សេផានា ពាក្យលំនាំ
ពាក្យលំនាំ
ពេលដែលហោរាសេផានានាំព្រះបន្ទូលរបស់ព្រះ ទៅថ្លែងប្រាប់ប្រជាជនយូដានោះ ប្រហែលជានៅចុងសតវត្សរ៍ទី៧ មុនគ្រីស្ទសករាជ។ ពេលលោកថ្លែងព្រះបន្ទូលនេះ ព្រះបាទយ៉ូសៀសពុំទាន់បានធ្វើការកែទម្រង់ជំនឿសាសនានៅឡើយទេ (សូមអាន ២ ពង្ស. ២៣.១-២៨) ហើយស្រុកយូដាកំពុងតែឆ្លងកាត់ស្ថានភាពមួយដ៏សែនលំបាក។ ដូច្នេះ លោកប្រហែលជាបម្រើព្រះមុនហោរាហាបាគុក។ នៅគ្រានោះ អ្នកដែលមានចិត្តសង្ស័យ ហើយចោទសួរថា តើព្រះរវីរវល់នឹងមនុស្សលោក ឬយ៉ាងណា? តើព្រះអង្គពិតជាគ្រប់គ្រងលើប្រវត្តិសាស្ត្រមែនឬទេ? ហោរាសេផានាឆ្លើយតបទៅពួកគេវិញ ដោយប្រកាសថា ព្រះនឹងធ្វើអន្តរាគមន៍មកលើប្រជារាស្ត្ររបស់ព្រះអង្គ តាមរបៀបពីរយ៉ាង៖ មុនដំបូង ព្រះអង្គនឹងយាងមកវិនិច្ឆ័យទោសអ្នកស្រុកយូដា ព្រមទាំងអ្នកក្រុងយេរូសាឡិម (១.១-២.៣) ព្រះអង្គរំលាយជាតិសាសន៍ដែលនៅជុំវិញប្រជាជនយូដា (២.៤-១៥)។ បន្ទាប់មក ព្រះអង្គនឹងស្តារក្រុងយេរូសាឡិមឡើងវិញ ក្រោយពីបានជម្រះអំពើបាបចេញអស់ពីទីក្រុង ហើយទុកឲ្យមានប្រជាជនមួយចំនួនដែលក្រីក្រទុគ៌ត និងមានចិត្តទន់ទាប ឲ្យនៅសេសសល់ ក្នុងគោលបំណងបំផ្លាស់បំប្រែមនុស្សជាតិទាំងមូល (៣.១-២០)។
លោកសេផានាប្រកាសថា ដរាបណាប្រជាជនមិនព្រមកម្ចាត់មនុស្សដែលស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន ជាជាងធ្វើតាមបង្គាប់របស់ព្រះ ឲ្យអស់ពីក្នុងចំណោមពួកគេទេ នោះពួកគេពុំអាចមានទំនាក់ទំនងដ៏ពិតប្រាកដជាមួយព្រះអង្គបានឡើយ។ ប៉ុន្តែ លោកសម្ដែងភាពទន់ភ្លន់ចំពោះមនុស្សទន់ទាបនៅក្នុងស្រុក (២.៣, ៣.១២)។
ទើបបានជ្រើសរើសហើយ៖
សេផានា ពាក្យលំនាំ: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies