យ៉ូហាន 15
15
ដើមទំពាំងបាយជូរដ៏ពិត
1 “គឺខ្ញុំជាដើមទំពាំងបាយជូរដ៏ពិត ហើយព្រះបិតារបស់ខ្ញុំជាអ្នកថែចម្ការ។ 2អស់ទាំងមែកនៅជាប់នឹង#15:2 នៅជាប់នឹង―ឬ “នៅក្នុង”។ខ្ញុំដែលមិនបង្កើតផល ព្រះអង្គយកមែកនោះចេញ រីឯអស់ទាំងមែកដែលបង្កើតផល ព្រះអង្គលះមែកនោះ ដើម្បីឲ្យបង្កើតផលកាន់តែច្រើន។ 3អ្នករាល់គ្នាបានស្អាតរួចហើយ ដោយសារតែពាក្យដែលខ្ញុំបាននិយាយនឹងអ្នករាល់គ្នា។ 4ចូរស្ថិតនៅក្នុងខ្ញុំ នោះខ្ញុំក៏ស្ថិតនៅក្នុងអ្នករាល់គ្នាដែរ។ ដូចដែលមែកមិនអាចបង្កើតផលដោយឯកឯងបានឡើយ លុះត្រាតែនៅជាប់នឹងដើមទំពាំងបាយជូរ អ្នករាល់គ្នាក៏មិនអាចបង្កើតផលដូច្នោះបានដែរ លុះត្រាតែអ្នករាល់គ្នាស្ថិតនៅក្នុងខ្ញុំ។
5 “គឺខ្ញុំជាដើមទំពាំងបាយជូរ អ្នករាល់គ្នាជាមែក។ អ្នកដែលស្ថិតនៅក្នុងខ្ញុំ ហើយខ្ញុំស្ថិតនៅក្នុងអ្នកនោះ អ្នកនោះនឹងបង្កើតផលជាច្រើន ដ្បិតអ្នករាល់គ្នាមិនអាចធ្វើអ្វីដោយគ្មានខ្ញុំបានឡើយ។ 6ប្រសិនបើអ្នកណាមិនស្ថិតនៅក្នុងខ្ញុំទេ អ្នកនោះត្រូវបោះចោលទៅខាងក្រៅដូចជាមែក ហើយក្រៀមស្វិតទៅ។ គេប្រមូលមែកទាំងនោះបោះទៅក្នុងភ្លើង ហើយវាក៏ឆេះ។ 7ប្រសិនបើអ្នករាល់គ្នាស្ថិតនៅក្នុងខ្ញុំ ហើយពាក្យរបស់ខ្ញុំស្ថិតនៅក្នុងអ្នករាល់គ្នា ចូរទូលសុំអ្វីក៏ដោយដែលអ្នករាល់គ្នាចង់បានចុះ នោះនឹងបានសម្រេចដល់អ្នករាល់គ្នា។ 8ព្រះបិតារបស់ខ្ញុំបានទទួលការលើកតម្កើងសិរីរុងរឿងដោយសារតែការនេះ គឺការដែលអ្នករាល់គ្នាបង្កើតផលជាច្រើន និងការដែលអ្នករាល់គ្នាធ្វើជាសិស្សរបស់ខ្ញុំ។
ការស្រឡាញ់គ្នាទៅវិញទៅមក
9 “ដូចដែលព្រះបិតាស្រឡាញ់ខ្ញុំ ខ្ញុំក៏ស្រឡាញ់អ្នករាល់គ្នាដែរ។ ចូរស្ថិតនៅក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំចុះ។ 10ប្រសិនបើអ្នករាល់គ្នាកាន់តាមសេចក្ដីបង្គាប់របស់ខ្ញុំ អ្នករាល់គ្នានឹងស្ថិតនៅក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំ ដូចដែលខ្ញុំបានកាន់តាមសេចក្ដីបង្គាប់របស់ព្រះបិតាខ្ញុំ ហើយស្ថិតនៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះអង្គដែរ។
11 “ខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នាហើយ ដើម្បីឲ្យអំណររបស់ខ្ញុំបាននៅក្នុងអ្នករាល់គ្នា ហើយឲ្យអំណររបស់អ្នករាល់គ្នាត្រូវបានបំពេញ។ 12នេះជាសេចក្ដីបង្គាប់របស់ខ្ញុំ គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ដូចដែលខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ 13គ្មានអ្នកណាមានសេចក្ដីស្រឡាញ់ធំជាងនេះឡើយ គឺដែលម្នាក់លះបង់ជីវិតរបស់ខ្លួនសម្រាប់មិត្តសម្លាញ់របស់ខ្លួន។ 14អ្នករាល់គ្នាជាមិត្តសម្លាញ់របស់ខ្ញុំ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តតាមសេចក្ដីដែលខ្ញុំបង្គាប់អ្នករាល់គ្នា។ 15ខ្ញុំមិនហៅអ្នករាល់គ្នាជាបាវបម្រើទៀតទេ ពីព្រោះបាវបម្រើមិនដឹងអ្វីដែលចៅហ្វាយរបស់ខ្លួនធ្វើឡើយ ផ្ទុយទៅវិញ ខ្ញុំបានហៅអ្នករាល់គ្នាជាមិត្តសម្លាញ់ ពីព្រោះខ្ញុំឲ្យអ្នករាល់គ្នាដឹងអ្វីៗទាំងអស់ដែលខ្ញុំឮពីព្រះបិតារបស់ខ្ញុំហើយ។ 16អ្នករាល់គ្នាមិនបានជ្រើសរើសខ្ញុំទេ គឺខ្ញុំបានជ្រើសរើសអ្នករាល់គ្នាវិញ ព្រមទាំងតែងតាំងអ្នករាល់គ្នាដើម្បីឲ្យអ្នករាល់គ្នាទៅបង្កើតផល ហើយឲ្យផលរបស់អ្នករាល់គ្នានៅគង់វង្ស។ ដូច្នេះ អ្វីក៏ដោយដែលអ្នករាល់គ្នាទូលសុំព្រះបិតាក្នុងនាមរបស់ខ្ញុំ ព្រះអង្គនឹងប្រទានឲ្យអ្នករាល់គ្នា។ 17ខ្ញុំបង្គាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក។
ប្រាប់ជាមុនអំពីការបៀតបៀន
18 “ប្រសិនបើពិភពលោកស្អប់អ្នករាល់គ្នា ចូរដឹងថាគេបានស្អប់ខ្ញុំមុនអ្នករាល់គ្នាហើយ។ 19ប្រសិនបើអ្នករាល់គ្នាជារបស់ពិភពលោក ម្ល៉េះសមពិភពលោកបានស្រឡាញ់របស់ខ្លួនវា។ ប៉ុន្តែដោយសារអ្នករាល់គ្នាមិនមែនជារបស់ពិភពលោក គឺខ្ញុំបានជ្រើសរើសអ្នករាល់គ្នាចេញពីពិភពលោក ហេតុនេះហើយបានជាពិភពលោកស្អប់អ្នករាល់គ្នា។ 20ចូរនឹកចាំពាក្យដែលខ្ញុំបានប្រាប់អ្នករាល់គ្នាថា: ‘បាវបម្រើមិនធំជាងចៅហ្វាយរបស់ខ្លួនទេ’។ ប្រសិនបើគេបៀតបៀនខ្ញុំ គេនឹងបៀតបៀនអ្នករាល់គ្នាដែរ។ ប្រសិនបើគេកាន់តាមពាក្យរបស់ខ្ញុំ គេនឹងកាន់តាមពាក្យរបស់អ្នករាល់គ្នាដែរ។ 21ប៉ុន្តែគេនឹងប្រព្រឹត្តការទាំងអស់នេះដល់អ្នករាល់គ្នាដោយសារតែនាមរបស់ខ្ញុំ ពីព្រោះគេមិនបានស្គាល់ព្រះអង្គដែលចាត់ខ្ញុំឲ្យមកទេ។ 22ប្រសិនបើខ្ញុំមិនបានមក ហើយប្រាប់ពួកគេទេ នោះពួកគេគ្មានបាបឡើយ។ ប៉ុន្តែឥឡូវនេះ ពួកគេគ្មានពាក្យដោះសាអំពីបាបរបស់ពួកគេឡើយ។ 23អ្នកដែលស្អប់ខ្ញុំ ក៏ស្អប់ព្រះបិតារបស់ខ្ញុំដែរ។ 24ប្រសិនបើខ្ញុំមិនបានធ្វើកិច្ចការក្នុងចំណោមពួកគេ ជាកិច្ចការដែលគ្មានអ្នកណាផ្សេងបានធ្វើទេ ពួកគេគ្មានបាបឡើយ។ ប៉ុន្តែឥឡូវនេះ ពួកគេបានទាំងឃើញ ហើយទាំងស្អប់ខ្ញុំ និងព្រះបិតារបស់ខ្ញុំទៀត។ 25នេះគឺដើម្បីឲ្យពាក្យដែលមានសរសេរទុកមកក្នុងក្រឹត្យវិន័យរបស់ពួកគេត្រូវបានបំពេញឲ្យសម្រេច ដែលថា:‘ពួកគេបានស្អប់ខ្ញុំដោយគ្មានមូលហេតុ’។#15:25 《ទំនុកតម្កើង》 69:4។
ទីបន្ទាល់ និងការបដិសេធ
26 “នៅពេលព្រះជំនួយដែលខ្ញុំនឹងចាត់ពីព្រះបិតាឲ្យមកអ្នករាល់គ្នា គឺជាព្រះវិញ្ញាណនៃសេចក្ដីពិតដែលចេញមកពីព្រះបិតាបានយាងមក ព្រះអង្គនឹងធ្វើបន្ទាល់អំពីខ្ញុំ 27ហើយអ្នករាល់គ្នាក៏ធ្វើបន្ទាល់ដែរ ពីព្រោះអ្នករាល់គ្នានៅជាមួយខ្ញុំតាំងពីដំបូងមក។
ទើបបានជ្រើសរើសហើយ៖
យ៉ូហាន 15: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative