សាការី 3
3
និមិត្តទីបួន: មហាបូជាចារ្យ និងលំពង់
1ក្រោយមក ព្រះអង្គទ្រង់បង្ហាញឲ្យខ្ញុំឃើញមហាបូជាចារ្យយ៉ូស្វេដែលឈរនៅមុខទូតសួគ៌របស់ព្រះយេហូវ៉ា ហើយសាតាំង#3:1 សាតាំង―ន័យត្រង់គឺ “អ្នកចោទប្រកាន់”។ក៏ឈរនៅខាងស្ដាំគាត់ដើម្បីចោទប្រកាន់គាត់។ 2ព្រះយេហូវ៉ាមានបន្ទូលនឹងសាតាំងថា៖ “សាតាំងអើយ ព្រះយេហូវ៉ាស្ដីបន្ទោសឯង! ព្រះយេហូវ៉ាដែលជ្រើសរើសយកយេរូសាឡិមស្ដីបន្ទោសឯង! តើនេះមិនមែនជាកន្ទុយអុសដែលត្រូវបានកញ្ឆក់ចេញពីភ្លើងទេឬ?”។
3រីឯយ៉ូស្វេស្លៀកសម្លៀកបំពាក់កខ្វក់ ហើយឈរនៅមុខទូតសួគ៌។ 4ទូតសួគ៌ក៏និយាយនឹងពួកអ្នកដែលឈរនៅមុខគាត់ថា៖ “ចូរដោះសម្លៀកបំពាក់កខ្វក់ចេញពីគាត់” រួចនិយាយនឹងគាត់ថា៖ “មើល៍! ខ្ញុំបានយកសេចក្ដីទុច្ចរិតរបស់អ្នកចេញពីអ្នក ហើយបានស្លៀកពាក់ឲ្យអ្នកដោយសម្លៀកបំពាក់មានតម្លៃវិញ”។
5ពេលនោះ ខ្ញុំនិយាយថា៖ “សូមបំពាក់ឈ្នួតដ៏ស្អាតនៅលើក្បាលគាត់ផង”។ ដូច្នេះ គេក៏បំពាក់ឈ្នួតដ៏ស្អាតនៅលើក្បាលគាត់ ព្រមទាំងស្លៀកពាក់ឲ្យគាត់ដោយសម្លៀកបំពាក់ ខណៈដែលទូតសួគ៌របស់ព្រះយេហូវ៉ាឈរនៅទីនោះ។
6បន្ទាប់មក ទូតសួគ៌របស់ព្រះយេហូវ៉ាបានដាស់តឿនយ៉ូស្វេថា៖ 7“ព្រះយេហូវ៉ានៃពលបរិវារបានមានបន្ទូលដូច្នេះថា: ‘ប្រសិនបើអ្នកដើរតាមមាគ៌ារបស់យើង ហើយកាន់តាមសេចក្ដីបង្គាប់របស់យើង នោះអ្នកនឹងបានជំនុំជម្រះដំណាក់របស់យើង ព្រមទាំងបានមើលថែទីធ្លារបស់យើងផង។ យើងក៏នឹងឲ្យសិទ្ធិចេញចូលក្នុងចំណោមអ្នកដែលឈរទាំងនេះ ដល់អ្នកដែរ’។
8“‘មហាបូជាចារ្យយ៉ូស្វេអើយ ឥឡូវនេះអ្នក និងពួកគូកនរបស់អ្នកដែលអង្គុយនៅចំពោះអ្នកត្រូវស្ដាប់ ដ្បិតពួកគេជាមនុស្សដែលជាទីសម្គាល់។ មើល៍! យើងនឹងនាំអ្នកបម្រើរបស់យើងមក គឺ “លំពង់”។ 9មើល៍! នៅលើថ្មដែលយើងបានដាក់នៅមុខយ៉ូស្វេ គឺថ្មតែមួយដែលមានភ្នែកប្រាំពីរ មើល៍! យើងនឹងចារឹកចំណាររបស់វា ព្រមទាំងដកសេចក្ដីទុច្ចរិតរបស់ទឹកដីនេះចេញក្នុងមួយថ្ងៃ’។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ។ 10‘នៅថ្ងៃនោះ អ្នករាល់គ្នាម្នាក់ៗនឹងអញ្ជើញអ្នកជិតខាងរបស់ខ្លួនមកក្រោមដើមទំពាំងបាយជូរ និងក្រោមដើមល្វា’។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ”៕
ទើបបានជ្រើសរើសហើយ៖
សាការី 3: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative