Acts of the Apostles 11
11
1 ឯពួកសាវក និងពួកបងប្អូន ដែលរស់នៅពាសពេញស្រុកយូដាបានឮថា សាសន៍ដទៃក៏បានទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ
2 ដូច្នេះពេលលោកពេត្រុសឡើងទៅក្រុងយេរូសាឡិមវិញ នោះអស់អ្នកក្នុងចំណោមពួកអ្នកកាត់ស្បែកក៏មកជំទាស់នឹងគាត់
3 ថា៖ «អ្នកបានទៅជួបពួកអ្នកមិនកាត់ស្បែក ហើយបានបរិភោគជាមួយពួកគេទៀត!»
4 លោកពេត្រុសក៏ចាប់ផ្ដើមពន្យល់ប្រាប់ពួកគេតាមលំដាប់លំដោយថា៖
5 «កាលខ្ញុំកំពុងអធិស្ឋាននៅក្នុងក្រុងយ៉ុបប៉េ នោះខ្ញុំបានលង់នៅក្នុងសុបិននិមិត្ដ ក៏ឃើញវត្ថុម្យ៉ាង ដូចជាកម្រាលមួយផ្ទាំងយ៉ាងធំ មានចងជ្រុងទាំងបួន ដែលបានសម្រូតចុះពីលើមេឃមកឯខ្ញុំ
6 ពេលខ្ញុំសម្លឹងសង្កេតមើល ខ្ញុំបានឃើញសត្វជើងបួន សត្វព្រៃ និងសត្វលូនវារនៅលើផែនដី ព្រមទាំងសត្វហើរលើអាកាស។
7 ពេលនោះ ខ្ញុំបានឮសំឡេងមួយនិយាយមកខ្ញុំថា ពេត្រុសអើយ! ចូរក្រោកឡើង ហើយសម្លាប់យកទៅបរិភោគចុះ!
8 ប៉ុន្ដែខ្ញុំបានឆ្លើយថា ទេ ព្រះអម្ចាស់អើយ! ដ្បិតមិនដែលមានអ្វីមិនបរិសុទ្ធ ឬមិនស្អាតចូលក្នុងមាត់របស់ខ្ញុំឡើយ
9 សំឡេងនោះបានឆ្លើយពីលើមេឃជាលើកទីពីរទៀតថា អ្វីៗដែលព្រះជាម្ចាស់បានសំអាតរួចហើយ អ្នកមិនត្រូវថាមិនស្អាតឡើយ។
10 ហេតុការណ៍នេះបានកើតឡើងបីដង រួចអ្វីៗទាំងនោះត្រូវបានទាញទៅលើមេឃវិញ
11 ហើយមើល៍ ភ្លាមនោះ ស្រាប់តែមានបុរសបីនាក់ដែលត្រូវបានចាត់ពីក្រុងសេសារាឲ្យមករកខ្ញុំ បានមកដល់ផ្ទះដែលយើងកំពុងនៅ
12 ព្រះវិញ្ញាណក៏ប្រាប់ខ្ញុំឲ្យទៅជាមួយពួកគេ ដោយឥតរារែក រីឯបងប្អូនទាំងប្រាំមួយនាក់នេះបានទៅជាមួយខ្ញុំដែរ រួចយើងបានចូលទៅក្នុងផ្ទះរបស់អ្នកនោះ
13 ហើយគាត់បានរៀបរាប់ប្រាប់យើងអំពីហេតុការណ៍ដែលគាត់បានឃើញទេវតាឈរនៅក្នុងផ្ទះរបស់គាត់ ទាំងប្រាប់ថា ចូរចាត់មនុស្សឲ្យទៅក្រុងយ៉ុបប៉េ ហើយអញ្ជើញស៊ីម៉ូនដែលហៅថាពេត្រុសឲ្យមក
14 គាត់នឹងប្រកាសប្រាប់អ្នកអំពីព្រះបន្ទូលដែលធ្វើឲ្យអ្នក និងពួកអ្នកផ្ទះរបស់អ្នកទាំងអស់ទទួលបានសេចក្ដីសង្គ្រោះ។
15 ពេលខ្ញុំចាប់ផ្ដើមនិយាយ ព្រះវិញ្ញាណបរិសុទ្ធក៏យាងមកសណ្ឋិតលើពួកគេដូចជាបានសណ្ឋិតលើយើងកាលពីដំបូងដែរ។
16 ពេលនោះ ខ្ញុំក៏នឹកចាំពីព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលព្រះអង្គមានបន្ទូលថា លោកយ៉ូហានបានធ្វើពិធីជ្រមុជដោយទឹក ប៉ុន្ដែអ្នករាល់គ្នានឹងទទួលពិធីជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធវិញ។
17 ដូច្នេះ បើព្រះជាម្ចាស់ប្រទានអំណោយទានដល់ពួកគេ ដូចដែលបានប្រទានដល់យើង ដែលបានជឿលើព្រះអម្ចាស់យេស៊ូគ្រិស្ដដែរនោះ តើខ្ញុំជានរណាដែលហ៊ានរារាំងព្រះជាម្ចាស់?»
18 ពេលពួកគេបានឮដូច្នេះ ពួកគេក៏នៅស្ងៀម ហើយសរសើរតម្កើងព្រះជាម្ចាស់ ដោយនិយាយថា៖ «ដូច្នេះ ព្រះជាម្ចាស់ក៏ប្រទានការប្រែចិត្ដ ដែលនាំទៅឯជីវិតដល់សាសន៍ដទៃដែរ!»
19 រីឯពួកអ្នកដែលបានខ្ចាត់ខ្ចាយដោយសារការបៀតបៀន ដែលបានកើតឡើងដល់លោកស្ទេផាន ពួកគេបានទៅដល់ស្រុកភេនីស កោះគីប្រុស និងក្រុងអាន់ទីយ៉ូក ហើយមិនបានប្រកាសព្រះបន្ទូលដល់អ្នកផ្សេងឡើយ លើកលែងតែជនជាតិយូដាប៉ុណ្ណោះ
20 ប៉ុន្ដែមានអ្នកខ្លះក្នុងចំណោមពួកគេ ជាអ្នកមកពីកោះគីប្រុស និងក្រុងគីរេន ដែលបានមកក្រុងអាន់ទីយ៉ូក ហើយនិយាយជាមួយជនជាតិយូដាដែលនិយាយភាសាក្រេក ទាំងប្រកាសអំពីព្រះអម្ចាស់យេស៊ូដែរ
21 ដូច្នេះ ព្រះហស្ដរបស់ព្រះអម្ចាស់ក៏នៅជាមួយពួកគេ ហើយមនុស្សមួយចំនួនធំបានជឿ ព្រមទាំងបែរមកឯព្រះអម្ចាស់។
22 ដំណឹងអំពីអ្នកទាំងនោះបានឮដល់ត្រចៀករបស់ក្រុមជំនុំនៅក្រុងយេរូសាឡិម ដូច្នេះពួកគេក៏ចាត់លោកបារណាបាសឲ្យចេញទៅក្រុងអាន់ទីយ៉ូក។
23 ពេលលោកបារណាបាសមកដល់ ហើយបានឃើញព្រះគុណរបស់ព្រះជាម្ចាស់ គាត់ក៏ត្រេកអរ ព្រមទាំងលើកទឹកចិត្តពួកគេគ្រប់គ្នាឲ្យប្ដេជ្ញាចិត្តនៅជាប់ជាមួយព្រះអម្ចាស់ជានិច្ច
24 ហើយដោយព្រោះតែលោកបារណាបាសជាមនុស្សល្អ និងពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងជំនឿ ដូច្នេះបណ្ដាជនមួយចំនួនធំបានចូលមកឯព្រះអម្ចាស់បន្ថែមទៀត។
25 បន្ទាប់មក លោកបារណាបាសក៏ចេញដំណើរទៅក្រុងតើសុសដើម្បីរកលោកសុល។
26 ពេលឃើញលោកសុលហើយ គាត់ក៏នាំមកក្រុងអាន់ទីយ៉ូក ហើយអ្នកទាំងពីរបានជួបជុំជាមួយក្រុមជំនុំពេញមួយឆ្នាំ និងបានបង្រៀនដល់មនុស្សជាច្រើន។ នៅក្នុងក្រុងអាន់ទីយ៉ូកនេះហើយ ដែលគេហៅពួកសិស្សជាលើកដំបូងថា គ្រិស្ដបរិស័ទ។
27 នៅគ្រានោះ មានពួកអ្នកនាំព្រះបន្ទូលខ្លះបានធ្វើដំណើរចុះពីក្រុងយេរូសាឡិមមកក្រុងអាន់ទីយ៉ូក។
28 ក្នុងចំណោមអ្នកទាំងនោះមានម្នាក់ឈ្មោះអ័ក្កាបុសបានក្រោកឡើង ហើយប្រកាសដោយព្រះវិញ្ញាណថា នឹងមានអំណត់មួយយ៉ាងធំកើតនៅលើផែនដីទាំងមូល គ្រោះអត់ឃ្លាននេះក៏កើតឡើងមែនក្នុងរាជ្យរបស់ព្រះចៅក្លូឌាស។
29 ដូច្នេះ ពួកសិស្សបានសម្រេចចិត្ដផ្ញើជំនួយតាមលទ្ធភាពរៀងៗខ្លួនដល់បងប្អូនដែលរស់នៅក្នុងស្រុកយូដា
30 ពួកគេក៏ធ្វើដូច្នេះមែន គឺបានផ្ញើតាមរយៈដៃរបស់លោកបារណាបាស និងលោកសុលទៅឲ្យពួកចាស់ទុំ។
ទើបបានជ្រើសរើសហើយ៖
Acts of the Apostles 11: KCB
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.