កិច្ចការ 4
4
ពេត្រុស និងយ៉ូហានត្រូវបានចាប់ខ្លួន
1ខណៈដែលពេត្រុស និងយ៉ូហានកំពុងនិយាយនឹងប្រជាជន ពួកបូជាចារ្យ មេតម្រួត#4:1 មេតម្រួត―ន័យត្រង់គឺ “មេទ័ព”។ព្រះវិហារ និងពួកសាឌូស៊ីបានចូលមក 2ទាំងមួម៉ៅ ដោយសារអ្នកទាំងពីរកំពុងបង្រៀនប្រជាជន ព្រមទាំងប្រកាសដោយអាងព្រះយេស៊ូវ នូវការរស់ឡើងវិញពីចំណោមមនុស្សស្លាប់។ 3ពួកគេក៏លូកដៃចាប់អ្នកទាំងពីរ ហើយឃុំពួកគេទុករហូតដល់ថ្ងៃបន្ទាប់ ដ្បិតល្ងាចណាស់ហើយ។ 4ទោះបីជាយ៉ាងណាក៏ដោយ ក៏មានមនុស្សជាច្រើនក្នុងអ្នកដែលឮព្រះបន្ទូលបានជឿ ហើយចំនួនមនុស្សប្រុសមានដល់ប្រមាណប្រាំពាន់នាក់។
ពេត្រុស និងយ៉ូហាននៅមុខពួកមេដឹកនាំជនជាតិយូដា
5លុះស្អែកឡើង ពួកមេគ្រប់គ្រងរបស់ជនជាតិយូដា#4:5 របស់ជនជាតិយូដា―ន័យត្រង់គឺ “របស់ពួកគេ”។ ពួកចាស់ទុំ និងពួកគ្រូវិន័យបានប្រជុំគ្នានៅយេរូសាឡិម 6ជាមួយមហាបូជាចារ្យអាន់ណាស និងកៃផាស យ៉ូហាន អ័លេក្សានត្រុស ព្រមទាំងអស់អ្នកដែលជាសាច់ញាតិរបស់មហាបូជាចារ្យ។ 7ពួកគេឲ្យពេត្រុស និងយ៉ូហានឈរនៅកណ្ដាលចំណោម ហើយសួរថា៖ “តើពួកអ្នកបានធ្វើការនេះដោយអំណាចអ្វី ឬក្នុងនាមនរណា?”។
8ពេលនោះ ពេត្រុសបានពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ក៏និយាយនឹងពួកគេថា៖ “មេគ្រប់គ្រងរបស់ប្រជាជន និងចាស់ទុំទាំងឡាយ#4:8 ឯកសារបុរាណខ្លះបន្ថែម “នៃអ៊ីស្រាអែល”។អើយ! 9ប្រសិនបើយើងខ្ញុំត្រូវបានសួរចម្លើយនៅថ្ងៃនេះ អំពីការល្អដែលបានធ្វើដល់បុរសពិការម្នាក់ ថាតើបុរសនេះត្រូវបានប្រោសឲ្យជាយ៉ាងដូចម្ដេច 10នោះចូរឲ្យអស់លោក និងប្រជាជនអ៊ីស្រាអែលទាំងអស់ដឹងច្បាស់ថា បុរសនេះបានឈរនៅមុខអស់លោក ទាំងមានសុខភាពល្អ ដោយសារតែព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទអ្នកណាសារ៉ែត ដែលអស់លោកបានឆ្កាង គឺព្រះអង្គដែលព្រះបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់! 11គឺព្រះអង្គនេះហើយជា
‘ថ្មដែលអ្នករាល់គ្នាជាជាងសង់ផ្ទះមើលងាយ
បានត្រឡប់ជាថ្មគ្រឹះវិញ’។ # 4:11 《ទំនុកតម្កើង》 118:22។
12គ្មានសេចក្ដីសង្គ្រោះតាមរយៈអ្នកណាផ្សេងទៀតឡើយ ដ្បិតនៅក្រោមមេឃ គ្មាននាមផ្សេងទៀតដែលបានប្រទានមកមនុស្ស ដើម្បីឲ្យយើងត្រូវតែទទួលការសង្គ្រោះនោះឡើយ”។
ហាមមិនឲ្យផ្សព្វផ្សាយក្នុងព្រះនាមព្រះអម្ចាស់
13នៅពេលពួកគេឃើញភាពក្លាហានរបស់ពេត្រុស និងយ៉ូហាន ទាំងយល់ឃើញថាអ្នកទាំងពីរជាមនុស្សសាមញ្ញ និងមិនបានរៀនសូត្រ ពួកគេក៏ភ្ញាក់ផ្អើល ហើយមើលស្គាល់ថាអ្នកទាំងពីរធ្លាប់នៅជាមួយព្រះយេស៊ូវ 14ព្រមទាំងឃើញបុរសដែលត្រូវបានប្រោសឲ្យជាកំពុងឈរជាមួយអ្នកទាំងពីរផង ពួកគេក៏គ្មានពាក្យតបតសោះ។ 15ដូច្នេះ បន្ទាប់ពីបញ្ជាអ្នកទាំងពីរឲ្យចេញពីក្រុមប្រឹក្សាទៅខាងក្រៅ ពួកគេក៏ពិគ្រោះគ្នា 16ថា៖ “តើយើងត្រូវធ្វើអ្វីនឹងអ្នកទាំងនេះ? ដ្បិតទីសម្គាល់ដ៏ជាក់លាក់បានកើតឡើងដោយអ្នកទាំងនេះមែន ជាការជាក់ច្បាស់ដល់មនុស្សទាំងអស់ដែលរស់នៅយេរូសាឡិម ហើយយើងមិនអាចបដិសេធបានទេ។ 17ប៉ុន្តែដើម្បីកុំឲ្យរឿងនេះឮសុសសាយកាន់តែខ្លាំងទៀតដល់ប្រជាជន យើងគួរតែសម្លុតគំរាមពួកគេ#4:17 យើងគួរតែសម្លុតគំរាមពួកគេ―ឯកសារបុរាណខ្លះថា “គួរតែសម្លុតគំរាមពួកគេដោយពាក្យគំរាម”។កុំឲ្យនិយាយប្រាប់អ្នកណាក្នុងនាមនេះទៀត”។ 18ដូច្នេះ ពួកគេក៏ហៅអ្នកទាំងពីរមក ហើយបញ្ជាមិនឲ្យនិយាយ ឬបង្រៀនក្នុងព្រះនាមរបស់ព្រះយេស៊ូវជាដាច់ខាត។
19ប៉ុន្តែពេត្រុស និងយ៉ូហានតបនឹងពួកគេថា៖ “តើការដែលស្ដាប់តាមអ្នករាល់គ្នាជាជាងស្ដាប់តាមព្រះ ជាការត្រឹមត្រូវនៅចំពោះព្រះឬទេ? សូមអស់លោកពិចារណាចុះ! 20ចំណែកឯយើងខ្ញុំវិញ យើងខ្ញុំមិនអាចមិននិយាយអ្វីដែលយើងខ្ញុំបានឃើញ និងបានឮនោះទេ”។
21បន្ទាប់ពីសម្លុតគំរាមថែមទៀតហើយ ពួកគេក៏ដោះលែងអ្នកទាំងពីរ ដោយសារតែប្រជាជន។ ពួកគេរកមិនឃើញមធ្យោបាយដាក់ទោសអ្នកទាំងពីរទេ ពីព្រោះមនុស្សទាំងអស់កំពុងលើកតម្កើងសិរីរុងរឿងដល់ព្រះ ចំពោះអ្វីដែលបានកើតឡើង។ 22រីឯបុរសដែលទីសម្គាល់នៃការប្រោសឲ្យជានេះបានកើតឡើងដល់គាត់ មានអាយុសែសិបឆ្នាំជាងហើយ។
អធិស្ឋានសុំសេចក្ដីក្លាហាន
23នៅពេលពេត្រុស និងយ៉ូហានត្រូវបានដោះលែង អ្នកទាំងពីរក៏មករកគ្នារបស់ខ្លួន ហើយរៀបរាប់ប្រាប់ពួកគេអំពីអ្វីៗដែលពួកនាយកបូជាចារ្យ និងពួកចាស់ទុំបាននិយាយ។ 24កាលបានឮដូច្នោះ ពួកគេក៏បន្លឺសំឡេងទៅកាន់ព្រះ ដោយមានចិត្តតែមួយ ហើយទូលថា៖ “ព្រះអម្ចាស់អើយ! ព្រះអង្គជាអ្នកដែលបង្កើត#4:24 អ្នកដែលបង្កើត―ឯកសារបុរាណខ្លះថា “ព្រះដែលបង្កើត”។ផ្ទៃមេឃ ផែនដី សមុទ្រ និងរបស់សព្វសារពើដែលនៅទីនោះ។ 25ព្រះអង្គបានមានបន្ទូលដោយព្រះវិញ្ញាណដ៏វិសុទ្ធ#4:25 ឯកសារបុរាណខ្លះគ្មាន “ដោយព្រះវិញ្ញាណដ៏វិសុទ្ធ”។ តាមរយៈមាត់របស់ដាវីឌដូនតារបស់យើង#4:25 ឯកសារបុរាណខ្លះគ្មាន “ដូនតារបស់យើង”។ ដែលជាអ្នកបម្រើរបស់ព្រះអង្គ ថា:
‘ហេតុអ្វីបានជាប្រជាជាតិនានាច្រឡោតខឹង
ហើយប្រជាជនទាំងឡាយប៉ុនប៉ងដោយឥតបានការ?
26 បណ្ដាស្ដេចនៃផែនដីបានក្រោកឡើង
ពួកមេគ្រប់គ្រងបានជួបជុំគ្នា ទាស់នឹងព្រះអម្ចាស់
ហើយទាស់នឹងព្រះគ្រីស្ទរបស់ព្រះអង្គ’។ # 4:25-26 《ទំនុកតម្កើង》 2:1-2។
27“ជាការពិត ទាំងហេរ៉ូឌ និងប៉ុនទាសពីឡាត់ ជាមួយនឹងបណ្ដាសាសន៍ដទៃ និងប្រជាជនអ៊ីស្រាអែល បានជួបជុំគ្នានៅក្នុងទីក្រុងនេះ#4:27 ឯកសារបុរាណខ្លះគ្មាន “នៅក្នុងទីក្រុងនេះ”។មែន ទាស់នឹងព្រះយេស៊ូវអ្នកបម្រើដ៏វិសុទ្ធរបស់ព្រះអង្គ ដែលព្រះអង្គបានចាក់ប្រេងអភិសេក 28ដើម្បីធ្វើនូវអ្វីៗដែលព្រះហស្តរបស់ព្រះអង្គ និងគម្រោងរបស់ព្រះអង្គ បានកំណត់ទុកមុនឲ្យកើតឡើង។ 29ព្រះអម្ចាស់អើយ! ឥឡូវនេះ សូមទតមើលសេចក្ដីគំរាមកំហែងរបស់ពួកគេ ហើយប្រទានឲ្យបាវបម្រើរបស់ព្រះអង្គប្រកាសព្រះបន្ទូលរបស់ព្រះអង្គដោយភាពក្លាហានដ៏ពេញលេញផង 30ក្នុងពេលដែលព្រះអង្គលូកព្រះហស្តរបស់ព្រះអង្គមកដើម្បីឲ្យការប្រោសឲ្យជា ទីសម្គាល់ និងការអស្ចារ្យ បានកើតឡើងតាមរយៈព្រះនាមរបស់ព្រះយេស៊ូវអ្នកបម្រើដ៏វិសុទ្ធរបស់ព្រះអង្គ”។ 31បន្ទាប់ពីពួកគេបានអធិស្ឋានរួចហើយ កន្លែងដែលពួកគេកំពុងជួបជុំគ្នាក៏រញ្ជួយ ហើយទាំងអស់គ្នាបានពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ពួកគេក៏ចាប់ផ្ដើមប្រកាសព្រះបន្ទូលរបស់ព្រះដោយភាពក្លាហាន។
អ្នកជឿចែកចំណែកគ្នា
32ពេលនោះ ហ្វូងមនុស្សដែលបានជឿមានចិត្តគំនិតតែមួយ ហើយគ្មានអ្នកណាម្នាក់អះអាងថា អ្វីៗដែលខ្លួនមានជារបស់ខ្លួនឯងឡើយ ផ្ទុយទៅវិញ ពួកគេដាក់អ្វីៗទាំងអស់ជារបស់រួម។ 33ពួកសាវ័កបានធ្វើបន្ទាល់ដោយអំណាចយ៉ាងខ្លាំង អំពីការរស់ឡើងវិញរបស់ព្រះអម្ចាស់យេស៊ូវ ហើយមានព្រះគុណដ៏ធំធេងលើពួកគេទាំងអស់គ្នា។ 34ក្នុងចំណោមពួកគេ គ្មានអ្នកណាខ្វះខាតឡើយ ដ្បិតអ្នកណាដែលជាម្ចាស់ដី ឬម្ចាស់ផ្ទះ បានលក់របស់ទាំងនោះ ហើយយកប្រាក់ពីការលក់ទាំងនោះមក 35ដាក់នៅទៀបជើងរបស់ពួកសាវ័ក ហើយពួកគេក៏ចែកឲ្យម្នាក់ៗតាមដែលគេត្រូវការ។
36មានពួកលេវីម្នាក់ ឈ្មោះយ៉ូសែប ស្រុកកំណើតនៅស៊ីពរ៍ ដែលពួកសាវ័កហៅថា បារណាបាស (បារណាបាស មានអត្ថន័យប្រែថា កូននៃការកម្សាន្តចិត្ត) 37គាត់បានលក់ចម្ការរបស់គាត់ ហើយយកប្រាក់នោះមកដាក់នៅទៀបជើងរបស់ពួកសាវ័ក៕
ទើបបានជ្រើសរើសហើយ៖
កិច្ចការ 4: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative