ម៉ាថាយ 5

5
ការបង្រៀននៅលើភ្នំ
1នៅពេល​ទត​ឃើញ​ហ្វូងមនុស្ស​ទាំងនេះ ព្រះយេស៊ូវ​ក៏​យាង​ឡើងទៅ​លើ​ភ្នំ​។ ក្រោយពី​ព្រះអង្គ​គង់ចុះ ពួក​សិស្ស​របស់​ព្រះអង្គ​ចូលមកជិត​ព្រះអង្គ 2ដូច្នេះ​ព្រះអង្គ​ក៏​បើក​ព្រះឱស្ឋ​បង្រៀន​ពួកគេ​ថា​៖
ព្រះពរទាំងប្រាំបី
3 “មានពរ​ហើយ អ្នក​ដែល​ក្រខ្សត់​ខាង​វិញ្ញាណ
ដ្បិត​អាណាចក្រស្ថានសួគ៌​ជា​របស់​ពួកគេ​។
4 មានពរ​ហើយ អ្នក​ដែល​កាន់ទុក្ខ
ដ្បិត​ពួកគេ​នឹង​ទទួល​ការ​សម្រាលទុក្ខ​។
5 មានពរ​ហើយ អ្នក​ដែល​បន្ទាបខ្លួន
ដ្បិត​ពួកគេ​នឹង​ទទួល​ផែនដីជាមរតក​។
6 មានពរ​ហើយ អ្នក​ដែល​ស្រេកឃ្លាន​សេចក្ដីសុចរិត
ដ្បិត​ពួកគេ​នឹង​បាន​ស្កប់ស្កល់​។
7 មានពរ​ហើយ អ្នក​ដែល​មានចិត្តមេត្តា
ដ្បិត​ពួកគេ​នឹង​ទទួលសេចក្ដីមេត្តា​វិញ​។
8 មានពរ​ហើយ អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ
ដ្បិត​ពួកគេ​នឹង​ឃើញ​ព្រះ​។
9 មានពរ​ហើយ អ្នក​ដែល​បង្កើតសន្តិភាព
ដ្បិត​ពួកគេ​នឹង​ត្រូវបាន​ហៅថា​កូនរបស់ព្រះ​។
10 មានពរ​ហើយ អ្នក​ដែល​ត្រូវគេ​បៀតបៀន​ដោយសារតែ​សេចក្ដីសុចរិត
ដ្បិត​អាណាចក្រស្ថានសួគ៌​ជា​របស់​ពួកគេ​។
11 “អ្នករាល់គ្នា​មានពរ​ហើយ នៅពេល​គេ​ត្មះតិះដៀល បៀតបៀន និង​និយាយ​អាក្រក់​គ្រប់យ៉ាង​ដោយ​ភូតភរ​ទាស់នឹង​អ្នករាល់គ្នា ដោយសារតែ​ខ្ញុំ​។ 12ចូរ​អរសប្បាយ ហើយ​ត្រេកអរយ៉ាង​ខ្លាំង​ចុះ ពីព្រោះ​រង្វាន់​របស់អ្នករាល់គ្នា​ធំ​ណាស់​នៅ​ស្ថានសួគ៌​។ ជាការពិត ពួកគេ​បាន​បៀតបៀន​បណ្ដា​ព្យាការី​ដែល​នៅ​មុន​អ្នករាល់គ្នា​យ៉ាងនោះដែរ​។
អ្នកជឿជាអំបិល និងពន្លឺ
13 “អ្នករាល់គ្នា​ជា​អំបិល​នៃ​ផែនដី​។ ប៉ុន្តែ​ប្រសិនបើ​អំបិល​បាត់រសជាតិ តើ​នឹង​ធ្វើឲ្យ​វា​ប្រៃឡើងវិញ​ដោយ​អ្វី​? វា​គ្មាន​ប្រយោជន៍​សម្រាប់​អ្វី​ទៀត​ទេ មានតែ​ត្រូវ​បោះចោល​ទៅ​ខាងក្រៅ ហើយ​ត្រូវ​មនុស្ស​ដើរជាន់​ប៉ុណ្ណោះ​។
14 “អ្នករាល់គ្នា​ជា​ពន្លឺ​នៃ​ពិភពលោក​។ ទីក្រុង​ដែល​ស្ថិតនៅ​លើ​ភ្នំ​មិនអាច​លាក់​បានឡើយ 15ក៏គ្មាន​អ្នកណា​អុជ​ចង្កៀង ហើយ​ដាក់​ក្រោម​ថាំង​ដែរ គឺ​គេ​ដាក់​លើ​ជើងចង្កៀង​វិញ ទើប​វា​បំភ្លឺ​អស់អ្នក​ដែល​នៅក្នុង​ផ្ទះ​។ 16ដូច្នេះ ចូរឲ្យ​ពន្លឺ​របស់អ្នករាល់គ្នា​ភ្លឺ​នៅមុខ​មនុស្ស​យ៉ាងនោះដែរ ដើម្បីឲ្យ​គេ​បាន​ឃើញ​អំពើល្អ​របស់អ្នករាល់គ្នា ហើយ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​បិតា​របស់អ្នករាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌​។
ព្រះគ្រីស្ទជាអ្នកបំពេញក្រឹត្យវិន័យ
17 “កុំ​គិត​ថា ខ្ញុំ​មក​ដើម្បី​លុបបំបាត់​ក្រឹត្យវិន័យ ឬ​គម្ពីរ​ព្យាការី​ឡើយ ខ្ញុំ​មក​មិនមែន​ដើម្បីលុបបំបាត់​ទេ គឺ​ដើម្បី​បំពេញឲ្យសម្រេច​វិញ​។ 18ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ទោះបីជា​ផ្ទៃមេឃ និងផែនដី​ផុតទៅ​ក៏ដោយ ក៏​គ្មាន​ក្បៀស​មួយ ឬ​បន្តក់​មួយ​ត្រូវ​ផុត​ពី​ក្រឹត្យវិន័យ​សោះឡើយ រហូតទាល់តែ​អ្វីៗ​ទាំងអស់​បាន​សម្រេច​។ 19ដូច្នេះ អ្នកណាក៏ដោយដែល​ល្មើស​បទបញ្ជា​មួយ​តូចបំផុត​ក្នុង​បទបញ្ជា​ទាំងនេះ ហើយ​បង្រៀន​គេ​ឲ្យធ្វើ​ដូច្នោះ អ្នកនោះ​នឹង​ត្រូវបាន​ហៅថា​អ្នក​តូចបំផុត​ក្នុង​អាណាចក្រស្ថានសួគ៌​។ ផ្ទុយទៅវិញ អ្នកណាក៏ដោយដែល​ប្រព្រឹត្តតាម ព្រមទាំង​បង្រៀន​បទបញ្ជា​ទាំងនេះ អ្នកនោះ​នឹង​ត្រូវបាន​ហៅថា​អ្នកធំ​ក្នុង​អាណាចក្រស្ថានសួគ៌​។ 20ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា លុះត្រាតែ​សេចក្ដីសុចរិត​របស់អ្នករាល់គ្នា លើស​ជាង​សេចក្ដីសុចរិត​របស់​ពួកគ្រូវិន័យ និងពួកផារិស៊ី ពុំនោះទេ អ្នករាល់គ្នា​ចូលទៅ​ក្នុង​អាណាចក្រស្ថានសួគ៌​មិន​បាន​សោះឡើយ​។
ឃាតកម្មចាប់ផ្ដើមពីក្នុងចិត្ត
21 “អ្នករាល់គ្នា​ធ្លាប់​ឮ​សេចក្ដី​ដែល​ត្រូវ​បាន​បង្គាប់​ដល់​មនុស្ស​សម័យបុរាណ​ថា​: ‘កុំ​សម្លាប់មនុស្ស​។ # 5:21 《និក្ខមនំ》 20:13; 《ទុតិយកថា》 5:17។ អ្នកណាក៏ដោយដែល​សម្លាប់មនុស្ស នឹង​ជួប​ការកាត់ទោស’។ 22ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អស់អ្នក​ដែល​ខឹង​នឹង​បងប្អូន​របស់​ខ្លួន#5:22 ឯកសារបុរាណខ្លះបន្ថែម “ដោយគ្មានហេតុផល”។នឹង​ជួប​ការ​កាត់ទោស ហើយ​អ្នកណាក៏ដោយដែល​ជេរ​បងប្អូន​របស់​ខ្លួន​ថា ‘អា​ល្ងង់’ នឹង​ជួប​ការកាត់ទោស​របស់​ក្រុមប្រឹក្សា រីឯ​អ្នកណាក៏ដោយដែល​ជេរថា ‘អា​ឆ្កួត’ នឹង​ជួប​ភ្លើង​នរក​។ 23ដូច្នេះ ប្រសិនបើ​អ្នក​យក​តង្វាយ​របស់អ្នក​មក​អាសនា ហើយនៅទីនោះ អ្នក​នឹកឃើញ​ថា បងប្អូន​របស់អ្នក​មាន​អ្វីមួយ​ទាស់នឹង​អ្នក 24ចូរ​ទុក​តង្វាយ​របស់អ្នក​នៅ​មុខ​អាសនា ហើយ​ទៅ​ផ្សះផ្សា​នឹង​បងប្អូន​របស់អ្នក​ជាមុនសិន រួច​សឹម​មក​ថ្វាយ​តង្វាយ​របស់អ្នក​វិញ​។ 25ចូរ​ស្រុះស្រួល​នឹង​គូវិវាទ​របស់អ្នក​ជាប្រញាប់ ខណៈដែល​នៅ​តាមផ្លូវ​ជាមួយ​អ្នកនោះ​នៅឡើយ ក្រែងលោ​គូវិវាទ​នោះ​ប្រគល់​អ្នក​ទៅ​ចៅក្រម ចៅក្រម​នឹង​ប្រគល់​អ្នក​ទៅ​តម្រួត ហើយ​អ្នក​នឹង​ជាប់គុក​។ 26ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នក​ថា អ្នក​ចេញ​ពីទីនោះ​មិនបានឡើយ រហូតទាល់តែ​អ្នក​បាន​សង​អស់ ទោះជា​មួយ​កូដ្រាន#5:26 កូដ្រាន―លុយកាក់ធ្វើពីលង្ហិនរបស់រ៉ូម៉ាំង។ 1កូដ្រាន=1/64នៃថ្លៃឈ្នួល1ថ្ងៃ។ចុងក្រោយ​។
ផិតក្បត់នៅក្នុងចិត្ត
27 “អ្នករាល់គ្នា​ធ្លាប់​ឮ​សេចក្ដី​ដែល​បាន​បង្គាប់​មក # 5:27 សេចក្ដី​ដែល​បាន​បង្គាប់​មក―ឯកសារបុរាណខ្លះថា “សេចក្ដី​ដែលត្រូវ​បាន​បង្គាប់ដល់មនុស្សសម័យ​បុរាណ”។ ថា​:‘កុំ​ផិតក្បត់’ # 5:27 《និក្ខមនំ》 20:14; 《ទុតិយកថា》 5:18។ 28ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អស់អ្នក​ដែល​មើល​ស្ត្រី​ដោយ​មានតណ្ហា​ចំពោះ​នាង បាន​ប្រព្រឹត្តអំពើផិតក្បត់​ជាមួយ​នាង​នៅក្នុង​ចិត្ត​របស់​ខ្លួន​រួចទៅហើយ​។ 29ប្រសិនបើ​ភ្នែក​ស្ដាំ​របស់អ្នក ធ្វើឲ្យ​អ្នក​ជំពប់ដួល ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះចោល​ទៅ​! ដ្បិត​ដែល​បាត់​អវយវៈ​មួយ​របស់អ្នក ប៉ុន្តែ​រូបកាយ​ទាំងមូល​មិន​ត្រូវ​ទម្លាក់​ទៅក្នុង​ស្ថាននរក ជាការប្រសើរជាង​សម្រាប់​អ្នក​។ 30ប្រសិនបើ​ដៃ​ស្ដាំ​របស់អ្នក ធ្វើឲ្យ​អ្នក​ជំពប់ដួល ចូរ​កាត់​វា​ចេញ ហើយ​បោះចោល​ទៅ​! ដ្បិត​ដែល​បាត់​អវយវៈ​មួយ​របស់អ្នក ប៉ុន្តែ​រូបកាយ​ទាំងមូល​មិន​ត្រូវ​ធ្លាក់​ទៅក្នុង​ស្ថាននរក ជាការប្រសើរជាង​សម្រាប់​អ្នក​។
ព្រមានអំពីការលែងលះ
31 “មាន​សេចក្ដី​ដែល​បាន​បង្គាប់​មក​ទៀត​ថា​:‘អ្នកណាក៏ដោយដែល​លែង​ប្រពន្ធ​របស់​ខ្លួន ត្រូវ​ប្រគល់​លិខិតលែងលះ​ដល់​នាង’ # 5:31 《ទុតិយកថា》 24:1។ 32ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អស់អ្នក​ដែល​លែង​ប្រពន្ធ​របស់​ខ្លួន កំពុង​ធ្វើឲ្យ​នាង​ទៅជា​មនុស្ស​ផិតក្បត់​ហើយ លើកលែងតែ​ក្នុង​ករណី​អំពើអសីលធម៌ខាងផ្លូវភេទ រីឯ​អ្នកណាក៏ដោយដែល​រៀបការ​ជាមួយ​ស្ត្រី​ប្ដីលែង អ្នកនោះ​ក៏​កំពុង​ផិតក្បត់​ដែរ​។
និយាយការពិត
33 “មួយវិញទៀត អ្នករាល់គ្នា​ធ្លាប់​ឮ​សេចក្ដី​ដែល​បាន​បង្គាប់​ដល់​មនុស្ស​សម័យបុរាណ​ថា​:‘កុំ​ស្បថដោយកុហក​។ ចូរ​ធ្វើតាម​ពាក្យសម្បថ​របស់អ្នក​ចំពោះ​ព្រះអម្ចាស់’ # 5:33 《លេវីវិន័យ》 19:12; 《ជនគណនា》 30:2; 《ទុតិយកថា》 23:21។ 34ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា កុំ​ស្បថ​ឲ្យសោះ​។ កុំ​ស្បថ​ដោយ​អាង​មេឃ ពីព្រោះ​មេឃ​ជា​បល្ល័ង្ក​របស់​ព្រះ​; 35កុំ​ស្បថ​ដោយ​អាង​ផែនដី ពីព្រោះ​ផែនដី​ជា​កំណល់​ព្រះបាទា​របស់​ព្រះ​; កុំ​ស្បថ​ដោយ​អាង​យេរូសាឡិម ពីព្រោះ​យេរូសាឡិម​ជា​ក្រុង​របស់​ស្ដេច​ដ៏ធំឧត្ដម​; 36កុំ​ស្បថ​ដោយ​អាង​ក្បាល​របស់អ្នក ពីព្រោះ​អ្នក​មិនអាច​ធ្វើឲ្យ​សក់​មួយ​សរសៃ​ទៅជា​ស ឬ​ខ្មៅ​បានឡើយ​។ 37ចូរ​ឲ្យ​ពាក្យសម្ដី​របស់អ្នករាល់គ្នា​ជា ‘មែន’ គឺ ‘មែន’; ‘ទេ’ គឺ ‘ទេ’។ អ្វី​ដែល​លើស​ពី​នេះ គឺ​មកពី​មេអាក្រក់​។
ចូរធ្វើល្អតបនឹងការអាក្រក់
38 “អ្នករាល់គ្នា​ធ្លាប់​ឮ​សេចក្ដី​ដែល​បាន​បង្គាប់​មក​ថា​:‘ភ្នែក​សម្រាប់​ភ្នែក ធ្មេញ​សម្រាប់​ធ្មេញ’ # 5:38 《និក្ខមនំ》 21:24; 《លេវីវិន័យ》 24:20; 《ទុតិយកថា》 19:21។ 39ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា កុំ​តទល់​នឹង‍មនុស្ស​អាក្រក់​ឡើយ​។ ផ្ទុយទៅវិញ បើ​មាន​អ្នកណា​ទះកំផ្លៀង​ស្ដាំ​របស់អ្នក ចូរ​បែរ​ម្ខាងទៀត​ឲ្យ​គេ​ផង​; 40ចំពោះ​អ្នក​ដែល​ចង់​ប្ដឹង​យក​អាវខាងក្នុង​របស់អ្នក ចូរ​ឲ្យ​ទាំង​អាវវែង​ដល់​គេ​ផង​; 41បើ​មាន​អ្នកណា​បង្ខំ​អ្នក​ឲ្យទៅ​មួយ​ម៉ៃល៍#5:41 មួយ​ម៉ៃល៍―1ម៉ៃល៍=1,500ម៉ែត្រ។​ចូរ​ទៅ​ពីរ​ម៉ៃល៍​ជាមួយ​គេ​ចុះ​; 42ចូរ​ឲ្យ​ដល់​អ្នក​ដែល​សុំ​អ្នក ហើយ​កុំ​បែរចេញ​ពី​អ្នក​ដែល​ចង់​ខ្ចី​ពី​អ្នក​ឡើយ​។
ស្រឡាញ់ខ្មាំងសត្រូវ
43 “អ្នករាល់គ្នា​ធ្លាប់​ឮ​សេចក្ដី​ដែល​បាន​បង្គាប់​មក​ថា​: ‘ត្រូវ​ស្រឡាញ់​អ្នកជិតខាង​របស់អ្នក # 5:43 《លេវីវិន័យ》 19:18។ ហើយ​ស្អប់​ខ្មាំងសត្រូវ​របស់អ្នក’។ 44ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចូរ​ស្រឡាញ់​ខ្មាំងសត្រូវ​របស់អ្នករាល់គ្នា#5:44 ឯកសារបុរាណខ្លះបន្ថែម “ឲ្យពរដល់អ្នកដែលដាក់បណ្ដាសាអ្នករាល់គ្នា ធ្វើល្អដល់អ្នកដែលស្អប់អ្នករាល់គ្នា”។ហើយ​អធិស្ឋាន​សម្រាប់​អ្នក​ដែល​បៀតបៀន#5:44 ឯកសារបុរាណខ្លះថា “មួលបង្កាច់ និងបៀតបៀន”។អ្នករាល់គ្នា 45ដើម្បីឲ្យ​អ្នករាល់គ្នា​ទៅជា​កូន​របស់​ព្រះ​បិតា​ដែល​គង់នៅ​ស្ថានសួគ៌​។ ដ្បិត​ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ថ្ងៃរះឡើង​ទាំង​លើ​មនុស្ស​អាក្រក់ និង​មនុស្ស​ល្អ ហើយ​បង្អុរភ្លៀង​ទាំង​លើ​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត​ផង​។ 46តាមពិត ប្រសិនបើ​អ្នករាល់គ្នា​ស្រឡាញ់​អ្នក​ដែល​ស្រឡាញ់​អ្នករាល់គ្នា តើ​អ្នករាល់គ្នា​នឹង​បាន​រង្វាន់​អ្វី? សូម្បីតែ​ពួក​អ្នកទារពន្ធ​ក៏​មិន​ធ្វើ​ដូច្នោះ​ដែរ​ទេ​ឬ​? 47ប្រសិនបើ​អ្នករាល់គ្នា​ជម្រាបសួរ​តែ​បងប្អូន​របស់ខ្លួន​ប៉ុណ្ណោះ តើ​អ្នករាល់គ្នា​បាន​ធ្វើ​អ្វី​ពិសេស​? សូម្បីតែ​ពួក​សាសន៍ដទៃ#5:47 សាសន៍​ដទៃ―ឯកសារបុរាណខ្លះថា “អ្នកទារពន្ធ”។ក៏​មិន​ធ្វើ​ដូច្នោះ​ដែរ​ទេ​ឬ​? 48ដូច្នេះ អ្នករាល់គ្នា​គួរតែ​បាន​គ្រប់លក្ខណ៍ ដូចដែល​ព្រះ​បិតា​សួគ៌​របស់អ្នករាល់គ្នា​គ្រប់លក្ខណ៍​ដែរ​។

ទើបបានជ្រើសរើសហើយ៖

ម៉ាថាយ 5: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល