លោកុប្បត្តិ 16
16
សារ៉ាយ និងហាការ
1រីឯសារ៉ាយប្រពន្ធរបស់អាប់រ៉ាម មិនបានបង្កើតកូនឲ្យគាត់ទេ។ នាងមានបាវបម្រើស្រីជនជាតិអេហ្ស៊ីបម្នាក់ ឈ្មោះហាការ។ 2ដូច្នេះ សារ៉ាយនិយាយនឹងអាប់រ៉ាមថា៖ “មើល៍! ព្រះយេហូវ៉ាបានរារាំងខ្ញុំមិនឲ្យបង្កើតកូន។ សូមចូលទៅឯបាវបម្រើស្រីរបស់ខ្ញុំចុះ ប្រហែលជាខ្ញុំអាចបានកូន#16:2 បានកូន―ន័យត្រង់គឺ “ត្រូវបានកសាង”។តាមរយៈនាង”។ អាប់រ៉ាមក៏ស្ដាប់តាមសំឡេងរបស់សារ៉ាយ។ 3ដូច្នេះ ក្រោយពីអាប់រ៉ាមបានរស់នៅក្នុងដែនដីកាណានដប់ឆ្នាំហើយ សារ៉ាយប្រពន្ធរបស់អាប់រ៉ាមបានយកហាការជនជាតិអេហ្ស៊ីបដែលជាបាវបម្រើស្រីរបស់ខ្លួនមក ហើយប្រគល់នាងទៅអាប់រ៉ាមជាប្ដីរបស់ខ្លួនឲ្យធ្វើជាប្រពន្ធរបស់គាត់។ 4អាប់រ៉ាមបានចូលទៅឯហាការ ហើយនាងក៏មានផ្ទៃពោះ។ នៅពេលឃើញថាខ្លួនមានផ្ទៃពោះដូច្នេះ នាងក៏មើលងាយចៅហ្វាយស្រីរបស់ខ្លួន។ 5សារ៉ាយក៏និយាយនឹងអាប់រ៉ាមថា៖ “សូមឲ្យកំហុសដែលខ្ញុំរង ធ្លាក់ទៅលើលោកចុះ! ខ្ញុំបានប្រគល់បាវបម្រើស្រីរបស់ខ្ញុំទៅក្នុងដើមទ្រូងលោក ហើយតាំងពីនាងឃើញថាខ្លួនមានផ្ទៃពោះ នាងក៏មើលងាយខ្ញុំ។ សូមព្រះយេហូវ៉ាជំនុំជម្រះរវាងខ្ញុំ និងលោកចុះ!”។
6អាប់រ៉ាមនិយាយនឹងសារ៉ាយថា៖ “មើល៍! បាវបម្រើស្រីរបស់អូននៅក្នុងកណ្ដាប់ដៃរបស់អូនហើយ ចូរប្រព្រឹត្តដល់នាងតាមដែលល្អក្នុងភ្នែករបស់អូនចុះ”។ ដូច្នេះ សារ៉ាយបានធ្វើបាបហាការ ហើយនាងក៏រត់គេចពីមុខសារ៉ាយ។
7ទូតសួគ៌របស់ព្រះយេហូវ៉ាបានជួបនាងនៅក្បែរប្រភពទឹកក្នុងទីរហោស្ថាន គឺក្បែរប្រភពទឹកតាមផ្លូវទៅស៊ើរ 8ក៏សួរថា៖ “ហាការបាវបម្រើស្រីរបស់សារ៉ាយអើយ តើនាងមកពីណា ហើយទៅឯណា?”។
នាងក៏ឆ្លើយថា៖ “ខ្ញុំកំពុងរត់គេចពីមុខសារ៉ាយចៅហ្វាយស្រីរបស់ខ្ញុំ”។
9ទូតសួគ៌របស់ព្រះយេហូវ៉ានិយាយនឹងនាងថា៖ “ចូរត្រឡប់ទៅឯចៅហ្វាយស្រីរបស់នាងវិញ ហើយចុះចូលនៅក្រោមអំណាចរបស់គាត់ចុះ”។ 10ទូតសួគ៌របស់ព្រះយេហូវ៉ានិយាយនឹងនាងទៀតថា៖ “យើងនឹងបង្កើនពូជពង្សរបស់នាងឲ្យច្រើនឡើង រហូតដល់រាប់មិនអស់ដោយព្រោះមានច្រើនពេក”។
11ទូតសួគ៌របស់ព្រះយេហូវ៉ានិយាយនឹងនាងទៀតថា៖
“មើល៍! នាងមានផ្ទៃពោះ ហើយនាងនឹងសម្រាលបានកូនប្រុសម្នាក់។
នាងត្រូវដាក់ឈ្មោះកូននោះថា អ៊ីសម៉ាអែល
ដ្បិតព្រះយេហូវ៉ាបានឮអំពីទុក្ខវេទនារបស់នាងហើយ។
12កូននោះនឹងបានដូចជាលាព្រៃនៅកណ្ដាលមនុស្ស
ដៃរបស់វាទាស់នឹងមនុស្សទាំងអស់
ហើយដៃរបស់មនុស្សទាំងអស់ក៏ទាស់នឹងវាដែរ
វានឹងរស់នៅដោយប្រឆាំងនឹងអស់ទាំងបងប្អូនរបស់ខ្លួន”។
13នោះហាការក៏ហៅព្រះនាមរបស់ព្រះយេហូវ៉ាដែលមានបន្ទូលនឹងនាង ថា៖ “ព្រះអង្គជាព្រះដែលទតឃើញ” ដ្បិតនាងបាននិយាយថា៖ “សូម្បីតែនៅទីនេះ ខ្ញុំបានឃើញព្រះអង្គដែលទតឃើញខ្ញុំ#16:13 សូម្បីតែនៅទីនេះ ខ្ញុំបានឃើញព្រះអង្គដែលទតឃើញខ្ញុំ―ឬ “ខ្ញុំបានឃើញព្រះ ហើយខ្ញុំនៅតែនៅរស់ ក្រោយពីខ្ញុំបានឃើញព្រះអង្គ”។!”។ 14ដោយហេតុនេះ គេដាក់ឈ្មោះអណ្ដូងនោះថា បៀរ-ឡាហាយ-រយ មើល៍! អណ្ដូងនោះនៅចន្លោះកាដេស និងបេរេឌ។
15ហាការក៏បង្កើតបានកូនប្រុសម្នាក់ឲ្យអាប់រ៉ាម ហើយអាប់រ៉ាមដាក់ឈ្មោះកូនប្រុសរបស់គាត់ដែលហាការបានបង្កើតនោះថា អ៊ីសម៉ាអែល។ 16នៅពេលហាការបង្កើតអ៊ីសម៉ាអែលឲ្យអាប់រ៉ាម អាប់រ៉ាមមានអាយុប៉ែតសិបប្រាំមួយឆ្នាំ៕
ទើបបានជ្រើសរើសហើយ៖
លោកុប្បត្តិ 16: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative