ទំនុកតម្កើង 38

38
អធិស្ឋានសុំជួយឲ្យរួចពីបាប
បទតម្កើង​របស់​ដាវីឌ សម្រាប់​ជា​សេចក្ដី​រំលឹក​។
1ព្រះយេហូវ៉ា​អើយ សូម​កុំ​ស្ដីបន្ទោស​ទូលបង្គំ​ដោយ​ព្រះពិរោធ​របស់ព្រះអង្គ
ឬ​វាយប្រដៅ​ទូលបង្គំ​ដោយ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​ឡើយ​!
2ដ្បិត​ព្រួញ​របស់ព្រះអង្គ​បាន​មុតជាប់​ក្នុង​ទូលបង្គំ
ហើយ​ព្រះហស្ត​របស់ព្រះអង្គ​បាន​សង្កត់​លើ​ទូលបង្គំ​។
3គ្មាន​សុខភាពល្អ​នៅក្នុង​សាច់​ទូលបង្គំ​ទេ ដោយសារតែ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ
គ្មាន​សេចក្ដីសុខសាន្ត​នៅក្នុង​ឆ្អឹង​ទូលបង្គំ​ឡើយ ដោយសារតែ​បាប​របស់ទូលបង្គំ​។
4ដ្បិត​អំពើទុច្ចរិត​របស់ទូលបង្គំ​បាន​ឡើងលិច​ក្បាល​ទូលបង្គំ​;
វា​ធ្ងន់ពេក​សម្រាប់​ទូលបង្គំ ដូច​បន្ទុក​ដ៏ធ្ងន់​។
5របួស​របស់ទូលបង្គំ​បាន​ស្អុយ ហើយ​រលួយ
ដោយសារតែ​ភាពល្ងីល្ងើ​របស់ទូលបង្គំ​;
6ទូលបង្គំ​ត្រូវបាន​ធ្វើឲ្យ​ចំកោងខ្លួន
ទូលបង្គំ​ពិបាកចិត្ត​ក្រៃលែង
ទូលបង្គំ​ដើរ​ទាំង​កាន់ទុក្ខ​វាល់ព្រឹកវាល់ល្ងាច​។
7ជាការពិត ចង្កេះ​ទូលបង្គំ​ពេញ​ដោយ​ការឆេះរោល
ហើយ​គ្មាន​សុខភាពល្អ​នៅក្នុង​សាច់​ទូលបង្គំ​ឡើយ​។
8ទូលបង្គំ​ត្រូវបាន​ធ្វើឲ្យ​ល្វើយ និង​ត្រូវបាន​ធ្វើឲ្យ​ខ្ទេចខ្ទាំ​យ៉ាងខ្លាំង
ទូលបង្គំ​ស្រែកថ្ងូរ ដោយសារតែ​ការថប់បារម្ភ​ក្នុង​ចិត្ត​ទូលបង្គំ​។
9ព្រះអម្ចាស់​អើយ អស់ទាំង​បំណងប្រាថ្នា​របស់ទូលបង្គំ​នៅចំពោះ​ព្រះអង្គ
ហើយ​សំឡេងថ្ងូរ​របស់ទូលបង្គំ​មិន​បាន​លាក់បាំង​ពី​ព្រះអង្គ​ឡើយ​។
10បេះដូង​របស់ទូលបង្គំ​លោតញាប់
កម្លាំង​របស់ទូលបង្គំ​បាន​បោះបង់​ទូលបង្គំ​ចោល
ហើយ​សូម្បីតែ​ពន្លឺ​នៃ​ភ្នែក​ទូលបង្គំ​ក៏​លែង​នៅជាមួយ​ទូលបង្គំ​ដែរ​។
11ពួក​មិត្តសម្លាញ់​របស់ទូលបង្គំ និង​ពួក​មិត្តភក្ដិ​របស់ទូលបង្គំ ឈរ​ឆ្ងាយពី​គ្រោះកាច​របស់ទូលបង្គំ
ហើយ​សាច់ញាតិ​របស់ទូលបង្គំ​ក៏​ឈរ​ពី​ចម្ងាយ​ដែរ​។
12រីឯ​ពួកដែល​ស្វែងរក​ព្រលឹង​របស់ទូលបង្គំ​ក៏​ដាក់អន្ទាក់
ហើយ​ពួកដែល​ប្រឹងរក​ដើម្បី​ធ្វើទុក្ខ​ទូលបង្គំ​ក៏​និយាយ​សេចក្ដីអន្តរាយ​;
ពួកគេ​ប៉ុនប៉ង​ល្បិចកល​វាល់ព្រឹកវាល់ល្ងាច​។
13ចំណែកឯ​ទូលបង្គំ​វិញ ទូលបង្គំ​ស្ដាប់មិនឮ​ដូច​មនុស្ស​ថ្លង់
ហើយ​ដូច​មនុស្ស​គ​ដែល​មិន​អាច​បើក​មាត់​បាន​។
14មែនហើយ ទូលបង្គំ​បាន​ដូច​មនុស្ស​ដែល​ស្ដាប់មិនឮ
ដែល​គ្មាន​ពាក្យតវ៉ា​នៅក្នុង​មាត់​របស់ខ្លួន​ឡើយ​។
15ប៉ុន្តែ​ព្រះយេហូវ៉ា​អើយ ទូលបង្គំ​សង្ឃឹម​លើ​ព្រះអង្គ​!
ព្រះអម្ចាស់​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ គឺ​ព្រះអង្គ​ហើយ​ដែល​ឆ្លើយតប​!
16ដ្បិត​ទូលបង្គំ​បាន​ទូលថា​៖
“កុំឲ្យ​ពួកគេ​អរសប្បាយ​លើ​ទូលបង្គំ​ឡើយ​;
នៅពេល​ជើង​ទូលបង្គំ​រអិល ពួកគេ​លើក​ខ្លួន​ឡើង​ទាស់នឹង​ទូលបង្គំ”។
17មែនហើយ ទូលបង្គំ​ហៀប​នឹង​ដួល
ហើយ​ទុក្ខសោក​របស់ទូលបង្គំ​នៅចំពោះ​ទូលបង្គំ​ជានិច្ច​។
18ដូច្នេះ ទូលបង្គំ​សូម​សារភាព​អំពើទុច្ចរិត​របស់ទូលបង្គំ
ហើយ​សោកស្ដាយ​ដោយសារតែ​បាប​របស់ទូលបង្គំ​។
19យ៉ាងណាមិញ ពួក​សត្រូវ​ដ៏​សកម្ម​របស់ទូលបង្គំ ខ្លាំងពូកែ​ណាស់
ហើយ​អ្នកដែល​ស្អប់​ទូលបង្គំ​ដោយ​ឥតហេតុ​ក៏​មានច្រើន​ដែរ​។
20គឺ​អ្នកដែល​តបសង​នឹង​ការល្អ​ដោយ​ការអាក្រក់​ហើយ
ដែល​ចោទប្រកាន់​ទូលបង្គំ ដោយព្រោះ​ទូលបង្គំ​ដេញតាម​ការ​ល្អ​។
21ព្រះយេហូវ៉ា​អើយ សូម​កុំ​បោះបង់​ទូលបង្គំ​ចោល​ឡើយ​!
ព្រះ​នៃទូលបង្គំ​អើយ សូម​កុំ​គង់នៅឆ្ងាយ​ពី​ទូលបង្គំ​ឡើយ​!
22ព្រះអម្ចាស់​ដ៏ជា​សេចក្ដីសង្គ្រោះ​នៃទូលបង្គំ​អើយ
សូម​ប្រញាប់យាងមក​ជួយ​ទូលបង្គំ​ផង​!​៕

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 38: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល