លោកុប្បត្តិ 46

46
យ៉ាកុបចុះទៅអេហ្ស៊ីប
1អ៊ីស្រាអែល​ក៏​ចេញដំណើរ​ជាមួយ​អ្វីៗ​ទាំងអស់​ដែល​គាត់​មាន ហើយ​ទៅ​ដល់​បៀរ-សេបា រួច​គាត់​ថ្វាយ​យញ្ញបូជា​ដល់​ព្រះ​នៃ​អ៊ីសាក​ឪពុក​របស់គាត់​។ 2នៅ​យប់នោះ ព្រះ​មានបន្ទូល​នឹង​អ៊ីស្រាអែល​ក្នុង​និមិត្ត​ថា​៖ “យ៉ាកុប​! យ៉ាកុប​អើយ​!”។
គាត់​ទូលថា​៖ “មើល៍! ទូលបង្គំ​នៅទីនេះ”។
3ព្រះអង្គ​មានបន្ទូលថា​៖ “យើង​ជា​ព្រះ គឺ​ព្រះ​នៃ​ឪពុក​របស់អ្នក​។ កុំ​ខ្លាច​នឹង​ចុះទៅ​អេហ្ស៊ីប​ឡើយ ដ្បិត​យើង​នឹង​ធ្វើឲ្យ​អ្នក​ទៅជា​ប្រជាជាតិ​ដ៏ធំ​មួយ​នៅ​ទីនោះ​។ 4យើង​នឹង​ចុះទៅ​អេហ្ស៊ីប​ជាមួយ​អ្នក ហើយ​យើង​ក៏​នឹង​នាំ​អ្នក​ឡើងមកវិញជាប្រាកដ​ដែរ​។ រីឯ​ដៃ​របស់​យ៉ូសែប​នឹង​បិទ​ភ្នែក​របស់អ្នក”។
5បន្ទាប់មក យ៉ាកុប​ក្រោកឡើង​ចេញពី​បៀរ-សេបា ហើយ​ពួក​កូនប្រុស​របស់​អ៊ីស្រាអែល​ក៏​បញ្ជិះ​យ៉ាកុប​ឪពុក​របស់ពួកគេ កូន​ៗ​របស់ពួកគេ និង​ប្រពន្ធ​របស់ពួកគេ​លើ​រទេះ​ដែល​ផារ៉ោន​បាន​បញ្ជូនមក​ដើម្បីឲ្យ​គាត់​ជិះ​។ 6ពួកគេ​ក៏​យក​ហ្វូងសត្វ​របស់ពួកគេ និង​ទ្រព្យសម្បត្តិ​របស់ពួកគេ​ដែល​រកបាន​នៅ​ដែនដី​កាណាន ហើយ​ទៅ​អេហ្ស៊ីប​។ យ៉ាកុប និង​ពូជពង្ស​ទាំងអស់​របស់គាត់​ដែល​នៅជាមួយ​គាត់ 7គឺ​ពួក​កូនប្រុស​របស់គាត់ ពួក​ចៅប្រុស​របស់គាត់​ដែល​នៅជាមួយ​គាត់ ពួក​កូនស្រី​របស់គាត់ និង​ពួក​ចៅស្រី​របស់គាត់ ព្រមទាំង​ពូជពង្ស​ទាំងអស់​របស់គាត់ គាត់​នាំ​ទៅ​អេហ្ស៊ីប​ជាមួយ​គាត់​។
ក្រុមគ្រួសាររបស់យ៉ាកុប
8កូនចៅ​អ៊ីស្រាអែល​ដែល​ទៅ​អេហ្ស៊ីប គឺ​យ៉ាកុប និង​កូនចៅ​របស់គាត់ មាន​ឈ្មោះ​ដូចតទៅ​:
រូបេន​កូនច្បង​របស់​យ៉ាកុប
9ពួក​កូនប្រុស​របស់​រូបេន មាន​ហាណុក ប៉ាលូវ ហេស្រុន និង​កើមី​។
10ពួក​កូនប្រុស​របស់​ស៊ីម្មាន មាន​យេមូអែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និង​សូល​ដែលជា​កូន​របស់​ស្ត្រី​ជនជាតិកាណាន​។
11ពួក​កូនប្រុស​របស់​លេវី មាន​គើសុន កេហាត់ និង​ម្រ៉ារី​។
12ពួក​កូនប្រុស​របស់​យូដា មាន​អ៊ើរ អូណាន់ សេឡា ពេរេស និង​សេរ៉ាស ប៉ុន្តែ​អ៊ើរ និង​អូណាន់​បាន​ស្លាប់​នៅ​ដែនដី​កាណាន រីឯ​ពួក​កូនប្រុស​របស់​ពេរេស មាន​ហេស្រុន និង​ហាមុល​។
13ពួក​កូនប្រុស​របស់​អ៊ីសាខារ មាន​ថូឡា ពូវ៉ា យ៉ូប និង​ស៊ីមរ៉ុន​។
14ពួក​កូនប្រុស​របស់​សាប់យូឡូន មាន​សេរែត អេឡូន និង​យ៉ាលាល​។
15ទាំងនេះ​ជា​កូនចៅ​របស់​លេអា​ដែល​នាង​បាន​បង្កើត​ឲ្យ​យ៉ាកុប​នៅ​ប៉ាដាន់-អើរ៉ាម ព្រមទាំង​ឌីណា​កូនស្រី​របស់គាត់​ផង​។ កូនចៅប្រុសស្រី​ទាំងអស់​របស់គាត់ មាន ៣៣ នាក់​។
16ពួក​កូនប្រុស​របស់​កាដ មាន​សេផុន ហាក់គី ស៊ូនី អេសបូន អេរី អើរ៉ូត និង​អើរេលី​។
17ពួក​កូនប្រុស​របស់​អេស៊ើរ មាន​យីមណា យីសវ៉ា យីសវី និង​បេរា ព្រមទាំង​សេរ៉ា​ប្អូនស្រី​របស់ពួកគេ រីឯ​ពួក​កូនប្រុស​របស់​បេរា មាន​ហេប៊ើរ និង​ម៉ាលគាល​។
18ទាំងនេះ​ជា​កូនចៅ​របស់​ស៊ីលផា​ដែល​ឡាបាន់​បាន​ឲ្យ​នាង​ទៅ​លេអា​កូនស្រី​របស់គាត់​។ កូនចៅ​ដែល​នាង​បង្កើត​ឲ្យ​យ៉ាកុប មាន ១៦ នាក់​។
19ពួក​កូនប្រុស​របស់​រ៉ាជែល​ប្រពន្ធ​របស់​យ៉ាកុប មាន​យ៉ូសែប និង​បេនយ៉ាមីន​។
20រីឯ​ម៉ាណាសេ និង​អេប្រាអិម​កើតមក​ដល់​យ៉ូសែប​នៅ​ដែនដី​អេហ្ស៊ីប គឺ​អាសណាត់​កូនស្រី​របស់​ប៉ូទី-ផេរ៉ា​បូជាចារ្យ​នៃ​ក្រុង​អូន​បាន​បង្កើត​ឲ្យ​គាត់​។
21ពួក​កូនប្រុស​របស់​បេនយ៉ាមីន មាន​បេឡា បេគើរ អ័សបេល កេរ៉ា ណាម៉ាន់ អេហ៊ី រ៉ុស មូភីម ហ៊ូភីម និង​អើឌ​។
22ទាំងនេះ​ជា​កូនចៅ​របស់​រ៉ាជែល​ដែល​នាង​បាន​បង្កើត​ឲ្យ​យ៉ាកុប មាន​ទាំងអស់ ១៤ នាក់​។
23កូនប្រុស​របស់​ដាន់ មាន​ហ៊ូស៊ីម​។
24ពួក​កូនប្រុស​របស់​ណែបថាលី មាន​យ៉ាស៊ាល គូនី យេស៊ើរ និង​ស៊ីលិម​។
25ទាំងនេះ​ជា​កូនចៅ​របស់​ប៊ីលហា​ដែល​ឡាបាន់​ឲ្យ​នាង​ទៅ​រ៉ាជែល​កូនស្រី​របស់គាត់​។ កូនចៅ​ដែល​នាង​បង្កើត​ឲ្យ​យ៉ាកុប មាន​ទាំងអស់ ៧ នាក់​។
26មនុស្ស​ទាំងអស់​ដែល​ទៅ​អេហ្ស៊ីប​ជាមួយ​យ៉ាកុប ដែល​ជា​ពូជពង្សផ្ទាល់​របស់គាត់ មាន​ទាំងអស់ ៦៦ នាក់ ដោយមិនរាប់​ប្រពន្ធ​របស់​ពួក​កូនប្រុស​យ៉ាកុប​ទេ 27រីឯ​ពួក​កូនប្រុស​របស់​យ៉ូសែប​ដែល​កើតមក​ដល់​គាត់​នៅ​អេហ្ស៊ីប មាន ២ នាក់​។ ដូច្នេះ ចំនួន​សរុប​នៃ​មនុស្សពី​អ្នកផ្ទះ​របស់​យ៉ាកុប​ដែល​ទៅ​អេហ្ស៊ីប​នោះ មាន ៧០ នាក់​។
យ៉ាកុបមកដល់អេហ្ស៊ីប
28យ៉ាកុប​ចាត់​យូដា​ឲ្យទៅ​ខាងមុខ ទៅឯ​យ៉ូសែប ដើម្បី​នាំមុខ​គាត់​ទៅ​កូសែន រួច​ពួកគេ​ក៏​ទៅដល់​ស្រុក​កូសែន​។ 29យ៉ូសែប​ក៏​ទឹម​រទេះសេះ​របស់គាត់ ហើយ​ឡើង​ទៅ​ជួប​អ៊ីស្រាអែល​ឪពុក​របស់គាត់​នៅ​កូសែន​។ នៅពេល​គាត់​បង្ហាញខ្លួន​ដល់​ឪពុក គាត់​ក៏​កៀក​ក​ឪពុក ហើយ​យំ​ទាំង​កៀក​ក​ឪពុក​យ៉ាងយូរ​។
30អ៊ីស្រាអែល​និយាយ​នឹង​យ៉ូសែប​ថា​៖ “ឥឡូវនេះ យើង​អាច​ស្លាប់​បាន​ហើយ ពីព្រោះ​យើង​បាន​ឃើញ​មុខ​របស់ឯង ហើយដឹង​ថា​ឯង​នៅរស់​នៅឡើយ”។
31យ៉ូសែប​និយាយ​នឹង​បងប្អូន​របស់គាត់ ព្រមទាំង​អ្នកផ្ទះ​របស់​ឪពុក​គាត់​ថា​៖ “ខ្ញុំ​នឹង​ឡើងទៅ​ទូល​ផារ៉ោន​ថា​: ‘បងប្អូន​របស់ខ្ញុំព្រះបាទ និង​អ្នកផ្ទះ​របស់​ឪពុក​ខ្ញុំព្រះបាទ​ដែល​នៅ​ដែនដី​កាណាន បាន​មកដល់​ខ្ញុំព្រះបាទ​ហើយ​។ 32អ្នកទាំងនោះ​ជា​អ្នកឃ្វាលចៀម ជា​អ្នកចិញ្ចឹមហ្វូងសត្វ ហើយ​ពួកគេ​បាន​នាំ​ហ្វូងចៀម និង​ហ្វូងគោ​របស់ពួកគេ​មក ព្រមទាំង​អ្វីៗ​ទាំងអស់​ដែល​ពួកគេ​មាន​ផង’។ 33កាលណា​ផារ៉ោន​កោះហៅ​អ្នករាល់គ្នា ហើយ​សួរថា​: ‘អ្នករាល់គ្នា​មាន​មុខរបរ​អ្វី​?’ 34អ្នករាល់គ្នា​ត្រូវ​ឆ្លើយថា​: ‘បាវបម្រើ​របស់ព្រះករុណា​ជា​អ្នកចិញ្ចឹមហ្វូងសត្វ​តាំងពី​ក្មេង រហូតដល់​ឥឡូវនេះ គឺ​ទាំង​យើងខ្ញុំ និង​ដូនតា​របស់យើងខ្ញុំ’ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​រស់នៅ​ក្នុង​ស្រុក​កូសែន ដ្បិត​អ្នកឃ្វាលចៀម​ទាំងអស់​ជា​ទីស្អប់ខ្ពើម​ដល់​ជនជាតិអេហ្ស៊ីប”៕

ទើបបានជ្រើសរើសហើយ៖

លោកុប្បត្តិ 46: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល