Acts of the Apostles 9
9
1 នៅពេលនោះ លោកសុលនៅតែក្ដៅគគុកក្នុងការគំរាមកំហែង និងការសម្លាប់ពួកសិស្សរបស់ព្រះអម្ចាស់ ដូច្នេះគាត់ក៏ទៅជួបសម្ដេចសង្ឃ
2 ហើយសុំសំបុត្រពីសម្ដេចសង្ឃទៅឯសាលាប្រជុំនានានៅក្រុងដាម៉ាស់ ដើម្បីបើគាត់រកឃើញអ្នកណាម្នាក់ ដែលជាអ្នកនៅខាងមាគ៌ានេះ មិនថាប្រុស ឬស្រី គាត់នឹងចាប់ចងនាំយកមកក្រុងយេរូសាឡិម។
3 ពេលគាត់កំពុងធ្វើដំណើរជិតដល់ក្រុងដាម៉ាស់ ស្រាប់តែមានពន្លឺមួយពីលើមេឃចាំងជុំវិញគាត់
4 ហើយគាត់ក៏ដួលលើដី ពេលនោះគាត់ឮសំឡេងមួយនិយាយមកគាត់ថា៖ «សុលអើយ! សុល! ហេតុអ្វីអ្នកបៀតបៀនខ្ញុំដូច្នេះ?»
5 គាត់ក៏សួរថា៖ «ព្រះអម្ចាស់អើយ! តើព្រះអង្គជានរណា?» ព្រះអង្គមានបន្ទូលថា៖ «ខ្ញុំជាយេស៊ូដែលអ្នកកំពុងបៀតបៀន [ដែលអ្នកធាក់ជន្លួញដូច្នេះ នោះពិបាកដល់អ្នកណាស់»។
6 គាត់ក៏សួរ ទាំងនឹកអស្ចារ្យ និងភ័យរន្ធត់ថា៖ «ព្រះអម្ចាស់អើយ! តើខ្ញុំគួរធ្វើដូចម្ដេច?» ព្រះអម្ចាស់ក៏មានបន្ទូលទៅគាត់ថា៖] «ចូរក្រោកឡើង ហើយចូលទៅក្នុងក្រុងចុះ ដ្បិតនៅទីនោះនឹងមានគេប្រាប់អ្នកពីកិច្ចការដែលអ្នកត្រូវធ្វើ»។
7 រីឯពួកអ្នកធ្វើដំណើរជាមួយគាត់បានឈរភាំង ព្រោះពួកគេឮសំឡេងនោះ ប៉ុន្ដែមិនឃើញមានអ្នកណាសោះ
8 គេក៏លើកលោកសុលក្រោកឡើងពីដី ហើយពេលគាត់បើកភ្នែក គាត់មើលមិនឃើញអ្វីសោះ ដូច្នេះពួកគេក៏ដឹកដៃគាត់នាំចូលទៅក្នុងក្រុងដាម៉ាស់។
9 ក្នុងរយៈពេលបីថ្ងៃ គាត់មើលមិនឃើញ ហើយក៏មិនបានបរិភោគ ឬផឹកអ្វីសោះ
10 នៅក្នុងក្រុងដាម៉ាស់ មានសិស្សម្នាក់ឈ្មោះអាណានាស ព្រះអម្ចាស់មានបន្ទូលមកគាត់នៅក្នុងសុបិននិមិត្ដថា៖ «អាណានាស!» គាត់ក៏ឆ្លើយថា៖ «ព្រះអម្ចាស់អើយ! ខ្ញុំនៅទីនេះ»
11 ព្រះអម្ចាស់មានបន្ទូលទៅគាត់ទៀតថា៖ «ចូរក្រោកឡើង ហើយទៅឯផ្លូវមួយដែលហៅថាផ្លូវត្រង់ ហើយរកមនុស្សម្នាក់ឈ្មោះសុល ជាអ្នកក្រុងតើសុស ស្នាក់នៅក្នុងផ្ទះរបស់យូដាស ដ្បិតមើល៍ គាត់កំពុងអធិស្ឋាន
12 ហើយគាត់ក៏ឃើញបុរសម្នាក់ដែរ ឈ្មោះអាណានាសនៅក្នុងសុបិននិមិត្ដបានចូលមកដាក់ដៃលើគាត់ ដើម្បីឲ្យគាត់មើលឃើញវិញ»
13 ពេលនោះលោកអាណានាសឆ្លើយថា៖ «ឱព្រះអម្ចាស់អើយ! ខ្ញុំបានឮមនុស្សជាច្រើននិយាយអំពីម្នាក់នេះថា គាត់បានធ្វើអំពើអាក្រក់ច្រើនណាស់ដល់ពួកបរិសុទ្ធរបស់ព្រះអង្គនៅក្នុងក្រុងយេរូសាឡិម
14 ហើយម្នាក់នេះមកទីនេះ ដោយបានទទួលសិទ្ធិអំណាចពីពួកសម្ដេចសង្ឃ ដើម្បីចាប់ចងពួកអ្នកដែលកំពុងអំពាវនាវដល់ព្រះនាមរបស់ព្រះអង្គទាំងអស់»
15 ប៉ុន្ដែ ព្រះអម្ចាស់មានបន្ទូលទៅគាត់ថា៖ «ចូរទៅចុះ ព្រោះគាត់ជាភាជនៈ ដែលខ្ញុំបានជ្រើសរើស ដើម្បីនាំយកឈ្មោះខ្ញុំទៅចំពោះមុខសាសន៍ដទៃ ទាំងពួកស្ដេច និងកូនចៅអ៊ីស្រាអែល
16 ដ្បិតខ្ញុំនឹងបង្ហាញគាត់ឲ្យដឹងថា ដោយព្រោះឈ្មោះខ្ញុំ គាត់ត្រូវរងទុក្ខលំបាកប៉ុណ្ណា»។
17 ដូច្នេះ លោកអាណានាសក៏ចាកចេញទៅ ហើយបានចូលទៅក្នុងផ្ទះនោះ បន្ទាប់ពីដាក់ដៃលើលោកសុល គាត់ក៏និយាយថា៖ «ឱបងសុលអើយ! ព្រះអម្ចាស់យេស៊ូដែលបានបង្ហាញខ្លួនឲ្យបងឃើញនៅតាមផ្លូវដែលបងបានមកទីនេះ ព្រះអង្គបានចាត់ខ្ញុំឲ្យមកដើម្បីឲ្យបងមើលឃើញវិញ និងឲ្យបងបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ»
18 រំពេចនោះមានអ្វីមួយដូចជាស្រកាបានជ្រុះពីភ្នែករបស់លោកសុលមក ហើយគាត់ក៏មើលឃើញវិញ រួចគាត់ក៏ក្រោកឡើងទទួលពិធីជ្រមុជទឹក
19 ក្រោយពីបានបរិភោគអាហាររួច គាត់ក៏មានកម្លាំងឡើងវិញ។ បន្ទាប់មក គាត់ក៏នៅជាមួយពួកសិស្សក្នុងក្រុងដាម៉ាស់ជាច្រើនថ្ងៃ
20 ហើយភ្លាមនោះ គាត់ចាប់ផ្ដើមប្រកាសនៅតាមសាលាប្រជុំនានាអំពីព្រះយេស៊ូថា ព្រះអង្គនេះហើយជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់
21 រីឯពួកអ្នកទាំងឡាយដែលកំពុងស្ដាប់គាត់បានងឿងឆ្ងល់ ហើយសួរគ្នាថា៖ «តើមិនមែនម្នាក់នេះទេឬ ដែលបានបំផ្លាញពួកអ្នកដែលអំពាវនាវដល់ឈ្មោះនេះនៅក្នុងក្រុងយេរូសាឡិម ហើយដោយសារតែមូលហេតុនេះ បានជាគាត់មកទីនេះ ដើម្បីចាប់ចងពួកអ្នកទាំងនោះនាំទៅឲ្យពួកសម្ដេចសង្ឃ?»
22 ទោះជាយ៉ាងណាក្ដី លោកសុលកាន់តែមានកម្លាំងខ្លាំងឡើង ហើយបានផ្ចាញ់ផ្ចាលពួកជនជាតិយូដា ដែលរស់នៅក្នុងក្រុងដាម៉ាស់ ដោយអះអាងថា ព្រះយេស៊ូនេះហើយជាព្រះគ្រិស្ដ។
23 ដូច្នេះ ច្រើនថ្ងៃក្រោយមក ពួកជនជាតិយូដាបានពិភាក្សាគ្នាដើម្បីសម្លាប់គាត់។
24 នៅពេលនោះគម្រោងការរបស់ពួកគេបានដឹងដល់លោកសុល ហើយពួកគេបានឃ្លាំមើលទាំងយប់ទាំងថ្ងៃនៅតាមទ្វារទាំងឡាយដើម្បីសម្លាប់គាត់។
25 ដូច្នេះពួកសិស្សរបស់គាត់បានដាក់គាត់ក្នុងកញ្ជើមួយ ហើយសម្រូតគាត់ចុះតាមកំផែងក្រុងទាំងយប់។
26 ពេលគាត់មកដល់ក្រុងយេរូសាឡិមវិញ គាត់ព្យាយាមចូលរួមជាមួយពួកសិស្ស ប៉ុន្ដែពួកគេទាំងអស់គ្នាខ្លាចគាត់ ដោយមិនជឿថា គាត់ជាសិស្សទេ។
27 នៅពេលនោះ លោកបារណាបាសបានទទួលគាត់ ព្រមទាំងនាំគាត់ទៅជួបពួកសាវក និងរៀបរាប់ប្រាប់ពួកគេអំពីហេតុការណ៍ដែលលោកសុលបានឃើញព្រះអម្ចាស់នៅតាមផ្លូវ ការដែលព្រះអង្គមានបន្ទូលមកកាន់គាត់ និងការដែលគាត់ប្រកាសដោយក្លាហានក្នុងព្រះនាមរបស់ព្រះយេស៊ូនៅក្នុងក្រុងដាម៉ាស់។
28 លោកសុលក៏នៅជាមួយពួកសាវក និងបានចេញចូលក្រុងយេរូសាឡិម ទាំងប្រកាសដោយក្លាហានក្នុងព្រះនាមព្រះអម្ចាស់ទៀតផង។
29 គាត់បានប្រកាស និងជជែកវែកញែកជាមួយពួកជនជាតិយូដាដែលនិយាយភាសាក្រេក ប៉ុន្ដែពួកគេបានប៉ុនប៉ងសម្លាប់គាត់
30 ហើយពេលពួកបងប្អូនបានដឹងពីការនេះ ពួកគេក៏នាំគាត់ចុះទៅក្រុងសេសារា បន្ទាប់មកឲ្យគាត់ទៅក្រុងតើសុស។
31 ដូច្នេះ ក្រុមជំនុំទាំងអស់ដែលនៅពាសពេញស្រុកយូដា ស្រុកកាលីឡេ និងស្រុកសាម៉ារី ក៏មានសេចក្ដីសុខសាន្ដ ហើយមាំមួនឡើង ក៏រស់នៅដោយកោតខ្លាចព្រះអម្ចាស់ និងមានការកម្សាន្ដចិត្ដពីព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងមានចំនួនកាន់តែច្រើនឡើង។
32 រីឯលោកពេត្រុសវិញ នៅពេលធ្វើដំណើរកាត់តាមតំបន់ទាំងអស់នោះ គាត់ក៏ចុះទៅជួបពួកបរិសុទ្ធដែលរស់នៅក្នុងក្រុងលីដាដែរ។
33 នៅទីនោះ គាត់បានជួបបុរសម្នាក់ឈ្មោះ អេនាស ដែលស្លាប់ដៃជើង ដេកតែនៅលើគ្រែប្រាំបីឆ្នាំមកហើយ។
34 លោកពេត្រុសក៏និយាយទៅគាត់ថា៖ «ឱអេនាសអើយ! ព្រះយេស៊ូគ្រិស្ដបានប្រោសអ្នកហើយ ចូរក្រោកឡើង ហើយរៀបចំគ្រែរបស់អ្នកចុះ» ពេលនោះគាត់ក៏ក្រោកឡើងភ្លាម។
35 មនុស្សទាំងអស់ដែលរស់នៅក្នុងក្រុងលីដា និងស្រុកសារ៉ូនបានឃើញគាត់ដូច្នេះ ក៏ប្រែចិត្តមកឯព្រះអម្ចាស់។
36 នៅក្នុងក្រុងយ៉ុបប៉េ មានសិស្សស្រីម្នាក់ឈ្មោះតេប៊ីថា ដែលហៅថាឌ័រកាសមានន័យថាក្ដាន់។ ស្ដ្រីម្នាក់នេះបានធ្វើអំពើល្អ និងបានដាក់ទានជាច្រើន
37 ប៉ុន្ដែប៉ុន្មានថ្ងៃនោះ នាងបានធ្លាក់ខ្លួនឈឺ ហើយស្លាប់ទៅ។ ពេលពួកគេចំអាសសពរបស់នាងរួចហើយ ពួកគេក៏តម្កល់ទុកនៅបន្ទប់ខាងលើ។
38 ពេលពួកសិស្សបានឮថា លោកពេត្រុសនៅក្នុងក្រុងលីដា ហើយដោយសារក្រុងលីដានៅជិតក្រុងយ៉ុបប៉េ ដូច្នេះពួកគេក៏ចាត់មនុស្សពីរនាក់ឲ្យទៅអង្វរគាត់ថា៖ «សូមមកកន្លែងរបស់យើង កុំបង្អង់ឡើយ»
39 ដូច្នេះ លោកពេត្រុសក៏ក្រោកឡើង ហើយទៅជាមួយពួកគេ។ ពេលគាត់ទៅដល់ ពួកគេក៏នាំគាត់ទៅបន្ទប់ខាងលើ ហើយពួកស្ត្រីមេម៉ាយទាំងឡាយក៏មកឈរយំក្បែរគាត់ ទាំងបង្ហាញអាវ និងសម្លៀកបំពាក់ទាំងឡាយ ដែលនាងឌ័រកាសបានដេរ កាលនាងនៅជាមួយពួកគេនៅឡើយ។
40 ពេលនោះ លោកពេត្រុសបានឲ្យពួកគេចេញទៅក្រៅទាំងអស់គ្នា ហើយគាត់ក៏លុតជង្គង់អធិស្ឋាន រួចគាត់ក៏បែរទៅឯសព ហើយនិយាយថា៖ «តេប៊ីថាអើយ! ចូរក្រោកឡើងចុះ!» ពេលនោះ នាងក៏បើកភ្នែកឡើង។ ពេលឃើញលោកពេត្រុស នាងក៏ក្រោកអង្គុយ។
41 គាត់ក៏ហុចដៃទៅនាង ព្រមទាំងបានលើកនាងឡើង ហើយហៅពួកបរិសុទ្ធ និងពួកស្ត្រីមេម៉ាយឲ្យមក រួចគាត់ក៏បង្ហាញថានាងមានជីវិតឡើងវិញហើយ។
42 ដំណឹងនេះបានឮសុសសាយពាសពេញក្រុងយ៉ុបប៉េ ហើយមនុស្សជាច្រើនបានជឿលើព្រះអម្ចាស់។
43 លោកពេត្រុសបានស្នាក់នៅជាច្រើនថ្ងៃក្នុងក្រុងយ៉ុបប៉េជាមួយបុរសម្នាក់ឈ្មោះស៊ីម៉ូនជាអ្នកសម្លាប់ស្បែក។
ទើបបានជ្រើសរើសហើយ៖
Acts of the Apostles 9: KCB
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.