វិវរណៈ 8

8
ត្រា​ទី​ប្រាំ​ពីរ និង​ពាន​មាស
1ពេល​កូន​ចៀម​បក​ត្រា​ទី​ប្រាំពីរ នៅ​ស្ថាន‌សួគ៌​ស្ងាត់​ច្រៀប ប្រហែល​ជា​កន្លះ​ម៉ោង។ 2បន្ទាប់​មក ខ្ញុំ​បាន​ឃើញ​ទេវតា​ទាំង​ប្រាំពីរ​ដែល​ឈរ​នៅ​ចំពោះ​ព្រះ បាន​ទទួល​ត្រែ​ប្រាំពីរ។ 3មាន​ទេវតា​មួយ​ទៀត បាន​ចេញ​មក​ឈរ​នៅ​ចំពោះ​អាសនា ទាំង​កាន់​ពាន​មាស ហើយ​បាន​ទទួល​គ្រឿង​ក្រអូប​ជា​ច្រើន ដើម្បី​ថ្វាយ​ជា​មួយ​ពាក្យ​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ​ទាំង​អស់ នៅ​លើ​អាសនា​មាស​ដែល​ស្ថិត​នៅ​មុខ​បល្ល័ង្ក 4ហើយ​ផ្សែង​នៃ​គ្រឿង​ក្រអូប​ក៏​ភាយ​ក្លិន​ឡើង ជា​មួយ​ពាក្យ​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ ចេញ​ពី​ដៃ​ទេវតា​នៅ​ចំពោះ​ព្រះ។ 5ទេវតា​បាន​យក​ពាន​មក​ដាក់​ភ្លើង​ដែល​នៅ​លើ​អាសនា រួច​បោះ​ទៅ​លើ​ផែនដី ហើយ​មាន​សំឡេង​ផ្គរ​លាន់ ផ្លេក‌បន្ទោរ និង​រញ្ជួយ​ផែនដី។ 6ពេល​នោះ ទេវតា​ទាំង​ប្រាំពីរ​ដែល​កាន់​ត្រែ​ប្រាំពីរ​នោះ ប្រុង​ប្រៀប​ជា​ស្រេច​នឹង​ផ្លុំ​ឡើង។
7ទេវតា​ទី​មួយ​ផ្លុំ​ត្រែ​របស់​ខ្លួន​ឡើង ស្រាប់​តែ​មាន​ព្រឹល និង​ភ្លើង​លាយ​ដោយ​ឈាម បោះ​ទៅ​លើ​ផែនដី រួច​ផែនដី​មួយ​ភាគ​បី​ក៏​ឆេះ​អស់ ព្រម​ទាំង​ដើម​ឈើ​មួយ​ភាគ​បី និង​ស្មៅ​ទាំង​អស់​ដែរ។
8ទេវតា​ទី​ពីរ​ផ្លុំ​ត្រែ​របស់​ខ្លួន​ឡើង ស្រាប់​តែ​មាន​ដូច​ជា​ភ្នំ​យ៉ាង​ធំ​កំពុង​តែ​ឆេះ បាន​បោះ​ទម្លាក់​ទៅ​ក្នុង​សមុទ្រ រួច​សមុទ្រ​មួយ​ភាគ​បី ក៏​ត្រឡប់​ទៅ​ជា​ឈាម 9អស់​ទាំង​សត្វ​នៅ​ក្នុង​សមុទ្រ ដែល​មាន​ជីវិត​រស់ ក៏​ស្លាប់​អស់​មួយ​ភាគ​បី ហើយ​អស់​ទាំង​នាវា ក៏​ត្រូវ​បំផ្លាញ​មួយ​ភាគ​បី​ដែរ។
10ទេវតា​ទី​បី​ផ្លុំ​ត្រែ​របស់​ខ្លួន​ឡើង ស្រាប់​តែ​មាន​ផ្កាយ​មួយ​យ៉ាង​ធំ ធ្លាក់​ចុះ​ពី​លើ​មេឃ ទាំង​ឆេះ​ដូច​ជា​ចន្លុះ ធ្លាក់​ទៅ​លើ​អស់​ទាំង​ទន្លេ​មួយ​ភាគ​បី និង​ទៅ​លើ​រន្ធ​ទឹក​នានា​ដែរ។ 11ផ្កាយ​នោះ​ឈ្មោះ​ថា «ស្លែង» ទឹក​មួយ​ភាគ​បី​បាន​ក្លាយ​ទៅ​ជា​ពុល ហើយ​មនុស្ស​ជា​ច្រើន​ស្លាប់​ដោយ‌សារ​ទឹក​នោះ ព្រោះ​បាន​ត្រឡប់​ជា​ល្វីង​អស់​ហើយ។
12ទេវតា​ទី​បួន​ផ្លុំ​ត្រែ​របស់​ខ្លួន​ឡើង ស្រាប់​តែ​ព្រះ‌អាទិត្យ​រង​ការ​ប៉ះ​ទង្គិច​មួយ​ភាគ​បី ហើយ​ព្រះ‌ច័ន្ទ និង​ផ្កាយ​ទាំង​អស់​ងងឹត​មួយ​ភាគ​បី គឺ​នៅ​ពេល​ថ្ងៃ​គ្មាន​ពន្លឺ​មួយ​ភាគ​បី ហើយ​ពេល​យប់​ក៏​ដូច្នោះ​ដែរ។
13បន្ទាប់​មក ខ្ញុំ​បាន​ឃើញ ហើយ​ឮ​សត្វ​ឥន្ទ្រី​ហើរ​កាត់លំហ​អាកាស ទាំង​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «វេទនា វេទនា វេទនា​ហើយ អស់​អ្នក​ដែល​នៅ​ផែនដី ព្រោះ​តែ​សូរ​ត្រែ​របស់​ទេវតា​ទាំង​បី ដែល​ហៀប​នឹង​ផ្លុំ!»។

ទើបបានជ្រើសរើសហើយ៖

វិវរណៈ 8: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល