សាការី 8
8
សេចក្ដីសង្គ្រោះ និងសេចក្ដីសុខសាន្តរបស់យេរូសាឡិម
1ព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពលបរិវារ បានមកដល់ថា៖ 2“ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះថា: ‘យើងបានប្រច័ណ្ឌស៊ីយ៉ូនដោយការប្រច័ណ្ឌយ៉ាងខ្លាំង យើងបានប្រច័ណ្ឌនាងដោយសេចក្ដីក្ដៅក្រហាយយ៉ាងខ្លាំង’។ 3ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា: ‘យើងនឹងត្រឡប់មកស៊ីយ៉ូន ហើយស្នាក់នៅកណ្ដាលយេរូសាឡិម នោះយេរូសាឡិមនឹងត្រូវបានហៅថា “ទីក្រុងនៃសេចក្ដីពិត” ហើយភ្នំរបស់ព្រះយេហូវ៉ានៃពលបរិវារនឹងត្រូវបានហៅថា “ភ្នំដ៏វិសុទ្ធ”’។ 4ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះថា: ‘បុរសចំណាស់ និងស្ត្រីចំណាស់នឹងអង្គុយតាមកន្លែងសាធារណៈក្នុងយេរូសាឡិមម្ដងទៀត គ្រប់គ្នាមានឈើច្រត់នៅដៃរបស់ខ្លួន ដោយព្រោះមានអាយុច្រើន។ 5កន្លែងសាធារណៈក្នុងទីក្រុងនឹងពេញដោយក្មេងប្រុសក្មេងស្រី ដែលរត់លេងក្នុងកន្លែងសាធារណៈនៃទីក្រុងនោះ’។ 6ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះថា: ‘ប្រសិនបើការនេះអស្ចារ្យក្នុងភ្នែករបស់អ្នកដែលនៅសល់នៃប្រជាជននេះនៅគ្រានោះ ចុះវានឹងអស្ចារ្យក្នុងភ្នែករបស់យើងដែរឬ?’។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ។ 7ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះថា: ‘មើល៍! យើងនឹងសង្គ្រោះប្រជារាស្ត្ររបស់យើងពីស្រុកខាងកើត និងពីស្រុកខាងលិចដែរ។ 8យើងនឹងនាំពួកគេមក នោះពួកគេនឹងស្នាក់នៅកណ្ដាលយេរូសាឡិម។ ពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះរបស់ពួកគេ ដោយសេចក្ដីពិតត្រង់ និងដោយសេចក្ដីសុចរិតយុត្តិធម៌’។
9“ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះថា: ‘អ្នកដែលឮពាក្យទាំងនេះនៅសព្វថ្ងៃនេះ ពីមាត់របស់ពួកព្យាការីក្នុងថ្ងៃចាក់គ្រឹះដំណាក់របស់ព្រះយេហូវ៉ានៃពលបរិវារដើម្បីសង់ព្រះវិហារឡើងវិញអើយ ចូរឲ្យដៃរបស់អ្នករាល់គ្នាមានកម្លាំងឡើង! 10ដ្បិតមុនគ្រានោះ គ្មានថ្លៃឈ្នួលសម្រាប់មនុស្ស ក៏គ្មានថ្លៃឈ្នួលសម្រាប់សត្វស្រុកដែរ ហើយគ្មានសុវត្ថិភាពដល់អ្នកដែលចេញទៅ ឬដល់អ្នកដែលចូលមកផង ដោយសារតែពួកបច្ចាមិត្ត ពីព្រោះយើងបានធ្វើឲ្យមនុស្សទាំងអស់ទាស់នឹងគ្នាទៅវិញទៅមក។ 11ប៉ុន្តែឥឡូវនេះ យើងនឹងមិនប្រព្រឹត្តដល់អ្នកដែលនៅសល់នៃប្រជាជននេះ ដូចកាលពីមុនទៀតឡើយ’។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ។ 12‘មែនហើយ គ្រាប់ពូជនឹងត្រូវបានសាបព្រោះក្នុងសេចក្ដីសុខសាន្ត ដើមទំពាំងបាយជូរនឹងផ្ដល់ផលផ្លែរបស់វា ផែនដីនឹងផ្ដល់ភោគផលរបស់វា ហើយផ្ទៃមេឃនឹងផ្ដល់ទឹកសន្សើមរបស់វាដែរ។ យើងនឹងឲ្យអ្នកដែលនៅសល់នៃប្រជាជននេះទទួលទាំងអស់នេះជាមរតក។ 13វង្សត្រកូលយូដា និងវង្សត្រកូលអ៊ីស្រាអែលអើយ ដូចដែលអ្នករាល់គ្នាបានទៅជាពាក្យប្រដូចផ្ដាសានៅកណ្ដាលប្រជាជាតិនានាយ៉ាងណា យើងក៏នឹងសង្គ្រោះអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងបានជាពរយ៉ាងនោះដែរ។ កុំខ្លាចឡើយ ចូរឲ្យដៃរបស់អ្នករាល់គ្នាមានកម្លាំងឡើង!’។ 14ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះថា: ‘ដូចដែលយើងបានសម្រេចចិត្តនាំមហន្តរាយមកលើអ្នករាល់គ្នា កាលដូនតារបស់អ្នករាល់គ្នាបានធ្វើឲ្យយើងខឹង ហើយយើងមិនបានដូរគំនិតយ៉ាងណា 15នៅសព្វថ្ងៃនេះ យើងក៏សម្រេចចិត្តម្ដងទៀត នឹងនាំការល្អដល់យេរូសាឡិម និងដល់វង្សត្រកូលយូដាយ៉ាងនោះដែរ’។ ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា: ‘កុំខ្លាចឡើយ! 16នេះជាការដែលអ្នករាល់គ្នាត្រូវធ្វើ គឺគ្រប់គ្នាត្រូវនិយាយសេចក្ដីពិតនឹងអ្នកជិតខាងរបស់ខ្លួន ហើយត្រូវអនុវត្តសេចក្ដីពិតត្រង់ និងការកាត់ក្ដីសម្រាប់សេចក្ដីសុខសាន្ត នៅក្នុងទ្វារក្រុងរបស់អ្នករាល់គ្នា។ 17កុំឲ្យអ្នកណាគិតគូរការអាក្រក់ក្នុងចិត្តទាស់នឹងអ្នកជិតខាងរបស់ខ្លួនឡើយ ក៏កុំឲ្យចូលចិត្តការស្បថដោយកុហកដែរ ដ្បិតការទាំងអស់នេះហើយ ដែលយើងស្អប់’។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា”។
18ព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពលបរិវារមកដល់ខ្ញុំទៀតថា៖ 19“ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះថា: ‘ការតមអាហារនៃខែទីបួន ការតមអាហារនៃខែទីប្រាំ ការតមអាហារនៃខែទីប្រាំពីរ និងការតមអាហារនៃខែទីដប់ នឹងត្រឡប់ជាសេចក្ដីរីករាយ និងអំណរ ហើយជាពិធីបុណ្យដ៏រីករាយដល់វង្សត្រកូលយូដាវិញ ដូច្នេះចូរស្រឡាញ់សេចក្ដីពិត និងសេចក្ដីសុខសាន្តចុះ’។ 20ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះថា: ‘បណ្ដាជននឹងមកម្ដងទៀត គឺអ្នកដែលរស់នៅទីក្រុងជាច្រើន 21ហើយអ្នកដែលរស់នៅទីក្រុងមួយនឹងទៅឯទីក្រុងមួយទៀត និយាយថា: “យើងប្រញាប់នាំគ្នាទៅសុំក្ដីសន្ដោសពីព្រះយេហូវ៉ា ហើយស្វែងរកព្រះយេហូវ៉ានៃពលបរិវារ ហើយខ្ញុំក៏ទៅដែរ!”។ 22មែនហើយ ជាតិសាសន៍ជាច្រើន និងបណ្ដាប្រជាជាតិដ៏ខ្លាំងពូកែនឹងមកស្វែងរកព្រះយេហូវ៉ានៃពលបរិវារនៅយេរូសាឡិម ដើម្បីសុំក្ដីសន្ដោសពីព្រះយេហូវ៉ា’។ 23ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះថា: ‘នៅគ្រានោះ មនុស្សដប់នាក់ពីអស់ទាំងភាសានៃប្រជាជាតិនានា នឹងចាប់ជាយអាវរបស់ជនជាតិយូដាម្នាក់ ដោយពោលថា: “សូមឲ្យពួកខ្ញុំទៅជាមួយពួកអ្នកផង ពីព្រោះពួកខ្ញុំបានឮថា ព្រះគង់នៅជាមួយពួកអ្នក!”’”៕
ទើបបានជ្រើសរើសហើយ៖
សាការី 8: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative