សាការី 14

14
ចម្បាំង​នៅ​ពេល​អនាគត និងជ័យ‌ជម្នះ​ចុង​ក្រោយ
1មើល៍! ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា​នឹង​មក​ដល់ ជា​វេលា​ដែល​គេ​មក​យកទ្រព្យ​សម្បត្តិ​របស់​អ្នក ហើយ​ចែក​គ្នា​នៅមុខ​ឯង​រាល់​គ្នា។ 2ដ្បិត​យើង​នឹង​ប្រមូល​សាសន៍​ទាំង​អស់​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម គេ​នឹង​ចាប់​យក​ទី​ក្រុង ព្រម​ទាំង​ប្លន់​ផ្ទះ​ទាំង​ប៉ុន្មាន ហើយ​កំហែង​ចិត្ត​ពួក​ស្រីៗ​ផង ពួក​អ្នក​ក្រុង​ពាក់​កណ្ដាល​នឹង​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ តែ​បណ្ដា‌ជន​ដែល​នៅ​សល់ មិន​ត្រូវ​ដេញ​ចេញ​ពី​ទី​ក្រុង​ទេ។ 3ព្រះ‌យេហូវ៉ា​នឹង​ចេញ​ទៅ​ប្រហារ​សាសន៍​ទាំង​នោះ ដូច​កាល​នៅ​ថ្ងៃ​ចម្បាំង​ដែល​ព្រះ‌អង្គ​បាន​ច្បាំង​នឹង​គេ​ដែរ។ 4នៅ​ថ្ងៃ​នោះ ព្រះ‌បាទ​របស់​ព្រះ‌អង្គ​នឹង​ជាន់​លើ​ភ្នំ​ដើម​អូលីវ ដែល​នៅ​ប្រឈម​នឹង​ក្រុង​យេរូ‌សាឡិម​ខាង​កើត ហើយ​ភ្នំ​ដើម​អូលីវ​នឹង​ត្រូវ​ពុះ​ញែក​ជាពីរ​ចំ​ពាក់​កណ្ដាល ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច បង្កើត​ឲ្យ​មាន​ចន្លោះ​យ៉ាង​ធំ ភ្នំ​មួយ​ចំហៀង​នឹង​ញែក​ទៅ​ទិស​ខាង​ជើង ហើយ​មួយ​ចំហៀង​ទៀត​ទៅ​ទិស​ខាង​ត្បូង។ 5ពេល​នោះ ឯង​រាល់​គ្នា​នឹង​រត់​ទៅ​តាម​ចន្លោះ​ភ្នំ​របស់​យើង ដ្បិត​ចន្លោះ​ភ្នំ​នោះ នឹង​រហូត​ទៅ​ដល់​អាសែល។ អ្នក​ឯង​រាល់​គ្នា​នឹង​រត់ ដូច​បាន​រត់​ពី​ការ​កក្រើក​ដី​នៅ​ក្នុង​រាជ្យ​អូសៀស ជា​ស្តេច​យូដា។ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ​នឹង​យាង​មក មាន​ទាំង​ពួក​បរិសុទ្ធ​ទាំង​អស់​មក​ជា‌មួយដែរ។ 6នៅ​ថ្ងៃ​នោះ នឹង​លែង​មាន​ពន្លឺ​ថ្ងៃ លែង​មាន​ត្រជាក់ ឬទឹកកក ទៀត​ហើយ។ 7ថ្ងៃ​នោះ​ខុស​ពី​ធម្មតា មាន​តែ​ព្រះ‌យេហូវ៉ា​ដែល​ដឹង មិន​មែន​ជា​ថ្ងៃ ក៏​មិន​មែន​ជា​យប់ ប៉ុន្តែ នៅ​ពេល​ព្រលប់ ក៏​មាន​ពន្លឺ​ដែរ។ 8នៅ​ថ្ងៃ​នោះ នឹង​មាន​ទឹក​រស់​ហូរ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ពាក់​កណ្ដាល​នឹង​ហូរ​ទៅ​សមុទ្រ​នៅ​ទិស​ខាង​កើត ហើយ​ពាក់​កណ្ដាល​នឹង​ហូរ​ទៅ​សមុទ្រ​នៅ​ទិស​ខាង​លិច ទោះជា​រដូវ​ក្តៅ ក៏​ដូច​រដូវ​រងា។
9ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ជា​មហា‌ក្សត្រ​លើ​ផែនដី​ទាំង​មូល នៅ​ថ្ងៃ​នោះ នឹង​មាន​តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​មួយ​ព្រះ‌អង្គ ហើយ​ព្រះ‌នាម​ព្រះ‌អង្គ​នឹង​មាន​តែ​មួយ​ដែរ។ 10ស្រុក​ទាំង​មូល ចាប់​តាំង​ពី​កេបា រហូត​ដល់​រីម៉ូន ខាង​ត្បូង​ក្រុង​យេរូ‌សាឡិម។ ប៉ុន្តែ គេ​នឹង​សង់​ក្រុង​យេរូ‌សាឡិមឡើង​វិញ​នៅ​កន្លែង​ធម្មតា ចាប់​តាំង​ពី​ទ្វារ​បេនយ៉ាមីន រហូត​ដល់​កន្លែង​ទ្វារ​ដំបូង និង​ទ្វារ​ជ្រុង​កំផែង ហើយ​ពី​ប៉ម​ហាណានាល រហូត​ដល់​ធុង​ឃ្នាប​របស់​ស្តេច។ 11ក៏​នឹង​មាន​មនុស្សរស់​នៅ ហើយ​គ្មាន​បណ្ដាសា​ទៀត គឺ​ក្រុង​យេរូ‌សាឡិម​នឹង​នៅ​ដោយ​សុខ‌សាន្ត។
12ព្រះ‌យេហូវ៉ា​នឹង​វាយ​សាសន៍ទាំង​អស់ ដែល​បាន​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ដោយ​សេចក្ដី​វេទនា​យ៉ាង​នេះ គឺ​សាច់​គេ​នឹង​រលួយ​កំពុង​ដែល​គេ​ឈរ ភ្នែក​គេ​នឹង​រលួយ អណ្ដាត​គេ​នឹង​រលួយ‌នៅ​ក្នុង​មាត់​ដែរ 13នៅ​ថ្ងៃ​នោះ នឹង​មាន​ចលាចល​ជា​ខ្លាំង ដែល​មាន​មក​ពី​ព្រះ‌យេហូវ៉ា កើត​ឡើង​នៅ​កណ្ដាល​គេ គ្រប់​គ្នា​នឹង​ចាប់​យក​អ្នក​ជិត​ខាង​ខ្លួន ហើយ​នឹង​លើក​ដៃ​ឡើង​ទាស់​នឹង​អ្នក​ជិត​ខាង​រៀង​ខ្លួន។ 14ពួក​យូដា​នឹង​ច្បាំង​ត្រង់​ក្រុង​យេរូ‌សាឡិម ហើយ​ទ្រព្យ‌សម្បត្តិរបស់​គ្រប់​សាសន៍​ជុំ‌វិញ នឹង​ប្រមូល​គ្នា គឺ​មាស ប្រាក់ និង​សម្លៀក‌បំពាក់​យ៉ាង​សន្ធឹក 15ឯ​សេចក្ដី​វេទនា​របស់​សេះ លា​កាត់ អូដ្ឋ លា និង​សត្វ​ទាំង​អស់​ដែល​នៅ​ក្នុង​ទី​បោះ​ទ័ព នឹង​បាន​ដូច្នោះ​ដែរ គឺ​ដូច​ជា​អាសន្ន‌រោគ។
16ពេល​នោះ អស់​អ្នកនៅ​សល់​ពី​គ្រប់​សាសន៍​ដែល​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម គេ​នឹង​ឡើង​មក​រាល់​ឆ្នាំ ដើម្បី​ថ្វាយ‌បង្គំ​មហា‌ក្សត្រ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ក៏​នឹង​កាន់​រក្សា​បុណ្យ​បារាំ 17ដូច្នេះ ក្នុង​គ្រួសារ​ទាំង​អស់​នៅ​ផែនដី បើ​មាន​អ្នក​ណា​ដែល​មិន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម​ដើម្បី​ថ្វាយ‌បង្គំ​មហា‌ក្សត្រ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទេ នោះ​នឹង​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​គេ​ឡើយ។ 18ប្រសិន​បើ​សាសន៍​អេស៊ីព្ទ​មិន​ឡើង​មក គឺ​ពួក​គេ​មិន​មក​សោះ នោះ​នឹង​មាន គ្រោះ​កាច​មក​លើ​គេ ដែល​ព្រះ‌យេហូវ៉ា​នឹង​វាយ​អស់​ទាំង​សាសន៍ ដែល​មិន​ឡើង​ទៅ​ធ្វើ​បុណ្យ​បារាំនោះ។ 19នេះ​ហើយ​ជា​ការ​ដាក់​ទោស​ដល់​ពួក​សាសន៍​អេស៊ីព្ទ ហើយ​ជា​ការ​វាយ​ផ្ចាល​ដល់​អស់​ទាំង​សាសន៍ ដែល​មិន​ឡើង​មក​ធ្វើ​បុណ្យ​បារាំ។
20នៅ​ថ្ងៃ​នោះ នឹង​មាន​គេ​ចារឹក​ទុក​នៅ​លើ​ចង្ក្រង់​សេះ​ថា «បរិសុទ្ធ​សម្រាប់​ព្រះ‌យេហូវ៉ា» ហើយ​ថ្លាង​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ‌យេហូវ៉ា នឹង​ដូច​ជា​ចាន ដែល​នៅ​មុខ​អាសនា​ដែរ។ 21ថ្លាង​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡិម និង​នៅ​ស្រុក​យូដា ត្រូវ​ញែក​ជា​បរិសុទ្ធ​សម្រាប់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទាំង​អស់ ពួក​អ្នក​ដែល​មក​ថ្វាយ​យញ្ញ‌បូជា នឹង​យក​ថ្លាង​ទាំង​នោះ​សម្រាប់​ស្ងោរ​តង្វាយ​យញ្ញ‌បូជា ហើយ​នៅ​ថ្ងៃ​នោះ នឹង​គ្មានអ្នក​លក់ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទៀត​ហើយ។:៚

ទើបបានជ្រើសរើសហើយ៖

សាការី 14: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល