ពេលកូនចៀមបកត្រាទីប្រាំពីរ នៅស្ថានសួគ៌ស្ងាត់ច្រៀប ប្រហែលជាកន្លះម៉ោង។ បន្ទាប់មក ខ្ញុំបានឃើញទេវតាទាំងប្រាំពីរដែលឈរនៅចំពោះព្រះ បានទទួលត្រែប្រាំពីរ។ មានទេវតាមួយទៀត បានចេញមកឈរនៅចំពោះអាសនា ទាំងកាន់ពានមាស ហើយបានទទួលគ្រឿងក្រអូបជាច្រើន ដើម្បីថ្វាយជាមួយពាក្យអធិស្ឋានរបស់ពួកបរិសុទ្ធទាំងអស់ នៅលើអាសនាមាសដែលស្ថិតនៅមុខបល្ល័ង្ក ហើយផ្សែងនៃគ្រឿងក្រអូបក៏ភាយក្លិនឡើង ជាមួយពាក្យអធិស្ឋានរបស់ពួកបរិសុទ្ធ ចេញពីដៃទេវតានៅចំពោះព្រះ។ ទេវតាបានយកពានមកដាក់ភ្លើងដែលនៅលើអាសនា រួចបោះទៅលើផែនដី ហើយមានសំឡេងផ្គរលាន់ ផ្លេកបន្ទោរ និងរញ្ជួយផែនដី។ ពេលនោះ ទេវតាទាំងប្រាំពីរដែលកាន់ត្រែប្រាំពីរនោះ ប្រុងប្រៀបជាស្រេចនឹងផ្លុំឡើង។ ទេវតាទីមួយផ្លុំត្រែរបស់ខ្លួនឡើង ស្រាប់តែមានព្រឹល និងភ្លើងលាយដោយឈាម បោះទៅលើផែនដី រួចផែនដីមួយភាគបីក៏ឆេះអស់ ព្រមទាំងដើមឈើមួយភាគបី និងស្មៅទាំងអស់ដែរ។ ទេវតាទីពីរផ្លុំត្រែរបស់ខ្លួនឡើង ស្រាប់តែមានដូចជាភ្នំយ៉ាងធំកំពុងតែឆេះ បានបោះទម្លាក់ទៅក្នុងសមុទ្រ រួចសមុទ្រមួយភាគបី ក៏ត្រឡប់ទៅជាឈាម អស់ទាំងសត្វនៅក្នុងសមុទ្រ ដែលមានជីវិតរស់ ក៏ស្លាប់អស់មួយភាគបី ហើយអស់ទាំងនាវា ក៏ត្រូវបំផ្លាញមួយភាគបីដែរ។ ទេវតាទីបីផ្លុំត្រែរបស់ខ្លួនឡើង ស្រាប់តែមានផ្កាយមួយយ៉ាងធំ ធ្លាក់ចុះពីលើមេឃ ទាំងឆេះដូចជាចន្លុះ ធ្លាក់ទៅលើអស់ទាំងទន្លេមួយភាគបី និងទៅលើរន្ធទឹកនានាដែរ។ ផ្កាយនោះឈ្មោះថា «ស្លែង» ទឹកមួយភាគបីបានក្លាយទៅជាពុល ហើយមនុស្សជាច្រើនស្លាប់ដោយសារទឹកនោះ ព្រោះបានត្រឡប់ជាល្វីងអស់ហើយ។ ទេវតាទីបួនផ្លុំត្រែរបស់ខ្លួនឡើង ស្រាប់តែព្រះអាទិត្យរងការប៉ះទង្គិចមួយភាគបី ហើយព្រះច័ន្ទ និងផ្កាយទាំងអស់ងងឹតមួយភាគបី គឺនៅពេលថ្ងៃគ្មានពន្លឺមួយភាគបី ហើយពេលយប់ក៏ដូច្នោះដែរ។ បន្ទាប់មក ខ្ញុំបានឃើញ ហើយឮសត្វឥន្ទ្រីហើរកាត់លំហអាកាស ទាំងបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «វេទនា វេទនា វេទនាហើយ អស់អ្នកដែលនៅផែនដី ព្រោះតែសូរត្រែរបស់ទេវតាទាំងបី ដែលហៀបនឹងផ្លុំ!»។
អាន វិវរណៈ 8
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: វិវរណៈ 8:1-13
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ