លោកុប្បត្តិ 34
34
ឌីណាត្រូវបានបង្ខូច
1ឯឌីណាកូនស្រីដែលលេអាបង្កើតឲ្យយ៉ាកុប បានចេញទៅមើលពួកកូនស្រីនៅស្រុកនោះ។ 2ពេលស៊ីគែមកូនប្រុសរបស់ហេម័រជនជាតិហេវីជាមេគ្រប់គ្រងនៅស្រុកនោះ បានឃើញនាង គាត់ក៏ចាប់នាងទៅរួមដំណេកជាមួយ ហើយបង្ខូចនាង។ 3ចិត្តរបស់គាត់ឈ្លក់វង្វេងនឹងឌីណាកូនស្រីរបស់យ៉ាកុប។ គាត់ស្រឡាញ់នាងក្រមុំនោះ ក៏និយាយលួងលោមចិត្តនាង។ 4រួចស៊ីគែមនិយាយនឹងហេម័រឪពុករបស់គាត់ថា៖ “សូមយកនាងក្រមុំនេះឲ្យខ្ញុំ ធ្វើជាប្រពន្ធផង”។
5យ៉ាកុបឮថាស៊ីគែមបានបង្ខូចឌីណាកូនស្រីរបស់គាត់ ប៉ុន្តែពេលនោះ ពួកកូនប្រុសរបស់គាត់នៅជាមួយហ្វូងសត្វស្រុករបស់គាត់នៅទីវាល ដូច្នេះយ៉ាកុបក៏នៅស្ងៀម រហូតដល់ពួកគេមកវិញ។ 6រីឯហេម័រឪពុករបស់ស៊ីគែមក៏មករកយ៉ាកុប ដើម្បីនិយាយជាមួយគាត់។ 7នៅពេលឮអំពីហេតុការណ៍នេះ ពួកកូនប្រុសរបស់យ៉ាកុបក៏មកពីទីវាលវិញ។ ពួកគេម្នាក់ៗឈឺចិត្ត ហើយក្ដៅក្រហាយយ៉ាងខ្លាំង ពីព្រោះស៊ីគែមបានប្រព្រឹត្តអំពើថោកទាបទាស់នឹងអ៊ីស្រាអែល ដោយរួមដំណេកជាមួយកូនស្រីរបស់យ៉ាកុប ដ្បិតការនេះមិនគួរធ្វើឡើយ។
8ប៉ុន្តែហេម័រនិយាយនឹងពួកគេថា៖ “ចិត្តរបស់ស៊ីគែមកូនប្រុសខ្ញុំ ប្រាថ្នាចង់បានកូនស្រីរបស់លោកខ្លាំងណាស់ សូមឲ្យនាងទៅវា ធ្វើជាប្រពន្ធផង។ 9សូមចងស្ពានមេត្រីជាមួយពួកយើងទៅ គឺសូមឲ្យកូនស្រីរបស់ពួកលោកមកពួកយើង ហើយយកកូនស្រីរបស់ពួកយើងសម្រាប់ពួកលោកចុះ។ 10នោះពួកលោកនឹងបានរស់នៅជាមួយពួកយើង ហើយទឹកដីនេះបើកចំហដល់ពួកលោក។ ចូររស់នៅ ហើយធ្វើជំនួញ ព្រមទាំងទទួលបានកម្មសិទ្ធិនៅស្រុកនេះចុះ!”។
11ស៊ីគែមក៏និយាយនឹងឪពុក និងពួកបងប្រុសរបស់នាងដែរថា៖ “សូមឲ្យខ្ញុំរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់ពួកលោកផង ហើយអ្វីក៏ដោយដែលពួកលោកប្រាប់ខ្ញុំ ខ្ញុំនឹងជូន។ 12ចូរដំឡើងថ្លៃបណ្ណាការ និងជំនូនពីខ្ញុំឲ្យច្រើនចុះ ខ្ញុំនឹងជូនអ្វីក៏ដោយដែលពួកលោកប្រាប់ខ្ញុំ សូមគ្រាន់តែឲ្យនាងក្រមុំនោះមកខ្ញុំធ្វើជាប្រពន្ធផង”។
សម្លាប់រង្គាលក្រុងស៊ីគែម
13នោះពួកកូនប្រុសរបស់យ៉ាកុបក៏តបនឹងស៊ីគែម និងហេម័រឪពុករបស់គាត់ដោយបោកបញ្ឆោត ពីព្រោះស៊ីគែមបានបង្ខូចឌីណាប្អូនស្រីរបស់ពួកគេ 14គឺពួកគេនិយាយថា៖ “ពួកយើងមិនអាចធ្វើរឿងនេះបានឡើយ គឺមិនអាចឲ្យប្អូនស្រីរបស់ពួកយើងទៅមនុស្សដែលគ្មានការកាត់ស្បែកបានទេ ដ្បិតធ្វើដូច្នោះជាសេចក្ដីអាម៉ាស់ដល់ពួកយើង។ 15មានតែល័ក្ខខ័ណ្ឌមួយនេះប៉ុណ្ណោះ ដែលយើងនឹងព្រមតាមពួកលោក គឺប្រសិនបើពួកលោកត្រឡប់ដូចជាពួកយើង ដោយមនុស្សប្រុសទាំងអស់ក្នុងចំណោមពួកលោកត្រូវទទួលពិធីកាត់ស្បែក។ 16នោះពួកយើងនឹងឲ្យកូនស្រីរបស់ពួកយើងទៅពួកលោក ហើយយកកូនស្រីរបស់ពួកលោកសម្រាប់ពួកយើង ព្រមទាំងរស់នៅជាមួយពួកលោក ហើយក្លាយជាប្រជាជាតិតែមួយ។ 17ប៉ុន្តែប្រសិនបើពួកលោកមិនស្ដាប់តាមពួកយើង គឺមិនទទួលពិធីកាត់ស្បែកទេ នោះពួកយើងនឹងយកកូនស្រីរបស់ពួកយើង ហើយចាកចេញទៅ”។
18ពាក្យរបស់ពួកគេក៏ល្អក្នុងភ្នែករបស់ហេម័រ និងស៊ីគែមកូនប្រុសរបស់ហេម័រ។ 19អ្នកកំលោះនោះក៏មិនបង្អង់នឹងធ្វើការនេះឡើយ ពីព្រោះគាត់ពេញចិត្តនឹងកូនស្រីរបស់យ៉ាកុប ណាមួយក្នុងផ្ទះរបស់ឪពុកគាត់ទាំងមូល គាត់ត្រូវគេគោរពជាងគេ។
20ដូច្នេះ ហេម័រ និងស៊ីគែមកូនប្រុសរបស់គាត់ក៏ទៅឯខ្លោងទ្វារនៃទីក្រុងរបស់ពួកគេ ហើយនិយាយនឹងមនុស្សនៃទីក្រុងថា៖ 21“អ្នកទាំងនោះអាចនៅសុខសាន្តជាមួយពួកយើង ដូច្នេះចូរឲ្យពួកគេរស់នៅក្នុងទឹកដីនេះ ហើយឲ្យពួកគេធ្វើជំនួញនៅស្រុកនេះចុះ ដ្បិតមើល៍! ទឹកដីនេះធំល្មមសម្រាប់ពួកគេ។ ពួកយើងអាចយកកូនស្រីរបស់ពួកគេធ្វើជាប្រពន្ធ ហើយឲ្យកូនស្រីរបស់ពួកយើងទៅពួកគេ។ 22មានតែល័ក្ខខ័ណ្ឌមួយនេះប៉ុណ្ណោះ ទើបអ្នកទាំងនោះនឹងព្រមតាមពួកយើងដើម្បីរស់នៅជាមួយពួកយើង ហើយក្លាយជាប្រជាជាតិតែមួយ គឺមនុស្សប្រុសទាំងអស់ក្នុងចំណោមពួកយើងត្រូវទទួលពិធីកាត់ស្បែក ដូចដែលពួកគេបានទទួលពិធីកាត់ស្បែកដែរ។ 23តើហ្វូងសត្វស្រុក និងទ្រព្យសម្បត្តិរបស់ពួកគេ ព្រមទាំងសត្វចិញ្ចឹមគ្រប់ប្រភេទរបស់ពួកគេ មិនត្រឡប់ជារបស់ពួកយើងទេឬ? ឲ្យតែពួកយើងព្រមតាមពួកគេ នោះពួកគេនឹងរស់នៅជាមួយពួកយើង”។
24អស់អ្នកដែលចេញចូលតាមខ្លោងទ្វារទីក្រុងក៏ស្ដាប់តាមហេម័រ និងស៊ីគែមកូនប្រុសរបស់គាត់។ បន្ទាប់មក មនុស្សប្រុសទាំងអស់បានទទួលពិធីកាត់ស្បែក គឺអស់អ្នកដែលចេញចូលតាមខ្លោងទ្វារទីក្រុង។ 25លុះដល់ថ្ងៃទីបី ពេលពួកគេកំពុងឈឺ កូនប្រុសពីរនាក់របស់យ៉ាកុប គឺស៊ីម្មាន និងលេវី ជាបងប្រុសរបស់ឌីណា ក៏យកដាវរៀងៗខ្លួន ហើយចូលទៅក្នុងទីក្រុងដែលនៅសុខសាន្ត រួចសម្លាប់មនុស្សប្រុសទាំងអស់។ 26ពួកគេបានសម្លាប់ហេម័រ និងស៊ីគែមកូនប្រុសរបស់គាត់ដោយមុខដាវដែរ ហើយយកឌីណាចេញពីផ្ទះរបស់ស៊ីគែម រួចចេញទៅ។ 27ពួកកូនប្រុសឯទៀតរបស់យ៉ាកុបក៏មកដល់មនុស្សដែលត្រូវគេសម្លាប់ ហើយចាប់យកពីទីក្រុងនោះ ពីព្រោះគេបានបង្ខូចប្អូនស្រីរបស់ពួកគេ។ 28ពួកគេបានឆក់យកហ្វូងចៀម ហ្វូងគោ ហ្វូងលា ព្រមទាំងអ្វីដែលនៅក្នុងទីក្រុង និងអ្វីដែលនៅតាមស្រែចម្ការ 29ក៏រឹបអូសយកទ្រព្យសម្បត្តិទាំងអស់ កូនក្មេងទាំងអស់ និងពួកស្រីៗរបស់អ្នកទាំងនោះ ហើយក៏ចាប់យកអ្វីៗទាំងអស់ដែលនៅក្នុងផ្ទះដែរ។
30ពេលនោះ យ៉ាកុបប្រាប់ស៊ីម្មាន និងលេវីថា៖ “ពួកឯងបាននាំទុក្ខមកលើយើង ដោយសម្អុយឈ្មោះយើងចំពោះអ្នកដែលរស់នៅស្រុកនេះ គឺជនជាតិកាណាន និងជនជាតិពេរិស៊ីត។ យើងមានគ្នាតិចផង បើសិនពួកគេប្រមូលគ្នាទាស់នឹងយើង ហើយវាយយើង នោះយើង និងអ្នកផ្ទះរបស់យើងនឹងត្រូវគេបំផ្លាញ”។
31ប៉ុន្តែពួកគេតបថា៖ “តើគួរឲ្យគេប្រព្រឹត្តនឹងប្អូនស្រីរបស់ពួកយើង ដូចជាស្រីពេស្យាឬ?”៕
ទើបបានជ្រើសរើសហើយ៖
លោកុប្បត្តិ 34: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative