ដល់ពេលបរិភោគអាហារ លោកបូអូសប្រាប់នាងថា៖ «អញ្ជើញមកហូបនំបុ័ង ហើយជ្រលក់អាហារទៅក្នុងទឹកជ្រលក់នេះចុះ» នាងក៏អង្គុយនៅខាងពួកអ្នកច្រូត ហើយគេក៏ហុចលាជមកឲ្យនាងដែរ នាងបានបរិភោគទាល់តែឆ្អែត ក៏យកខ្លះទុកដែរ។ ពេលនាងបានក្រោកទៅរើស ហើយលោកបូអូសប្រាប់ពួកកំលោះៗរបស់លោកថា៖ «ចូរឲ្យនាងរើសយកចុះ សូម្បីតែក្នុងគំនរកណ្ដាប់ស្រូវ កុំបន្ទោសនាងអី ហើយហូតគួរខ្លះពីកណ្ដាប់ចេញ ទុកឲ្យនាងរើស កុំឲ្យស្តីថាដល់នាងឡើយ»។ ដូច្នេះ នាងក៏រើសសន្សំនៅក្នុងស្រែនោះរហូតដល់ល្ងាច រួចនាងបែនស្រូវដែលបានរើសនោះ បានស្រូវប្រហែលជាមួយថាំង។ នាងលើកទូលយកទៅទីក្រុង ឯម្តាយក្មេកក៏ឃើញស្រូវដែលនាងរើសយកមកនោះ រួចនាងបញ្ចេញម្ហូបដែលសល់ពីនាងចម្អែត ជូនដល់ម្តាយក្មេក។ គាត់ក៏សួរនាងថា៖ «នៅថ្ងៃនេះ កូនបានរើសសន្សំនៅទីណា? តើកូនបានធ្វើការនៅកន្លែងណា? សូមឲ្យមានព្រះពរដល់អ្នកណាដែលបានអាណិតមេត្តាដល់កូន» ដូច្នេះ នាងក៏រៀបរាប់ប្រាប់ម្តាយក្មេក ពីដំណើរដែលនាងបានធ្វើនៅទីណានោះ ដោយពាក្យថា៖ «អ្នកដែលខ្ញុំបានទៅធ្វើការជាមួយនៅថ្ងៃនេះ លោកឈ្មោះ លោកបូអូស»។ នោះគាត់និយាយទៅកូនប្រសាថា៖ «សូមឲ្យលោកបានព្រះពរពីព្រះយេហូវ៉ាចុះ ដោយព្រោះលោកមិនដែលខានប្រព្រឹត្តដោយសប្បុរសដល់ទាំងមនុស្សរស់ និងមនុស្សស្លាប់ផង»។ រួចណាអូមីនិយាយថា៖ «លោកនោះជាសាច់ញាតិជិតដិតនឹងយើងទេ លោកជាអ្នកដែលមានច្បាប់នឹងលោះឲ្យយើងបាន»។ នាងរស់ជាសាសន៍ម៉ូអាប់នោះ ក៏ឆ្លើយឡើងថា៖ «ចាស៎ លោកមានប្រសាសន៍នឹងខ្ញុំដែរថា "នាងត្រូវនៅជាប់នឹងពួកអ្នកបម្រើរបស់ខ្ញុំនេះ រហូតដល់ច្រូតចម្រូតទាំងប៉ុន្មានរបស់ខ្ញុំហើយ"»។ ណាអូមីនិយាយទៅនាងរស់ ជាកូនប្រសាថា៖ «កូនអើយ បើកូនចេញទៅជាមួយពួកស្រីរបស់លោក នោះស្រួលហើយ មិនចាំបាច់ទៅស្រែណាផ្សេងទៀតទេ ក្រែងគេធ្វើបាប»។ ដូច្នេះ នាងក៏នៅជាប់ជាមួយពួកស្រីៗរបស់លោកបូអូសនោះ ទាំងខំរើសសន្សំទាល់តែចម្រូតស្រូវ និងស្រូវភោជ្ជសាលី បានហើយ នាងក៏នៅជាមួយម្តាយក្មេក។
អាន នាងរស់ 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: នាងរស់ 2:14-23
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ