ម៉ាថាយ 7

7
កុំវិនិច្ឆ័យគេ
1 “កុំ​វិនិច្ឆ័យ​គេ ក្រែងលោ​អ្នករាល់គ្នា​ត្រូវបាន​វិនិច្ឆ័យ​វិញ​។ 2ដ្បិត​អ្នករាល់គ្នា​នឹង​ត្រូវបាន​វិនិច្ឆ័យ តាម​ការវិនិច្ឆ័យ​ដែល​អ្នករាល់គ្នា​វិនិច្ឆ័យ​គេ ហើយ​អ្នករាល់គ្នា​នឹង​ត្រូវបាន​វាល់​ឲ្យ តាម​រង្វាល់​ដែល​អ្នករាល់គ្នា​វាល់​ឲ្យ​គេ​។ 3ហេតុអ្វីបានជា​អ្នក​មើលឃើញ​កម្ទេច​នៅក្នុង​ភ្នែក​របស់​បងប្អូន​អ្នក ប៉ុន្តែ​មិន​ចាប់អារម្មណ៍​នឹង​ធ្នឹម​នៅក្នុង​ភ្នែក​ខ្លួនឯង​? 4ឬ​តើ​អ្នក​នឹង​និយាយ​ទៅ​បងប្អូន​របស់អ្នក​ថា​: ‘ឲ្យ​ខ្ញុំ​យក​កម្ទេច​ចេញ​ពី​ភ្នែក​របស់អ្នក’ យ៉ាងដូចម្ដេច​បាន​? មើល៍! មាន​ធ្នឹម​នៅក្នុង​ភ្នែក​របស់អ្នក​ហើយ​! 5មនុស្សមានពុត​អើយ! ចូរ​យក​ធ្នឹម​ចេញ​ពី​ភ្នែក​របស់អ្នក​ជាមុនសិន ទើប​អ្នក​នឹង​មើលឃើញច្បាស់ ដើម្បី​យក​កម្ទេច​ចេញ​ពី​ភ្នែក​របស់​បងប្អូន​អ្នក​។ 6កុំ​ឲ្យ​របស់​វិសុទ្ធ​ទៅ​ឆ្កែ ហើយក៏កុំ​បោះ​គ្រាប់​គជ់​នៅមុខ​ជ្រូក ក្រែងលោ​ពួកវា​ជាន់ឈ្លី​នឹង​ជើង ហើយ​ងាកមក​ខាំហែក​អ្នករាល់គ្នា​វិញ​។
ចូរបន្តសុំ
7 “ចូរ​បន្ត​សុំ នោះ​នឹង​ប្រទាន​ឲ្យ​អ្នករាល់គ្នា​; ចូរ​បន្ត​ស្វែងរក នោះ​អ្នករាល់គ្នា​នឹង​រកឃើញ​; ចូរ​បន្ត​គោះ នោះ​នឹង​បើក​ឲ្យ​អ្នករាល់គ្នា​។ 8ដ្បិត​អស់អ្នក​ដែល​សុំ​នឹង​ទទួលបាន​; អ្នក​ដែល​ស្វែងរក​នឹង​រកឃើញ​; អ្នក​ដែល​គោះ​នឹង​ត្រូវបាន​បើក​ឲ្យ​។ 9ក្នុងចំណោម​អ្នករាល់គ្នា បើ​កូន​របស់​ខ្លួន​សុំ​នំប៉័ង តើ​មាន​នរណា​បែរជា​ឲ្យ​ដុំថ្ម​ដល់​កូន​វិញ​ឬ​? 10ឬ​បើ​កូន​សុំ​ត្រី បែរជា​ឲ្យ​ពស់​ដល់​កូន​វិញ​ឬ​? 11ដូច្នេះ ប្រសិនបើ​អ្នករាល់គ្នា​ដែល​ជា​មនុស្ស​អាក្រក់ ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន​របស់ខ្លួន​ទៅហើយ ចុះទម្រាំ​ព្រះ​បិតា​របស់អ្នករាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌ តើ​ព្រះអង្គ​នឹង​ប្រទាន​របស់​ល្អ​ដល់​អ្នក​ដែល​ទូល​សុំ​ព្រះអង្គ​ជា​យ៉ាងណាទៅ​! 12ដោយហេតុនេះ អ្វីៗ​ទាំងអស់​ដែល​អ្នករាល់គ្នា​ចង់ឲ្យ​គេ​ប្រព្រឹត្ត​ដល់​អ្នករាល់គ្នា ចូរ​ប្រព្រឹត្ត​ដល់​គេ​យ៉ាងនោះ​ដែរ​។ ជាការពិត នេះ​ជា​សេចក្ដីបង្រៀន#7:12 សេចក្ដីបង្រៀន―ជាពាក្យជំនួយ។របស់​ក្រឹត្យវិន័យ និង​គម្ពីរ​ព្យាការី​។
ចូរចូលតាមទ្វារចង្អៀត
13 “ចូរ​ចូល​តាម​ទ្វារ​ចង្អៀត ដ្បិត​ទ្វារ​ធំ និង​ផ្លូវ​ទូលាយ នាំទៅ​រក​សេចក្ដីវិនាស ហើយ​មាន​មនុស្ស​ជាច្រើន​ចូល​តាម​នោះ​។ 14ទ្វារ​ដែល​នាំទៅ​រក​ជីវិត តូច​យ៉ាងណាហ្ន៎ ហើយ​ផ្លូវ​នោះ​ចង្អៀត​យ៉ាងណាហ្ន៎​!មាន​មនុស្ស​តិច​ទេ​ដែល​រក​វា​ឃើញ​។
15 “ចូរ​ប្រយ័ត្នប្រយែង​នឹង​ពួក​ព្យាការីក្លែងក្លាយ​។ ពួកគេ​មករក​អ្នករាល់គ្នា​ដោយ​ពាក់​រោមចៀម ប៉ុន្តែ​ខាងក្នុង​ពួកគេ​ជា​ចចក​ដ៏កាចសាហាវ​។ 16អ្នករាល់គ្នា​នឹង​សម្គាល់​ពួកគេ​បាន​ដោយ​ផលផ្លែ​របស់​ពួកគេ​។ តើ​គេ​ប្រមូល​ផ្លែទំពាំងបាយជូរ​ពី​គុម្ពបន្លា ឬ​ផ្លែល្វា​ពី​ដើមបន្លា​ឬ​? 17ដូច្នេះ អស់ទាំង​ដើមឈើ​ល្អ​បង្កើត​ផល​ល្អ រីឯ​ដើមឈើ​អាក្រក់​បង្កើត​ផល​អាក្រក់​; 18ដើមឈើ​ល្អ​មិនអាច​បង្កើត​ផល​អាក្រក់​បានទេ ហើយ​ដើមឈើ​អាក្រក់​ក៏មិន​អាច​បង្កើត​ផល​ល្អ​បាន​ដែរ​។ 19អស់ទាំង​ដើមឈើ​ដែល​មិន​បង្កើត​ផល​ល្អ នឹង​ត្រូវបាន​កាប់ចោល ហើយ​បោះទៅ​ក្នុង​ភ្លើង​។ 20ដោយហេតុនេះ អ្នករាល់គ្នា​នឹង​សម្គាល់​ពួកគេ​បាន​ដោយ​ផលផ្លែ​របស់​ពួកគេ​។
21 “មិនមែន​អស់អ្នកដែល​ហៅ​ខ្ញុំ​ថា ‘ព្រះអម្ចាស់ ព្រះអម្ចាស់’ នឹង​ចូលទៅ​ក្នុង​អាណាចក្រស្ថានសួគ៌​នោះ​ទេ គឺ​អ្នក​ដែល​ប្រព្រឹត្ត​តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ​បិតា​ខ្ញុំ ដែល​គង់នៅ​ស្ថានសួគ៌​វិញ​ទេតើ​។ 22នៅ​ថ្ងៃ​នោះ មនុស្ស​ជាច្រើន​នឹង​និយាយ​មក​ខ្ញុំ​ថា​: ‘ព្រះអម្ចាស់ ព្រះអម្ចាស់អើយ តើ​យើងខ្ញុំ​មិន​បាន​ថ្លែងព្រះបន្ទូល​ក្នុង​ព្រះនាម​របស់ព្រះអង្គ ដេញ​អារក្ស​ឲ្យចេញ​ក្នុង​ព្រះនាម​របស់ព្រះអង្គ និង​ធ្វើ​ការអស្ចារ្យ​ជាច្រើន​ក្នុង​ព្រះនាម​របស់ព្រះអង្គ​ទេ​ឬ​?’។ 23ពេលនោះ ខ្ញុំ​នឹង​ប្រកាសប្រាប់​ពួកគេ​ថា​: ‘យើង​មិនដែល​ស្គាល់​អ្នករាល់គ្នា​ទេ​។ពួក​អ្នក​ប្រព្រឹត្ត​អំពើឥតច្បាប់​អើយ ចូរ​ថយចេញ​ពី​យើង​ទៅ​!’។#7:23 《ទំនុកតម្កើង》 6:8។
គ្រឹះពីរយ៉ាង
24 “ដូច្នេះ អស់អ្នក​ដែល​ឮ​ពាក្យ​ទាំងនេះ​របស់ខ្ញុំ ហើយ​ប្រព្រឹត្តតាម អ្នកនោះ​ប្រៀបប្រដូច​នឹង​មនុស្ស​មានប្រាជ្ញា​ដែល​សាងសង់​ផ្ទះ​របស់​ខ្លួន​នៅលើ​ថ្មដា​។ 25ភ្លៀង​ក៏​បង្អុរចុះ ទឹក​ក៏​បុកមក ខ្យល់​ក៏​បក់បោក ហើយ​ប៉ះទង្គិច​នឹង​ផ្ទះ​នោះ ប៉ុន្តែ​វា​មិន​បាន​រលំ​ទេ ពីព្រោះ​ត្រូវបាន​ចាក់គ្រឹះ​នៅលើ​ថ្មដា​។ 26ផ្ទុយទៅវិញ អស់អ្នកដែល​ឮ​ពាក្យ​ទាំងនេះ​របស់ខ្ញុំ ហើយ​មិន​ប្រព្រឹត្តតាម អ្នកនោះ​ប្រៀបប្រដូច​នឹង​មនុស្ស​ល្ងង់​ដែល​សាងសង់​ផ្ទះ​របស់​ខ្លួន​នៅលើ​ដីខ្សាច់​។ 27ភ្លៀង​ក៏​បង្អុរចុះ ទឹក​ក៏​បុកមក ខ្យល់​ក៏​បក់បោក ហើយ​ប៉ះទង្គិច​នឹង​ផ្ទះ​នោះ វា​ក៏​រលំ​ទៅ ហើយ​ការរលំ​នោះ​សាហាវ​ណាស់”។
28នៅពេល​ព្រះយេស៊ូវ​បាន​បញ្ចប់​ព្រះបន្ទូល​ទាំងនេះ​ហើយ ហ្វូងមនុស្ស​ក៏​ស្ងើច​ចំពោះ​សេចក្ដីបង្រៀន​របស់​ព្រះអង្គ 29ពីព្រោះ​ព្រះអង្គ​ទ្រង់​បង្រៀន​ពួកគេ​ដូចជា​អ្នក​ដែល​មាន​សិទ្ធិអំណាច គឺ​មិន​ដូច​ពួក​គ្រូវិន័យ​របស់​ពួកគេ​ទេ៕

ទើបបានជ្រើសរើសហើយ៖

ម៉ាថាយ 7: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល