សាការី 13:1-9

សាការី 13:1-9 គកស១៦

នៅ​ថ្ងៃ​នោះ នឹង​មាន​ក្បាល​ទឹក​មួយ​បើក​ឡើង​សម្រាប់​ពួក​វង្ស​ដាវីឌ និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ជម្រះ​អំពើ​បាប និង​សេចក្ដី​សៅ‌ហ្មង។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ថ្ងៃ​នោះ យើង​នឹង​កាត់​ឈ្មោះ​អស់​ទាំង​រូប​ព្រះ​ឲ្យ​សូន្យ​ចេញ​ពី​ស្រុក ឥត​មាន​អ្នក​ណា​នឹក​ចាំ​តទៅ​ទៀត​ឡើយ យើង​នឹង​ធ្វើ​ឲ្យ​ពួក​ហោរា និង​វិញ្ញាណ​អសោច​ចេញ​ផុត​ពី​ស្រុក​ដែរ។ គ្រា​នោះ បើ​អ្នក​ណា​នៅ​តែ​ថ្លែងទំនាយ​ទៀត ទោះ​ឪពុក​ម្តាយ​បង្កើត​អ្នក​នោះ នឹង​ប្រាប់​ថា "អ្នក​មិន​ត្រូវ​រស់​ទៀត​ទេ ព្រោះ​អ្នក​ពោល​ពាក្យ​កុហក ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា" ដូច្នេះ ឪពុក​ម្តាយ​ដែល​បាន​បង្កើត​អ្នក​នោះ នឹង​ចាក់​ទម្លុះ​កូន ក្នុង​កាល​ដែល​ថ្លែងទំនាយ​នោះ។ នៅ​ថ្ងៃ​នោះ ពួក​ហោរា​នឹង​ខ្មាស​ចំពោះ​ការ​ជាក់​ស្តែង​របស់​គេ​រៀង​ខ្លួន ក្នុង​កាល​ដែល​ទាយ គេ​នឹង​មិន​ឃ្លុំ​ខ្លួន ដោយ​អាវ​មាន​រោម ដើម្បី​បញ្ឆោត​មនុស្ស​ទៀត​ទេ គឺ​អ្នក​នោះ​នឹង​និយាយ​ថា "ខ្ញុំ​មិន​មែន​ជា​ហោរា​ទេ ខ្ញុំ​ជា​អ្នក​ធ្វើ​ស្រែ ដ្បិត​ខ្ញុំ​ជាប់​ជាអ្នក​បម្រើ​គេ​តាំង​ពី​ក្មេង​មក "។ មាន​ម្នាក់​សួរ​ថា "តើ​របួស​អ្វី​នុ៎ះ​នៅ​លើ​ទ្រូង របស់​អ្នក?" អ្នក​នោះ​នឹង​ឆ្លើយ​ថា "គឺ​ខ្ញុំ​ត្រូវ​របួស​នៅ​ក្នុង​ផ្ទះ​របស់​មិត្ត​សម្លាញ់​ខ្ញុំ"»។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «ម្នាល​អើយ ចូរ​ភ្ញាក់​ឡើង ទាស់​នឹង​គង្វាល​របស់​យើង ហើយ​ទាស់​នឹង​មនុស្ស​ដែល​ជា​គូ‌កន​របស់​យើង​ចុះ ចូរ​វាយ​គង្វាល នោះ​ហ្វូង​ចៀម​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ រួច​យើង​នឹង​ប្រែ​ដៃ​ទៅ​លើកូន​តូចៗ​វិញ។ នៅ​ក្នុង​ស្រុក​នោះទាំង​មូល មនុស្ស​ពីរ​ភាគ​បី​នឹង​ត្រូវ​វិនាសបាត់​បង់​អស់ តែ​មួយ​ភាគ​បី​នឹង​សល់​នៅ​ក្នុង​ស្រុក។ ហើយ​យើង​នឹង​នាំ​មួយ​ភាគ​បី​នោះ​ទៅ​ដាក់​ក្នុង​ភ្លើង យើង​នឹង​សម្រង់​គេ​ដូច​ជា​សម្រង់​ប្រាក់ ព្រម​ទាំង​សាក​គេ​ដូច​ជា​សាក​មាស គេ​នឹង​អំពាវ‌នាវ​រក​ឈ្មោះ​យើង ហើយ​យើង​នឹង​ស្តាប់​គេ យើង​នឹង​ថា គេ​ជា​រាស្ត្ររបស់​យើង ឯ​គេ​នឹង​ថា "ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ពួក​យើង"»។

អាន សាការី 13