លោកុប្បត្តិ 48
48
យ៉ាកុបឲ្យពរអេប្រាអិម និងម៉ាណាសេ
1ក្រោយពីការទាំងនេះ មានគេប្រាប់យ៉ូសែបថា៖ “មើល៍! ឪពុករបស់លោកកំពុងឈឺ”។ គាត់ក៏យកកូនប្រុសទាំងពីររបស់គាត់ទៅជាមួយគាត់ គឺម៉ាណាសេ និងអេប្រាអិម។ 2មានគេប្រាប់យ៉ាកុបថា៖ “មើល៍! យ៉ូសែបកូនប្រុសរបស់លោកមកជួបលោក”។ អ៊ីស្រាអែលក៏ប្រមូលកម្លាំង ក្រោកអង្គុយនៅលើគ្រែ។
3យ៉ាកុបនិយាយនឹងយ៉ូសែបថា៖ “ព្រះដ៏មានព្រះចេស្ដាបានលេចមកដល់យើងនៅលូសក្នុងដែនដីកាណាន ហើយព្រះអង្គបានប្រទានពរយើង 4ដោយមានបន្ទូលថា: ‘មើល៍! យើងនឹងធ្វើឲ្យអ្នកចម្រើនឡើង ហើយកើនចំនួនឡើង។ យើងនឹងធ្វើឲ្យអ្នកទៅជាសហគមន៍នៃជាតិសាសន៍នានា ហើយប្រគល់ទឹកដីនេះដល់ពូជពង្សជំនាន់ក្រោយរបស់អ្នក ទុកជាកម្មសិទ្ធិដ៏អស់កល្បជានិច្ច’។ 5ឥឡូវនេះ កូនប្រុសទាំងពីររបស់ឯងដែលកើតមកដល់ឯងនៅដែនដីអេហ្ស៊ីប មុនយើងមកជួបឯងនៅអេហ្ស៊ីបនោះ ពួកគេជារបស់យើងវិញ។ អេប្រាអិម និងម៉ាណាសេជារបស់យើង ដូចរូបេន និងស៊ីម្មានដែរ។ 6ចំពោះកូនរបស់ឯងដែលឯងបង្កើតតាមក្រោយ ពួកគេជារបស់ឯង; ពួកគេនឹងត្រូវបានហៅតាមឈ្មោះរបស់ពួកបងប្រុសរបស់ពួកគេ នៅក្នុងចំណែកមរតករបស់ពួកគេ។ 7រីឯយើងវិញ កាលយើងមកពីប៉ាដាន់ យើងសោកស្ដាយដែលរ៉ាជែលបានស្លាប់ក្នុងដែនដីកាណានតាមផ្លូវដែលនៅតែឆ្ងាយបន្តិចពីអេប្រាតា ដូច្នេះយើងបានបញ្ចុះនាងនៅទីនោះ តាមផ្លូវទៅអេប្រាតា”។ (អេប្រាតាគឺបេថ្លេហិម)។
8នៅពេលអ៊ីស្រាអែលឃើញពួកកូនប្រុសរបស់យ៉ូសែប គាត់ក៏សួរថា៖ “តើអ្នកទាំងនេះជានរណា?”។
9យ៉ូសែបប្រាប់ឪពុកថា៖ “ទាំងនេះជាពួកកូនប្រុសរបស់ខ្ញុំដែលព្រះបានប្រទានដល់ខ្ញុំនៅទីនេះ”។
អ៊ីស្រាអែលនិយាយថា៖ “ចូរនាំពួកវាមកឯយើងមក៍! យើងនឹងឲ្យពរពួកវា”។ 10ភ្នែករបស់អ៊ីស្រាអែលស្រវាំងដោយសារតែអាយុច្រើន គាត់មើលមិនឃើញទេ។ ដូច្នេះ យ៉ូសែបនាំកូនទាំងនោះមកជិតគាត់ ហើយគាត់ក៏ថើបពួកគេ រួចឱបពួកគេ។ 11អ៊ីស្រាអែលនិយាយនឹងយ៉ូសែបថា៖ “យើងមិនដែលនឹកស្មានថានឹងបានឃើញមុខឯងទៀតឡើយ ប៉ុន្តែមើល៍! ព្រះបានឲ្យយើងឃើញទាំងកូនចៅរបស់ឯងទៀតផង!”។ 12រួចយ៉ូសែបយកពួកគេចេញពីភ្លៅរបស់អ៊ីស្រាអែល ហើយក្រាបមុខដល់ដី។
អេប្រាអិមទទួលពរធំជាងម៉ាណាសេ
13បន្ទាប់មក យ៉ូសែបយកពួកគេទាំងពីរចូលទៅជិតអ៊ីស្រាអែល គឺអេប្រាអិមដែលនៅខាងស្ដាំគាត់ ឲ្យទៅខាងឆ្វេងអ៊ីស្រាអែល ហើយម៉ាណាសេដែលនៅខាងឆ្វេងគាត់ ឲ្យទៅខាងស្ដាំអ៊ីស្រាអែល។ 14ប៉ុន្តែអ៊ីស្រាអែលលូកដៃស្ដាំរបស់គាត់ដាក់លើក្បាលរបស់អេប្រាអិមដែលជាប្អូន ហើយដាក់ដៃឆ្វេងរបស់គាត់លើក្បាលរបស់ម៉ាណាសេវិញ គឺគាត់បានខ្វែងដៃរបស់គាត់ ទោះបីម៉ាណាសេជាកូនច្បងក៏ដោយ។ 15អ៊ីស្រាអែលឲ្យពរយ៉ូសែបថា៖
“សូមឲ្យព្រះដែលអ័ប្រាហាំ និងអ៊ីសាកដូនតារបស់យើង បានដើរនៅចំពោះព្រះអង្គ
ជាព្រះដែលឃ្វាលយើងអស់មួយជីវិតរហូតដល់សព្វថ្ងៃនេះ
16ជាទូតដែលប្រោសលោះយើងពីអស់ទាំងការអាក្រក់
ប្រទានពរក្មេងប្រុសទាំងនេះ។
សូមឲ្យពួកគេត្រូវបានហៅតាមឈ្មោះរបស់យើង និងឈ្មោះរបស់ដូនតាយើង គឺអ័ប្រាហាំ និងអ៊ីសាក;
សូមឲ្យពួកគេកើនឡើងយ៉ាងច្រើននៅលើផ្ទៃផែនដី”។
17នៅពេលយ៉ូសែបឃើញថាឪពុកគាត់បានដាក់ដៃស្ដាំលើក្បាលរបស់អេប្រាអិម នោះគាត់មិនពេញចិត្តទេ ក៏ចាប់ដៃរបស់ឪពុកយកចេញពីលើក្បាលរបស់អេប្រាអិមទៅលើក្បាលរបស់ម៉ាណាសេវិញ។ 18យ៉ូសែបប្រាប់ឪពុកថា៖ “លោកឪពុកអើយ មិនមែនដូច្នេះទេ ដ្បិតនេះជាកូនច្បង! ត្រូវដាក់ដៃស្ដាំរបស់លោកឪពុកលើក្បាលរបស់វាវិញ”។
19ប៉ុន្តែឪពុករបស់គាត់មិនព្រម ហើយនិយាយថា៖ “យើងដឹងហើយ កូនអើយ យើងដឹងហើយ! វានឹងទៅជាជាតិសាសន៍មួយដែរ ហើយវានឹងបានជាធំដែរ យ៉ាងណាមិញ ប្អូនប្រុសរបស់វានឹងបានជាធំជាងវា ហើយពូជពង្សរបស់វានឹងទៅជាប្រជាជាតិដែលមានចំនួនច្រើន”។ 20នៅថ្ងៃនោះ អ៊ីស្រាអែលឲ្យពរពួកគេថា៖
“ជនជាតិអ៊ីស្រាអែលនឹងឲ្យពរដោយសម្អាងលើពួកឯងថា:
‘សូមព្រះធ្វើឲ្យអ្នកបានដូចជាអេប្រាអិម និងម៉ាណាសេ’”។
គឺយ៉ាងនេះឯងដែលគាត់ដាក់អេប្រាអិម មុនម៉ាណាសេ។
21អ៊ីស្រាអែលនិយាយនឹងយ៉ូសែបថា៖ “មើល៍! យើងជិតស្លាប់ហើយ ប៉ុន្តែព្រះនឹងគង់នៅជាមួយពួកឯង ហើយនាំពួកឯងត្រឡប់ទៅឯទឹកដីរបស់ដូនតាពួកឯងវិញ។ 22លើសពីនេះទៅទៀត យើងបានប្រគល់តំបន់ភ្នំមួយដល់ឯង ជាជាងបងប្អូនរបស់ឯង ជាដីដែលយើងបានដណ្ដើមយកពីដៃរបស់ជនជាតិអាម៉ូរីដោយដាវ និងធ្នូរបស់យើង”៕
ទើបបានជ្រើសរើសហើយ៖
លោកុប្បត្តិ 48: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative