ទំនុកតម្កើង 24
24
ព្រះមហាក្សត្រនៃសិរីរុងរឿង
បទតម្កើងរបស់ដាវីឌ។
1ផែនដី និងរបស់សព្វសារពើដែលនៅទីនោះ
ពិភពលោក និងអស់អ្នកដែលរស់នៅក្នុងវា
ជារបស់ព្រះយេហូវ៉ា
2ដ្បិតព្រះអង្គបានតាំងវាឡើងនៅលើសមុទ្រទាំងឡាយ
ហើយតាំងវាឡើងនៅលើទន្លេនានា។
3តើនរណានឹងឡើងទៅភ្នំរបស់ព្រះយេហូវ៉ា?
តើនរណានឹងឈរនៅទីវិសុទ្ធរបស់ព្រះអង្គ?
4គឺជាអ្នកដែលមានដៃស្អាត និងចិត្តបរិសុទ្ធ
ជាអ្នកដែលមិនបែរព្រលឹងរបស់ខ្លួនទៅរកសេចក្ដីមិនពិត
ហើយមិនស្បថដោយកុហក។
5អ្នកនោះនឹងទទួលបានព្រះពរពីព្រះយេហូវ៉ា
ហើយទទួលបានសេចក្ដីសុចរិតពីព្រះនៃសេចក្ដីសង្គ្រោះរបស់ខ្លួន។
6នេះហើយ ជាជំនាន់របស់ពួកអ្នកដែលប្រឹងរកព្រះយេហូវ៉ា
និងជាជំនាន់របស់ពួកអ្នកដែលស្វែងរកព្រះភក្ត្ររបស់ព្រះនៃយ៉ាកុប។
សេឡា
7ខ្លោងទ្វារទាំងឡាយអើយ ចូរងើបក្បាលឡើង!
ទ្វារទាំងឡាយដ៏អស់កល្បជានិច្ចអើយ ចូរងើបឡើង
ដើម្បីឲ្យព្រះមហាក្សត្រនៃសិរីរុងរឿងយាងចូលមក!
8តើព្រះមហាក្សត្រនៃសិរីរុងរឿងនេះជានរណា?
គឺព្រះយេហូវ៉ាដ៏ខ្លាំងពូកែ និងដ៏មានព្រះចេស្ដា
គឺព្រះយេហូវ៉ាដ៏មានព្រះចេស្ដាក្នុងចម្បាំង។
9ខ្លោងទ្វារទាំងឡាយអើយ ចូរងើបក្បាលឡើង!
ទ្វារទាំងឡាយដ៏អស់កល្បជានិច្ចអើយ ចូរងើបឡើង
ដើម្បីឲ្យព្រះមហាក្សត្រនៃសិរីរុងរឿងយាងចូលមក!
10តើព្រះមហាក្សត្រនៃសិរីរុងរឿងនេះជានរណា?
គឺព្រះយេហូវ៉ានៃពលបរិវារ
ព្រះអង្គហើយ ជាព្រះមហាក្សត្រនៃសិរីរុងរឿង៕
សេឡា
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 24: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative