រ៉ូម 15:14-21

រ៉ូម 15:14-21 គកស១៦

ឱ​បង‌ប្អូន​អើយ ខ្លួន​ខ្ញុំ​ផ្ទាល់​ជឿ​ជាក់​ថា អ្នក​រាល់​គ្នា​មាន​សេចក្តី​ល្អ​ពោរ​ពេញ និង​មាន​ពេញ​ដោយ​ចំណេះ​គ្រប់​យ៉ាង ហើយ​អាច​ទូន្មាន​គ្នា​ទៅ​វិញ​ទៅ​មក​បាន។ ប៉ុន្តែ ក្នុង​ចំណុច​ខ្លះ ខ្ញុំ​បាន​សរសេរ​មក​រំឭក​អ្នក​រាល់​គ្នា​ដោយ​ចិត្ត​ក្លាហាន ដោយ​សារ​ព្រះ‌គុណ​ដែល​ព្រះ​ប្រទាន​មក​ខ្ញុំ ឲ្យ​ខ្ញុំ​ធ្វើ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ដល់​ពួក​សាសន៍​ដទៃ ក្នុង​ការ‌ងារ​ជា​សង្ឃ​នៃ​ដំណឹង​ល្អ​របស់​ព្រះ ដើម្បី​នាំ​ពួក​សាសន៍​ដទៃ​ជា​តង្វាយ​ដែល​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ ទាំង​ញែក​ចេញ​ជា​បរិសុទ្ធ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។ ដូច្នេះ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ខ្ញុំ​មាន​ហេតុ​នឹង​អួត​អំពី​កិច្ច‌ការ​ដែល​ខ្ញុំ​ធ្វើ​ថ្វាយ​ព្រះ។ ដ្បិត​ខ្ញុំ​មិន​ហ៊ាន​និយាយ​អ្វី ក្រៅ​ពី​ការ​ដែល​ព្រះ‌គ្រីស្ទ​បាន​ធ្វើ​តាម​រយៈ​ខ្ញុំ ដើម្បី​នាំ​សាសន៍​ដទៃ​ឲ្យ​ស្តាប់​បង្គាប់​ឡើយ ទោះ​ដោយ​ពាក្យ​សម្ដី និង​កិច្ច‌ការ​ក្ដី ដោយ​អំណាច​នៃ​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ក្ដី ដោយ​សារ​ព្រះ‌ចេស្តា​នៃ​ព្រះ‌វិញ្ញាណ​របស់​ព្រះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​របស់​ព្រះ‌គ្រីស្ទ​នៅ​គ្រប់​ទី​កន្លែង ចាប់​ពី​ក្រុង​យេរូ‌សាឡិម រហូត​ទៅ​ដល់​ស្រុក​អ៊ីលី‌រីកុន។ ហេតុ​នេះ​បាន​ជា​ខ្ញុំ​ខំ​សង្វាត​នឹង​ប្រកាស​ដំណឹង​ល្អ មិន​មែន​នៅ​កន្លែង​ដែល​គេ​បាន​ឮ​ពី​ព្រះ‌នាម​ព្រះ‌គ្រីស្ទ​រួច​ហើយ​នោះ​ទេ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​សង់​ពី​លើ​គ្រឹះ​របស់​អ្នក​ឯ​ទៀត គឺ​ដូច​ជា​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «អស់​អ្នក​ដែល​គ្មាន​អ្នក​ណា​ប្រាប់​ដំណឹង​អំពី​ព្រះ‌អង្គ នោះ​នឹង​បាន​ឃើញ ហើយ​អស់​អ្នក​ដែល​មិន​បាន​ឮ​អំពី​ព្រះ‌អង្គ នោះ​នឹង​បាន​យល់» ។

អាន រ៉ូម 15