នាង​រស់ 2:14-23

នាង​រស់ 2:14-23 គកស១៦

ដល់​ពេល​បរិ‌ភោគ​អាហារ លោក​បូអូស​ប្រាប់​នាង​ថា៖ «អញ្ជើញ​មក​ហូប​នំបុ័ង ហើយ​ជ្រលក់​អាហារ​ទៅ​ក្នុង​ទឹក​ជ្រលក់​នេះ​ចុះ» នាង​ក៏​អង្គុយ​នៅ​ខាង​ពួក​អ្នក​ច្រូត ហើយ​គេ​ក៏​ហុច​លាជ​មក​ឲ្យ​នាង​ដែរ នាង​បាន​បរិ‌ភោគ​ទាល់​តែ​ឆ្អែត ក៏​យក​ខ្លះ​ទុក​ដែរ។ ពេល​នាង​បាន​ក្រោក​ទៅ​រើស ហើយ​លោក​បូអូស​ប្រាប់​ពួក​កំលោះៗ​របស់​លោក​ថា៖ «ចូរ​ឲ្យ​នាង​រើស​យក​ចុះ សូម្បី​តែ​ក្នុង​គំនរ​កណ្ដាប់​ស្រូវ កុំ​បន្ទោស​នាង​អី ហើយ​ហូត​គួរ​ខ្លះ​ពី​កណ្ដាប់​ចេញ ទុក​ឲ្យ​នាង​រើស កុំ​ឲ្យ​ស្តី​ថា​ដល់​នាង​ឡើយ»។ ដូច្នេះ នាង​ក៏​រើស​សន្សំ​នៅ​ក្នុង​ស្រែ​នោះ​រហូត​ដល់​ល្ងាច រួច​នាង​បែន​ស្រូវ​ដែល​បាន​រើស​នោះ បាន​ស្រូវ​ប្រហែល​ជា​មួយ​ថាំង។ នាង​លើក​ទូល​យក​ទៅ​ទី​ក្រុង ឯ​ម្តាយ​ក្មេក​ក៏​ឃើញ​ស្រូវ​ដែល​នាង​រើស​យក​មក​នោះ រួច​នាង​បញ្ចេញ​ម្ហូប​ដែល​សល់​ពី​នាង​ចម្អែត ជូន​ដល់​ម្តាយ​ក្មេក។ គាត់​ក៏​សួរ​នាង​ថា៖ «នៅ​ថ្ងៃ​នេះ កូន​បាន​រើស​សន្សំ​នៅ​ទី​ណា? តើ​កូន​បាន​ធ្វើ​ការ​នៅ​កន្លែង​ណា? សូម​ឲ្យ​មាន​ព្រះពរ​ដល់​អ្នក​ណា​ដែល​បាន​អាណិត​មេត្តា​ដល់​កូន» ដូច្នេះ នាង​ក៏​រៀបរាប់​ប្រាប់​ម្តាយ​ក្មេក ពី​ដំណើរ​ដែល​នាង​បាន​ធ្វើ​នៅ​ទី​ណា​នោះ ដោយ​ពាក្យ​ថា៖ «អ្នក​ដែល​ខ្ញុំ​បាន​ទៅ​ធ្វើ​ការ​ជា​មួយ​នៅ​ថ្ងៃ​នេះ លោក​ឈ្មោះ លោកបូអូស»។ នោះ​គាត់​និយាយ​ទៅ​កូន​ប្រសា​ថា៖ «សូម​ឲ្យ​លោក​បាន​ព្រះពរ​ពី​ព្រះ‌យេហូវ៉ា​ចុះ ដោយ​ព្រោះ​លោក​មិន​ដែល​ខាន​ប្រព្រឹត្ត​ដោយ​សប្បុរស​ដល់​ទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់​ផ​ង»។ រួច​ណា‌អូមី​និយាយ​ថា៖ «លោក​នោះ​ជា​សាច់‌ញាតិ​ជិត​ដិត​នឹង​យើង​ទេ លោក​ជា​អ្នក​ដែល​មាន​ច្បាប់​នឹង​លោះ​ឲ្យ​យើង​បាន»។ នាង​រស់​ជា​សាសន៍​ម៉ូអាប់​នោះ ក៏​ឆ្លើយ​ឡើង​ថា៖ «ចាស៎ លោក​មាន​ប្រសាសន៍​នឹង​ខ្ញុំ​ដែរ​ថា "នាង​ត្រូ​វ​នៅ​ជាប់​នឹង​ពួក​អ្នក​បម្រើ​របស់​ខ្ញុំ​នេះ រហូត​ដល់​ច្រូត​ចម្រូត​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ​ហើយ"»។ ណា‌អូមី​និយាយ​ទៅ​នាង​រស់ ជា​កូន​ប្រសា​ថា៖ «កូន​អើយ បើ​កូន​ចេញ​ទៅ​ជា​មួយ​ពួក​ស្រី​របស់​លោក នោះ​ស្រួល​ហើយ មិន​ចាំ​បាច់​ទៅ​ស្រែ​ណា​ផ្សេង​ទៀត​ទេ ក្រែង​គេ​ធ្វើ​បាប»។ ដូច្នេះ នាង​ក៏​នៅ​ជាប់​ជា​មួយ​ពួក​ស្រីៗ​របស់​លោកបូអូស​នោះ ទាំង​ខំ​រើស​សន្សំ​ទាល់​តែ​ចម្រូត​ស្រូវ និង​ស្រូវ​ភោជ្ជ‌សាលី បាន​ហើយ នាង​ក៏​នៅ​ជា​មួយ​ម្តាយ​ក្មេក។

អាន នាង​រស់ 2