ម៉ាថាយ 2
2
ពួកហោរាចារ្យសួរសុខទុក្ខស្ដេចថ្មី
1បន្ទាប់ពីព្រះយេស៊ូវប្រសូតនៅបេថ្លេហិមក្នុងយូឌា នាសម័យព្រះបាទហេរ៉ូឌ មើល៍! មានពួកហោរាចារ្យពីទិសខាងកើតបានមកដល់យេរូសាឡិម 2សួរថា៖ “តើព្រះអង្គដែលប្រសូតមក ជាស្ដេចនៃជនជាតិយូដាគង់នៅឯណា? ព្រោះថាកាលនៅទិសខាងកើត យើងបានឃើញផ្កាយរបស់ព្រះអង្គ ដូច្នេះយើងក៏មកថ្វាយបង្គំព្រះអង្គ”។
3នៅពេលព្រះបាទហេរ៉ូឌបានឮដូច្នេះ ទ្រង់មានអំពល់ ហើយអ្នកយេរូសាឡិមទាំងមូលក៏មានអំពល់ជាមួយទ្រង់ដែរ។ 4ស្ដេចបានកោះប្រជុំអស់ទាំងនាយកបូជាចារ្យ និងគ្រូវិន័យរបស់ប្រជាជន ហើយសួរពួកគេអំពីកន្លែងដែលព្រះគ្រីស្ទប្រសូត។
5ពួកគេទូលស្ដេចថា៖ “នៅបេថ្លេហិមក្នុងយូឌា។ ដ្បិតមានសរសេរទុកមកតាមរយៈព្យាការីដូច្នេះថា:
6‘បេថ្លេហិមក្នុងដែនដីរបស់យូដាអើយ!
អ្នកមិនតូចជាងគេក្នុងបណ្ដាចៅហ្វាយនៃយូដាសោះឡើយ
ដ្បិតនឹងមានអ្នកដឹកនាំម្នាក់ចេញមកពីអ្នក
លោកនឹងឃ្វាលអ៊ីស្រាអែលប្រជារាស្ត្ររបស់យើង’#2:6 《មីកា》 5:2។”។
7ពេលនោះ ហេរ៉ូឌបានហៅហោរាចារ្យទាំងនោះមកដោយសម្ងាត់ ហើយសាកសួរពួកគេអំពីពេលវេលាដែលផ្កាយនោះបានលេចមក។ 8បន្ទាប់មក ស្ដេចចាត់ពួកគេឲ្យទៅបេថ្លេហិម ដោយមានរាជឱង្ការថា៖ “ចូរទៅសួរឲ្យច្បាស់អំពីព្រះកុមារនោះចុះ។ កាលណារកឃើញហើយ ចូររាយការណ៍មកយើង ដើម្បីឲ្យយើងទៅថ្វាយបង្គំដែរ”។
9ក្រោយពីទទួលរាជឱង្ការពីស្ដេចហើយ ពួកគេក៏ចាកចេញទៅ។ ពេលនោះ មើល៍! ផ្កាយដែលពួកគេបានឃើញនៅទិសខាងកើតនោះនាំមុខពួកគេ រហូតមកឈប់នៅលើកន្លែងដែលព្រះកុមារគង់នៅ។ 10នៅពេលឃើញផ្កាយនោះ ពួកគេក៏មានអំណរអរសប្បាយយ៉ាងខ្លាំងក្រៃលែង។ 11ពួកគេចូលទៅក្នុងផ្ទះ ឃើញព្រះកុមារនៅជាមួយម៉ារាម្ដាយរបស់ព្រះអង្គ ក៏ក្រាបថ្វាយបង្គំព្រះអង្គ រួចពួកគេបើកហិបរតនសម្បត្តិរបស់ពួកគេ ថ្វាយតង្វាយជាមាស កំញាន និងជ័រល្វីងទេស ដល់ព្រះអង្គ។ 12បន្ទាប់មក ពួកគេត្រូវព្រះដាស់តឿនក្នុងយល់សប្តិ មិនឲ្យត្រឡប់ទៅរកហេរ៉ូឌវិញឡើយ ពួកគេក៏ចាកចេញទៅស្រុករបស់ខ្លួនតាមផ្លូវមួយផ្សេងទៀត។
រត់គេចទៅអេហ្ស៊ីប
13ក្រោយពីហោរាចារ្យទាំងនោះបានចាកចេញទៅហើយ មើល៍! មានទូតសួគ៌របស់ព្រះអម្ចាស់លេចមកដល់យ៉ូសែបក្នុងយល់សប្តិ ហើយនិយាយថា៖ “ចូរក្រោកឡើង នាំព្រះកុមារ និងម្ដាយរបស់ព្រះអង្គ រត់គេចទៅអេហ្ស៊ីបទៅ ហើយចូរនៅទីនោះរហូតដល់យើងប្រាប់អ្នក ពីព្រោះហេរ៉ូឌរៀបនឹងរកបំផ្លាញជីវិតព្រះកុមារហើយ”។ 14យ៉ូសែបក៏ក្រោកឡើង នាំព្រះកុមារ និងម្ដាយរបស់ព្រះអង្គ ចាកចេញទៅអេហ្ស៊ីបទាំងយប់ 15ហើយរស់នៅទីនោះរហូតដល់ហេរ៉ូឌសោយទិវង្គត ដើម្បីឲ្យសេចក្ដីដែលព្រះអម្ចាស់មានបន្ទូលតាមរយៈព្យាការីត្រូវបានបំពេញឲ្យសម្រេច ដែលថា:“យើងបានហៅបុត្ររបស់យើងចេញពីអេហ្ស៊ីបមក”#2:15 《ហូសេ》 11:1។។
សម្លាប់រង្គាលក្មេងតូច
16នៅពេលហេរ៉ូឌឃើញថាខ្លួនចាញ់បោកហោរាចារ្យទាំងនោះ ទ្រង់ក៏ខ្ញាល់យ៉ាងខ្លាំង ហើយចាត់គេឲ្យទៅ សម្លាប់ក្មេងប្រុសទាំងអស់ដែលនៅបេថ្លេហិម និងតំបន់ទាំងអស់ជុំវិញបេថ្លេហិម ចាប់ពីអាយុពីរឆ្នាំចុះក្រោម យោងតាមពេលវេលាដែលទ្រង់បានសាកសួរពីពួកហោរាចារ្យ។ 17ពេលនោះ សេចក្ដីដែលបានថ្លែងមកតាមរយៈព្យាការីយេរេមាត្រូវបានបំពេញឲ្យសម្រេច ដែលថា:
18 “មានឮសំឡេងពីរ៉ាម៉ា
ជាសំឡេងទំនួញ # 2:18 សំឡេងទំនួញ―ឯកសារបុរាណខ្លះថា “សំឡេងយំសោក សំឡេងទំនួញ”។ និងសំឡេងទុក្ខព្រួយយ៉ាងខ្លាំង។
រ៉ាជែលកំពុងយំសោកនឹងកូនៗរបស់នាង
នាងមិនព្រមទទួលការសម្រាលទុក្ខឡើយ
ដ្បិតពួកគេមិននៅទៀតទេ” # 2:18 《យេរេមា》 31:15។ ។
តាំងទីលំនៅនៅណាសារ៉ែត
19ក្រោយពីហេរ៉ូឌសោយទិវង្គតហើយ មើល៍! មានទូតសួគ៌របស់ព្រះអម្ចាស់លេចមកដល់យ៉ូសែបក្នុងយល់សប្តិនៅអេហ្ស៊ីប 20ហើយនិយាយថា៖ “ចូរក្រោកឡើង នាំព្រះកុមារ និងម្ដាយរបស់ព្រះអង្គទៅដែនដីអ៊ីស្រាអែលវិញចុះ ដ្បិតពួកអ្នកដែលចង់យកជីវិតព្រះកុមារ បានស្លាប់អស់ហើយ”។ 21យ៉ូសែបក៏ក្រោកឡើង នាំព្រះកុមារ និងម្ដាយរបស់ព្រះអង្គចូលទៅដែនដីអ៊ីស្រាអែលវិញ។ 22ប៉ុន្តែនៅពេលឮថាអើខេឡោសសោយរាជ្យនៅយូឌាជំនួសហេរ៉ូឌបិតារបស់ទ្រង់ យ៉ូសែបមិនហ៊ានទៅទីនោះទេ។ ពេលត្រូវព្រះដាស់តឿនក្នុងយល់សប្តិ គាត់ក៏ចាកចេញទៅតំបន់កាលីឡេវិញ 23គឺទៅដល់ទីក្រុងមួយដែលគេហៅថាណាសារ៉ែត ហើយរស់នៅទីនោះ ដើម្បីឲ្យសេចក្ដីដែលបានថ្លែងមកតាមរយៈបណ្ដាព្យាការីត្រូវបានបំពេញឲ្យសម្រេច ដែលថា: “ព្រះអង្គនឹងត្រូវគេហៅថា អ្នកណាសារ៉ែត”៕
ទើបបានជ្រើសរើសហើយ៖
ម៉ាថាយ 2: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative