ដូច្នេះ ខ្ញុំសួរថា តើគេបានជំពប់ដើម្បីឲ្យដួលរហូតឬ? ទេ មិនមែនដូច្នោះទេ! គឺដោយសារការជំពប់ដួលរបស់គេ ការសង្គ្រោះបានទៅដល់ពួកសាសន៍ដទៃ ដើម្បីធ្វើឲ្យសាសន៍អ៊ីស្រាអែលច្រណែន។ ដូច្នេះ បើការជំពប់ដួលរបស់គេ ជាសេចក្ដីចម្រើនដល់ពិភពលោក ហើយសេចក្ដីអន់ថយរបស់គេ ជាសេចក្តីចម្រើនដល់ពួកសាសន៍ដទៃ នោះតើសេចក្តីចម្រើនរបស់គេនឹងកាន់តែពោរពេញយ៉ាងណាទៅទៀត! ឥឡូវនេះ ខ្ញុំនិយាយទៅកាន់បងប្អូនជាសាសន៍ដទៃ ហើយដោយព្រោះខ្ញុំជាសាវកដល់សាសន៍ដទៃ បានជាខ្ញុំតម្កើងការងាររបស់ខ្ញុំ ដើម្បីឲ្យជនរួមជាតិរបស់ខ្ញុំច្រណែន និងដើម្បីសង្គ្រោះអ្នកខ្លះក្នុងចំណោមពួកគេ។ ដ្បិតបើការបោះបង់ចោលរបស់គេ ជាការផ្សះផ្សាដល់ពិភពលោកទៅហើយ ចុះចំណង់បើការទទួលរបស់គេ នោះនឹងបានជាយ៉ាងណាទៅ! តើមិនមែនជាជីវិតដែលរស់ពីស្លាប់ឡើងវិញទេឬ? ប្រសិនបើម្សៅមួយក្តាប់ ដែលបានថ្វាយជាផលដំបូងបរិសុទ្ធ នោះដុំទាំងមូលក៏បរិសុទ្ធ ហើយប្រសិនបើឫសបរិសុទ្ធ នោះមែកក៏បរិសុទ្ធដែរ។ ប៉ុន្តែ បើមែកខ្លះត្រូវកាច់ចេញ ឯអ្នកវិញ ដែលជាពន្លកអូលីវព្រៃ ត្រូវគេយកមកបំបៅនៅកណ្តាល មែកទាំងនោះ ដើម្បីស្រូបយកជីជាតិពីដើមអូលីវស្រុក នោះមិនត្រូវអួតនឹងមែកទាំងនោះឡើយ តែបើអ្នកអួត ត្រូវដឹងថា មិនមែនអ្នកទេដែលចិញ្ចឹមឫស គឺឫសវិញទេតើដែលចិញ្ចឹមអ្នក! ដូច្នេះ អ្នកនឹងនិយាយថា «ព្រះបានកាច់មែកទាំងនោះចេញ ដើម្បីយកខ្ញុំមកបំបៅជំនួស!» ត្រូវហើយ ព្រះអង្គកាច់ចេញ ដោយព្រោះគេមិនជឿ ឯអ្នកវិញ នៅជាប់បានដោយសារតែអ្នកមានជំនឿប៉ុណ្ណោះ។ ដូច្នេះ មិនត្រូវឆ្មើងឆ្មៃឡើយ តែត្រូវកោតខ្លាចវិញ។ ដ្បិតបើព្រះមិនបានសំចៃទុកមែកពីកំណើតទៅហើយ នោះក្រែងព្រះអង្គមិនសំចៃទុកអ្នកដែរ។ ដូច្នេះ ចូរពិចារណាមើលសេចក្តីសប្បុរស និងសេចក្តីប្រិតប្រៀបរបស់ព្រះចុះ គឺទ្រង់ប្រិតប្រៀបចំពោះអស់អ្នកដែលដួល តែមានព្រះហឫទ័យសប្បុរសចំពោះអ្នក ដរាបណាអ្នកនៅជាប់នឹងសេចក្តីសប្បុរសរបស់ព្រះអង្គ ពុំនោះ អ្នកក៏នឹងត្រូវកាត់ចេញដែរ។ ឯសាសន៍អ៊ីស្រាអែលទាំងនោះក៏ដូច្នោះដែរ បើគេបោះបង់ចិត្តមិនជឿនោះចោល នោះព្រះនឹងបំបៅគេវិញ ដ្បិតព្រះអង្គមានអំណាចនឹងបំបៅគេជាថ្មីបាន។ ដ្បិតបើអ្នកជាដើមអូលីវព្រៃពីកំណើត ហើយព្រះអង្គបានកាត់យកមកបំបៅជាប់នឹងដើមអូលីវស្រុក ដែលមិនមែនជាដើមកំណើតដូច្នេះទៅហើយ នោះចំណង់បើមែកកំណើតទាំងនោះ តើព្រះអង្គនឹងបំបៅជាប់នឹងដើមកំណើតរបស់ខ្លួនវិញ លើសជាងអម្បាលម៉ានទៅទៀត!
អាន រ៉ូម 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: រ៉ូម 11:11-24
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ