សាការី 14
14
ចម្បាំងនៅពេលអនាគត និងជ័យជម្នះចុងក្រោយ
1មើល៍! ថ្ងៃរបស់ព្រះយេហូវ៉ានឹងមកដល់ ជាវេលាដែលគេមកយកទ្រព្យសម្បត្តិរបស់អ្នក ហើយចែកគ្នានៅមុខឯងរាល់គ្នា។ 2ដ្បិតយើងនឹងប្រមូលសាសន៍ទាំងអស់មកច្បាំងនឹងក្រុងយេរូសាឡិម គេនឹងចាប់យកទីក្រុង ព្រមទាំងប្លន់ផ្ទះទាំងប៉ុន្មាន ហើយកំហែងចិត្តពួកស្រីៗផង ពួកអ្នកក្រុងពាក់កណ្ដាលនឹងត្រូវនាំទៅជាឈ្លើយ តែបណ្ដាជនដែលនៅសល់ មិនត្រូវដេញចេញពីទីក្រុងទេ។ 3ព្រះយេហូវ៉ានឹងចេញទៅប្រហារសាសន៍ទាំងនោះ ដូចកាលនៅថ្ងៃចម្បាំងដែលព្រះអង្គបានច្បាំងនឹងគេដែរ។ 4នៅថ្ងៃនោះ ព្រះបាទរបស់ព្រះអង្គនឹងជាន់លើភ្នំដើមអូលីវ ដែលនៅប្រឈមនឹងក្រុងយេរូសាឡិមខាងកើត ហើយភ្នំដើមអូលីវនឹងត្រូវពុះញែកជាពីរចំពាក់កណ្ដាល ពីទិសខាងកើតទៅទិសខាងលិច បង្កើតឲ្យមានចន្លោះយ៉ាងធំ ភ្នំមួយចំហៀងនឹងញែកទៅទិសខាងជើង ហើយមួយចំហៀងទៀតទៅទិសខាងត្បូង។ 5ពេលនោះ ឯងរាល់គ្នានឹងរត់ទៅតាមចន្លោះភ្នំរបស់យើង ដ្បិតចន្លោះភ្នំនោះ នឹងរហូតទៅដល់អាសែល។ អ្នកឯងរាល់គ្នានឹងរត់ ដូចបានរត់ពីការកក្រើកដីនៅក្នុងរាជ្យអូសៀស ជាស្តេចយូដា។ ព្រះយេហូវ៉ាជាព្រះនៃខ្ញុំនឹងយាងមក មានទាំងពួកបរិសុទ្ធទាំងអស់មកជាមួយដែរ។ 6នៅថ្ងៃនោះ នឹងលែងមានពន្លឺថ្ងៃ លែងមានត្រជាក់ ឬទឹកកក ទៀតហើយ។ 7ថ្ងៃនោះខុសពីធម្មតា មានតែព្រះយេហូវ៉ាដែលដឹង មិនមែនជាថ្ងៃ ក៏មិនមែនជាយប់ ប៉ុន្តែ នៅពេលព្រលប់ ក៏មានពន្លឺដែរ។ 8នៅថ្ងៃនោះ នឹងមានទឹករស់ហូរចេញពីក្រុងយេរូសាឡិម ពាក់កណ្ដាលនឹងហូរទៅសមុទ្រនៅទិសខាងកើត ហើយពាក់កណ្ដាលនឹងហូរទៅសមុទ្រនៅទិសខាងលិច ទោះជារដូវក្តៅ ក៏ដូចរដូវរងា។
9ព្រះយេហូវ៉ានឹងធ្វើជាមហាក្សត្រលើផែនដីទាំងមូល នៅថ្ងៃនោះ នឹងមានតែព្រះយេហូវ៉ាជាព្រះមួយព្រះអង្គ ហើយព្រះនាមព្រះអង្គនឹងមានតែមួយដែរ។ 10ស្រុកទាំងមូល ចាប់តាំងពីកេបា រហូតដល់រីម៉ូន ខាងត្បូងក្រុងយេរូសាឡិម។ ប៉ុន្តែ គេនឹងសង់ក្រុងយេរូសាឡិមឡើងវិញនៅកន្លែងធម្មតា ចាប់តាំងពីទ្វារបេនយ៉ាមីន រហូតដល់កន្លែងទ្វារដំបូង និងទ្វារជ្រុងកំផែង ហើយពីប៉មហាណានាល រហូតដល់ធុងឃ្នាបរបស់ស្តេច។ 11ក៏នឹងមានមនុស្សរស់នៅ ហើយគ្មានបណ្ដាសាទៀត គឺក្រុងយេរូសាឡិមនឹងនៅដោយសុខសាន្ត។
12ព្រះយេហូវ៉ានឹងវាយសាសន៍ទាំងអស់ ដែលបានច្បាំងនឹងក្រុងយេរូសាឡិម ដោយសេចក្ដីវេទនាយ៉ាងនេះ គឺសាច់គេនឹងរលួយកំពុងដែលគេឈរ ភ្នែកគេនឹងរលួយ អណ្ដាតគេនឹងរលួយនៅក្នុងមាត់ដែរ 13នៅថ្ងៃនោះ នឹងមានចលាចលជាខ្លាំង ដែលមានមកពីព្រះយេហូវ៉ា កើតឡើងនៅកណ្ដាលគេ គ្រប់គ្នានឹងចាប់យកអ្នកជិតខាងខ្លួន ហើយនឹងលើកដៃឡើងទាស់នឹងអ្នកជិតខាងរៀងខ្លួន។ 14ពួកយូដានឹងច្បាំងត្រង់ក្រុងយេរូសាឡិម ហើយទ្រព្យសម្បត្តិរបស់គ្រប់សាសន៍ជុំវិញ នឹងប្រមូលគ្នា គឺមាស ប្រាក់ និងសម្លៀកបំពាក់យ៉ាងសន្ធឹក 15ឯសេចក្ដីវេទនារបស់សេះ លាកាត់ អូដ្ឋ លា និងសត្វទាំងអស់ដែលនៅក្នុងទីបោះទ័ព នឹងបានដូច្នោះដែរ គឺដូចជាអាសន្នរោគ។
16ពេលនោះ អស់អ្នកនៅសល់ពីគ្រប់សាសន៍ដែលមកច្បាំងនឹងក្រុងយេរូសាឡិម គេនឹងឡើងមករាល់ឆ្នាំ ដើម្បីថ្វាយបង្គំមហាក្សត្រ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ ក៏នឹងកាន់រក្សាបុណ្យបារាំ 17ដូច្នេះ ក្នុងគ្រួសារទាំងអស់នៅផែនដី បើមានអ្នកណាដែលមិនឡើងទៅក្រុងយេរូសាឡិមដើម្បីថ្វាយបង្គំមហាក្សត្រ គឺព្រះយេហូវ៉ានៃពួកពលបរិវារទេ នោះនឹងគ្មានភ្លៀងធ្លាក់មកលើគេឡើយ។ 18ប្រសិនបើសាសន៍អេស៊ីព្ទមិនឡើងមក គឺពួកគេមិនមកសោះ នោះនឹងមាន គ្រោះកាចមកលើគេ ដែលព្រះយេហូវ៉ានឹងវាយអស់ទាំងសាសន៍ ដែលមិនឡើងទៅធ្វើបុណ្យបារាំនោះ។ 19នេះហើយជាការដាក់ទោសដល់ពួកសាសន៍អេស៊ីព្ទ ហើយជាការវាយផ្ចាលដល់អស់ទាំងសាសន៍ ដែលមិនឡើងមកធ្វើបុណ្យបារាំ។
20នៅថ្ងៃនោះ នឹងមានគេចារឹកទុកនៅលើចង្ក្រង់សេះថា «បរិសុទ្ធសម្រាប់ព្រះយេហូវ៉ា» ហើយថ្លាងទាំងប៉ុន្មាននៅក្នុងព្រះដំណាក់នៃព្រះយេហូវ៉ា នឹងដូចជាចាន ដែលនៅមុខអាសនាដែរ។ 21ថ្លាងទាំងអស់នៅក្រុងយេរូសាឡិម និងនៅស្រុកយូដា ត្រូវញែកជាបរិសុទ្ធសម្រាប់ព្រះយេហូវ៉ានៃពួកពលបរិវារទាំងអស់ ពួកអ្នកដែលមកថ្វាយយញ្ញបូជា នឹងយកថ្លាងទាំងនោះសម្រាប់ស្ងោរតង្វាយយញ្ញបូជា ហើយនៅថ្ងៃនោះ នឹងគ្មានអ្នកលក់ នៅក្នុងព្រះដំណាក់របស់ព្រះយេហូវ៉ានៃពួកពលបរិវារទៀតហើយ។:៚
ទើបបានជ្រើសរើសហើយ៖
សាការី 14: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies