សាការី 13:1-9
សាការី 13:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃនោះនឹងមានប្រភពទឹកផុសឡើង លាងជម្រះអំពើបាប និងអំពើសៅហ្មងរបស់ព្រះញាតិវង្សព្រះបាទដាវីឌ និងប្រជាជននៅក្រុងយេរូសាឡឹម។ «នៅថ្ងៃនោះ យើងនឹងដកព្រះក្លែងក្លាយចេញពីស្រុក ហើយគ្មាននរណានឹកនាដល់ឈ្មោះរបស់ព្រះទាំងនោះទៀតឡើយ។ យើងក៏បំបាត់ព្យាការីក្លែងក្លាយ និងវិញ្ញាណមិនបរិសុទ្ធរបស់ពួកគេឲ្យអស់ពីស្រុកដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ ប្រសិនបើអ្នកណាម្នាក់នៅតែទាយបន្តទៅទៀត ឪពុកម្ដាយដែលបង្កើតអ្នកនោះមក នឹងពោលថា “កូនឯងមិនអាចរស់តទៅទៀតទេ ព្រោះកូនប្រើព្រះនាមរបស់ព្រះអម្ចាស់ ដើម្បីពោលពាក្យកុហក!” ពេលអ្នកនោះទាយ ឪពុកម្ដាយដែលបានបង្កើតខ្លួនមក នឹងចាក់ទម្លុះគេ។ នៅថ្ងៃនោះ ព្យាការីម្នាក់ៗនឹងត្រូវអាម៉ាស់ ព្រោះតែនិមិត្តហេតុដែលខ្លួនបានឃើញ ហើយគេនឹងលែងពាក់អាវរោមសត្វ ដើម្បីបោកបញ្ឆោតអ្នកដទៃទៀតហើយ។ ម្នាក់ៗបែរជាពោលថា “ខ្ញុំមិនមែនជាព្យាការីទេ ខ្ញុំជាអ្នកស្រែចម្ការ ខ្ញុំភ្ជួររាស់ដីតាំងពីក្មេងមក” ។ ប៉ុន្តែ គេនឹងតបទៅអ្នកនោះវិញថា “តើស្នាមនៅទ្រូងរបស់អ្នកជាអ្វី!” គាត់នឹងតបវិញថា “នេះជាស្នាមរបួសដែលគេឆូតសាច់ខ្ញុំ ក្នុងវិហាររបស់ព្រះនានាដែលស្រឡាញ់ខ្ញុំ”»។ «ដាវអើយ ចូរភ្ញាក់ឡើង ប្រហារគង្វាលដែលយើងបានតែងតាំង។ ចូរប្រហារអ្នកធ្វើការរួមជាមួយយើង! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ ចូរវាយសម្លាប់គង្វាល ហើយចៀមនៅក្នុងហ្វូងនឹងត្រូវខ្ចាត់ខ្ចាយ! បន្ទាប់មក យើងនឹងបែរទៅវាយចៀមតូចៗ។ ពេលនោះ នៅក្នុងស្រុកទាំងមូល ប្រជាជនពីរភាគបីនឹងវិនាសបាត់បង់ តែមួយភាគបីនឹងនៅសេសសល់ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ យើងនឹងយកមួយភាគបីដែលនៅសេសសល់នេះទៅដាក់ក្នុងភ្លើង យើងនឹងបន្សុទ្ធពួកគេដូចបន្សុទ្ធប្រាក់ និងមាស។ ពួកគេនឹងអង្វររកយើង ហើយយើងនឹងឆ្លើយតបមកពួកគេវិញ។ យើងនឹងពោលថា: អ្នកទាំងនេះជាប្រជាជនរបស់យើង ហើយគេនឹងពោលថា: ព្រះអម្ចាស់ជាព្រះរបស់ពួកយើង»។
សាការី 13:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅថ្ងៃនោះ នឹងមានក្បាលទឹកមួយបើកឡើងសំរាប់ពួកវង្សដាវីឌ នឹងពួកអ្នកនៅក្រុងយេរូសាឡិម ដើម្បីជំរះអំពើបាប នឹងសេចក្ដីសៅហ្មង ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា នៅថ្ងៃនោះ អញនឹងកាត់ឈ្មោះអស់ទាំងរូបព្រះឲ្យសូន្យចេញពីស្រុកទៅ ឥតមានអ្នកណានឹកចាំតទៅទៀតឡើយ ហើយអញនឹងធ្វើឲ្យពួកហោរា នឹងវិញ្ញាណអសោចិ៍ចេញផុតពីស្រុកដែរ គ្រានោះ បើអ្នកណានឹងនៅតែទាយទៀត នោះទាំងឪពុកម្តាយដែលបង្កើតអ្នកនោះមក នឹងប្រាប់ថា ឯងមិនត្រូវរស់ទៀតទេ ពីព្រោះឯងពោលពាក្យកុហក ដោយនូវព្រះនាមព្រះយេហូវ៉ា ដូច្នេះ ឪពុកម្តាយដែលបានបង្កើតអ្នកនោះមក នឹងចាក់ទំលុះកូន ក្នុងកាលដែលទាយនោះ នៅថ្ងៃនោះ ពួកហោរានឹងមានសេចក្ដីខ្មាសចំពោះការជាក់ស្តែងរបស់គេរៀងខ្លួន ក្នុងកាលដែលទាយនោះ គេនឹងមិនគ្រលុំខ្លួន ដោយអាវមានរោម ដើម្បីបញ្ឆោតមនុស្សទៀតទេ គឺអ្នកនោះនឹងថា ខ្ញុំមិនមែនជាហោរាទេ ខ្ញុំជាអ្នកធ្វើស្រែវិញ ដ្បិតខ្ញុំបានជាប់ជាបាវគេតាំងពីក្មេងមក នោះម្នាក់នឹងសួរថា ចុះតើរបួសអ្វីនុ៎ះនៅដៃអ្នក រួចអ្នកនោះនឹងឆ្លើយថា គឺយ៉ាងនេះដែលខ្ញុំត្រូវរបួស នៅក្នុងផ្ទះរបស់មិត្រសំឡាញ់ខ្ញុំ។ ព្រះយេហូវ៉ា នៃពួកពលបរិវារ ទ្រង់មានបន្ទូលថា ម្នាលដាវអើយ ចូរភ្ញាក់ឡើងទាស់នឹងអ្នកគង្វាលរបស់អញ ហើយទាស់នឹងមនុស្សដែលជាគូកនអញចុះ ចូរវាយអ្នកគង្វាល នោះហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយទៅ រួចអញនឹងប្រែដៃទៅលើកូនតូចៗវិញ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅសព្វគ្រប់ក្នុងស្រុកនោះ ២ភាគនឹងត្រូវកាត់ចេញហើយស្លាប់ទៅ តែភាគទី៣នឹងសល់នៅក្នុងស្រុកវិញ ហើយអញនឹងនាំភាគទី៣នោះទៅក្នុងភ្លើង អញនឹងសំរងគេដូចជាសំរងប្រាក់ ព្រមទាំងសាកគេដូចជាសាកមាស គេនឹងអំពាវនាវដល់ឈ្មោះអញ ហើយអញនឹងស្តាប់គេ អញនឹងថា គេជារាស្ត្រអញ ឯគេនឹងថា ព្រះយេហូវ៉ាជាព្រះនៃខ្លួន។
សាការី 13:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃនោះ នឹងមានក្បាលទឹកមួយបើកឡើងសម្រាប់ពួកវង្សដាវីឌ និងពួកអ្នកនៅក្រុងយេរូសាឡិម ដើម្បីជម្រះអំពើបាប និងសេចក្ដីសៅហ្មង។ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «នៅថ្ងៃនោះ យើងនឹងកាត់ឈ្មោះអស់ទាំងរូបព្រះឲ្យសូន្យចេញពីស្រុក ឥតមានអ្នកណានឹកចាំតទៅទៀតឡើយ យើងនឹងធ្វើឲ្យពួកហោរា និងវិញ្ញាណអសោចចេញផុតពីស្រុកដែរ។ គ្រានោះ បើអ្នកណានៅតែថ្លែងទំនាយទៀត ទោះឪពុកម្តាយបង្កើតអ្នកនោះ នឹងប្រាប់ថា "អ្នកមិនត្រូវរស់ទៀតទេ ព្រោះអ្នកពោលពាក្យកុហក ដោយនូវព្រះនាមព្រះយេហូវ៉ា" ដូច្នេះ ឪពុកម្តាយដែលបានបង្កើតអ្នកនោះ នឹងចាក់ទម្លុះកូន ក្នុងកាលដែលថ្លែងទំនាយនោះ។ នៅថ្ងៃនោះ ពួកហោរានឹងខ្មាសចំពោះការជាក់ស្តែងរបស់គេរៀងខ្លួន ក្នុងកាលដែលទាយ គេនឹងមិនឃ្លុំខ្លួន ដោយអាវមានរោម ដើម្បីបញ្ឆោតមនុស្សទៀតទេ គឺអ្នកនោះនឹងនិយាយថា "ខ្ញុំមិនមែនជាហោរាទេ ខ្ញុំជាអ្នកធ្វើស្រែ ដ្បិតខ្ញុំជាប់ជាអ្នកបម្រើគេតាំងពីក្មេងមក "។ មានម្នាក់សួរថា "តើរបួសអ្វីនុ៎ះនៅលើទ្រូង របស់អ្នក?" អ្នកនោះនឹងឆ្លើយថា "គឺខ្ញុំត្រូវរបួសនៅក្នុងផ្ទះរបស់មិត្តសម្លាញ់ខ្ញុំ"»។ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «ម្នាលអើយ ចូរភ្ញាក់ឡើង ទាស់នឹងគង្វាលរបស់យើង ហើយទាស់នឹងមនុស្សដែលជាគូកនរបស់យើងចុះ ចូរវាយគង្វាល នោះហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយ រួចយើងនឹងប្រែដៃទៅលើកូនតូចៗវិញ។ នៅក្នុងស្រុកនោះទាំងមូល មនុស្សពីរភាគបីនឹងត្រូវវិនាសបាត់បង់អស់ តែមួយភាគបីនឹងសល់នៅក្នុងស្រុក។ ហើយយើងនឹងនាំមួយភាគបីនោះទៅដាក់ក្នុងភ្លើង យើងនឹងសម្រង់គេដូចជាសម្រង់ប្រាក់ ព្រមទាំងសាកគេដូចជាសាកមាស គេនឹងអំពាវនាវរកឈ្មោះយើង ហើយយើងនឹងស្តាប់គេ យើងនឹងថា គេជារាស្ត្ររបស់យើង ឯគេនឹងថា "ព្រះយេហូវ៉ាជាព្រះរបស់ពួកយើង"»។