រ៉ូម 11:11-24

រ៉ូម 11:11-24 គកស១៦

ដូច្នេះ ខ្ញុំ​សួរ​ថា តើ​គេ​បាន​ជំពប់​ដើម្បី​ឲ្យ​ដួល​រហូត​ឬ? ទេ មិន​មែន​ដូច្នោះ​ទេ! គឺ​ដោយ​សារ​ការ​ជំពប់​ដួល​របស់​គេ ការ​សង្គ្រោះ​បាន​ទៅ​ដល់​ពួក​សាសន៍​ដទៃ ដើម្បី​ធ្វើ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ច្រណែន។ ដូច្នេះ បើ​ការ​ជំពប់​ដួល​របស់​គេ ជា​សេចក្ដី​ចម្រើន​ដល់​ពិភព‌លោក ហើយ​សេចក្ដី​អន់​ថយ​របស់​គេ ជា​សេចក្តី​ចម្រើន​ដល់​ពួក​សាសន៍​ដទៃ នោះ​តើ​សេចក្តី​ចម្រើន​របស់​គេ​នឹង​កាន់​តែ​ពោរ​ពេញ​យ៉ាង​ណា​ទៅ​ទៀត! ឥឡូវ​នេះ ខ្ញុំ​និយាយ​ទៅ​កាន់​បង‌ប្អូន​ជា​សាសន៍​ដទៃ ហើយ​ដោយ​ព្រោះ​ខ្ញុំ​ជា​សាវក​ដល់​សាសន៍​ដទៃ បាន​ជា​ខ្ញុំ​តម្កើង​ការ‌ងារ​របស់​ខ្ញុំ ដើម្បី​ឲ្យ​ជន​រួម​ជាតិ​របស់​ខ្ញុំ​ច្រណែន និង​ដើម្បី​សង្គ្រោះ​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​គេ។ ដ្បិត​បើ​ការ​បោះ​បង់​ចោល​របស់​គេ ជា​ការ​ផ្សះ​ផ្សា​ដល់​ពិភព‌លោក​ទៅ​ហើយ ចុះ​ចំណង់​បើ​ការ​ទទួល​របស់​គេ នោះ​នឹង​បាន​ជា​យ៉ាង​ណា​ទៅ! តើ​មិន​មែន​ជា​ជីវិត​ដែល​រស់​ពី​ស្លាប់​ឡើង​វិញ​ទេ​ឬ? ប្រសិន‌បើ​ម្សៅ​មួយ​ក្តាប់ ដែល​បាន​ថ្វាយ​ជា​ផល​ដំបូង​បរិសុទ្ធ នោះ​ដុំ​ទាំង​មូល​ក៏​បរិសុទ្ធ ហើយ​ប្រសិន‌បើ​ឫស​បរិសុទ្ធ នោះ​មែក​ក៏​បរិសុទ្ធ​ដែរ។ ប៉ុន្តែ បើ​មែក​ខ្លះ​ត្រូវ​កាច់​ចេញ ឯ​អ្នក​វិញ ដែល​ជា​ពន្លក​អូលីវ​ព្រៃ ត្រូវ​គេ​យក​មក​បំបៅ​នៅ​កណ្តាល មែក​ទាំង​នោះ ដើម្បី​ស្រូប​យក​ជីជាតិ​ពី​ដើម​អូលីវ​ស្រុក នោះ​មិន​ត្រូវ​អួត​នឹង​មែក​ទាំង​នោះ​ឡើយ តែ​បើ​អ្នក​អួត ត្រូវ​ដឹង​ថា មិន​មែន​អ្នក​ទេ​ដែល​ចិញ្ចឹម​ឫស គឺ​ឫស​វិញ​ទេ​តើ​ដែល​ចិញ្ចឹម​អ្នក! ដូច្នេះ អ្នក​នឹង​និយាយ​ថា «ព្រះ​បាន​កាច់​មែក​ទាំង​នោះ​ចេញ ដើម្បី​យក​ខ្ញុំ​មក​បំបៅ​ជំនួស!» ត្រូវ​ហើយ ព្រះ‌អង្គ​កាច់​ចេញ ដោយ​ព្រោះ​គេ​មិន​ជឿ ឯ​អ្នក​វិញ នៅ​ជាប់​បាន​ដោយ​សារ​តែ​អ្នក​មាន​ជំនឿ​ប៉ុណ្ណោះ។ ដូច្នេះ មិន​ត្រូវ​ឆ្មើង‌ឆ្មៃ​ឡើយ តែ​ត្រូវ​កោត​ខ្លាច​វិញ។ ដ្បិត​បើ​ព្រះ​មិន​បាន​សំចៃ​ទុក​មែក​ពី​កំណើត​ទៅ​ហើយ នោះ​ក្រែង​ព្រះ‌អង្គ​មិន​សំចៃ​ទុក​អ្នក​ដែរ។ ដូច្នេះ ចូរ​ពិចារណា​មើល​សេចក្តី​សប្បុរស និង​សេចក្តី​ប្រិត​ប្រៀប​របស់​ព្រះ​ចុះ គឺ​ទ្រង់​ប្រិត​ប្រៀប​ចំពោះ​អស់​អ្នក​ដែល​ដួល តែ​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ចំពោះ​អ្នក ដរាប​ណា​អ្នក​នៅ​ជាប់​នឹង​សេចក្តី​សប្បុរស​របស់​ព្រះ‌អង្គ ពុំ​នោះ អ្នក​ក៏​នឹង​ត្រូវ​កាត់​ចេញ​ដែរ។ ឯ​សាសន៍​អ៊ីស្រា‌អែល​ទាំង​នោះ​ក៏​ដូច្នោះ​ដែរ បើ​គេ​បោះ​បង់​ចិត្ត​មិន​ជឿ​នោះ​ចោល នោះ​ព្រះ​នឹង​បំបៅ​គេ​វិញ ដ្បិត​ព្រះ‌អង្គ​មាន​អំណាច​នឹង​បំបៅ​គេ​ជា​ថ្មី​បាន។ ដ្បិត​បើ​អ្នក​ជា​ដើម​អូលីវ​ព្រៃ​ពី​កំណើត ហើយ​ព្រះ‌អង្គ​បាន​កាត់​យក​មក​បំបៅ​ជាប់​នឹង​ដើម​អូលីវ​ស្រុក ដែល​មិន​មែន​ជា​ដើម​កំណើត​ដូច្នេះ​ទៅ​ហើយ នោះ​ចំណង់​បើ​មែក​កំណើត​ទាំង​នោះ តើ​ព្រះ‌អង្គ​នឹង​បំបៅ​ជាប់​នឹង​ដើម​កំណើត​របស់​ខ្លួន​វិញ លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត!

អាន រ៉ូម 11