1 Thessalonians 3
3
1 ដោយព្រោះយើងពុំអាចទ្រាំទៀតបាន យើងក៏សម្រេចចិត្ដនៅក្រុងអាថែនតែគ្នាយើង
2 ហើយចាត់ធីម៉ូថេជាបងប្អូនរបស់យើង និងជាអ្នករួមការងារបម្រើព្រះជាម្ចាស់ក្នុងដំណឹងល្អរបស់ព្រះគ្រិស្ដឲ្យទៅពង្រឹង និងលើកទឹកចិត្តអ្នករាល់គ្នាខាងឯជំនឿ
3 ដើម្បីកុំឲ្យនរណាម្នាក់ត្រូវរង្គីរដោយព្រោះសេចក្តីវេទនាទាំងនេះឡើយ ដ្បិតអ្នករាល់គ្នាដឹងហើយថា ព្រះជាម្ចាស់បានតម្រូវឲ្យយើងជួបប្រទះសេចក្តីវេទនាបែបនេះ។
4 កាលយើងនៅជាមួយអ្នករាល់គ្នានៅឡើយ យើងបានប្រាប់អ្នករាល់គ្នារួចហើយថា យើងនឹងត្រូវរងទុក្ខវេទនា ហើយការនោះក៏កើតឡើងមែន ដូចដែលអ្នករាល់គ្នាដឹងស្រាប់។
5 ដោយខ្ញុំមិនអាចទ្រាំទៀតបាន ខ្ញុំក៏ចាត់ធីម៉ូថេឲ្យមក ដើម្បីឲ្យដឹងពីជំនឿរបស់អ្នករាល់គ្នា ក្រែងលោមេល្បួងមកល្បួងអ្នករាល់គ្នា តាមរបៀបណាមួយ ដែលនាំឲ្យការនឿយហត់របស់យើងត្រលប់ជាឥតប្រយោជន៍។
6 ឥឡូវនេះ ធីម៉ូថេបានត្រលប់ពីអ្នករាល់គ្នា មកឯយើងវិញហើយ ព្រមទាំងនាំដំណឹងល្អប្រាប់យើងអំពីជំនឿ និងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា ហើយថាអ្នករាល់គ្នាតែងតែនឹកចាំយ៉ាងល្អអំពីយើងជានិច្ច ដោយចង់ជួបយើងដូចជាយើងចង់ជួបអ្នករាល់គ្នាដែរ។
7 ដូច្នេះ បងប្អូនអើយ! នៅក្នុងពេលយើងមានទុក្ខព្រួយ និងសេចក្ដីវេទនាគ្រប់បែបយ៉ាង នោះយើងបានទទួលសេចក្ដីកម្សាន្ដចិត្ដពីអ្នករាល់គ្នាដោយសារជំនឿរបស់អ្នករាល់គ្នា
8 ដ្បិតឥឡូវនេះយើងរស់ បើសិនអ្នករាល់គ្នាឈរមាំមួននៅក្នុងព្រះអម្ចាស់។
9 តើយើងអាចអរព្រះគុណព្រះជាម្ចាស់ដូចម្ដេចអំពីអ្នករាល់គ្នា សម្រាប់គ្រប់ទាំងអំណរដែលយើងមានដោយសារអ្នករាល់គ្នានៅចំពោះព្រះជាម្ចាស់របស់យើង?
10 យើងទូលអង្វរអស់ពីចិត្តទាំងយប់ទាំងថ្ងៃ សូមឲ្យបានជួបមុខអ្នករាល់គ្នា ដើម្បីជួយបំពេញសេចក្ដីខ្វះខាតខាងឯជំនឿរបស់អ្នករាល់គ្នា។
11 សូមឲ្យព្រះជាម្ចាស់ជាព្រះវរបិតា និងព្រះអម្ចាស់យេស៊ូនៃយើង បើកផ្លូវឲ្យយើងបានមកជួបអ្នករាល់គ្នា។
12 សូមព្រះអម្ចាស់ប្រទានឲ្យអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ច្រើនឡើង ហើយហូរហៀរដល់គ្នាទៅវិញទៅមក ព្រមទាំងដល់មនុស្សទាំងអស់ដូចដែលយើងបានស្រឡាញ់អ្នករាល់គ្នាដែរ
13 និងសូមឲ្យព្រះអង្គពង្រឹងចិត្ដអ្នករាល់គ្នាឲ្យមាំមួនឡើង ហើយបរិសុទ្ធឥតបន្ទោសបាននៅចំពោះព្រះជាម្ចាស់ជាព្រះវរបិតា នៅពេលដែលព្រះយេស៊ូជាព្រះអម្ចាស់របស់យើងយាងមកជាមួយពួកបរិសុទ្ធរបស់ព្រះអង្គ។ អាម៉ែន។
ទើបបានជ្រើសរើសហើយ៖
1 Thessalonians 3: KCB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.