអង្គ ហើយព្រះអង្គបានប្រទានពួកគេឲ្យខ្ញុំ រួចពួកគេបានកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ។
7 ឥឡូវនេះពួកគេដឹងហើយថា អ្វីៗទាំងអស់ដែលព្រះអង្គបានប្រទានឲ្យខ្ញុំ គឺមកពីព្រះអង្គ
8 ដ្បិតព្រះបន្ទូលដែលព្រះអង្គបានប្រទានឲ្យខ្ញុំនោះ ខ្ញុំបានឲ្យពួកគេ ហើយពួកគេក៏ទទួលយក ទាំងដឹងច្បាស់ថា ខ្ញុំបានមកពីព្រះអង្គ និងជឿថា ព្រះអង្គបានចាត់ខ្ញុំឲ្យមកមែន។
9 ហើយខ្ញុំសុំសម្រាប់ពួកគេ មិនមែនសម្រាប់លោកិយនេះទេ គឺសម្រាប់អស់អ្នកដែលព្រះអង្គបានប្រទានឲ្យខ្ញុំ ព្រោះពួកគេជារបស់ព្រះអង្គ
10 រីឯអ្វីៗទាំងអស់ដែលជារបស់ខ្ញុំ គឺជារបស់ព្រះអង្គ ហើយអ្វីៗដែលជារបស់ព្រះអង្គក៏ជារបស់ខ្ញុំដែរ ដូច្នេះខ្ញុំត្រូវបានតម្កើងឡើងក្នុងចំណោមពួកគេ។
11 ពួកគេនៅក្នុងលោកិយនេះ រីឯខ្ញុំមិននៅក្នុងលោកិយនេះទៀតទេ ដ្បិតខ្ញុំនឹងទៅឯព្រះអង្គ។ ឱព្រះវរបិតាដ៏បរិសុទ្ធអើយ! សូមរក្សាអស់អ្នកដែលព្រះអង្គបានប្រទានឲ្យខ្ញុំនៅក្នុងព្រះនាមរបស់ព្រះអង្គ ដើម្បីឲ្យពួកគេត្រលប់ជាតែមួយដូចយើង
12 ដ្បិតពេលខ្ញុំនៅជាមួយពួកគេ ខ្ញុំបានរក្សាពួកគេនៅក្នុងព្រះនាមរបស់ព្រះអង្គដែលព្រះអង្គបានប្រទានឲ្យខ្ញុំ។ ខ្ញុំបានរក្សាពួកគេ ហើយគ្មានអ្នកណាម្នាក់ក្នុងចំណោមពួកគេវិនាសឡើយ លើកលែងតែម្នាក់ប៉ុណ្ណោះដែលត្រូវវិនាស ដើម្បីឲ្យសម្រេចតាមបទគម្ពីរ។
13 ឥឡូវនេះ ខ្ញុំត្រូវទៅឯព្រះអង្គ ហើយខ្ញុំប្រកាសនៅក្នុងលោកិយនេះអំពីសេចក្ដីទាំងនេះ ដើម្បីឲ្យពួកគេមានអំណររបស់ខ្ញុំពេញបរិបូរនៅក្នុងពួកគេ។
14 ខ្ញុំបានឲ្យព្រះបន្ទូលរបស់ព្រះអង្គដល់ពួកគេ ហើយលោកិយនេះបានស្អប់ពួកគេ ព្រោះពួកគេមិនមែនជារបស់លោកិយនេះ ដូចដែលខ្ញុំមិនមែនជារបស់លោកិយនេះដែរ
15 ហើយខ្ញុំមិនសុំព្រះអង្គឲ្យដកយកពួកគេចេញពីលោកិយនេះទេ គឺសុំព្រះអង្គរក្សាពួកគេឲ្យរួចផុតពីអារក្សសាតាំង
16 ដូច្នេះពួកគេមិនមែនជារបស់លោកិយនេះ ដូចដែលខ្ញុំមិនមែនជារបស់លោកិយនេះដែរ
17 សូមញែកពួកគេជាបរិសុទ្ធដោយសេចក្ដីពិត ដ្បិតព្រះបន្ទូលរបស់ព្រះអង្គជាសេចក្ដីពិត។
18 ខ្ញុំចាត់ពួកគេឲ្យទៅក្នុងលោកិយនេះ ដូចដែលព្រះអង្គបានចាត់ខ្ញុំឲ្យមកក្នុងលោកិយនេះដែរ។
19 រីឯខ្ញុំវិញបានញែកខ្លួនជាបរិសុទ្ធសម្រាប់ពួកគេ ដើម្បីឲ្យពួកគេត្រូវបានញែកជាបរិសុទ្ធដោយសេចក្ដីពិតដែរ។
20 ខ្ញុំមិនសុំសម្រាប់តែអ្នកទាំងនេះប៉ុណ្ណោះទេ គឺសម្រាប់អស់អ្នកដែលបានជឿខ្ញុំដោយសារពាក្យរបស់ពួកគេដែរ
21 ដើម្បីឲ្យទាំងអស់គ្នាត្រលប់ជាតែមួយ ឱព្រះវរបិតាអើយ! ព្រះអង្គនៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងព្រះអង្គជាយ៉ាងណា សូមឲ្យពួកគេនៅក្នុងយើងយ៉ាងនោះដែរ ដើម្បីឲ្យលោកិយនេះជឿថា ព្រះអង្គបានចាត់ខ្ញុំឲ្យមកមែន។
22 សិរីរុងរឿងដែលព្រះអង្គបានប្រទានឲ្យខ្ញុំ ខ្ញុំបានឲ្យពួកគេ ដើម្បីឲ្យពួកគេបានត្រលប់ជាតែមួយដូចយើងជាតែមួយដែរ
23 គឺខ្ញុំនៅក្នុងពួកគេ ហើយព្រះអង្គនៅក្នុងខ្ញុំ ដើម្បីឲ្យពួកគេបានគ្រប់លក្ខណ៍រហូតត្រលប់ជាតែមួយ ដូច្នេះលោកិយនេះអាចដឹងថា ព្រះអង្គបានចាត់ខ្ញុំឲ្យមក ហើយព្រះអង្គស្រឡាញ់ពួកគេដូចដែលព្រះអង្គស្រឡាញ់ខ្ញុំដែរ។
24 ឱព្រះវរបិតាអើយ! ខ្ញុំច ង់ឲ្យអស់អ្នកដែលព្រះអ ង្គបានប្រទានឲ្យខ្ញុំ នៅជាមួយខ្ញុំក្នុងកន្លែងដែលខ្ញុំនៅដើម្បីឲ្យពួកគេឃើញសិរីរុងរឿងដែលព្រះអង្គបានប្រទានឲ្យខ្ញុំ ដ្បិតព្រះអង្គបានស្រឡាញ់ខ្ញុំតាំងពីមុនកំណើតលោកិយ។
25 ឱព្រះវរបិតាដ៏សុចរិតអើយ! លោកិយមិនស្គាល់ព្រះអង្គទេ ប៉ុន្ដែខ្ញុំស្គាល់ព្រះអង្គ រីឯអ្នកទាំងនេះក៏ដឹងថា ព្រះអង្គបានចាត់ខ្ញុំ ឲ្យមកដែរ
26 ដ្បិតខ្ញុំបានធ្វើឲ្យពួកគេស្គាល់ព្រះនាមរបស់ព្រះអង្គ ហើយធ្វើឲ្យពួកគេដឹងថា សេចក្ដីស្រឡាញ់ដែលព្រះអង្គបានស្រឡាញ់ខ្ញុំមាននៅក្នុងពួកគេ ហើយខ្ញុំក៏នៅក្នុងពួកគេដែរ»។
ទើបបានជ្រើសរើសហើយ៖
John 17: KCB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.