សាការី 13

13
ប្រជារាស្ត្ររបស់ព្រះត្រូវបានលាងសម្អាត
1នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​៖ “នៅ​ថ្ងៃ​នោះ នឹង​មាន​ប្រភពទឹក​មួយ​បើកឡើង​សម្រាប់​វង្សត្រកូល​ដាវីឌ និង​ពួកអ្នកដែល​រស់នៅ​យេរូសាឡិម ដើម្បី​លាងសម្អាត​បាប និង​ភាពស្មោកគ្រោក​។ 2នៅ​ថ្ងៃ​នោះ យើង​នឹង​កាត់​ឈ្មោះ​របស់​បណ្ដា​រូបបដិមាករ​ចេញ​ពី​ទឹកដី​នេះ ហើយ​គេ​នឹង​មិន​នឹកចាំ​ទៀត​ឡើយ​។ យើង​នឹង​ដក​ទាំង​ពួក​ព្យាការី និង​វិញ្ញាណ​នៃ​ភាពសៅហ្មង​ចេញ​ពី​ទឹកដី​នេះ​ដែរ​។ 3ប្រសិនបើ​អ្នកណា​នៅតែ​ព្យាករ​ទៀត ឪពុក​ម្ដាយ​របស់អ្នកនោះ​ដែល​បង្កើត​អ្នកនោះ​មក នឹង​និយាយ​នឹង​អ្នកនោះ​ថា​: ‘ឯង​មិន​ត្រូវ​រស់​ទៀតទេ ពីព្រោះ​ឯង​បាន​និយាយមុសា​ក្នុង​ព្រះនាម​របស់​ព្រះយេហូវ៉ា’។ នោះ​ឪពុក​ម្ដាយ​របស់អ្នកនោះ​ដែល​បង្កើត​អ្នកនោះ​មក នឹង​ចាក់ទម្លុះ​អ្នកនោះ នៅពេល​អ្នកនោះ​ព្យាករ​។ 4នៅ​ថ្ងៃ​នោះ ព្យាការី​គ្រប់គ្នា​នឹង​អាម៉ាស់មុខ​ចំពោះ​និមិត្ត​របស់ខ្លួន ក្នុងកាលដែល​ពួកគេ​ព្យាករ ហើយ​ពួកគេ​នឹង​មិន​ពាក់​អាវរោមសត្វ​ដើម្បី​បោកបញ្ឆោត​គេ​ទៀតឡើយ​។ 5ផ្ទុយទៅវិញ គេ​នឹង​ពោលថា​: ‘ខ្ញុំ​មិនមែន​ជា​ព្យាការី​ទេ ខ្ញុំ​ជា​អ្នក​ធ្វើ​ស្រែចម្ការ ដ្បិត​មាន​មនុស្ស​បាន​លក់​ខ្ញុំ​តាំងពី​ក្មេង​មក’។ 6ប្រសិនបើ​ម្នាក់​សួរ​គេ​ថា​: ‘តើ​របួស​ទាំងនេះ​នៅចន្លោះ​ដៃ​ទាំងពីរ​របស់ឯង ជា​អ្វី​?’ គេ​នឹង​ឆ្លើយ​ថា​: ‘ខ្ញុំ​ត្រូវគេ​វាយ​នៅ​ផ្ទះ​មិត្តសម្លាញ់​របស់ខ្ញុំ’”។
7នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​៖
“ដាវ​អើយ ចូរ​ភ្ញាក់ឡើង​ទាស់នឹង​អ្នកគង្វាល​របស់យើង
ហើយ​ទាស់នឹង​មនុស្ស​ដែលជា​គូកន​របស់យើង​ចុះ​!
ចូរ​ប្រហារ​អ្នកគង្វាល នោះ​ហ្វូងចៀម​នឹង​ត្រូវបាន​កម្ចាត់កម្ចាយ​!
យើង​នឹង​បង្វែរ​ដៃ​របស់យើង​ទាស់នឹង​ចៀម​តូចៗ​វិញ”។
8នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៖
“នៅក្នុង​ទឹកដី​នេះ​ទាំងមូល
ពីរភាគបី​នឹង​ត្រូវបាន​កាត់ចេញ ហើយ​ដាច់ដង្ហើម
ប៉ុន្តែ​មួយភាគបី​នឹង​នៅសល់​។
9យើង​នឹង​នាំ​មួយភាគបី​នោះ​ទៅ​ក្នុង​ភ្លើង
ហើយ​បន្សុទ្ធ​ពួកគេ​ដូចជា​បន្សុទ្ធ​ប្រាក់
ក៏​នឹង​សាក​ពួកគេ​ដូចជា​សាក​មាស​ផង​។
ពួកគេ​នឹង​ស្រែកហៅ​នាម​របស់យើង
ហើយ​យើង​នឹង​ឆ្លើយតប​នឹង​ពួកគេ​។
យើង​នឹង​ពោលថា​: ‘ពួកគេ​ជា​ប្រជារាស្ត្រ​របស់យើង’
ហើយ​ពួកគេ​នឹង​ពោលថា​: ‘ព្រះយេហូវ៉ា​ជា​ព្រះ​របស់ខ្ញុំ’”៕

ទើបបានជ្រើសរើសហើយ៖

សាការី 13: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល