លោកុប្បត្តិ 31

31
យ៉ាកុបរត់គេចពីឡាបាន់
1យ៉ាកុប​ឮ​ពាក្យ​របស់​ពួក​កូនប្រុស​ឡាបាន់​និយាយ​គ្នា​ថា​៖ “យ៉ាកុប​បាន​ដណ្ដើមយក​អ្វីៗ​ទាំងអស់​ដែល​ជារបស់​ឪពុក​យើង ហើយ​គាត់​ចាប់យក​ភាពស្ដុកស្ដម្ភ​ទាំងអស់​នេះ​បាន ពី​អ្វីៗដែល​ជារបស់​ឪពុក​យើង”។ 2យ៉ាកុប​សង្កេតមើល​ទឹកមុខ​ឡាបាន់ នោះ​មើល៍! ឡាបាន់​មិន​ដូច​ពីមុន​ចំពោះ​គាត់​ឡើយ​!
3ព្រះយេហូវ៉ា​មានបន្ទូល​នឹង​យ៉ាកុប​ថា​៖ “ចូរ​ត្រឡប់​ទៅ​ស្រុក​របស់​ឪពុក​អ្នក និង​សាច់ញាតិ​របស់អ្នក​វិញ​ចុះ យើង​នឹង​នៅ​ជាមួយ​អ្នក”។
4យ៉ាកុប​ក៏​ចាត់​គេ​ឲ្យទៅ​ហៅ​រ៉ាជែល និង​លេអា​មក​ឯ​ហ្វូងសត្វ​របស់គាត់​នៅ​ទីវាល 5ហើយ​និយាយ​នឹង​ពួកនាង​ថា​៖ “បង​បាន​សង្កេត​ទឹកមុខ​ឪពុក​ពួកអូន​ឃើញ​ថា គាត់​មិន​ដូច​ពីមុន​ចំពោះ​បង​ទេ ប៉ុន្តែ​ព្រះ​របស់​ឪពុក​បង​បាន​គង់នៅ​ជាមួយ​បង​។ 6រីឯ​ពួកអូន​ក៏​ដឹង​ហើយ​ថា បង​បាន​បម្រើ​ឪពុក​របស់​ពួកអូន​អស់ពី​កម្លាំង​របស់បង​។ 7យ៉ាងណាមិញ ឪពុក​របស់​ពួកអូន​បាន​បោកបញ្ឆោត​បង ហើយ​បាន​ផ្លាស់ប្ដូរ​ថ្លៃឈ្នួល​របស់បង​ដប់​ដង​ហើយ ប៉ុន្តែ​ព្រះ​មិន​ឲ្យ​គាត់​ធ្វើអាក្រក់​ដល់​បង​ឡើយ​។ 8ពេលណា​គាត់​និយាយ​ដូច្នេះ​ថា​: ‘សត្វ​សម្បុរពព្លាក់​នឹង​ទៅជា​ថ្លៃឈ្នួល​របស់ឯង’ នោះ​ហ្វូងសត្វ​ទាំងអស់​ក៏​កើតកូន​មក​សុទ្ធតែ​សម្បុរពព្លាក់ ហើយ​ពេលណា​គាត់​និយាយ​ដូច្នេះ​ថា​: ‘សត្វ​សម្បុរឆ្នូត​នឹង​ទៅជា​ថ្លៃឈ្នួល​របស់ឯង’ នោះ​ហ្វូងសត្វ​ទាំងអស់​ក៏​កើតកូន​មក​សុទ្ធតែ​សម្បុរឆ្នូត​ដែរ​។ 9គឺយ៉ាងនេះឯង​ដែល​ព្រះ​បាន​ដកយក​ហ្វូងសត្វ​របស់​ឪពុក​ពួកអូន ហើយ​ប្រទាន​ដល់​បង​។
10“នៅ​រដូវ​ហ្វូងសត្វ​ដោយញីដោយឈ្មោល បង​ក៏​ងើបភ្នែកឡើង ហើយ​ឃើញ​នៅក្នុង​យល់សប្តិ នោះ​មើល៍! ពពែឈ្មោល​កំពុង​ពាក់គ្នា​ជាមួយ​សត្វញី​សម្បុរឆ្នូត សម្បុរពព្លាក់ និង​សម្បុរអុជៗ​! 11ពេលនោះ ទូតសួគ៌​របស់​ព្រះ​និយាយ​មក​បង​ក្នុង​យល់សប្តិ​ថា​: ‘យ៉ាកុប​អើយ​!’។ បង​ឆ្លើយថា​: ‘មើល៍! ខ្ញុំ​នៅទីនេះ​!’។ 12ទូតសួគ៌​ក៏​និយាយថា​: ‘ចូរ​ងើបភ្នែកឡើង មើល​ទៅ​អស់ទាំង​ពពែឈ្មោល​ដែល​កំពុង​ពាក់គ្នា​ជាមួយ​សត្វញី​សម្បុរឆ្នូត សម្បុរពព្លាក់ និង​សម្បុរអុជៗ​ចុះ​។ ដ្បិត​យើង​បាន​ឃើញ​ការទាំងអស់​ដែល​ឡាបាន់​បាន​ធ្វើ​ដល់​អ្នក​ហើយ​។ 13យើង​ជា​ព្រះ​នៃ​បេត-អែល ជា​កន្លែងដែល​អ្នក​បាន​ចាក់ប្រេង​លើ​បង្គោល និងជា​កន្លែងដែល​អ្នក​បាន​បន់​បំណន់​ដល់​យើង​។ ឥឡូវនេះ ចូរ​ក្រោកឡើង​ចាកចេញ​ពី​ស្រុក​នេះ ហើយ​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់អ្នក​វិញ​ចុះ​!’”។
14នោះ​រ៉ាជែល និង​លេអា​តប​នឹង​គាត់​ថា​៖ “តើ​ពួកខ្ញុំ​នៅតែ​មាន​ចំណែក ឬ​មរតក ក្នុង​ផ្ទះ​របស់​ឪពុក​ពួកខ្ញុំ​ទៀត​ឬ​? 15តើ​ពួកខ្ញុំ​មិន​ត្រូវ​គាត់​រាប់​ជា​ជនចម្លែក​ទេ​ឬ​? ដ្បិត​គាត់​បាន​លក់​ពួកខ្ញុំ ព្រមទាំង​ស៊ីបង្ហិនអស់រលីង​សូម្បីតែ​ថ្លៃលក់​ពួកខ្ញុំ​! 16គ្រប់ទាំង​ទ្រព្យសម្បត្តិ​ដែល​ព្រះ​បាន​ដកយក​ពី​ឪពុក​របស់ពួកខ្ញុំ គឺជា​របស់​ពួកខ្ញុំ និង​កូន​ៗ​របស់ពួកខ្ញុំ​។ ដូច្នេះ​ឥឡូវនេះ សូម​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​ព្រះ​បាន​មានបន្ទូល​នឹង​បង​ចុះ”។
17យ៉ាកុប​ក៏​ក្រោកឡើង ហើយ​ដាក់​កូន​ៗ និង​ពួក​ប្រពន្ធ​របស់គាត់​នៅលើ​អូដ្ឋ​។ 18គាត់​នាំ​ហ្វូងសត្វ​ទាំងអស់​របស់គាត់ និង​ទ្រព្យសម្បត្តិ​ទាំងអស់​របស់គាត់​ដែល​រកបាន គឺ​ហ្វូងសត្វ​ជា​កម្មសិទ្ធិ​របស់គាត់ ដែល​គាត់​រកបាន​នៅ​ប៉ាដាន់-អើរ៉ាម ដើម្បី​ទៅ​ជួប​អ៊ីសាក​ឪពុក​របស់គាត់​នៅ​ដែនដី​កាណាន​។ 19នៅពេល​ឡាបាន់​ចេញទៅ​កាត់រោម​ចៀម​របស់គាត់ រ៉ាជែល​ក៏​លួច​រូបព្រះប្រចាំត្រកូល​ដែល​ជារបស់​ឪពុក​នាង​។ 20រីឯ​យ៉ាកុប​បញ្ឆោត​ឡាបាន់​ជា​ជនជាតិអើរ៉ាម ដោយ​មិន​បាន​ប្រាប់​គាត់​ថា​ខ្លួន​កំពុង​រត់គេច​នោះ​ឡើយ​។ 21គឺយ៉ាងនេះឯង​ដែល​យ៉ាកុប​បាន​រត់គេច​ជាមួយ​អ្វីៗ​ទាំងអស់​ដែល​គាត់​មាន​។ គាត់​ក៏​ក្រោកឡើង​ឆ្លង​ទន្លេធំ#31:21 ទន្លេធំ―សំដៅទៅលើ “ទន្លេអ៊ើប្រាត”។​តម្រង់ឆ្ពោះទៅ​តំបន់ភ្នំ​កាឡាត​។
ឡាបាន់ដេញតា​មយ៉ាកុប
22លុះ​ថ្ងៃ​ទីបី មាន​គេ​ប្រាប់​ឡាបាន់​ថា​យ៉ាកុប​បាន​រត់គេច​ហើយ​។ 23ឡាបាន់​ក៏​យក​បងប្អូន​របស់គាត់​ទៅ​ជាមួយ​គាត់ ហើយ​ដេញតាម​យ៉ាកុប​ចម្ងាយផ្លូវ​ដើរ​ប្រាំពីរ​ថ្ងៃ ទើប​តាមប្រកៀក​នឹង​យ៉ាកុប​នៅ​តំបន់ភ្នំ​កាឡាត​។ 24ប៉ុន្តែ​នៅ​យប់​នោះ ព្រះ​យាង​មក​ជួប​ឡាបាន់​ជា​ជនជាតិអើរ៉ាម​ក្នុង​យល់សប្តិ ហើយ​មានបន្ទូល​នឹង​គាត់​ថា​៖ “ចូរ​ប្រយ័ត្ន​ខ្លួន កុំ​និយាយ​អ្វី​នឹង​យ៉ាកុប​ឡើយ ទោះ​ល្អ​ក្ដី អាក្រក់​ក្ដី”។
25ឡាបាន់​ក៏​តាម​យ៉ាកុប​ទាន់​។ ពេលនោះ យ៉ាកុប​បាន​បោះ​រោង​របស់គាត់​នៅ​តំបន់ភ្នំ ដូច្នេះ​ឡាបាន់​ក៏​បោះ​រោង​ជាមួយ​បងប្អូន​របស់គាត់​នៅ​តំបន់ភ្នំ​កាឡាត​ដែរ​។ 26ឡាបាន់​និយាយ​នឹង​យ៉ាកុប​ថា​៖ “តើ​ឯង​បាន​ធ្វើ​អី​ដូច្នេះ ដែល​ឯង​បាន​បញ្ឆោត​យើង ហើយ​នាំ​កូនស្រី​របស់យើង​ទៅ ដូចជា​ចាប់ជាឈ្លើយសឹក​ដោយ​ដាវ​នោះ​? 27ម្ដេចក៏​ឯង​លួច​រត់គេច ហើយ​បញ្ឆោត​យើង គឺ​មិន​ប្រាប់​យើង ដើម្បីឲ្យ​យើង​បាន​ជូនដំណើរ​ឯង​ដោយ​អំណរ និង​ចម្រៀង ដោយ​ក្រាប់ និង​ពិណហាប​ដូច្នេះ​? 28ឯង​ក៏​មិន​បាន​ឲ្យ​យើង​ថើប​ចៅ​ៗ និង​ពួក​កូនស្រី​របស់យើង​សោះ​។ ឯង​ពិតជា​បាន​ប្រព្រឹត្ត​យ៉ាងល្ងីល្ងើ​ហើយ​! 29យើង​មាន​សមត្ថភាព​ក្នុង​កណ្ដាប់ដៃ​របស់យើង​ដើម្បី​ធ្វើទុក្ខ​ឯង ប៉ុន្តែ​យប់មិញ ព្រះ​របស់​ឪពុក​ឯង​មានបន្ទូល​នឹង​យើង​ថា​: ‘ចូរ​ប្រយ័ត្ន​ខ្លួន កុំ​និយាយ​អ្វី​នឹង​យ៉ាកុប​ឡើយ ទោះ​ល្អ​ក្ដី អាក្រក់​ក្ដី’។ 30ឥឡូវនេះ ដោយសារ​ឯង​នឹក​ផ្ទះ​របស់​ឪពុក​ឯង​យ៉ាងខ្លាំង ឯង​ត្រូវចាកចេញមែន អីចឹងទៅចុះ ប៉ុន្តែ​ម្ដេចក៏​លួច​រូបព្រះ​របស់យើង​ដូច្នេះ​?”។
31យ៉ាកុប​តប​នឹង​ឡាបាន់​ថា​៖ “ពីព្រោះ​ខ្ញុំ​ខ្លាច ដ្បិត​ខ្ញុំ​គិត​ថា​លោកអ៊ំ​នឹង​ឆក់យក​កូនស្រី​របស់លោកអ៊ំ​ពី​ខ្ញុំ​។ 32រីឯ​រូបព្រះ​របស់លោកអ៊ំ បើ​លោកអ៊ំ​រកឃើញ​នៅជាមួយ​អ្នកណា អ្នកនោះ​មិន​ត្រូវ​រស់​ឡើយ​។ នៅចំពោះ​បងប្អូន​របស់យើង សូម​លោកអ៊ំ​សម្គាល់មើល​អ្វីដែល​ជារបស់​លោកអ៊ំ ពី​អ្វីៗ​ដែល​នៅជាមួយ​ខ្ញុំ ហើយ​សូម​យក​ទៅចុះ”។ យ៉ាកុប​មិន​បាន​ដឹង​ថា​រ៉ាជែល​បាន​លួច​រូបព្រះទាំងនោះ​ទេ​។
33ឡាបាន់​ក៏​ចូលទៅ​ក្នុង​រោង​របស់​យ៉ាកុប រោង​របស់​លេអា និង​រោង​របស់​បាវបម្រើស្រី​ទាំង​ពីរ ប៉ុន្តែ​រកមិនឃើញសោះ​។ បន្ទាប់មក គាត់​ចេញ​ពី​រោង​របស់​លេអា ហើយ​ចូលទៅ​ក្នុង​រោង​របស់​រ៉ាជែល​។ 34រីឯ​រ៉ាជែល​បាន​យក​រូបព្រះប្រចាំត្រកូល​ទាំងនោះ​ដាក់​ក្នុង​កែប​អូដ្ឋ ហើយ​អង្គុយ​ពីលើ​។ ឡាបាន់​ក៏​ស្ទាបរក​ពេញ​ក្នុង​រោង ប៉ុន្តែ​រកមិនឃើញសោះ​។
35រ៉ាជែល​និយាយ​នឹង​ឪពុក​របស់នាង​ថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ សូម​កុំ​ក្ដៅក្រហាយ​ដែល​ខ្ញុំ​មិនអាច​ក្រោកឡើង​នៅមុខ​លោក​បាន​នោះ​ឡើយ ពីព្រោះ​ខ្ញុំ​មករដូវ”។ ដូច្នេះ គាត់​ខំរក ប៉ុន្តែ​រកមិនឃើញ​រូបព្រះប្រចាំត្រកូល​ទាំងនោះ​ឡើយ​។
សន្ធិសញ្ញារវាងយ៉ាកុប និងឡាបាន់
36ពេលនោះ យ៉ាកុប​ក៏​ក្ដៅក្រហាយ ហើយ​ឈ្លោះប្រកែក​ជាមួយ​ឡាបាន់​។ យ៉ាកុប​តប​នឹង​ឡាបាន់​ថា​៖ “តើ​ការបំពាន​របស់ខ្ញុំ​ជា​អ្វី​? តើ​បាប​របស់ខ្ញុំ​ជា​អ្វី បានជា​លោកអ៊ំ​ដេញតាម​ខ្ញុំ​ដូច្នេះ​? 37ដ្បិត​លោកអ៊ំ​បាន​ស្ទាបរក​ក្នុង​អីវ៉ាន់​ទាំងអស់​របស់ខ្ញុំ​ហើយ ចុះ​មាន​រកឃើញ​អីវ៉ាន់​ណា​ពី​ផ្ទះ​របស់លោកអ៊ំ​? សូម​ដាក់​នៅ​ទីនេះ នៅមុខ​បងប្អូន​របស់ខ្ញុំ និង​បងប្អូន​របស់លោកអ៊ំ ហើយ​ឲ្យ​ពួកគេ​វិនិច្ឆ័យ​រវាង​យើង​ទាំង​ពីរ​ចុះ​! 38ម្ភៃ​ឆ្នាំ​នេះ ខ្ញុំ​បាន​នៅជាមួយ​លោកអ៊ំ​; ចៀមញី និង​ពពែញី​របស់លោកអ៊ំ មិនដែល​រលូតកូន​ឡើយ​; ខ្ញុំ​ក៏​មិនដែល​បាន​ហូប​ចៀមឈ្មោល​ពី​ហ្វូងចៀម​របស់លោកអ៊ំ​ដែរ​។ 39សត្វដែលត្រូវសត្វព្រៃហែកស៊ី ខ្ញុំ​មិនដែល​យកមក​ឲ្យ​លោកអ៊ំ​ទេ គឺ​ខ្ញុំ​បាន​ទទួលសង​វា​។ លោកអ៊ំ​បាន​ទារ​វា​ពី​ដៃ​ខ្ញុំ មិនថា​ត្រូវបាន​លួច​ពេលថ្ងៃ ឬ​លួច​ពេលយប់​។ 40ខ្ញុំ​តែងតែ​ដូច្នេះ គឺ​នៅ​ពេលថ្ងៃ កម្ដៅ​បាន​ស៊ីបំផ្លាញ​ខ្ញុំ ហើយ​នៅ​ពេលយប់ ភាពរងា​បាន​ស៊ីបំផ្លាញ​ខ្ញុំ រីឯ​ការដេកលក់​ក៏​រត់គេច​ពី​ភ្នែក​របស់ខ្ញុំ​ដែរ​។ 41ម្ភៃ​ឆ្នាំ​នេះ ខ្ញុំ​បាន​នៅក្នុង​ផ្ទះ​លោកអ៊ំ ទាំង​បម្រើ​លោកអ៊ំ​——​ដប់បួន​ឆ្នាំ​ដើម្បី​បាន​កូនស្រី​ទាំង​ពីរ​របស់លោកអ៊ំ ប្រាំមួយ​ឆ្នាំ​ដើម្បី​បាន​ហ្វូងសត្វ​របស់លោកអ៊ំ​——​ប៉ុន្តែ​លោកអ៊ំ​បាន​ផ្លាស់ប្ដូរ​ថ្លៃឈ្នួល​របស់ខ្ញុំ​ដប់​ដង​ហើយ​។ 42ប្រសិនបើ​ព្រះ​របស់​ឪពុក​ខ្ញុំ គឺ​ព្រះ​របស់​អ័ប្រាហាំ ជាព្រះដែល​អ៊ីសាក​កោតខ្លាច មិន​បាន​គង់នៅ​ជាមួយ​ខ្ញុំ​ទេ នោះ​លោកអ៊ំ​ប្រាកដជា​បញ្ជូន​ខ្ញុំ​ទៅ​ដោយ​ដៃទទេ​ហើយ​។ ព្រះ​បាន​ទត​ឃើញ​ទុក្ខវេទនា​របស់ខ្ញុំ និង​ការនឿយហត់​នៃ​ដៃ​របស់ខ្ញុំ បានជា​ព្រះអង្គ​ស្ដីបន្ទោស​លោកអ៊ំ​យប់មិញ”។
43ឡាបាន់​តប​នឹង​យ៉ាកុប​ថា​៖ “ស្ត្រី​ទាំងនេះ​ជា​កូនស្រី​របស់យើង ក្មេង​ទាំងនេះ​ជា​ចៅ​របស់យើង ហ្វូងសត្វ​ទាំងនេះ​ជា​ហ្វូងសត្វ​របស់យើង ហើយ​អ្វីៗ​ទាំងអស់​ដែល​ឯង​ឃើញ គឺជា​របស់​យើង​។ ប៉ុន្តែ​នៅ​ថ្ងៃនេះ តើ​យើង​អាច​ធ្វើ​អ្វី​បាន​សម្រាប់​ពួក​កូនស្រី​របស់យើង និង​កូន​ៗ​របស់ពួកនាង​ដែល​ពួកនាង​បាន​បង្កើត​? 44ដូច្នេះ​ឥឡូវនេះ មក៍! ចូរឲ្យ​យើង​ចុះ​សន្ធិសញ្ញា​រវាង​យើង និង​ឯង ទុកជា​បន្ទាល់​រវាង​យើង និង​ឯង​ចុះ”។
45យ៉ាកុប​ក៏​យក​ថ្ម​មួយ​មក ហើយ​បញ្ឈរ​វា​ជា​បង្គោល​។ 46រួច​យ៉ាកុប​ប្រាប់​បងប្អូន​របស់គាត់​ថា​៖ “ចូរ​ប្រមូល​ដុំថ្ម​មក”។ ពួកគេ​ក៏​យក​ដុំថ្ម​មក​ធ្វើ​ជា​គំនរ ហើយ​ហូប​នៅ​ក្បែរ​គំនរ​នោះ​។ 47ឡាបាន់​ហៅ​គំនរនោះ​ថា “យេការ-សាហាឌូថា#31:47 យេការ-សាហាឌូថា―ជាភាសាអើរ៉ាម មានន័យថា “គំនរនៃបន្ទាល់”។” រីឯ​យ៉ាកុប​ហៅ​វា​ថា “កាលេឌ#31:47 កាលេឌ―ជាភាសាហេព្រើរ មានន័យថា “គំនរនៃបន្ទាល់”។” វិញ​។
48ឡាបាន់​និយាយថា​៖ “គំនរ​នេះ​ជា​សាក្សី​រវាង​យើង និង​ឯង នៅ​ថ្ងៃនេះ”។ ដោយហេតុនេះ គេ​ដាក់ឈ្មោះ​គំនរនោះ​ថា កាលេឌ 49ក៏​បានដាក់ឈ្មោះវាថា​មីសប៉ា​ផង ពីព្រោះ​ឡាបាន់​និយាយថា​៖ “សូមឲ្យ​ព្រះយេហូវ៉ា​គន់មើល​រវាង​យើង និង​ឯង ពេល​យើង​ឃ្លាតឆ្ងាយ​ពីគ្នា​។ 50ប្រសិនបើ​ឯង​ធ្វើបាប​ពួក​កូនស្រី​របស់យើង ឬ​យក​ប្រពន្ធ​ក្រៅពី​ពួក​កូនស្រី​របស់យើង ទោះបីជា​គ្មាន​មនុស្ស​នៅជាមួយ​ពួកយើង​ក៏ដោយ មើល៍! ព្រះ​ជា​សាក្សី​រវាង​យើង និង​ឯង”។ 51ឡាបាន់​និយាយ​នឹង​យ៉ាកុប​ទៀត​ថា​៖ “មើល៍! គំនរ​នេះ​! មើល៍! បង្គោល​ដែល​យើង​បាន​តាំង​រវាង​យើង និង​ឯង​! 52គំនរ​នេះ​ជា​សាក្សី បង្គោល​នេះ​ជា​បន្ទាល់ ថា​យើង​នឹង​មិន​ឆ្លង​គំនរ​នេះ​ទៅឯ​ឯង​ទេ ហើយ​ឯង​ក៏​មិន​ឆ្លង​គំនរ​នេះ និង​បង្គោល​នេះ​មកឯ​យើង ដើម្បី​ធ្វើទុក្ខ​យើង​ដែរ​។ 53សូមឲ្យ​ព្រះ​របស់​អ័ប្រាហាំ ជា​ព្រះ​របស់​ណាឃរ គឺ​ព្រះ​របស់​ឪពុក​ពួកគាត់ ជំនុំជម្រះ​រវាង​ពួកយើង​ចុះ”។ ដូច្នេះ យ៉ាកុប​ក៏​ស្បថ​ដោយ​អាង​ព្រះដែល​អ៊ីសាក​ឪពុក​របស់គាត់​កោតខ្លាច​។ 54បន្ទាប់មក យ៉ាកុប​ថ្វាយ​យញ្ញបូជា​នៅ​តំបន់ភ្នំ​នោះ ហើយ​ហៅ​បងប្អូន​របស់គាត់​មក​ហូប​អាហារ​។ ពួកគេ​ក៏​ហូប​អាហារ ហើយ​ស្នាក់​នៅ​តំបន់ភ្នំ​នោះ​មួយយប់​។ 55ឡាបាន់​ក្រោកឡើង​ពី​ព្រលឹម ហើយ​ថើប​ចៅ​ៗ និង​ពួក​កូនស្រី​របស់គាត់ ព្រមទាំង​ឲ្យពរ​ពួកគេ​។ រួច​ឡាបាន់​ក៏​ចាកចេញទៅ ហើយ​ត្រឡប់​ទៅ​កន្លែង​របស់ខ្លួន​វិញ​៕

ទើបបានជ្រើសរើសហើយ៖

លោកុប្បត្តិ 31: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល