ប៉ុល ជាអ្នកបម្រើ របស់ព្រះយេស៊ូវគ្រីស្ទ ដែលព្រះអង្គបានត្រាស់ហៅឲ្យធ្វើជាសាវក ទាំងញែកចេញសម្រាប់ដំណឹងល្អរបស់ព្រះ ដែលព្រះអង្គបានសន្យាពីមុន តាមរយៈពួកហោរាព្រះអង្គ នៅក្នុងគម្ពីរបរិសុទ្ធ ជាដំណឹងល្អអំពីព្រះរាជបុត្រារបស់ព្រះអង្គ ដែលខាងសាច់ឈាម ព្រះអង្គបានចាប់កំណើតក្នុងរាជវង្សព្រះបាទដាវីឌ តែខាងព្រះវិញ្ញាណនៃសេចក្ដីបរិសុទ្ធ ត្រូវបានតែងតាំងជាព្រះរាជបុត្រារបស់ព្រះ ប្រកបដោយព្រះចេស្តា ដោយព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងរាល់គ្នា ដែលតាមរយៈព្រះអង្គ យើងខ្ញុំបានទទួលព្រះគុណ និងមុខងារជាសាវក ដើម្បីនាំឲ្យមានការស្ដាប់បង្គាប់តាមជំនឿ នៅកណ្តាលអស់ទាំងសាសន៍ សម្រាប់ព្រះនាមព្រះអង្គ ដែលអ្នករាល់គ្នាក៏នៅក្នុងចំណោមអ្នកទាំងនោះដែរ ជាអ្នកដែលទទួលការត្រាស់ហៅមកជាកម្មសិទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទ។ ជូនចំពោះបងប្អូនស្ងួនភ្ងារបស់ព្រះទាំងអស់នៅក្រុងរ៉ូម ដែលព្រះអង្គបានត្រាស់ហៅមកធ្វើជាពួកបរិសុទ្ធ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្តមកពីព្រះ ជាព្រះវរបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ ជាបឋម ខ្ញុំសូមអរព្រះគុណដល់ព្រះរបស់ខ្ញុំ តាមរយៈព្រះយេស៊ូវគ្រីស្ទ សម្រាប់អ្នកទាំងអស់គ្នា ព្រោះមានគេប្រកាសពីជំនឿរបស់អ្នករាល់គ្នា នៅពាសពេញពិភពលោក។ ព្រះដែលខ្ញុំបម្រើដោយវិញ្ញាណខ្ញុំ ក្នុងការប្រកាសដំណឹងល្អអំពីព្រះរាជបុត្រារបស់ព្រះអង្គ ទ្រង់ជាស្មរបន្ទាល់របស់ខ្ញុំថា ខ្ញុំតែងតែនឹកចាំពីអ្នករាល់គ្នាជានិច្ច នៅក្នុងសេចក្តីអធិស្ឋានរបស់ខ្ញុំ ទាំងសូមអង្វរឲ្យម្តងនេះ បើព្រះសព្វព្រះហឫទ័យ ឲ្យខ្ញុំមានឱកាសល្អដើម្បីមកជួបអ្នករាល់គ្នា ព្រោះខ្ញុំមានបំណងចង់ឃើញអ្នករាល់គ្នាជាខ្លាំង ដើម្បីឲ្យខ្ញុំបានចែកអំណោយទានខាងវិញ្ញាណខ្លះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានរឹងមាំ គឺថា ឲ្យយើងបានលើកទឹកចិត្តគ្នាទៅវិញទៅមក ដោយសារជំនឿរបស់យើងម្នាក់ៗ ទាំងជំនឿរបស់អ្នករាល់គ្នា ទាំងជំនឿរបស់ខ្ញុំ។ បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំមានបំណងចង់មកជួបអ្នករាល់គ្នាជាញឹកញាប់ ដើម្បីឲ្យខ្ញុំបានទទួលផលខ្លះក្នុងចំណោមអ្នករាល់គ្នា ដូចខ្ញុំធ្លាប់បានទទួលក្នុងចំណោមសាសន៍ដទៃឯទៀតដែរ ប៉ុន្តែ ចេះតែមានអ្វីរាំងរារហូតមកទល់ពេលនេះ។ ខ្ញុំមានការជាប់ជំពាក់ទាំងសាសន៍ក្រិក និងសាសន៍ដទៃ ទាំងអ្នកប្រាជ្ញ និងអ្នកខ្លៅ។ ដូច្នេះ ខ្ញុំក៏មានបំណងចង់ប្រកាសដំណឹងល្អប្រាប់អ្នករាល់គ្នា ដែលនៅក្រុងរ៉ូមនេះដែរ។ ដ្បិតខ្ញុំមិនខ្មាសអំពីដំណឹងល្អទេ ព្រោះជាព្រះចេស្តារបស់ព្រះ សម្រាប់សង្គ្រោះអស់អ្នកដែលជឿ គឺដំបូងដល់សាសន៍យូដា និងដល់សាសន៍ក្រិកផង។ ដ្បិតនៅក្នុងដំណឹងល្អនេះ សេចក្តីសុចរិតរបស់ព្រះបានសម្ដែងមក តាមរយៈជំនឿ សម្រាប់ជំនឿ ដូចមានសេចក្តីចែងទុកមកថា «មនុស្សសុចរិតនឹងរស់ដោយជំនឿ» ។
អាន រ៉ូម 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: រ៉ូម 1:1-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ