1 John 5
5
1 អស់អ្នកដែលជឿថា ព្រះយេស៊ូជាព្រះគ្រិស្ដ អ្នកនោះកើតមកពីព្រះជាម្ចាស់ ហើយអស់អ្នកដែលស្រឡាញ់ព្រះអង្គដែលបានបង្កើតខ្លួនមក ក៏ស្រឡាញ់អ្នកដែលកើតពីព្រះអង្គដែរ។
2 ដោយរបៀបនេះហើយដែលយើងដឹងថា យើងស្រឡាញ់កូនៗរបស់ព្រះជាម្ចាស់ គឺនៅពេលយើងស្រឡាញ់ព្រះជាម្ចាស់ ហើយប្រព្រឹត្ដតាមបញ្ញត្ដិរបស់ព្រះអង្គ។
3 ដ្បិតនេះជាសេចក្ដីស្រឡាញ់ដល់ព្រះជាម្ចាស់ គឺឲ្យយើងកាន់តាមបញ្ញត្ដិរបស់ព្រះអង្គ ហើយបញ្ញត្ដិរបស់ព្រះអង្គមិនមែនជាបន្ទុកធ្ងន់ទេ
4 ដ្បិតអស់អ្នកដែលកើតពីព្រះជាម្ចាស់ឈ្នះលោកិយនេះ ហើយនេះជាជ័យជម្នះដែលឈ្នះលោកិយនេះ គឺជំនឿរបស់យើង។
5 តើអ្នកណាជាអ្នកឈ្នះលោកិយនេះ? គឺជាអ្នកដែលជឿថា ព្រះយេស៊ូជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់។
6 ព្រះយេស៊ូគ្រិស្ដនេះហើយដែលបានយាងមកដោយទឹក និងឈាម ហើយមិនមែនតែទឹកប៉ុណ្ណោះទេ គឺមានទាំងទឹក និងឈាម រីឯព្រះវិញ្ញាណជាអ្នកធ្វើបន្ទាល់ ដ្បិតព្រះវិញ្ញាណជាសេចក្ដីពិត។
7 ដ្បិតមានបីដែលធ្វើបន្ទាល់
8 គឺព្រះវិញ្ញាណ ទឹក និងឈាម ហើយទាំងបីនេះធ្វើបន្ទាល់តែមួយទេ។
9 បើយើងទទួលស្គាល់សេចក្ដីបន្ទាល់របស់មនុស្សទៅហើយ នោះសេចក្ដីបន្ទាល់របស់ព្រះជាម្ចាស់វិសេសជាងទៅទៀត ដ្បិតនេះជាសេចក្ដីបន្ទាល់របស់ព្រះជាម្ចាស់ គឺព្រះអង្គបានធ្វើបន្ទាល់អំពីព្រះរាជបុត្រារបស់ព្រះអង្គ។
10 អ្នកណាដែលជឿលើព្រះរាជបុត្រារបស់ព្រះជាម្ចាស់ អ្នកនោះមានសេចក្ដីបន្ទាល់នៅក្នុងខ្លួន រីឯអ្នកណាដែលមិនជឿលើព្រះជាម្ចាស់ អ្នកនោះបានធ្វើឲ្យព្រះអង្គត្រលប់ជាអ្នកកុហកហើយ ព្រោះមិនបានជឿលើសេចក្ដីបន្ទាល់ ដែលព្រះជាម្ចាស់បានធ្វើបន្ទាល់អំពីព្រះរាជបុត្រារបស់ព្រះអង្គ។
11 ហើយនេះជាសេចក្ដីបន្ទាល់ គឺថា ព្រះជាម្ចាស់បានប្រទានជីវិតអស់កល្បជានិច្ចដល់យើង ហើយជីវិតនេះមាននៅក្នុងព្រះរាជបុត្រារបស់ព្រះអង្គ។
12 អ្នកណាដែលមានព្រះរាជបុត្រា អ្នកនោះមានជីវិត ប៉ុន្ដែអ្នកណាដែលគ្មានព្រះរាជបុត្រារបស់ព្រះជាម្ចាស់ អ្នកនោះគ្មានជីវិតឡើយ។
13 ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដែលជឿលើព្រះនាមព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាមានជីវិតអស់កល្បជានិច្ច។
14 នេះជាសេចក្ដីក្លាហានដែលយើងមានចំពោះព្រះអង្គ គឺថា បើយើងសូមអ្វីតាមបំណងរបស់ព្រះអង្គ នោះព្រះអង្គនឹងស្ដាប់យើង។
15 បើយើងដឹងថា ព្រះអង្គស្ដាប់យើងគ្រប់អ្វីដែលយើងសូម នោះយើងក៏ដឹងដែរថា យើងបានអ្វីដែលយើងសូមពីព្រះអង្គហើយ។
16 បើអ្នកណាឃើញបងប្អូនខ្លួនប្រព្រឹត្ដបាប ដែលមិនបណ្ដាលឲ្យស្លាប់ ចូរទូលសុំចុះ នោះព្រះអង្គនឹងប្រទានជីវិតដល់អ្នកប្រព្រឹត្ដបាប ដែលមិនបណ្ដាលឲ្យស្លាប់នោះ ប៉ុន្ដែមានបាបដែលបណ្ដាលឲ្យស្លាប់ ហើយចំពោះបាបនោះ ខ្ញុំមិនប្រាប់អ្នករាល់គ្នាឲ្យទូលសុំទេ។
17 គ្រប់ទាំងអំពើទុច្ចរិតជាបាប ហើយក៏មានបាប ដែលមិនបណ្ដាលឲ្យស្លាប់ដែរ។
18 យើងដឹងថា អស់អ្នកដែលកើតពីព្រះជាម្ចាស់ នោះមិនប្រព្រឹត្ដបាបឡើយ ព្រោះព្រះអង្គដែលប្រសូតពីព្រះជាម្ចាស់បានការពារអ្នកនោះ ហើយអារក្សសាតាំងមិនប៉ះពាល់អ្នកនោះឡើយ។
19 យើងដឹងថាយើងមកពីព្រះជាម្ចាស់ រីឯលោកិយទាំងមូលវិញស្ថិតនៅក្រោមអំណាចរបស់អារក្សសាតាំង
20 ហើយយើងក៏ដឹងថា ព្រះរាជបុត្រារបស់ព្រះជាម្ចាស់បានយាងមក ទាំងបានប្រទានប្រាជ្ញាដល់យើង ដើម្បីឲ្យស្គាល់ព្រះដ៏ពិត ហើយយើងជាអ្នកនៅក្នុងព្រះដ៏ពិតនោះ គឺនៅក្នុងព្រះយេស៊ូគ្រិស្ដជាព្រះរាជបុត្រារបស់ព្រះអង្គ។ ព្រះរាជបុត្រានេះហើយជាព្រះដ៏ពិត និងជាជីវិតអស់កល្បជានិច្ច។
21 កូនតូចៗអើយ! ចូររក្សាខ្លួនឲ្យផុតពីការថ្វាយបង្គំរូបព្រះ។
ទើបបានជ្រើសរើសហើយ៖
1 John 5: KCB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.