ម៉ាឡាគី 3

3
1ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “មើល៍! យើង​ចាត់​ទូត​របស់យើង​ឲ្យទៅ ដែល​នឹង​រៀបចំ​ផ្លូវ​នៅមុខ​យើង​។ ព្រះអម្ចាស់​ដែល​អ្នករាល់គ្នា​ស្វែងរក នឹង​យាង​ចូលមក​ក្នុង​ព្រះវិហារ​របស់ព្រះអង្គ​ក្នុងមួយរំពេច​។ រីឯ​ទូត​នៃ​សម្ពន្ធមេត្រី​ដែល​អ្នករាល់គ្នា​ចង់បាន​នោះ មើល៍! កំពុង​យាង​មក​ហើយ”។ 2ប៉ុន្តែ​នៅ​ថ្ងៃ​ដែល​ព្រះអង្គ​យាង​មក តើ​នរណា​អាច​ទ្រាំ​បាន​? នៅពេល​ព្រះអង្គ​លេចមក តើ​នរណា​អាច​នៅឈរ​បាន​? ដ្បិត​ព្រះអង្គ​ប្រៀបដូចជា​ភ្លើង​របស់​ជាងទង និង​ដូចជា​សាប៊ូ​របស់​អ្នក​បោកគក់​។ 3ព្រះអង្គ​នឹង​គង់ចុះ​ដូចជា​ជាងទង និង​ដូចជា​អ្នក​ជម្រះ​ប្រាក់ ហើយ​ព្រះអង្គ​នឹង​ជម្រះ​កូនចៅ​លេវី គឺ​បន្សុទ្ធ​ពួកគេ​ដូច​បន្សុទ្ធ​មាស និង​ប្រាក់ នោះ​ពួកគេ​នឹង​ថ្វាយ​តង្វាយ​ដល់​ព្រះយេហូវ៉ា​ដោយ​សេចក្ដីសុចរិត​។ 4ធ្វើដូច្នេះ ទើប​តង្វាយ​របស់​យូដា និង​យេរូសាឡិម​នឹង​បាន​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះយេហូវ៉ា ដូច​កាលពីដើម និង​ដូច​កាលពីបុរាណ​។
5ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “ដូច្នេះ យើង​នឹង​ចូលមកជិត​អ្នករាល់គ្នា​ដើម្បី​ជំនុំជម្រះ​។ យើង​នឹង​ធ្វើជា​សាក្សី​ដ៏រហ័សរហួន ទាស់នឹង​ពួក​គ្រូធ្មប់ ទាស់នឹង​មនុស្ស​ផិតក្បត់ ទាស់នឹង​ពួកអ្នក​ស្បថ​ដោយ​កុហក ទាស់នឹង​ពួកអ្នកដែល​សង្កត់សង្កិន​លើ​ថ្លៃឈ្នួល​របស់​កូនឈ្នួល ស្ត្រីមេម៉ាយ និង​កូនកំព្រា ព្រមទាំង​ទាស់នឹង​ពួកអ្នកដែល​បង្វែរ​ជនអន្តោប្រវេសន៍​ចេញ​ដោយ​មិន​កោតខ្លាច​យើង​ផង​។ 6ដ្បិត​យើង​ជា​យេហូវ៉ា យើង​មិន​ប្រែប្រួល​ទេ ដូច្នេះ​កូនចៅ​យ៉ាកុប​អើយ អ្នករាល់គ្នា​មិន​វិនាស​ឡើយ”។
ប្លន់ព្រះ
7ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “តាំងពី​គ្រា​ដូនតា​របស់អ្នករាល់គ្នា អ្នករាល់គ្នា​បាន​បែរចេញ​ពី​បទបញ្ញត្តិ​របស់យើង ហើយ​មិន​បាន​កាន់តាម​ទេ​។ ចូរ​ត្រឡប់មក​ឯ​យើង​វិញ នោះ​យើង​នឹង​ត្រឡប់មក​ឯ​អ្នករាល់គ្នា​វិញ​ដែរ​។ ប៉ុន្តែ​អ្នករាល់គ្នា​សួរថា​: ‘តើ​ឲ្យ​យើងខ្ញុំ​ត្រឡប់មកវិញ​យ៉ាងដូចម្ដេច​?’។ 8តើ​មនុស្ស​អាច​ប្លន់​ព្រះ​បាន​ឬ​? ប៉ុន្តែ​អ្នករាល់គ្នា​បាន​ប្លន់​យើង​ហើយ រួច​សួរថា​: ‘តើ​យើងខ្ញុំ​បាន​ប្លន់​ព្រះអង្គ​យ៉ាងដូចម្ដេច​?’។ គឺដោយ​តង្វាយមួយភាគដប់ និង​តង្វាយលើកឡើង​នោះឯង​។ 9អ្នករាល់គ្នា​ត្រូវបណ្ដាសា​ដោយ​បណ្ដាសា​ហើយ ពីព្រោះ​អ្នករាល់គ្នា គឺ​ប្រជាជាតិ​ទាំងមូល​បាន​ប្លន់​យើង”។
10ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “ចូរ​នាំ​តង្វាយមួយភាគដប់​ទាំងអស់​មក​ក្នុង​ឃ្លាំងដំណាក់ ដើម្បីឲ្យ​មាន​ស្បៀងអាហារ​នៅក្នុង​ដំណាក់​របស់យើង រួច​ល្បងល​យើង​ក្នុង​ការនេះ​ចុះ ថា​តើ​យើង​មិន​បើក​បង្អួច​នៃ​មេឃ​ឲ្យ​អ្នករាល់គ្នា ហើយ​បង្ហូរ​ពរ​មកលើ​អ្នករាល់គ្នា​រហូតដល់​គ្មានកន្លែងល្មមទុកបាន ឬយ៉ាងណា”។
11ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “យើង​នឹង​ស្ដីបន្ទោស​សត្វ​ដែល​ស៊ីបំផ្លាញ​ដោយយល់ដល់​អ្នករាល់គ្នា ដើម្បី​កុំឲ្យ​វា​បំផ្លាញ​ភោគផល​នៃ​ទឹកដី​របស់​អ្នករាល់គ្នា​ឡើយ ក៏​កុំឲ្យ​ដើមទំពាំងបាយជូរ​ក្នុង​ចម្ការ​របស់​អ្នករាល់គ្នា​ជ្រុះផ្លែ​ដែរ​។ 12គ្រានោះ ប្រជាជាតិ​ទាំងអស់​នឹង​ហៅ​អ្នករាល់គ្នា​ថាមានពរ ដ្បិត​អ្នករាល់គ្នា​នឹង​បានជា​ទឹកដី​ដ៏សប្បាយ”។ ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ហើយ​។
មនុស្សសុចរិត និងមនុស្សអាក្រក់
13ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “ពាក្យសម្ដី​របស់អ្នករាល់គ្នា​បាន​ទាស់នឹង​យើង​យ៉ាងខ្លាំង ប៉ុន្តែ​អ្នករាល់គ្នា​សួរថា​: ‘តើ​យើងខ្ញុំ​បាន​និយាយ​អ្វី​ទាស់នឹង​ព្រះអង្គ​?’។ 14អ្នករាល់គ្នា​ពោលថា​: ‘ការ​បម្រើ​ព្រះ​ជា​ការឥតប្រយោជន៍​ទេ​។ ដែល​ពួកយើង​កាន់តាម​សេចក្ដីបង្គាប់​របស់ព្រះអង្គ ហើយ​ដើរ​ទាំង​កាន់ទុក្ខ​នៅចំពោះ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ដូច្នេះ តើ​ចំណេញ​អ្វី​? 15ដូច្នេះ​ឥឡូវនេះ ពួកយើង​នឹង​ហៅ​មនុស្ស​ក្អេងក្អាង​ថាមានពរ​។ មនុស្ស​ធ្វើ​អាក្រក់​មិនត្រឹមតែ​រីកចម្រើន​ប៉ុណ្ណោះទេ គឺ​ពួកគេ​ល្បងល​ព្រះ ហើយ​រួចខ្លួន​ផង’”។
16ពេលនោះ អ្នកដែល​កោតខ្លាច​ព្រះយេហូវ៉ា​និយាយ​គ្នាទៅវិញទៅមក នោះ​ព្រះយេហូវ៉ា​ទ្រង់​ប្រុងស្ដាប់ ហើយ​បាន​ឮ រួច​មាន​សៀវភៅ​នៃ​ការរំលឹក​ត្រូវបាន​កត់ត្រាទុក​នៅចំពោះ​ព្រះអង្គ សម្រាប់​អ្នកដែល​កោតខ្លាច​ព្រះយេហូវ៉ា និង​អ្នកដែល​ឲ្យតម្លៃ​ព្រះនាម​របស់ព្រះអង្គ​។ 17ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “នៅ​ថ្ងៃ​ដែល​យើង​រៀបចំ​កម្មសិទ្ធិដ៏មានតម្លៃ ពួកគេ​នឹង​ទៅជា​របស់​យើង ហើយ​យើង​នឹង​ប្រណី​ដល់​ពួកគេ ដូចដែល​មនុស្ស​ប្រណី​ដល់​កូន​របស់ខ្លួន ដែល​បម្រើ​ខ្លួន​ដែរ​។ 18គ្រានោះ អ្នករាល់គ្នា​នឹង​ឃើញ​ភាពខុសគ្នា​រវាង​មនុស្ស​សុចរិត និង​មនុស្ស​អាក្រក់​ម្ដងទៀត ព្រមទាំងភាពខុសគ្នា​រវាង​អ្នកដែល​បម្រើ​ព្រះ និង​អ្នកដែល​មិន​បម្រើ​ព្រះអង្គ”៕

ទើបបានជ្រើសរើសហើយ៖

ម៉ាឡាគី 3: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល