James 3
3
1 បងប្អូនរបស់ខ្ញុំអើយ! កុំធ្វើគ្រូច្រើនគ្នាពេក ព្រោះអ្នករាល់គ្នាដឹងហើយថា យើងត្រូវទទួលទោសធ្ងន់ធ្ងរជាងគេ
2 ដ្បិតយើងទាំងអស់គ្នាតែងតែធ្វើខុសជាច្រើន បើអ្នកណាម្នាក់មិនធ្វើខុសដោយសារពាក្យសំដីទេ អ្នកនោះជាមនុស្សគ្រប់លក្ខណ៍ហើយ ក៏អាចគ្រប់គ្រងរូបកាយទាំងមូលបានដែរ។
3 បើយើងដាក់បង្ហៀរនៅនឹងមាត់សេះ នោះធ្វើឲ្យវាស្ដាប់បង្គាប់យើង ហើយអាចញាក់រូបកាយទាំងមូលរបស់វាបានទៀតផង។
4 ចូរមើលនាវាដែរចុះ ទោះបីសំពៅធំសម្បើម ហើយមានខ្យល់បក់ខ្លាំងយ៉ាងណាក្ដី ក៏អ្នកបើកបរអាចបត់បែនទៅមកបានតាមចិត្តដោយសារចង្កូតតូចមួយប៉ុណ្ណោះ។
5 រីឯអណ្ដាតក៏ដូច្នោះដែរ វាជាអវយវៈមួយតូចមែន ប៉ុន្ដែពូកែអួតអាងសម្បើមណាស់។ សូមមើល ភ្លើងតែបន្ដិចអាចឆេះព្រៃដ៏ធំបាន
6 រីឯអណ្តាតក៏ជាភ្លើងម្យ៉ាងដែរ វាជាពិភពនៃសេចក្ដីទុច្ចរិត ហើយអណ្ដាតត្រូវបានដាក់ក្នុងចំណោមអវយវៈរបស់យើង ដែលអាចធ្វើឲ្យរូបកាយទាំងមូលស្មោកគ្រោក ហើយបញ្ឆេះអស់ទាំងដំណើរជីវិត គឺបញ្ឆេះដោយភ្លើងមកពីនរក
7 ដ្បិតគ្រប់ទាំងពូជសត្វព្រៃ សត្វស្លាប សត្វលូនវារ និងសត្វក្នុងសមុទ្រ នោះអាចផ្សាំងបាន ហើយក៏មានមនុស្សដែលបានផ្សាំងពួកវារួចហើយ
8 ប៉ុន្ដែគ្មានអ្នកណាម្នាក់អាចផ្សាំងអណ្ដាតបានទេ វាជាអវយវៈអាក្រក់ដែលមិនអាចគ្រប់គ្រងបាន ហើយពេញដោយពិសដែលអាចឲ្យស្លាប់បាន។
9 យើងសរសើរតម្កើងព្រះអម្ចាស់ដែលជាព្រះវរបិតាដោយអណ្ដាតនេះ ហើយយើងដាក់បណ្ដាសាមនុស្សដែលព្រះអង្គបានបង្កើតមកឲ្យមានលក្ខណៈដូចព្រះអង្គដោយអណ្ដាតតែមួយនេះដែរ។
10 ដូច្នេះ មានទាំងពាក្យសរសើរ និងពាក្យបណ្ដាសាបានចេញពីមាត់តែមួយ។ បងប្អូនរបស់ខ្ញុំអើយ! មិនត្រូវឲ្យមានដូច្នេះឡើយ។
11 ជាការពិតណាស់ មិនដែលមានប្រភពទឹកណាបញ្ចេញទឹកសាប និងទឹកប្រៃពីរន្ធទឹកតែមួយទេ
12 បងប្អូនរបស់ខ្ញុំអើយ! ដើមល្វាមិនអាចមានផ្លែអូលីវទេ ហើយដើមទំពាំងបាយជូរក៏មិនអាចមានផ្លែល្វាដែរ ដូច្នេះ រន្ធទឹកប្រៃក៏មិនអាចបញ្ចេញទឹកសាបបានដែរ។
13 ក្នុងចំណោមអ្នករាល់គ្នា បើមានអ្នកណាម្នាក់មានប្រាជ្ញា និងចំណេះដឹង ចូរឲ្យអ្នកនោះបង្ហាញការប្រព្រឹត្ដិរបស់ខ្លួនតាមរយៈកិរិយាល្អដោយចិត្ដស្លូតបូតប្រកបដោយប្រាជ្ញាចុះ
14 ប៉ុន្ដែបើអ្នករាល់គ្នាមានសេចក្ដីច្រណែនដ៏ល្វីងជូរចត់ ហើយមានចិត្ដអាត្មានិយម នោះចូរកុំអួតខ្លួន ហើយកុហកទាស់នឹងសេចក្ដីពិតឡើយ។
15 ប្រាជ្ញាបែបនេះមិនមែនមកពីស្ថានលើទេ ផ្ទុយទៅវិញ ជាប្រាជ្ញារបស់លោកិយ ជាប្រាជ្ញារបស់មនុស្ស និងជាប្រាជ្ញារបស់អារក្សសាតាំង
16 ដ្បិតកន្លែងណាមានសេចក្ដីច្រណែន និងភាពអាត្មានិយម កន្លែងនោះមានភាពវឹកវរ និងអំពើអាក្រក់គ្រប់បែបយ៉ាង។
17 ប៉ុន្ដែប្រាជ្ញាដែលមកពីស្ថានលើ មុនដំបូងបរិសុទ្ធ បន្ទាប់មក ផ្ដល់សេចក្ដីសុខសាន្ត ស្លូតបូត អធ្យាស្រ័យ ពេញដោយសេចក្ដីមេត្តាករុណា និងផលល្អគ្រប់បែបយ៉ាង មិនលំអៀង ហើយឥតពុតត្បុតឡើយ។
18 រីឯពួកអ្នកដែលបង្កើតសេចក្ដីសុខសាន្ដសាបព្រោះផលនៃសេចក្ដីសុចរិតដោយសេចក្ដីសុខសាន្ដ។
ទើបបានជ្រើសរើសហើយ៖
James 3: KCB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.