លោកុប្បត្តិ 44

44
យ៉ូសែបសាកចិត្តពួកបងប្អូនរបស់គាត់
1យ៉ូសែប​បញ្ជា​អ្នកគ្រប់គ្រងផ្ទះ​របស់គាត់​ថា​៖ “ចូរ​ច្រក​ស្បៀងអាហារ​ឲ្យពេញ​បាវ​របស់​អ្នកទាំងនោះ តាមដែល​ពួកគេ​អាច​យកទៅ​បាន ព្រមទាំង​ដាក់​ប្រាក់​ម្នាក់ៗ​នៅ​មាត់​បាវ​របស់ពួកគេ​វិញ​ចុះ​។ 2ចូរ​ដាក់​ពែង​របស់យើង គឺ​ពែង​ប្រាក់​នោះ នៅ​មាត់​បាវ​របស់​អ្នកដែល​ក្មេងជាងគេ ព្រមទាំង​ប្រាក់​សម្រាប់​ស្រូវ​វិញ​ចុះ”។ អ្នកនោះ​ក៏​ធ្វើ​តាម​ពាក្យ​ដែល​យ៉ូសែប​បាន​ប្រាប់​។
3លុះ​ភ្លឺឡើង អ្នកទាំងនោះ​ក៏​ត្រូវគេ​បញ្ជូនទៅ គឺ​ពួកគេ និង​លា​របស់ពួកគេ​។ 4ពួកគេ​បាន​ចេញ​ពី​ទីក្រុង​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន យ៉ូសែប​ក៏​ប្រាប់​អ្នកគ្រប់គ្រងផ្ទះ​របស់គាត់​ថា​៖ “ចូរ​ក្រោកឡើង ដេញតាម​អ្នកទាំងនោះ​ចុះ​! ពេល​តាម​ពួកគេ​ទាន់ អ្នក​ត្រូវ​និយាយ​នឹង​ពួកគេ​ថា​: ‘ម្ដេចក៏​អ្នករាល់គ្នា​ធ្វើការអាក្រក់សងនឹងការល្អ​ដូច្នេះ​? 5តើ​នេះ​មិនមែន​ជាពែង​ដែល​ចៅហ្វាយ​របស់ខ្ញុំ​ផឹក​ពី​វា ហើយ​ទស្សទាយ​ដោយ​ប្រើ​វា​ទេ​ឬ​? អ្នករាល់គ្នា​បាន​ធ្វើអាក្រក់​ហើយ ដែល​ធ្វើ​ដូច្នេះ​!’”។
6នៅពេល​អ្នកគ្រប់គ្រងផ្ទះ​តាម​ពួកគេ​ទាន់ គាត់​ក៏​និយាយ​ពាក្យ​ទាំងនេះ​នឹង​ពួកគេ​។ 7ពួកគេ​និយាយ​នឹង​គាត់​វិញ​ថា​៖ “ហេតុអ្វីបានជា​លោកម្ចាស់​នៃខ្ញុំ​និយាយ​ពាក្យ​ដូច្នេះ​? សូមឲ្យ​ការទាំងនេះ​នៅឆ្ងាយ​ពី​បាវបម្រើ​របស់លោក ដែល​យើងខ្ញុំ​ធ្វើ​រឿង​ដូច្នេះ​។ 8មើល៍! ប្រាក់​ដែល​យើងខ្ញុំ​បាន​រកឃើញ​នៅ​មាត់​បាវ​របស់យើងខ្ញុំ ក៏​យើងខ្ញុំ​បាន​យក​ពី​ដែនដី​កាណាន​មក​ជូន​លោក​វិញ​ដែរ​។ ដូច្នេះ ឲ្យ​យើងខ្ញុំ​លួច​ប្រាក់ ឬ​មាស​ពី​ផ្ទះ​របស់​ចៅហ្វាយ​លោក​ដូចម្ដេចកើត​! 9បើ​ឃើញមាន​នៅនឹង​អ្នកណា​ក្នុង​ពួក​បាវបម្រើ​របស់លោក សូមឲ្យ​អ្នកនោះ​ស្លាប់​ចុះ ហើយ​យើងខ្ញុំ​ក៏​នឹង​ធ្វើជា​ទាសករ​របស់​លោកម្ចាស់​នៃខ្ញុំ​ដែរ”។
10គាត់​និយាយថា​៖ “បើដូច្នេះ ចូរឲ្យបាន​ដូច​ពាក្យ​របស់អ្នករាល់គ្នា​ចុះ​! បើ​ឃើញមាន​នៅនឹង​អ្នកណា អ្នកនោះ​នឹង​ទៅជា​ទាសករ​របស់​ខ្ញុំ រីឯ​អ្នកឯទៀត​គ្មានទោស​ទេ”។
11ពួកគេ​ម្នាក់ៗ​ក៏​ប្រញាប់​ដាក់​បាវ​របស់ខ្លួន​ចុះ​នៅលើ​ដី ហើយ​បើក​បាវ​រៀងៗខ្លួន​។ 12អ្នកគ្រប់គ្រងផ្ទះ​បាន​ឆែកឆេរ ចាប់ផ្ដើម​ពី​អ្នក​ចាស់ជាងគេ ហើយ​ចប់​ត្រឹម​អ្នក​ក្មេងជាងគេ នោះក៏​រកឃើញ​ពែង​នៅក្នុង​បាវ​របស់​បេនយ៉ាមីន​។ 13ពួកគេ​ក៏​ហែក​សម្លៀកបំពាក់​របស់ខ្លួន ហើយ​ម្នាក់ៗ​ដាក់អីវ៉ាន់​លើ​លា​របស់ខ្លួន រួច​ត្រឡប់​ទៅ​ទីក្រុង​វិញ​។
14កាល​យូដា និង​បងប្អូន​របស់គាត់​មកដល់​ផ្ទះ​យ៉ូសែប យ៉ូសែប​នៅតែ​នៅ​ទីនោះ ពួកគេ​ក៏​ក្រាបមុខដល់ដី​នៅចំពោះ​យ៉ូសែប​។ 15យ៉ូសែប​និយាយ​នឹង​ពួកគេ​ថា​៖ “ការ​ដែល​ពួកឯង​បាន​ធ្វើ​នេះ​ជា​អ្វី​? តើ​ពួកឯង​មិន​ដឹង​ថា​មនុស្ស​ដូច​យើង​នេះ ចេះ​ទស្សទាយ​ទេ​ឬ​?”។
16យូដា​តបថា​៖ “តើ​យើងខ្ញុំ​អាច​ឆ្លើយ​អ្វី​នឹង​លោកម្ចាស់​នៃខ្ញុំ​បាន​? តើ​យើងខ្ញុំ​អាច​និយាយ​អ្វី​បាន​? តើ​យើងខ្ញុំ​អាច​បញ្ជាក់ថា​យើងខ្ញុំ​ឥតទោស​ដូចម្ដេចបាន​? ព្រះ​បាន​ទត​ឃើញ​សេចក្ដីទុច្ចរិត​របស់​បាវបម្រើ​លោកម្ចាស់​ហើយ​។ មើល៍! យើងខ្ញុំ​នឹងធ្វើជា​ទាសករ​របស់​លោកម្ចាស់ គឺ​ទាំង​យើងខ្ញុំ ទាំង​អ្នកដែល​គេ​បាន​រកឃើញ​ពែង​នោះ​នៅក្នុង​ដៃ​គាត់”។
17ប៉ុន្តែ​យ៉ូសែប​និយាយថា​៖ “សូមឲ្យ​ការនេះ​នៅឆ្ងាយ​ពី​យើង ដែល​យើង​ធ្វើ​ដូច្នេះ​! មនុស្ស​ដែល​គេ​បាន​រកឃើញ​ពែង​នៅក្នុង​ដៃ​គាត់ គឺ​អ្នកនោះ​ហើយ នឹង​ធ្វើជា​ទាសករ​របស់​យើង រីឯ​អ្នកឯទៀត ចូរ​ទៅ​ឯ​ឪពុក​របស់ពួកឯង​វិញ​ដោយ​សុខសាន្ត​ចុះ”។
យូដាអង្វរឲ្យបេនយ៉ាមីន
18យូដា​ក៏​ចូលទៅជិត​យ៉ូសែប ហើយ​និយាយថា​៖ “ឱ​លោកម្ចាស់​នៃខ្ញុំ​អើយ! សូមឲ្យ​បាវបម្រើ​របស់លោក​និយាយ​ពាក្យ​មួយ​ម៉ាត់​នឹង​ត្រចៀក​របស់​លោកម្ចាស់​នៃខ្ញុំ​ផង ហើយ​សូម​កុំឲ្យ​កំហឹង​របស់​លោកម្ចាស់​ឆេះឡើង​ទាស់នឹង​បាវបម្រើ​របស់លោក​ឡើយ ដ្បិត​លោកម្ចាស់​ក៏​ដូចជា​ផារ៉ោន​ដែរ​។ 19លោកម្ចាស់​នៃខ្ញុំ​បាន​សួរ​ពួក​បាវបម្រើ​របស់លោក​ថា​: ‘តើ​ពួកឯង​មាន​ឪពុក ឬ​ប្អូនប្រុស​ឬទេ​?’។ 20ពេលនោះ យើងខ្ញុំ​បាន​ឆ្លើយ​នឹង​លោកម្ចាស់​នៃខ្ញុំ​ថា​: ‘យើងខ្ញុំ​មាន​ឪពុក​ចំណាស់​ម្នាក់ និង​កូន​ពៅ​ដែលកើតមកក្នុង​វ័យជរា​របស់គាត់​។ បងប្រុស​របស់វា​បាន​ស្លាប់​ហើយ ហើយ​ក្នុងចំណោម​កូនដែលកើតពី​ម្ដាយ​របស់វា នៅសល់​តែ​វា​ម្នាក់ឯងប៉ុណ្ណោះ ដូច្នេះ​ឪពុក​របស់វា​ស្រឡាញ់​វា​ណាស់’។ 21លោក​ក៏​មានប្រសាសន៍​នឹង​បាវបម្រើ​របស់លោក​ថា​: ‘ចូរ​នាំ​វា​មក​ឯ​យើង ដើម្បីឲ្យ​យើង​បាន​ឃើញ​វា​ផ្ទាល់ភ្នែក​ផង’។ 22យើងខ្ញុំ​បាន​ជម្រាប​លោកម្ចាស់​នៃខ្ញុំ​ថា​: ‘ក្មេងប្រុស​នោះ​មិនអាច​ចាកចេញ​ពី​ឪពុក​វា​បានឡើយ​។ បើសិន​វា​ចាកចេញ​ពី​ឪពុក​វា ឪពុកវា​នឹង​ស្លាប់’។ 23ប៉ុន្តែ​លោក​មានប្រសាសន៍​នឹង​បាវបម្រើ​របស់លោក​ថា​: ‘ប្រសិនបើ​ប្អូនប្រុស​ពៅ​របស់ពួកឯង​មិន​ចុះមក​ជាមួយ​ពួកឯង​ទេ ពួកឯង​នឹង​មិន​ឃើញ​មុខ​យើង​ទៀត​ឡើយ’។
24“នៅពេល​យើងខ្ញុំ​បាន​ឡើងទៅ​ដល់​ឪពុក​របស់ខ្ញុំ​ដែលជា​បាវបម្រើ​របស់លោក យើងខ្ញុំ​ក៏​ប្រាប់​គាត់​តាម​ពាក្យ​របស់​លោកម្ចាស់​នៃខ្ញុំ​។ 25ក្រោយមក ឪពុក​របស់យើងខ្ញុំ​ប្រាប់ថា​: ‘ចូរ​ត្រឡប់ទៅ​ទិញ​ស្បៀងអាហារ​បន្តិច​សម្រាប់​ពួកយើង​មក’។ 26ប៉ុន្តែ​យើងខ្ញុំ​ឆ្លើយថា​: ‘ពួកយើង​មិនអាច​ចុះទៅ​បានឡើយ ទាល់តែ​ប្អូនប្រុស​ពៅ​ទៅ​ជាមួយ​ពួកយើង ទើប​ពួកយើង​ទៅ​បាន ពីព្រោះ​ពួកយើង​មិនអាច​ឃើញ​មុខ​បុរស​នោះ​បានឡើយ ប្រសិនបើ​ប្អូនប្រុស​ពៅ​របស់ពួកយើង​មិន​ទៅ​ជាមួយ​ពួកយើង’។ 27ឪពុក​របស់ខ្ញុំ​ដែលជា​បាវបម្រើ​របស់លោក បាន​និយាយ​នឹង​យើងខ្ញុំ​ថា​: ‘ពួកឯង​ដឹង​ហើយ​ថា ប្រពន្ធ​របស់យើង​បាន​បង្កើត​កូនប្រុស​ពីរ​នាក់​ឲ្យ​យើង​។ 28ម្នាក់​បាន​ចាកចេញ​ពី​យើង ហើយ​យើង​គិតថា​វា​ប្រាកដជា​ត្រូវសត្វហែកស៊ី​មែន​។ រហូតដល់​សព្វថ្ងៃ យើង​មិន​បាន​ឃើញ​វា​ទេ​។ 29បើសិន​ពួកឯង​យក​កូននេះ​ចេញ​ពី​មុខ​យើង​ទៀត ហើយ​វា​ជួប​គ្រោះថ្នាក់ នោះ​ពួកឯង​នឹង​នាំ​សក់ស្កូវ​របស់យើង​ចុះ​ទៅ​ស្ថានមនុស្សស្លាប់​ទាំង​ទុក្ខព្រួយ​ហើយ’។
30“ដូច្នេះ​ឥឡូវនេះ ប្រសិនបើ​ខ្ញុំ​ត្រឡប់ទៅ​ឯ​ឪពុក​របស់ខ្ញុំ​ដែលជា​បាវបម្រើ​របស់លោក​វិញ ហើយ​ក្មេងប្រុស​នេះ​ដែល​ជីវិត​របស់ឪពុកខ្ញុំ​បាន​ចង​ជាមួយ​ជីវិត​របស់វា មិន​នៅជាមួយ​យើងខ្ញុំ​ទេ 31នៅពេល​គាត់​ឃើញ​ថា​ក្មេងប្រុស​នេះ​មិន​នៅ​ទៀត នោះ​គាត់​មុខជា​ស្លាប់​មិនខាន ដូច្នេះ​បាវបម្រើ​របស់លោក​នឹង​បាន​នាំ​សក់ស្កូវ​របស់​ឪពុក​យើងខ្ញុំ​ដែលជា​បាវបម្រើ​របស់លោក ចុះ​ទៅ​ស្ថានមនុស្សស្លាប់​ទាំង​ទុក្ខព្រួយ​ហើយ​។ 32ដ្បិត​បាវបម្រើ​របស់លោក​បាន​ធានា​សុវត្ថិភាព​របស់​ក្មេងប្រុស​នេះ​ឲ្យ​ឪពុក​របស់ខ្ញុំ​ថា​: ‘បើសិន​ខ្ញុំ​មិន​នាំ​វា​មក​ជូន​លោកឪពុក​វិញ​ទេ នោះ​ខ្ញុំ​នឹង​មានបាប​ចំពោះ​លោកឪពុក​អស់មួយជីវិត’។ 33ឥឡូវនេះ សូមឲ្យ​បាវបម្រើ​របស់លោក​នៅ​ជា​ទាសករ​របស់​លោកម្ចាស់​នៃខ្ញុំ ជំនួស​ក្មេងប្រុស​នេះ​វិញ ហើយ​ឲ្យ​ក្មេងប្រុស​នេះ​ឡើងទៅ​ជាមួយ​ពួក​បងប្រុស​របស់វា​វិញ​ផង​។ 34ដូច្នេះ តើ​ខ្ញុំ​នឹង​ឡើងទៅ​ឯ​ឪពុក​របស់ខ្ញុំ​ដូចម្ដេចកើត ប្រសិនបើ​ក្មេងប្រុស​នេះ​មិន​នៅជាមួយ​ខ្ញុំ​? ក្រែងលោ​ខ្ញុំ​ឃើញ​ការ​អាក្រក់​ដែល​នឹង​កើតឡើង​ដល់​ឪពុក​របស់ខ្ញុំ”៕

ទើបបានជ្រើសរើសហើយ៖

លោកុប្បត្តិ 44: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល